jump to navigation

មហា​សង្ក្រាន្ត​ឆ្នាំ​វក អដ្ឋ​ស័ក ពុទ្ធសករាជ​២៥៦០ ថ្ងៃចន្ទ 11 ខែ​មេសា 2016

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
trackback


មហាសង្ក្រាន្តឆ្នាំវក អដ្ឋ​​ស័ក
ចុល្លសករាជ ១៣៧៨ – មហាសករាជ ១៩៣៨
ពុទ្ធសករាជ ២៥៦០ – គ្រឹស្តសករាជ ២០១៦

សុភមស្ដុ! វរមង្គលាជយាតិរេក

ព្រះ​ពុទ្ធ​សករាជ​ព្រះ​សាសនា អតិក្កន្តា​កន្លង​ទៅ​បាន ២៥៥៩ ព្រះ​វស្សា ត្រឹម​ថ្ងៃ​១៥​កើត ខែ​ពិសាខ លុះ​ដល់​ថ្ងៃ ១ រោច ខែ​ពិសាខ ឆ្នាំ​វក ​អដ្ឋ​​ស័ក ត​ទៅ​​​ចូល​​​ពុទ្ធ​សករាជ ២៥៦០​។

នឹង​គណនា​ឆ្នាំ​វក ឥឡូវ​នេះ ​សង្ក្រាន្ត​ចូល​មក​នៅ​ថ្ងៃ​ពុធ ៧​កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែ​មេសា គ.ស.​​​២០១៦ វេលា​ម៉ោង ២០​និង​០០​​​នាទី​។ ពេល​​នោះ​ព្រះ​អាទិត្យ​​ចេញ​ពី​មីនរាសី​ទៅ​ឋិត​​នៅ​ឯ​មេសរាសី​ ​តាម​ផ្លូវ​គោវិថី ​គឺ​ផ្លូវ​កណ្ដាល ទើប​មាន​ទេវធីតា​មួយ​ព្រះ​អង្គ​ជា​មគ្គនាយិកា​ព្រះ​នាម មណ្ឌា​​​ទេវី ជា​បុត្រី​ទី​៤​នៃ​កបិល​មហា​ព្រហ្ម គង់​នៅ​ចាតុម្មហារាជិកា ទ្រង់​អម្ពរ​ពណ៌​អន លម្អ​នៅ​ព្រះ​កាណ៌​ដោយ​សៀត​ចម្ប៉ា អភរណៈ​ទ្រង់​ពាក់​កែវ​ពិទូរ្យ ភក្សាហារ​ទ្រង់​សោយ​សប្បិ ព្រះ​​ហស្ត​ស្ដាំ​ទ្រង់​ម្ជុរ ព្រះ​ហស្ត​ឆ្វេង​ទ្រង់​ឈើ​ច្រត់ ទ្រង់​គង់​​ផ្ទំ​បើក​ព្រះ​នេត្រ​លើ​ខ្នង​គទ្រភៈ (សត្វ​លា​)​ ​ជា​​​ពាហនៈ​​។ ទើប​​នាំ​អស់​ទេវ​បុត្រ​ទេវ​ធីតា​​​ទាំង​មួយ​សែន​កោដិ​ហោះ​ទៅ​កាន់ គុហា​កែវ​ធម្មមាលី នា​ទី​ភ្នំ​កៃលាស​ ខេត្ត​ហិមពាន្ត ជា​ទី​តំកល់​ទុក​នូវ​ព្រះ​សិរសា​​កបិល​មហាព្រហ្ម ​ដែល​តំកល់​​លើ​ពាន​មាស នាំ​​មក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​​​សុមេរុរាជ ​តាម​ផ្លូវ​ព្រះ​អាទិត្យ​ចរ​ចំនួន​៦០​​នាទី (២៤​ម៉ោង​)​។ ទើប​នាំ​យក​​​​​ទៅ​តំកល់​​ទុក​ដូច​ដើម​វិញ ទើប​​ប្រជុំ​ទេវបុត្រ​ទេវធីតា​ទាំង​មួយ​សែន​កោដិ ​ចូល​ទៅ​ស្រង់​ទឹក​អនោតត្តម​មហា​ស្រះ ដែល​មាន​ទឹក​ហូរ​ចេញ​ពី​បំពង់​ថ្ម​កែវ​ទាំង​៧ ​ជា​មាត់​គោ ឧសភរាជ​ ត្រជាក់​ត្រជុំ​​ក្សេមក្សាន្ត​ព្រះ​​ហ្ឬទ័យ ទើប​​នាំ​គ្នា​ចូល​ទៅ​សមាទាន​​សីល ​ដោយ​ព្រះ​ទ័យ​​សោមនស្ស​រីករាយ​គ្រប់​ៗ​​​អង្គ ក្នុង​ភគវតី​សភា​​ដែល​វិស្វកម្ម​ទេវបុត្រ​និមិត្ត​ថ្វាយ ហើយ​​បន្ទោរ​បង់​នូវ​អពមង្គល ​ឲ្យ​​ជ្រះ​ស្រឡះ ​ចម្រើន​នូវ​​សុភមង្គល សិរី​សួស្ដី​ ជន្មាយុ​យឺនយូរ​ត​រៀង​ទៅ។

  • ថ្ងៃ​ពុធ ៧​កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ​មេសា ឆ្នាំ​២០១៦ ម៉ោង​២០:០០​នាទី​ ជា​ថ្ងៃ​ចូល​ឆ្នាំ​​។
  • ថ្ងៃ​ព្រហស្បតិ៍ ៨​កើត ខែ​ចេត្រ ​ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ​មេសា ឆ្នាំ​២០១៦ ជា​ថ្ងៃ​វ័នបត។
  • ថ្ងៃ​សុក្រ ៩​កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ​មេសា ឆ្នាំ​២០១៦ ជា​ថ្ងៃ​វ័នបត​។
  • ថ្ងៃ​សៅរ៍ ១០​កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៦ ​ជា​ថ្ងៃ​ឡើង​ស័ក (​ម៉ោង​០ និង​២៤​នាទី និង​១២ វិនាទី​)។

គម្រប់​សង្ក្រាន្ត​៤​ថ្ងៃ​ស្រេច​បរិបូណ៌ ចូល​ជា​សកល​ឆ្នាំ​វក អដ្ឋ​​ស័ក ចុល្ល​សករាជ​១៣៧៨ និង​មហា​សករាជ​១៩៣៨ ត​ទៅ​។

ក្នុង​ឱកាស​សង្ក្រាន្ត​បី​ ថ្ងៃ សូម​អស់​ប្រជា​ពលរដ្ឋ​ប្រុស​ស្រី​ផង​ទាំងឡាយ​រៀបចំ​ពលិកា​គ្រឿង​សក្ការ​បូជា អុច​ប្រទីប​ជ្វាលា ថ្វាយ​ព្រះ​រតនត្រ័យ និង​ទទួល​ស្វាគមន៍​ទេវបុត្រ ទេវធីតា​ឆ្នាំ​ថ្មី ហើយ​ខំ​លះបង់​ចិត្ត​អាក្រក់​អន្យតិរ្ថីយ​ជា​ចិត្ត​អប្រីយ៍ ជាប់​ដោយ​គំនុំ​គុំគួន​ព្យាបាទ​ឈ្នានីស​ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់​ឲ្យ​ ជ្រះ​ស្រឡះ​តាំង​ចិត្ត​ប្រព្រឹត្ត​ល្អ ប្រកប​ដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា ធ្វើ​បុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណី រក្សា​សីល​ប្រាំ​ឲ្យ​​បាន​ជាប់​ជានិច្ច នោះ​ទើប​ទេវតា​នឹង​ឲ្យ​ពរ សព្ទសាធុការ លោក​អ្នក​នឹង​មាន​សិរី​សួស្ដី សុភមង្គល វិបុលសុខ​គ្រប់​ប្រការ តាំង​ពី​ឆ្នាំ​ថ្មី​នេះ​ត​រៀង​ទៅ។

រណ្ដាប់ទទួលទេវតា

រណ្ដាប់​ទទួល​នូវ​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេង​ៗ។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​​ស ឬ​ស្រគាំ ហើយ​រៀប​បាយសី ៩ ថ្នាក់​មួយ​គូ បាយសី ៧ ថ្នាក់​មួយ​គូ បាយសី ៥ ថ្នាក់​មួយ​គូ បាយសី ៣ ថ្នាក់​មួយ​គូ បាយសី​ប៉ាឆាម​មួយ​គូ ស្លាធម៌​មួយ​គូ ទឹកអប់​មួយ​គូ (ទៀន ៥ ធូប ៥) លាជ ៥ ផ្កា ៥ ដាក់​លើ​ជើងពាន ១ គូ ចេកនួន ចេក​ណាំវ៉ា ពីរ​ជើងពាន ផ្លែ​ឈើ ១១ មុខ រៀប​ដាក់​ជើងពាន ១១ គូ ដូងឡៅ​មួយ​គូ ទឹក​ស្អាត​ពីរ​កែវ។ ស្រេច​ហើយ នៅ​វេលា​ម៉ោង​ដែល​ទេវតា​ចុះ ត្រូវ​ជួប​ប្រជុំ​ក្រុម​គ្រួសារ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ នមស្សការ​ព្រះ​រតនត្រ័យ ព្រះ​ពុទ្ធ​ ព្រះ​ធម៌​ ព្រះ​សង្ឃ ជា​ទី​ពឹង​ទី​រឮក លុះ​ចប់​ពិធី​ទទួល​ទេវតា។

កំណត់សម្គាល់

ចំពោះ​បាយសី ៩ ថ្នាក់ ៧ ថ្នាក់ សម្រាប់​នៅ​ព្រះ​បរម​រាជវាំង ចំពោះ​ប្រជារាស្ត្រ​គួរ​ធ្វើ​ត្រឹម ៥ ថ្នាក់​ចុះ​មក ឬ​រៀប​ត្រឹម​គ្រឿង​សក្ការៈ​បូជា​ដែល​មាន​ទៀន​ប្រាំ ធូប​ប្រាំ ស្លាធម៌ កូន​ចេក​មួយ​គូ​ក៏​ល្អ​ដែរ។ ចំពោះ​ផ្លែ​ឈើ​សម្រាប់​ប្រជារាស្ត្រ គួរ​រៀប​ឲ្យ​បាន​ត្រឹម ៣ ឬ ៥ មុខ​ជា​ការ​ប្រសើរ គឺ​រៀប​ទៅ​តាម​ធនធាន​របស់​ខ្លួន។ នៅ​គ្រប់​ដង្វាយ​ទាំងអស់​ត្រូវ​ដាក់​ផ្កា​ម្លិះ​ភួង​ពី​លើ​គ្រប់​ដង្វាយ នៅ​លើ​ជើងពាន និង​លើ​បាយសី​ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ។

ទំនាយប្រចាំឆ្នាំ

  • កេណ្ឌ​ព្រះពិរុណសាស្ត្រ៖ ឆ្នាំ​នេះ ភព​ចន្ទ​ ​​ជាអធិបតី មាន​នាគ​២​បង្អុរ​ភ្លៀង​៥០០​មេ។ ភ្លៀង​ធ្លាក់​នៅ​ចក្រវាឡ​២០០​មេ ហិមពាន្ត​១៥០មេ មហា​សមុទ្ទ​១០០​មេ ជម្ពូ​ទ្វីប​មនុស្ស​លោក​៥០​មេ។ មាន​ទឹក​ភ្លៀង​នៅ​ដើម​ឆ្នាំ​តិច កណ្ដាល​ឆ្នាំ​ភ្លៀង​ល្អ និង​ចុង​ឆ្នាំ​ភ្លៀង​តិច​។
  • កេណ្ឌ​ធារាទិគុណរ៖ ឆ្នាំ​​នេះ​មាន​កេណ្ឌ​​ (២) ត្រូវ​ត្រង់​បឋវី​ធាតុ​ចុះ ទំនាយ​ថា មិន​ក្ដៅ​មិន​ត្រជាក់ មាន​ខ្យល់​ព្យុះ​ខ្លាំង​ៗ​ជា​ច្រើន។
  • ទំនាយ​ទឹក​ទន្លេ​៖ ឆ្នាំ​នេះ​ទំនាយ​អំពី​ទឹក​ទន្លេ​មាន​សំណល់​០ ទំនាយ​ថា​ទឹក​ទន្លេ​​បឹង​បួរ ទឹក​ជំនន់​ដោយ​ទឹក​ភ្លៀង មាន​ចំនួន​ច្រើន​ណាស់ ច្រើន​លើស​អស់​ឆ្នាំ​ទាំង​ពួង។
  • កេណ្ឌ​ធញ្ញាហារ​៖ ឆ្នាំ​នេះ​មាន​កេណ្ឌ (៤) មាន​ឈ្មោះ​ថា​មជ្ឈិមា ទំនាយ​ថា ស្រូវ សំណាប ស្រែ​ចម្ការ និង​បាន​ផល​ពាក់​កណ្ដាល ខូច​ខាត​អស់​ពាក់​កណ្ដាល ភោជានា​ហារ បាន​ផល​ជា​មធ្យម​។ ប្រជា​រាស្ត្រ​មាន​សេចក្ដី​សុខ​ខ្លះ ទុក្ខ​ខ្លះ​ស្មើ​គ្នា​។
  • ទំនាយ​ការ​ធ្វើ​ស្រែ​៖ ទំនាយ​កេណ្ឌ​ការ​ធ្វើ​ស្រែ​មាន​សេស (៤) ទំនាយ​ថា ស្រែ​ដី​ទំនាប និង​ស្រែ​ដី​ទួល​គ្រប់​ទី​កន្លែង​បាន​ផល​ល្អ​ដូច​គ្នា​ទាំង​ពីរ​យ៉ាង។

ស្រង់ចេញពី​ការ​ផ្សាយ​របស់​គណៈ​កម្មការ​ស្រាវ​ជ្រាវ​វិជ្ជា​ហោរា​សាស្ត្រ ប្រពៃណី​ទំនៀម​ទម្លាប់ និង​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ នៃ​ក្រសួង​ធម្មការ និង​សាសនា

អានផងដែរ៖
១. មហាសង្ក្រាន្តខ្មែរ ពុទ្ធសករាជ ២៥៥១
២. មហាសង្ក្រាន្ត ឆ្នាំជូត សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៥២
៣. មហាសង្ក្រាន្តឆ្នាំឆ្លូវ ឯកស័ក ពុទ្ធសករាជ២៥៥៣
៤. មហាសង្ក្រាន្តឆ្នាំខាល ទោស័ក ពុទ្ធសករាជ២៥៥៤
៥. មហាសង្ក្រាន្តឆ្នាំថោះ ត្រីស័ក ពុទ្ធសករាជ២៥៥៥
៦. មហា​សង្ក្រាន្ត​ឆ្នាំ​រោង ចត្វា​ស័ក ពុទ្ធសករាជ​២៥៥៦
៧. មហា​សង្ក្រាន្ត​ឆ្នាំ​ម្សាញ់ បញ្ច​ស័ក ពុទ្ធសករាជ​២៥៥៧
៨. មហា​សង្ក្រាន្ត​ឆ្នាំ​មមី ឆ​ស័ក ពុទ្ធសករាជ​២៥៥៨
៩. មហា​សង្ក្រាន្ត​ឆ្នាំ​មមែ សប្ដ​ស័ក ពុទ្ធសករាជ​២៥៥៩

មតិ»

1. រដ្ឋ - ថ្ងៃអាទិត្យ 17 ខែ​មេសា 2016

ព្រះនាងយាងពេលយប់ ឯកសារខាងលើនិយាយថាព្រះផ្ទុំបើកព្រះនេត្រតែរូបបែរអង្គុយ

សុភ័ក្ត្រ - ថ្ងៃអង្គារ 19 ខែ​មេសា 2016

ទាល់​សួរ​អ្នក​គូរ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: