jump to navigation

អត្ថបទ​ប្រែ​៖ សឹក​ដណ្ដើម​សង្ឃ​រាជ​ថៃ​និង​ទ្រឹស្ដី «​វត្ត-វាំង-មន្ត្រី-ប្រជាជន​» ថ្ងៃ​សុក្រ 19 ខែ​កុម្ភៈ 2016

Posted by សុភ័ក្ត្រ in ภาษาไทย, English.
trackback

កកន៖ ម្សិល​មិញ (​១៨ កុម្ភៈ ២០១៦​) ស្មេរ​ជន​ជាតិ​ថៃ​មួយ​រូប​ឈ្មោះ​តុល្យភាគ ប្រីជារជ្ជ (​ថ​. ดุลยภาค ปรีชารัชช) បាន​សរសេរ​អត្ថបទ​មួយ​គួរ​ជា​ទី​អាន និង​យក​ចំណេះ​ឈ្មោះ​ថា សឹក​ដណ្ដើម​សង្ឃ​រាជ​ថៃ​និង​ទ្រឹស្ដី «​វត្ត-វាំង-មន្ត្រី-ប្រជាជន​» (​ថ​. ศึกชิงสังฆราชไทยกับแนวร่วม ‘วัด-วัง-ขุนนาง-ประชาชน’) ហើយ​ដែល​ស្រែ​ខ្មុក​បាន​ដាក់​ទាំង​ស្រុង​ជា​ភាសា​ថៃ ម្សិល​មិញ​នេះ​។

ការ​ចេញ​ជា​អត្ថបទ​មួយ​នេះ បន្ទាប់​ពី​មួយ​រយៈ​នេះ នៅ​ប្រទេស​ថៃ មាន​ព្រឹត្តិការណ៍​ដែល​មិន​គួរ​ឲ្យ​កើត​មាន​នៅ​ក្នុង​វិស័យ​ព្រះ​ពុទ្ធ​សាសនា បន្ទាប់​ពី​ប្រទេស​នេះ​ធ្លាក់​ក្រោម​ការ​ដឹក​នាំ​នៃ​របប​យោធា​អស់​រយៈ​ពេល​ជាង​២​ឆ្នាំ​មក​ហើយ​។ ណាស់​ហើយ ដើម្បី​កុំ​ឲ្យ​សង្ស័យ​យូរ ស្រែ​ខ្មុក​សូម​បក​ប្រែ​អត្ថបទ​នេះ​ទាំង​ស្រុង​មក​ជា​ភាសា​ខ្មែរ ក្រែង​លោក​អ្នក​នាង​មួយ​ចំនួន​ដែល​មិន​ចេះ​ភាសា​ថៃ​ចង់​ដឹង​ពី​អត្ថន័យ​នៃ​អត្ថ​បទ​នេះ​។

សឹក​ដណ្ដើម​សង្ឃ​រាជ​ថៃ​និង​ទ្រឹស្ដី «​វត្ត-វាំង-មន្ត្រី-ប្រជាជន​»

ភាព​មិន​ចុះ​សម្រុង​ក្នុង​ចំណោម​គណៈ​សង្ឃ​ថៃ​ទាក់​ទង​នឹង​ការ​តែង​តាំង​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​២០ បាន​ធ្វើ​ឲ្យ​មាន​ការ​វិភាគ​វែក​ញែក​ជា​ច្រើន​គំនិត​ផ្សេង​ៗ​គ្នា ទាំង​ក្នុង​ន័យ​ជម្លោះ​ផ្នែក​នយោបាយ​រវាង​ភាគី​ពុទ្ធ​ឥស្សរ* និង​ភាគី​ធម្មកាយ**​ ប្រវត្តិ​សាស្ត្រ​សង្ឃ​មណ្ឌល ដែល​មាន​ទាំង​ធម្មយុត្តិក​និកាយ និង​មហា​និកាយ រួម​ទាំង​ការ​ពើប​អំពើ​ហិង្សា​រវាង​ភ្នាក់​ងារ​ទាហាន និង​ក្រុម​ព្រះ​សង្ឃ​ផង​ដែរ​។

ហេតុ​ការណ៍​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ដល់​សំណេរ​បែប​បុរាណ​មួយ​របស់ សាមូអ៊ែល អេដវ៉ារ្ដ ហ្វិនើរ (Samuel Edward Finer) អ្នក​រដ្ឋ​សាស្ត្រ​ល្បី​ឈ្មោះ​មួយ​រូប​ក្នុង​សៀវភៅ​ឈ្មោះ​ថា “​ប្រវត្តិ​សាស្ត្រ​នៃ​រដ្ឋាភិបាល​៖ រាជា​ធិបតេយ្យ​បុរាណ និង​អាណាចក្រ​បុរាណ” (The History of Government: Ancient Monarchies and Empires) បោះ​ពុម្ព​ឆ្នាំ​១៩៩៧ ភាគ​ទី​១ ដែល​បាន​បង្កើត​នូវ​ប្រភេទ​របត់​​របប​នយោបា​យ ឬ Regime Typology ដែល​អាច​យក​មក​អធិប្បាយ​ផែន​ការ​ដណ្ដើម​អំណាច​របស់​ពួក​អ្នក​នយោបាយ​នានា​ក្នុង​ប្រវត្តិ​សាស្ត្រ​ពិភព​លោក បាន​យ៉ាង​ច្បាស់​លាស់​។

ហ្វិនើរ បាន​យក​ទ្រឹស្ដី​ធម្មជាតិ​ទាក់​ទង​នឹង​លក្ខណៈ​នៃ​អ្នក​ដឹក​នាំ នីតិ​វិធី​បង្កើត​គោល​នយោបាយ​រហូត​មក​ដល់​ឫស​គល់​នៃ​ភាព​ត្រឹម​ត្រូវ​នៃ​នយោបាយ មក​ចាត់​ជា​ចំណែក​ប្រភេទ និង​ធ្វើ​ការ​វិភាគ​ជា​ប្រព័ន្ធ​យ៉ាង​ល្អ ដោយ​ចែក​ជា​របប​នយោបាយ​៤​ប្រភេទ​សំខាន់​ៗ គឺ​៖ របប​របស់​វាំង ឬ​អាណាចក្រ (Palace) វាំង ឬ​សាសន​ចក្រ (Church) ខុន​ណាង ឬ​មន្ត្រី​ថ្នាក់​ខ្ពស់ និង​ទាហាន (Nobility) និង​ប្រជាជន​ទូទៅ (Forum)​។

ព្រម​ជាមួយ​គ្នា​នេះ ហ្វិនើរ បាន​ផ្សំ​ផ្គុំ​របប​បរិសុទ្ធ (Pure Type) ទាំង​៤​ប្រភេទ និង​បង្កើត​ជា​របប​ផ្សំ ឬ Hybrid Type ជា​៦​ប្រភេទ​ទៀត ដូច​ជា របប​ដែល​ដឹក​នាំ​ដោយ​វាំង​-វត្ត (Palace-Church) តួយ៉ាង​ករណី​ប្រទេស​សៀម​នា​អតីត​កាល​។ របប​ប្រជាជន​-មន្ត្រី (Forum-Nobility) អាទិ​សាធារណ​រដ្ឋ​រ៉ូម៉ង់ និង​របប​មន្ត្រី-វត្ត​ (Nobility-Church) ជា​ពិសេស​វត្ត​មាន​នៃ​ពពួក​​អស្វិន​ទើតូនិក (Teutonic Knights) នា​យុគ​កណ្ដាល​ដែល​ជា​ក្រុម​ទាហាន​អាល្លឺម៉ង់ និង​ក្រោយ​មក​បាន​វិវត្ត​ខ្លួន​ជា​ក្រុម​សាសន​ចក្រ​កាតូលិក​នា​សម័យ​ថ្មី​​។

ពី​ Typology របស់​ហ្វិនើរ​ទាំង​១០​ប្រភេទ ហើយ​ដែល​ខ្ញុំ​ចង់​ឲ្យ​មិត្រ​អ្នក​អាន​បាន​គិត​វិភាគ​បន្ត​នោះ​គឺ ផល​នៃ​វដ្ឋ​សង្គម​នយោបាយ​ថៃ​ដែល​ចៀស​មិន​ផុត​ពី​ឥទ្ធិពល​នៃ​របប​អំណាច​ដែល​មាន​ភាព​ជិត​ស្និទ្ធ​នឹង​វត្ត វាំង មន្ត្រី និង​ប្រជាជន ជា​បន្ត​បន្ទាប់ ហើយ​ដែល​មាន​ចំណុច​ខ្ពស់​បំផុត​គឺ​នៅ​កំពូល​ពីរ៉ាមីត ហើយ​ដែល​មាន​ប្រជាជន​ស្ថិត​នៅ​ខាង​ក្រោម ខណៈ​ដែល​ក្រុម​វត្ត និង​មន្ត្រី ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​ជាន់​អំណាច​។

ហេតុ​ដូច​នេះ វា​មិន​ចំឡែក​ទេ​ដែល​មាន​ការ​តវ៉ា​ពី​រឿង​ព្រះ​សង្ឃ​រាជ​របស់​ថៃ (​ក្នុង​ពេល​ផ្លាស់​ប្ដូរ​របត់​នយោបាយ​) ដែល​មាន​គោល​ដៅ ឬ​ចាំ​បាច់​ត្រូវ​បោល​ខ្លួន​ចូល​​រក​ “Palace” តាម​ទំនៀម​ផ្នែក​ប្រវត្តិ​សាស្ត្រ និង “Nobility” (​ដែល​នៅ​ទី​នេះ សំដៅ​ដល់​ពួក​ដឹក​នាំ​ក្នុង​កង​ទ័ព និង​រដ្ឋាភិបាល​) តាម​អំណាច​នៃ​នយោបាយ​ដឹក​នាំ​នា​សម័យ​បច្ចុប្បន្ន​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ប្រសិន​បើ​ពពួក វត្ត-​វាំង-​មន្ត្រី មិន​អាច​រក​រូប​មន្ត​នយោបាយ ឬ​បញ្ចប់​ជម្លោះ​ទាក់​ទង​នឹង​តំណែង​សង្ឃ​រាជ​ព្រះ​អង្គ​ថ្មី​បាន​យ៉ាង​សម​រម្យ​នោះ​ទេ ការ​ទម្លាក់​បញ្ហា​ទៅ​ឲ្យ​ពពួក “Forum” ដោយ​ឲ្យ​ប្រជាជន អ្នក​​មាន​ចំណេះ​ដឹង ឬ​ពួក​សង្គម​ស៊ីវិល ចូល​មក​ចូល​រួម​ច្រើន​ឡើង​ក្នុង​ក្រុម​ប្រជាជន​ដើម្បី​ធ្វើ​ការ​កាត់​ក្ដី​សម្រេច​ជម្លោះ ឬ​បញ្ឈប់​សឹក​ដណ្ដើម​សង្ឃ​រាជ អាច​ជា​យុទ្ធ​វិធី​មួយ​ទៀត អាច​កើត​ឡើង​បាន​នា​ពេល​ខាង​មុខ​នេះ​។

លទ្ធ​ផល​នៃ​វដ្ឋ​ដែល​មិន​ស្ថិត​ស្ថេរ​ទាក់​ទង​នឹង​អំណាច​នេះ អាច​ធ្វើ​ឲ្យ​យើង​គិត​ទៀត​ថា ពួក​ប្រភេទ​នយោបាយ​ផ្សំ​របស់​ហ្វិនើរ ដូច​ជា​របប​ដែល​ដឹក​នាំ​ដោយ​ប្រជាជន​ជាមួយ​វត្ត ប្រជាជន​ជាមួយ​មន្ត្រី ឬ​មន្ត្រី​ជាមួយ​វត្ត តើ​មួយ​ណា​នឹង​កើត​ឡើង​បាន ឬ​មាន​ឥទ្ធិពល​លើស​របប​ផ្សេង​ៗ ក្នុង​រចនា​សម្ព័ន្ធ​សង្គម​នយោបាយ​ថៃ​។

ទាំង​នេះ​អាស្រ័យ​ថា​តើ​ក្រុម​មួយ​ណា​មាន​យុទ្ធ​សាស្ត្រ​/​យុទ្ធ​វិធី​ផ្នែក​នយោបាយ​បាន​មុត​ស្រួច និង​មាន​កម្លាំង​ខ្លាំង​ជាង​ ដូច​ជា ប្រសិន​បើ​កម្លាំង​របស់​ពួក “Forum” មាន​ភាព​ទន់​ខ្សោយ និង​ខ្ចាត់​ខ្ចាយ ស្ថានការណ៍​អាច​នឹង​បង្ខំ​ឲ្យ​ពួក “Nobility” និង​ពួក “Church” ងាក​មក​ចរចា​គ្នា នឹង​អាច​ក្លាយ​ជា​ក្រុម​សម្ព័ន្ធ​មិត្រ​ថ្មី​មួយ មាន​ភាព​ជិត​ស្និទ្ធ​គ្នា​ខ្លាំង​ឡើង​​។ តែ​ប្រសិន​បើ ពួក “Forum” មាន​ការ​ចង​ក្រង​គ្នា​ពង្រីក​ក្រុម​ធំ​ឡើង​នោះ វា​អាច​ជា​ការ​រង់​ចាំ​មើល​ថា​តើ​ក្រុម​មន្ត្រី និង​វត្ត មួយ​ណា​នឹង​ងាក​មក​ធ្វើ​សម្ព័ន្ធ​មិត្រ​ជាមួយ​ប្រជាជន​បាន​ល្អ​ជាង​។

ទី​បំផុត​ទៅ ខ្ញុំ​គិត​ថា របប​នយោបាយ​បែប វត្ត-​វាំង​-​មន្ត្រី​-​ប្រជាជន គួរ​តែ​​ធ្វើ​វិភាគ​ឡើង​ឲ្យ​សម​ស្រប​តាម​សភាព​ការណ៍​នៃ​សង្គម​ថៃ ទាំង​នៅ​អតីត​ និង​បច្ចុប្បន្ន​។ ទោះ​បី​យ៉ាង​នេះ​ក៏​ដោយ ហ្វិនើរ​ បាន​ពោល​បន្ថែម​ក្នុង​បទ​វិភាគ​របស់​គាត់​ថា របប​នយោបាយ​ដែល​ដឹក​នាំ​ដោយ​ក្រុម​អំណាច​ទាំង​៤​បែប ក៏​នៅ​អាស្រ័យ​លើ​កម្លាំង​នៃ​អំណាច​២​ប្រភេទ​ទៀត នោះ​គឺ កម្លាំង​ពី​របប​រាជការ និង​កង​ទ័ព ដែល​នោះ​វា​មាន​ន័យ​ថា វា​មិន​ជា​ការ​ងាយ​ស្រួល​ទេ​សម្រាប់​រដ្ឋ​ថៃ ដែល​ពពួក “Forum” អាច​នឹង​ឡើង​មក​កាន់​អំណាច​លើ​បរិ​មណ្ឌល​នៃ​ជម្លោះ​ក្នុង​ក្រុមគណៈ​សង្ឃ​បាន​យ៉ាង​ឥស្សរ និង​មាន​កម្លាំង​នោះ​។

ជា​ទី​បញ្ចប់​ទៅ រូប​ភាព​ដែល​ឆ្លុះ​ត្រឡប់​គ្នា​ទៅ​មក​រវាង​ការ​រួម​ដៃ និង​ការ​ឈ្មោះ​គ្នា ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​ទៅ​​ក្នុង​សម្ព័ន្ធ​ភាព​រវាង​វត្ត-​វាំង​-មន្ត្រី​-​ប្រជាជន អាច​នៅ​មាន​ឲ្យ​ឃើញ​នៅ​ក្នុង​សង្គម​នយោបាយ​ថៃ​មួយ​រយៈ​ទៀត (​យ៉ាង​ហោច​ណាស់​នៅ​ក្នុង​រយៈ​ពេល​នៃ​របត់​នយោបាយ​ដែល​កំពុង​កើត​ឡើង​យ៉ាង​ច្បាស់​ឡើង​ៗ ក្នុង​សម័យ​រដ្ឋាភិបាល​ប្រយុទ្ធ​​***នេះ​ឯង​)​៕

____________________________________________
* ពុទ្ធ​ឥស្សរ​គឺ​ជា​ព្រះ​សង្ឃ​មួយ​រូប​ដែល​ចូល​រួម​ក្នុង​នយោបាយ​ប្រឆាំង​នឹង​ក្រុម​ត្រកូល​ទក្សិណ ជិនវត្រ

** ធម្មកាយ គឺ​ជា​គណៈ​សង្ឃ​មួយ​ក្រុម​ដែល​តាំង​ឡើង​នៅ​ប្រទេស​ថៃ ហើយ​ដែល​គេ​ចោទ​ថា​មិន​ប្រណិប័ត​តាម​ព្រះ​ពុទ្ធ​អង្គ ហើយ​គាំទ្រ​ដោយ​​ក្រុម​ត្រកូល​ទក្សិណ ជិនវត្រ
*** នាយក​រដ្ឋ​មន្ត្រី​ថៃ​បច្ចុប្បន្ន​

 

Advertisements

មតិ»

1. ថៃ​មាន​សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្មី​ហើយ អង្គ​ទី​២០ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 8 ខែ​កុម្ភៈ 2017

[…] _________________________________________ អានផងដែរ៖ ១. អតីតសម្ដេចព្រះសង្ឃរាជសៀមមករួមពិធីសម្ពោធព្រះបរមសារីរិកធាតុនៅនគរខ្មែរ ២. អត្ថបទប្រែ៖ សឹកដណ្ដើមសង្ឃរាជថៃនិងទ…៣. អំពីទំនៀមនៃព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃ ៤. គ្រឿងប្រកបសមណស័ក្ដិសម្ដេចព្រះសង្ឃរាជនៃរាជអាណាចក្រថៃ ៥. សម្ដេចព្រះសង្ឃរាជថៃទទួលអនិច្ចធម្មក្នុងព្រះជន្ម១០០ព្រះវស្សា […]

2. អំពី​ត្រា​សញ្ញ​លក្សណ៍ សម្ដេច​ព្រះ​សង្ឃ​រាជ អង្គ​ទី​២០ នៃ​នគរ​សៀម | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 10 ខែ​កុម្ភៈ 2017

[…] _________________________________________ អានផងដែរ៖ ១. ថៃមានសម្ដេចព្រះសង្ឃរាជថ្មីហើយ អង្គទី២០ ២. ទំនៀមការចារឹកព្រះសុវណ្ណប័ដសម្ដេចព្រះសង្ឃរាជនៅនគរថៃ  ៣. អំពីទំនៀមនៃព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃ ៤. គ្រឿងប្រកបសមណស័ក្ដិសម្ដេចព្រះសង្ឃរាជនៃរាជអាណាចក្រថៃ […]

3. មក​ស្គាល់​ប្រវត្តិ «​សម្ដេច​ព្រះ​មហា​មុនីវង្ស​» សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​២០ របស់នគរ - ថ្ងៃ​អាទិត្យ 12 ខែ​កុម្ភៈ 2017

[…] _________________________________________ អានផងដែរ៖ ១. ថៃមានសម្ដេចព្រះសង្ឃរាជថ្មីហើយ អង្គទី២០ ២. ទំនៀមការចារឹកព្រះសុវណ្ណប័ដសម្ដេចព្រះសង្ឃរាជនៅនគរថៃ  ៣. អំពីត្រាសញ្ញលក្សណ៍ សម្ដេចព្រះសង្ឃរាជ អង្គទី២០ នៃនគរសៀម […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: