jump to navigation

Repost: ល្បែង «មឹក» ថ្ងៃ​ចន្ទ 14 ខែ​មីនា 2016

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

«មឹក» គឺ​ជា​ឈ្មោះ​ល្បែង​កុមារ​មួយ​ប្រភេទ ដែល​ក្មេង​ៗ​សម័យ​មុន បាន​នាំ​គ្នា​លេង នៅ​ពេល​សម្រាក​។ ថ្ងៃ​សៅរ៍ អាទិត្យ នៅ​ផ្ទះ ឬ​នៅ​ក្នុង​ពេល​ចេញ​លេង នៅ​តាម​សាលា​រៀន​ជា​ដើម​។ ក្មេង​សម័យ​នេះ ប្រហែល​គេ​មិន​លេង និង​ស្គាល់​ទេ​។ ដូច​ក្មេង​ៗ​ដទៃ​ទៀត ដែល​កើត​ប្រហែល​ខ្ញុំ​ដែរ ខ្ញុំ​បាន​លេង​មឹក​នេះ ជាមួយ​មិត្រ​ភ័ក្តិ​អាយុ​ស្រក​ៗ​គ្នា​ដែល កាល​ពី​រយៈ​ពេល​ច្រើន​ឆ្នាំ​កន្លង​នៅ​។ ហេហេ…

ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ខ្ញុំ​បាន​ជជែក​ជាមួយ​អ្នក​រួម​ការងារ ជជែក​ចុះ​ជជែក​ឡើង ក៏​ឃើញ​ថា ល្បែង​មឹក​នេះ មិន​មែន​មាន​តែ​នៅ​កម្ពុជា​ទេ​ដែរ​លេង​នោះ នៅ​ថ្ងៃ វៀតណាម លាវ ភូមា ក៏​សុទ្ធ​តែ​លេង គ្រាន់​តែ​វិធី​លេង​មាន​លក្ខណៈ​ខុស​គ្នា​តែ​ប៉ុណ្ណោះ តែ​អ្វី​ដែល​ចម្លែក បន្ទាប់​ពី​រៀប​រាប់​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ គឺ​ឃើញ​ថា ខ្មែរ​យើង បែ​ជា​មាន​វិធី​លេង​ដូច​គ្នា​បេះ​បិទ​នឹង​ជន​ជាតិ​ភូមា​ទៅ​វិញ​។ ខ្ញុំ​សន្និដ្ឋាន​ថា ប្រហែល​ជា​ខ្មែរ​យើង​លេង​ដូច​គ្នា​ទៅ​នឹង​ជន​ជាតិ​មន ចំឡែក​ឯ​ភូមា​ប្រហែល​ជា​យក​វិធី​លេង​នេះ​ពី​មន​។

អូ​ខេ បើ​ទោះ​បី​ជា​ខ្មែរ​យើង​លេង​ខុស​ពី​ជន​ជាតិ​ក្បែ​ខ្លួន តែ​ខ្ញុំ​ថា​នៅ​ក្នុង​ប្រទេស​យើង ក៏​ប្រហែល​ជា​មាន​វិធី​លេង​ខុស​គ្នា​ទៅ​តាម​តំបន់​ដែរ​។ ខ្ញុំ​សូម​លើក​យក​ពី​វិធី​លេង ដែល​ខ្ញុំ​នៅ​ចេះ​ចាំ​តាម​តំបន់​ខ្ញុំ​ចុះ ប្រសិន​បើ​តំបន់​អ្នក​លេង​ខុស​ត្រូវ​យ៉ាង​ណា សូម​រួម​ចែក​រំលែក​គ្នា​ផង​។

  • វិធី​លេង​មឹក​ដោយ​គ្នា​ពីរ​នាក់

គេ​លេង​មឹក​ផ្ទាល់​នៅ​នឹង​ដី ហើយ​ត្រូវ​លេង​ជា​ក្រុម ដោយ​ចាប់​ពី​ពីរ​នាក់​ឡើង​ទៅ​។ ថ្ងៃ​នេះ​ខ្ញុំ​សូម​រៀប​រាប់​ពី​វិធី​លេង​មឹក​ដោយ​មនុស្ស​ពីរ​នាក់​។ បន្ទាប់​ពី​ត្រូវ​រ៉ូវ​គ្នា​ថា​លេង​ហើយ គេ​ចាប់​ផ្ដើម​គូស​គំនូស​មឹក​នៅ​នឹង​ដី ដោយ​មាន​សណ្ឋាន​ដូច​ខាង​ក្រោម​នេះ (នៅ​ថៃ​​វៀតណាម គូស​ខុស​ពី​នេះ​)​។ សម្រាប់​ចំណុច​ដាច់​ៗ​ខាង​លើ​នោះ ពេល​ខ្លះ​ក៏​មាន​គូស (ត្រូវ​គូស​ពេញ​) ពេល​ខ្លះ​ក៏​មិន​មាន​គូស​ទេ ស្រេច​តែ​ពេល​សន្យា​លេង​។ ក្រៅ​ពី​គូស​គំនូស​បែប​នេះ​នៅ​នឹង​ដី​ហើយ ល្បែង​មឹក​នេះ ត្រូវ​មាន​កូន​ដំ​ថ្ម (រៀង​សំប៉ែត) មួយ​ទៀត​ដើម្បី​បោះ​ចូល​ទៅ​ក្នុង​គំនូស​។

ដំបូង​នេះ សូម​ណែន​នាំ​អំពី​ការ​ហៅ​ឈ្មោះ​គំនូស (មឹក​) លេខ​១ និង​២ ឈ្មោះ​ថា​កាំ​ជណ្ដើរ, ៣ ស្លាប​ក្រោម​ឆ្វេង​, ៤ ស្លាប​ក្រោម​ស្ដាំ, ៥ បំពង់​ក, ៦ ស្លាប​លើ​ឆ្វេង​, ៧ ស្លាប​លើ​ស្ដាំ និង​៨ ហៅ​ថា​ដំបូ​ល​​។ (សូម​មើល​រូប​ខាង​ក្រោម​)

ក្រោយ​ពេល​គូស​រួច​ហើយ ទាំង​ពីរ​នាក់​ត្រូវ​ចាប់​ផ្ដើម​ដោយ​ប៉ាវ ប្រសិន​បើ​នរណា​ម្នាក់​ឈ្នះ អ្នក​នោះ​ជា​អ្នក​ចាប់​ផ្ដើម​លេង​មុខ​។ គេ​ចាប់​ផ្ដើម​លេង​ដោយ​លោតជើង​មួយ​តាម​​លំដាប់​ដូច​ខាង​រូប​ខាង​ក្រោម​នេះ​។

ដំបូង​បំផុត​នោះ គឺ​ត្រូវ​បោះ​កូន​ដុំ​ថ្ម​ទៅ​ក្នុង​លេខ​១ (គ្រប់​ពេល​ទាំង​អស់​ដែល​បោះ​ដុំ​ថ្ម ត្រូវ​តែ​បោះ​ឲ្យ​ចូល​ក្នុង​ប្រអប់ បើ​ជាប់​នឹង​ខ្សែ​ណា​មួយ​រាប់​ថា មិន​បាន​ការ ហើយ​អ្នក​ទី​២ ត្រូវ​លេង​វិញ​)​​។ ក្រោយ​ពី​បោះ​ចូល​ហើយ អ្នក​លេង​នោះ​ត្រូវ​លោត​រំលង​លេខ​១ (​បើ​ដុំ​ថ្ម​នៅ​ក្នុង​ប្រអប់​ណា អ្នកលេង​មិន​អាច​លោត​ចូល​ក្នុង​ប្រអប់​នោះ​បាន​ទេ​) គឺ​លោត​ជើង​មួយ​ទៅ​កាន់​លេខ​២ , លោត​បន្ត​ដោយ​ជើង​ពីរ​ទៅ​កាន់​លេខ​៣ និង​៤ ដោយ​ជើង​ម្ខាង​មួយ​លេខ​។ លោត​ជើង​មួយ​ទៅ​កាន់​លេខ​៥ និង​លោត​ជើង​ពីរ​ទៅ​កាន់​លេខ​៦ និង​៧ ដោយ​មិន​ប៉ះ​ពាល់លេខ​៨​ទេ​។ ការ​លោត​ពី​លេខ​៥ ទៅ​លេង​៦ និង​៧​នេះ អាច​មាន​វិធី​ពីរ​បែប គឺ​​លោត ជើង​ឆ្វេង​ទៅ​លេខ​៦ និង​ស្ដាំ​លេខ​៧ រួច​ត្រឡប់​វិញ ដោយ​ជើង​ឆ្វេង​លើ​លេខ​៧ និង​ស្ដាំ​លើ​លេខ​៦ ឬ​លោត​ត្រឡប់​ឲ្យ​ហើយ​តែ​ម្ដង​ពី​លេខ​៥​។

បន្ទាប់​មក​លោត​ចុះ​មក​វិញ ដោយ​មក​ដល់​លេខ២ ត្រូវ​ឱន​ចុះ​យក​ដុំ​ថ្ម​ពី​លេខ​១ រួច​​លោត​រំលង​លេខ​១​ដដែល មក​ទី​ដើម​វិញ​។

បន្ទាប់​ពី​បាន​សម្រេច​លេខ​១​ហើយ ត្រូវ​បោះ​ដុំ​ថ្ម​ចូល​ក្នុង​លេខ​២​វិញ​ម្ដង​។ ម្ដង​នេះ ត្រូវ​លោត​លើ​លេខ​១ រំលង​លេខ​២ នៅ​លោត​កន្ធែក លើ​លេខ​៣​ និង​៤ ដូច​គ្រា​មុន​ដែរ​​។ សម្រាប់​ស្លាប​ទាំង​ពីរ គេ​អាច​បោះ​ចូល​លេង​៣ មុន​លេខ​៤ ឬ​លេខ​៦ មុន​លេខ​៧ ក៏​បាន​ដែរ​។

នៅ​ពេល​ដែល​បោះ​ដុំ​ថ្ម​សរុប​អស់​ទាំង​៧​ដង​ហើយ គ្រា​នេះ​ត្រូវ​បោះ​ចូល​ទៅ​ក្នុង​លេខ​៨​។ ប្រសិន​បើ​មាន​ការ​សន្យា​គ្នា​គូស​រង្វង់​សម្រាប់​លេខ​៨​នោះ អ្នក​លេង​ចាំ​បាច់​ត្រូវ​តែ​បោះ​ដុំ​ថ្ម​ឲ្យ​ចូល​​ក្នុង​បរិវេណ​រង្វង់ បើ​មិន​ដូច្នោះ​ទេ ត្រូវ​ចាត់​ថា​ស្អុយ ឬ​ខូច ត្រូវ​ឲ្យ​អ្នក​ទី​ពីរ​លេង​ម្ដង និង​រង់​ចាំ​បោះ​បន្ត​ទៀត​។

ករណី​បោះ​ចូល​ក្នុង​លេខ​៨​ហើយ អ្នក​លេង​ត្រូវ​លោត​ពី​លេខ​១​ទៅ​ដល់​ស្លាប​លើ ហើយ​បែរ​​មុខ​មក​លេខ​១ (ជើង​ឆ្វេង​លើ​លេខ​៧​)​ និង​សួរ​អ្នក​លេង​ជាមួយ​របស់​ខ្លួន​ដោយ​សំណួរ​ថា «លើ ឬ​ក្រោម​?​»​។ ប្រសិន​បើ​ឆ្លើយ​ថា​ «លើ» នោះ​អ្នក​លេង​ត្រូវ​អង្គុយ​ចុះ ហើយ​យក​ដៃ​ដាក់​ទៅ​ក្រោយ​ដើម្បី​រាវ​រក​ដុំ​ថ្ម​។ ប្រសិន​ចាប់​បាន​ហើយ លោត​ចុះ​មក​លេខ​១​វិញ​។ តែ​ប្រសិន​បើ​ឆ្លើយ​ថា «ក្រោម​» វិញ​ នោះ​អ្នក​លេង​ត្រូវ​អង្គុយ​ចុះ ហើយ​យក​ដៃ​លូក​តាម​ប្រហោង​ជើង​របស់​ខ្លួន ដើម្បី​រាវ​រក​ដុំ​ថ្ម​ និង​លោត​ចុះ​មក​លេខ​១​វិញ ប្រសិន​បើ​ចាប់​បាន​ដុំ​ថ្ម​ហើយ​។ ចំណាំ​៖ ត្រូវ​យក​ដុំ​ថ្ម​មក​វិញ​ពេល​ចាប់​បាន​ហើយ ហើយ ពេល​រាវ​រក​ដុំ​ថ្ម​នេះ ដាច់​ខាត​មិន​ឲ្យ​ដៃ​រាវ​ប៉ះ​រលុប​ខ្សែ​ដែល​បាន​គូស​នោះ​ទេ បើ​រលុប​ត្រូវ​ចាត់​ទុក​ថា​ស្អុយ​ឬ​ខូច​​។ ជា​ទូ​ទៅ​តែង​តែ​ឆ្លើយ​ថា «ក្រោម» ដ្បិត​ពិបាក​រាវ​រក​ជាង «លើ​»​។

បន្ទាប់​ពី​លោត​មក​ដល់​ផុត​គំនូស​ហើយ ត្រូវ​បែរ​ខ្នង​ដាក់​គំនូស​មឹក ហើយ ស្រែក​សួរ​ទៅ​ភាគី​ម្ខាង​ទៀត​ថា «លើ ឬ​ក្រោម​?» ដូច​មុន​ដែរ​។ ដំណាក់​កាល​នេះ គេ​ឲ្យ​ឈ្មោះ​ថា បូ ដើម្បី​យក​ផ្ទះ​។ ប្រសិន​បើ​​ឆ្លើយ​ថា «​លើ​» នោះ​អ្នក​លេង​ត្រូវ​ឈរ ហើយ​គ្រវាត់​ដុំ​ថ្ម​ទៅ​ក្រោយ​ដើម្បី​ឲ្យ​ចូល​ក្នុង​ប្រអប់ (បូ)​។ ប្រសិន​បើ​ឆ្លើយ​ថា «ក្រោម​» វិញ នោះ​អ្នក​លេង​ត្រូវ​អង្គុយ​ចុះ​ដើម្បី​បូ​។ ប្រសិន​បើ​ដុំ​ថ្ម​ធ្លាក់​ចូល​ទៅ​ក្នុង​លេខ​ណា​មួយ​ហើយ លេខ​នោះ​ត្រូវ​សន្មត​ថា​ជា​ «ផ្ទះ​» របស់​អ្នក​នោះ ហើយ​អ្នក​នោះ​មាន​សិទ្ធិ​ជាន់​ជើង​ពីរ (ឬ​ហៅ​ថា​កន្ធ្រប់​) ឯ​ភាគី​ម្ខាង​ទៀត​មិន​មាន​សិទ្ធិ​ជាន់​ទេ​។ ប្រសិន​បើ​ជាន់​ត្រូវ​ខូច (ករណី​អ្នក​នោះ​មិន​ទាន់​មាន​ផ្ទះ​) ឬ​ត្រូវ​ឆេះ​ផ្ទះ​ខ្លួន (ប្រសិន​បើ​គាត់​មាន​ផ្ទះ​ដែរ​)​។ ការ​ឆេះ​ផ្ទះ​នោះ គឺ​អាស្រ័យ​ទៅ​លើ​ភាគី​ម្នាក់​ទៀត ដែល​គាត់​ចង់​ឆេះ​ផ្ទះ​ណា​ក៏​បាន​។

រូប​ខាង​លើ​នេះ​ជា​ការ​បង្ហាញ​នៅ​ពេល​ដែល​ភាគី​ណា​មួយ​បូ​បាន​ផ្ទះ​មួយ​ណា គេ​គូស​សញ្ញា​ខ្វែង​លើ​ផ្ទះ​របស់​គេ​។ ជា​ទូ​ទៅ​ដើម្បី​យក​ឈ្នះ​លើ​ភាគី​ម្ខាង​ទៀត អ្នក​លេង​ចូល​ចិត្ត​បូ​​យក​ផ្ទះ​លេខ​៦ និង​៧ បន្ទាប់​មក​៥ តាម​លំដាប់ ដើម្បី​ឲ្យ​ភាគី​ម្ខាង​ទៀត ពិបាក​ក្នុង​ការ​យក​ដុំ​ថ្មី​ពី​ដំបូល (លេខ​៨) និង​ចុះ​ចាញ់​ជា​ស្វ័យ​ប្រវត្តិ​។

គេ​លេង​របៀប​នេះ រហូត​ដល់​បូ​ផ្ទះ​អស់​ទាំង​៧ បន្ទាប់​មក​គេ​នឹង​រាប់​ថា​តើ​នរណា​មាន​ផ្ទះ​ច្រើន​ជាង​គេ​។ គេ​នឹង​ស៊ី​សង​គ្នា​តាម​អ្វី​ដែល​គេ​សន្យា​គ្នា​មុន​ពេល​លេង​នោះ​។ ភាគ​ច្រើន​ខ្ញុំ​តែង​តែ​លេង​ដោយ​ការ​ជោះ​ដៃ​គ្នា​ ដោយ​មិន​មាន​ការ​ស៊ី​សង​ធំ​ដុំ​អី​ទេ​។

  • វិធី​ស្រែក​ពេល​លោត​មឹក​

នៅ​ពេល​លោត​លេង​មឹក អ្នក​លែង​តែង​តែ​ស្រែក​ដំណាល​គ្នា​នឹង​ការ​លោត​របស់​ពួក​គេ ដើម្បី​ឲ្យ​ការ​លេង​មាន​ភាព​អឹក​ធឹក​ឡើង មិន​ឲ្យ​ស្ងាត់ និង​មាន​ភាព​សប្បាយ​ផង​។ វិធី​ស្រែក​នោះ គឺ​ ចាក់ (សម្រាប់​ជាន់​ជើង​មួយ​), កន្ធែក (សម្រាប់​ជាន់​ជើង​ទាំង​ពីរ ទៅ​លើ​ស្លាប) និង​កន្ធ្រប់ (សម្រាប់​ជាន់​ជើង​ទាំង​ពីរ​ព្រម​គ្នា​ទៅ​លើ​ផ្ទះ​របស់​ខ្លួន​)​។

ហេតុ​ដូច​នេះ ពេល​លេង​មឹក គេ​តែង​តែ​ឮ​សូរ ចាក់​ៗ កន្ធែក កន្ធ្រប់ ចាក់ កន្ធែក ចាក់ កន្ធែក ចាក់ ចាក់ …. ជា​ហូរ​ហែរ​។

  • មឹក​ពីរ​ជាន់

នៅ​ពេល​ខ្លះ​គេ​អាច​បង្កើត​ជា​គំនិត​ថ្មី​ៗ ដោយ​លេង​ជា​មឹក​ពីរ​ជាន់ គឺ​មាន​ក​ពីរ និង​ស្លាប​កណ្ដាល​មួយ​។ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​កុំ​ឲ្យ​លេង​ឆាប់​ចប់​លឿន​ពេក និង​បង្កើត​កម្រិត​ស្មុគ​ស្មាញ​មួយ​បន្ថែម​ទៀត​។

នៅ​ពេល​ដែល​ខ្ញុំ​និយាយ​បែប​នេះ មិត្រ​ភ័ក្ដិ​ប្រទេស​ផ្សេង​ៗ​ នាំ​គ្នា​ស្រែក​ថា មឹក​ខ្មែរ​មាន​លក្ខណៈ​សាំញ៉ាំ និង​កម្រិត​អែតវេនស៍ ខ្លាំង​ណាស់ ជន​ជាតិ​គេ​លេង​មិន​បាន​ទេ ហេហេ…។

ចុះ​នៅ​ភូមិ​ស្រុក​របស់​អ្នក​វិញ ការ​លេង​មឹក​មាន​សណ្ឋាន​យ៉ាង​ណា​ដែរ​?

_____________________________________________________________________
អាន​ផង​ដែរ​
១. ល្បែង «ខួង»

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: