jump to navigation

ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​សុគន្ធ​វារី នា​ឱកាស​​​បរម​រាជាភិសេក ថ្ងៃសៅរ៍ 5 ខែ​មីនា 2016

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, អំពីស្រុកខ្មែរ.
12 comments

នៅក្នុងទំនៀមនៃព្រះរាជពិធីបរមរាជាភិសេកព្រះមហាក្សត្រិយ៍ខ្មែរនោះ មានពិធីតូចៗជាច្រើនតាមលំដាប់ ដោយព្រះរាជពិធីបរមរាជាភិសេកទាំងមូលប្រារព្ធធ្វើឡើងមិនតិចជាង៣ថ្ងៃទេ។ ព្រះរាជពិធីដ៏សំខាន់មួយមុនពេលអភិសេកឡើងគ្រងរាជ្យនោះ គឺព្រះរាជពិធីស្រង់ព្រះសុគន្ធវារី ឬ «​មុទ្ធាភិសេក​»​។

ព្រះរាជពិធីថ្វាយព្រះសុគន្ធវារី ឬ «​មុទ្ធាភិសេក​»​ ចំពោះព្រះមហាក្សត្រិយ៍អង្គថ្មីនេះធ្វើឡើងអាចផ្លាស់ប្ដូរតាមកាលសម័យ ដោយចាត់ឡើងមុនមួយថ្ងៃនៃព្រះរាជពិធីអភិសេក ឬនៅថ្ងៃអភិសេកតែម្ដង តែត្រូវធ្វើមុនព្រះរាជពិធីអភិសេកជាអភិសិត្តរាជ។

វារិដែលយកមកធ្វើព្រះរាជពិធីស្រង់នោះ ត្រូវបានយកមកពីទីសំខាន់ៗនានាក្នុងព្រះនគរ ក្នុងនោះ មានមកពីភ្នំគូលែនជាដើម ហើយត្រូវធ្វើពិធីដោយព្រាហ្មណ៍ព្រះរាជគ្រូ មុននឹងយកមកស្រង់ថ្វាយព្រះមហាក្សត្រិយ៍ដែលត្រូវធ្វើ​ពិធី​មុទ្ធា​ភិសេក។

បុស្បុកធំមួយមាន៩ថ្នាក់ត្រូវបានរៀបចំឡើងដើម្បីព្រះមហាក្សត្រិយ៍អង្គថ្មីគង់ ក្នុងព្រះរាជពិធីនេះ និងជាទូទៅប្រារព្ធឡើងនាខាងមុខព្រះនីន័ងទេវាវិនិច្ឆ័យនៃព្រះបរមរាជវាំងចតុម្មុខមង្គល។ នៅវេលាពិធីថ្វាយព្រះសិទ្ធរសនេះ ក្រៅអំពីព្រះរាជគ្រូ សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះរាជបិតា និងព្រះរាជជននី ស្ដេចក៏យាងចូលរួមព្រះរាជពិធីស្រង់ព្រះសុគន្ធវារីថ្វាយព្រះមហាក្សត្រិយ៍អង្គថ្មីផងដែរ៕៚

ព្រះរាជពិធីស្រង់សុគន្ធវារីថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម  សីហមុនី ជាអម្ចាស់ជីវិត​តម្កល់​លើត្បូង ក្នុងឱកាសបរមរាជាភិសេក នាថ្ងៃព្រហស្បតិ៍ ១៥​កើត ខែ​អស្សុជ ឆ្នាំវក ឆ​ស័ក ព.ស.​ ២៥៤៨ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែ​តុលា គ.ស.​២០០៤

ព្រះរាជពិធីស្រង់សុគន្ធវារីថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានីជាអម្ចាស់ជីវិត​តម្កល់​លើត្បូង នាខាងមុខព្រះទីន័ងទេវាវិនិច្ឆ័យ នៃព្រះបរមរាជវាំងចតុម្មុខមង្គល ក្នុងឱកាសបរមរាជាភិសេក នាថ្ងៃចន្ទ ៩រោច ខែផល្គុន ឆ្នាំមមែ សប្តស័ក ព.ស.២៤៩៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៥៦

_________________________________________
អានផងដែរ៖
១. ខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី
២. ខួបឆ្នាំទី១១០ បរមរាជាភិសេក ព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ចមចក្រពង្ស
៣. ទំនៀមពិធីប្រទក្សិណព្រះនគរ ក្នុងព្រះរាជពិធីបរមរាជាភិសេក
៤. ខួបឆ្នាំទី៨៨ បរមរាជាភិសេក ព្រះករុណា ព្រះមុនីវង្ស
៥. ខួប​ឆ្នាំ​ទី ៧៧ បរម​រាជាភិសេក ព្រះ​ករុណា ព្រះ​នរោត្ដម សីហនុ វរ្ម័ន (​គ្រា​ទី​១)

Advertisements
%d bloggers like this: