jump to navigation

ព្រះ​រាជ​ពិធី​សមណុត្តមាភិសេក​នៅ​ក្នុង​នគរ​កម្ពុជា ថ្ងៃសៅរ៍ 27 ខែ​កុម្ភៈ 2016

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
trackback

សម្រាប់​ព្រះ​នគរ​ខ្មែរ​យើង ថ្វី​បើ​មាន​​សម្ដេច​ព្រះ​សង្ឃ​រាជ​ ទាំង​គណៈ​មហា​និកាយ​ក្ដី ទាំង​គណៈ​ធម្មយុត្តិក​និកាយ​ច្រើន​ព្រះ​អង្គ​ទៅ​ហើយ​ក្ដី ក៏​ព្រះ​រាជ​ពិធី​រាជា​ភិសេក​ផ្លូវ​ការ​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ទាំង​នោះ​មិន​ត្រូវ​បាន​ធ្វើ​តាម​បុរាណ​សង្ឃ​រាជ​បវេណី​គ្រប់​ៗ​ព្រះ​អង្គ​នោះ​ឡើយ​។ តាម​ប្រវត្តិ ឃើញ​មាន​តែ​សម្ដេច​ព្រះ​សង្ឃ​រាជ​បី​ព្រះ​អង្គ​តែ​ ដោយ​ពីរ​​ព្រះ​អង្គ​មក​ពី​គណៈ​ធម្ម​យុត្តិក​និកាយ និង​មួយ​ព្រះ​អង្គ​មក​ពី​គណៈ​មហា​និកាយ ដែល​បាន​ធ្វើ​ព្រះ​រាជ​ពិធី​ស្ថាបនា​ឡើង​ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​ជា​ផ្លូវ​ការ ហើយ​ដែល​ខ្មែរ​យើង​​ព្រះ​រាជាភិសេក ឬ​សម​ណុត្តមា​ភិសេក នោះ​។

សម្ដេច​ព្រះ​សង្ឃ​រាជ​ទាំង​បី​ព្រះ​អង្គ​នោះ​គឺ​៖ ១. សម្ដេច​ព្រះ​មហា​សង្ឃរាជ និល ទៀង ២​. សម្ដេច​ព្រះ​សង្ឃ​រាជ ថ្នាក់​ទី​១ ជួន ណាត (ជោតញ្ញាណោ)​​ និង ៣​. សម្ដេច​ព្រះ​សង្ឃរាជ ថ្នាក់​ទី​២ ភុល ទេស (ឥន្ទញ្ញាណោ)​។

យោង​តាម​ព្រះ​រាជ​ប្រពៃណី នៃ​ព្រះ​បរមរាជវាំង កាល​បើ​បាន​រៀប​ចំ​ឲ្យ​ព្រះ​អង្គ​ម្ចាស់ ក្សត្រិយ៍​​ណា​មួយ​ជា​ព្រះ​រាជា​ក្ដី ដោយ​ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍​អង្គ​ណា​មួយ ជា​សម្ដេច​ព្រះ​រាជ​អឃ៌​អគ្គ​មហេសី​ក្ដី ឲ្យ​ជា​សម្ដេច​ព្រះ​រាជ​ទេពី​ក្ដី ឬ​តែង​តាំង​ព្រះ​សង្ឃ​អង្គ​ណា​មួយ​ឲ្យ​មាន​ព្រះ​រាជ​ឋានន្តរ​ស័ក្ដិ ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​ក្ដី ត្រូវ​រៀប​ចំ​ធ្វើ​ពិធី​រាជា​ភិសេក អភិសេក​។

ដោយ​ឡែក តាម​ទំនៀម​នៃ​ព្រះ​រាជ​ពិធី​ព្រះ​រាជាភិសេក ឬ​សមណុត្តមាភិសេក ខ្មែរ​យើង​ធ្វើ​ទាំង​ពិធី​ព្រាហ្មណ៍ និង​ពិធី​ពុទ្ធ​​។ ជា​ទូទៅ​សម្រាប់​ពិធី​ព្រាហ្មណ៍ ព្រះ​សង្ឃ​ដែល​នឹង​ត្រូវ​ធ្វើ​ពិធី​រាជា​ភិសេក ត្រូវ​៖

  • ​គង់​ប្រថាប់​លើ​ព្រះ​សុវណ្ណកោច្ឆ​ពិសេស មុខ​ព្រះ​មហា​ស្វេតច្ឆត្រ
  • ថ្វាយ​ទឹក​ក្លស់​ទឹក​ស័ង្ខ ស្រោច​ទឹក​មង្គល ដោយ​ព្រាហ្មណ៍
  • ថ្វាយ​ព្រះ​សុវណ្ណប័ដ ដោយ​បញ្ជាក់​ឋានៈ និង​បុព្វ​សិទ្ធិ
  • ព្រះ​រាជ​គណៈ ឋានានុក្រម ស្វាធ្យាយជយន្តោ

នៅ​ក្នុង​រជ្ជកាល​ព្រះ​បាទស​ម្ដេច​ព្រះ​ហរិរក្សរាមាឥស្សរាធិបតី​ព្រះអង្គ ដួង កាល​គ្រា​នគរ​ខ្មែរ​យើង​បាន​សាន្ត​ត្រាណ​ពី​សត្រូវ​ហើយ​នោះ ព្រះ​អង្គ​​បាន​តាំង​សម្ដេច​ព្រះមហាសង្ឃរាជ និល ទៀង ជា​ស្ដេច​សង្ឃ​ពេញ​ទី ហើយ​បាន​រៀប​ចំ​ពិធី​ថ្វាយ​ទឹក​ក្លស់​ទឹក​ស័ង្ខ នៅ​ក្រុង​ឧត្ដង្គ​មានជ័យ នា​ ព.ស.​២៤០២ គ.ស.​១៨៥៨ និង​មាន​គោរម្យងារ​​ក្នុង​​ព្រះ​សុវណ្ណ​ប័ដ​ ជា “សម្ដេច​ព្រះមហាសង្ឃរាជា គណធិបតី សិរីបរមបពិត្រ ជា​សង្ឃនាយក​តិលកលោកាចរិយោត្ដម​បរមមេធសង្ឃជេដ្ឋា មហាសង្ឃរាជា ធម្មិក​វរោត្ដម​បរម​បពិត្រ ដ៏​ជា​អធិបតី​ព្ធដ៏​គណ​សង្ឃ​ក្នុង​ក្រុង​កម្ពុជា ជេដ្ឋា​រដ្ឋា​មហាឥន្ទបត្ត​នគរ​បវរ​បូរីរម្យ​ឧត្ដម​រាជបនិជា​មហាមគ្គនាយក”​

សម្ដេច​ព្រះ​មហា​សង្ឃរាជ និល ទៀង គង់​លើ​​ព្រះ​សុវណ្ណកោច្ឆ​រូប​គ្រុឌ ក្រោម​ព្រះ​មហា​ស្វេតច្ឆត្រ​៥​ជាន់

ក្រោយ​មក​គឺ​ក្នុង​រជ្ជកាល​​​សម្ដេច​ព្រះ​មហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ នារីរតន៍ សិរីវឌ្ឍនា បាន​ធ្វើ​ពិធី​សមណុត្តមាភិសេក​​ថ្វាយ​​សម្ដេច​ព្រះ​សង្ឃ​រាជ ចំនួន​២​ព្រះ​អង្គ គឺ សម្ដេច​ព្រះ​សង្ឃ​រាជ ថ្នាក់​ទី​១ ជួន ណាត (ជោតញ្ញាណោ)​ និង​សម្ដេច​ព្រះ​សង្ឃរាជ ថ្នាក់​ទី​២ ភុល ទេស (ឥន្ទញ្ញាណោ)​ នៅ​ក្នុង​ព្រះ​​ទីនាំង​ទេវា​វិនិច្ឆ័យ នៃ​បរម​រាជ​វាំង​ចតុម្មុខ​មង្គល​​។

ក្រោយ​ពី​​បាន​ធ្វើ​សមណុត្តមាភិសេក​រួច​ហើយ សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​ប្រមុខ​រដ្ឋ​នៃ​ព្រះ​រាជ​អាណា​ចក្រ​កម្ពុជា ព្រះ​អង្គ​បាន​ថ្វាយ​ព្រះ​​សុវណ្ណប័ដ​ដល់​ព្រះ​សង្ឃរាជ​ទាំង​ពីរ​ព្រះ​អង្គ​ ដោយ​ព្រះ​សុវណ្ណប័ដ សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១ ជួន ណាត (ជោតញ្ញាណោ) មាន​ព្រះ​រាជ​បុព្វ​សិទ្ធិ ៥​យ៉ាង៖

  1. ប្រើ​រាជ​ស័ព្ទ
  2. ប្រើ​ផ្លិត​ព្រះ​រាជ​សង្ហារ
  3. ប្រើ​ទង់​ព្រះ​រាជ​សង្ហារ
  4. ប្រើ​សុវណ្ណកោច្ឆៈ ព្រះ​រាជ​សង្ហារ
  5. ប្រើ​រង​ព្រះ​សិរ ព្រះ​រាជ​សង្ហារ

ចំណែក​ឯ​​​ព្រះ​សុវណ្ណប័ដ​សម្ដេច​ព្រះ​សង្ឃរាជ ថ្នាក់​ទី​២ ភុល ទេស (ឥន្ទញ្ញាណោ)​ វិញ មាន​ព្រះ​រាជ​បុព្វ​សិទ្ធិ​៥​យ៉ាង​ គឺ​៖

  1. ប្រើ​រាជ​ស័ព្ទ
  2. ព្រះ​សុវណ្ណកោច្ឆៈ​ពិសេស
  3. ផ្លិត​ស្រួច​ពិសេស
  4. រង​ព្រះ​សិរ​ពិសេស
  5. ទង់​សម្រាប់​ព្រះ​ទីនាំង​រថយន្ត​ពិសេស

សម្ដេច​ព្រះ​សង្ឃ​រាជ ថ្នាក់​ទី​១ ជួន ណាត (ជោតញ្ញាណោ)​​ គង់​លើ​​ព្រះ​សុវណ្ណកោច្ឆ​រូប​គ្រុឌ ក្រោម​ព្រះ​មហា​ស្វេតច្ឆត្រ​៥​ជាន់

ព្រះ​រាជ​ពិធី​សមណុត្តមាភិសេក គឺ​ជា​​បុរាណ​សង្ឃ​រាជ​បវេណី​​ដ៏​ពិសិដ្ឋ​ដែល​មិន​ធ្វើ​ចំពោះ​គ្រប់​សម្ដេច​ព្រះ​សង្ឃ​រាជ​ឡើយ​។ បច្ចុប្បន្ន​នេះ ឃើញ​មាន​ព្រះ​សង្ឃ​មួយ​ចំនួន កាត់​​ត​រូប​ខ្លួន​គង់​លើ​ព្រះ​បល្ល័ង្ក​គ្រុឌ ជន​ខ្លះ​ថែម​ទាំង​ហ៊ាន​ធ្វើ​បល្ល័ង្ក​គ្រុឌ​នេះ ហើយ​ព្រះ​សង្ឃ​មួយ​ចំនួន​ឡើង​ទៅ​គង់​ថត​រូប​ទៅ​ទៀត ដោយ​ទាំង​ខ្លួន​មិន​ទទួល​បាន​ការ​រាជាភិសេក​ផ្លូវ​ការ​ផង​នោះ​។ ការ​នេះ ធ្វើ​ឲ្យ​បាត់​បង់​ជំនឿ និង​តម្លៃ​នៃ​ព្រះ​សង្ឃ​អង្គ​ឯង ទោះ​បី​ដឹង ឬ​មិន​ដឹង ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ក្ដី​។ ព្រះ​សង្ឃ​អង្គ​នោះ គួរ​បដិសេធ ប្រសិន​បើ​មាន​សិស្ស​គណ​ថា​ធ្វើ​បល្ល័ង្ក​បែប​នេះ​ថ្វាយ​ឲ្យ​ព្រះ​អង្គ​គង់​នោះ​៕

_____________________________________________
អាន​ផង​ដែរ​
១. អំពី​ទំនៀម​នៃ​ព្រះ​រាជ​ពិធី​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ
២. ទំនៀម​ «​ព្រះ​សុវណ្ណ​ប័ដ​» នៅ​ក្នុង​ក្រុង​កម្ពុជា និង​សៀម
៣. គ្រឿង​ប្រកប​សមណ​ស័ក្ដិ​សម្ដេច​ព្រះ​សង្ឃ​រាជ​នៃ​រាជ​អាណាចក្រ​ថៃ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: