jump to navigation

ខួប​ឆ្នាំ​ទី​១១០ បរម​រាជាភិសេក ព្រះ​ករុណា ព្រះ​បាទ​​សម្ដេច​ព្រះ​សិរីសុវត្ថិ ចម​ចក្រ​ពង្ស ថ្ងៃពុធ 27 ខែ​មេសា 2016

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
trackback

ថ្ងៃពុធ ទី២៧ ខែមេសា គ.ស.២០១៦ នេះ មានរយៈពេល១១០ឆ្នាំគត់ នូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយទៀតសម្រាប់ព្រះនគរខ្មែរ នោះគឺព្រះរាជពិធីបរមរាជាភិសេកជាផ្លូវការ ព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ជាផ្លូវការ។ ព្រះរាជពិធីនេះប្រព្រឹត្តទៅរយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃចន្ទ ១៥កើត រហូតដល់ថ្ងៃសៅរ៍ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ចុល្លសករាជ១២៦៧ ពុទ្ធសករាជ២៤៤៩ ត្រូវនឹងថ្ងៃទី២៣ ដល់២៨ ខែមេសា ឆ្នាំ១៩០៦។

ព្រះរាជពិធីកាលពី១១០ឆ្នាំមុននោះ ទំនងជាព្រះរាជពិធីធំជាប្រវត្តិសាស្ត្របន្ទាប់ពីព្រះនគរបានសុខសាន្តត្រាន នឹងត្រូវបានរៀបចំឡើងយ៉ាងសមព្រះកិត្តិយសតាមបែបផែនបូរាណខត្តិយរាជបវេណីល្អឥតខ្ចោះ ទាំងតាមទំនៀមព្រាហ្មណ៍បុរាណ និងពុទ្ធសាសនា។

តាមសៀវភៅកំណត់ហេតុនៃព្រះរាជពិធីបានឲ្យដឹងថា នៅថ្ងៃចន្ទ ទី២៣ ខែមេសា ដែលជាថ្ងៃទី១ នៃព្រះរាជពិធីនេះ នៅឯព្រះប្រាសាទទេវាវិនិច្ឆ័យ មានចាត់ពិធីសក្ការៈទេវរូបធំតូចដោយព្រាហ្មណ៍ព្រះរាជគ្រូជាប្រមុខ។ បណ្ដាសេនាបតី និងខ្ញុំរាជការថ្នាក់ខ្ពស់ បានចូលទៅដាក់តាំងតុបូជាពេញមហាប្រាសាទ។ ឯនៅតាមលំនៅដ្ឋានប្រជាជន ខ្ញុំរាជការ និងហាងលក់ដូរវិញ ក៏មានការតុបតែងប្រដាប់ប្រដាចងទង់ ដាក់គោមបំភ្លឺយ៉ាងចិញ្ចាចទូទាំងព្រះនគរ។

នាថ្ងៃទី២ នៃព្រះរាជពិធីព្រះករុណា ព្រះបាទសិរីសុវត្ថិ ស្ដេចយាងចេញមកសក្ការទេវរូប ដោយមានសម្ដេចព្រះមហាសង្ឃរាជាគណាធិបតី គណៈមហានិកាយ រួមផង ស្ដេចយាងអុជទៀនជ័យ នៅក្នុងបរិវេណ ព្រះទីន័ងទេវាវិនិច្ឆ័យផង។

ព្រះរាជពិធីបានប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី៥ គឺជាថ្ងៃធំ ដែលត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩០៦។ ព្រះរាជពិធីចូលតាំងពីព្រឹកព្រលឹម ដោយមានតំណាងរដ្ឋាភិបាលបារាំងសែស រ៉េស៊ីដង់ស៊ុបបេរីយើ ព្រមទាំងព្រះរាជវង្សានុវង្ស សេនាបតី ខ្ញុំរាជការគ្រប់ជាន់ថ្នាក់បានមកប្រជុំគ្នាឯព្រះទីន័ងទេវាវិនិច្ឆ័យ។ បន្ទាប់ពីក្រុមរាជគ្រូអានប្រកាសអញ្ជើញស្ដេចឡើងសោយរាជ្យសម្បត្តិហើយ ទ្រង់ក៏បានឡើងទៅគង់នៅលើបល្ល័ង្ករត្ន ក្រោមព្រះមហាស្វេតច្ឆត្រ៩ជាន់ ដោយមានព្រះរាជពិធីប្រកាសព្រះសុវណ្ណប័ដ និងថ្វាយគ្រឿងរាជបញ្ចកកុធភ័ណ្ឌ រួចទ្រង់មានព្រះបឋមបរមរាជឱង្ការ សូរេចព្រះរាជពិធីបរមរាជាភិសេកជាផ្លូវការ។

ព្រះករុណា ព្រះសិរីសុវត្ថិ ព្រះអង្គមានព្រះបរមនាមក្នុងរាជ្យថា៖ «ព្រះករុណា ព្រះបាទ សម្ដេចព្រះសិរីសុវត្ថិ ចមចក្រពង្ស ហរិរក្សបរមិន្ទ្រ ភូវន័យក្រៃកែវហ្វា សុលាល័យ ព្រះចៅក្រុងកម្ពុជាធិបតី»។

ស្ដេចឡើងប្រថាប់លើព្រះមហាបល្ល័ង្ក ក្នុងថ្ងៃបរមរាជាភិសេក
ព្រះរាជពិធីដង្ហែព្រះមហាក្សត្រិយ៍អង្គថ្មីជុំវិញព្រះនគរ

នៅថ្ងៃទី៦ ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបរមរាជាភិសេក ត្រូវនឹងថ្ងៃទី២៨ ខែមេសា គ.ស.១៩០៦ ដែលជាថ្ងៃសៅរ៍ នោះ គឺជាថ្ងៃព្រះរាជពិធីប្រទក្សិណព្រះនគរដង្ហែព្រះមហាក្សត្រិយ៍អង្គថ្មី តាមបុរាណរាជបវេណី។

ព្រះរាជពិធីចូលតាំងពីម៉ោង៧ព្រឹក ស្ដេចយាងចេញពីព្រះមហារាជវាំងទ្រង់គ្រឿងតែងព្រះអង្គសម្រាប់ថ្ងៃសៅរ៍។ ទ្រង់មហាមកុដ ស្ដេចឡើងប្រថាប់លើព្រះសលៀង រួចកាំភ្លើងធំបាញ់គំនាប់២១ណាត់ ព្រះរាជពិធីបានចាប់ផ្ដើម។ នៅក្នុងពេលដង្ហែព្រះអង្គក៏បានបាចផ្កាថ្កុលមាសថ្កុលប្រាក់ផងដែរ។ បន្ទាប់ពីក្បួនដង្ហែបានមកដល់ព្រះពន្លាឯស្ពាននាគ មានព្រាហ្មណ៍ប្រារព្ធពិធីថ្វាយទឹកព្រះមន្តរួចរាល់រួច ព្រះអង្គបានយាងទៅប្រថាប់ឯរថព្រះទីន័ងសម្រាប់ក្សត្រិយ៍ប្រដាប់បល្ល័ង្ក៣ជាន់ ដោយមានគ្រឿងប្រដាប់យ៉ាងវិចិត្រ និងមានដំបូល ព្រមកំពូលហៅថាព្រះមហាមកុដបេញ្ចកុដ។ ព្រះទីន័ងនេះមានបរដោយសេះ៦ក្បាល និងសារថី២រូប។

ក្បួនបានបន្តរហូតដល់សង្កាត់កាតូលិក ដែលមានព្រះពន្លា ព្រាហ្មណ៍ប្រារព្ធពិធីដូចគ្រាមុន។ រួចហើយទ្រង់បានផ្លាស់ព្រះមហាមកុដជាព្រះមហាមាលា រួចស្ដេចឡើងជិះសេះព្រះទីន័ង រហូតដល់ការិយាល័យរ៉េស៊ីដង់។ បន្ទាប់មកក្រុមព្រាហ្មណ៍ក៏បានធ្វើពិធីដូចគ្រាមុនរួចរាល់ហើយ ភ្នាក់ងាររាជវាំងបាននាំយកព្រះមាលាថ្មី (ព្រះមាលាទ្រង់ប្រពាស) ដើម្បីផ្លាស់ប្ដូរ។ ព្រះអង្គទ្រង់ស្ដេចឡើងជិះដំរីព្រះទីន័ង កម្ពស់៣ម៉ែត្រ៤០ ប្រដាប់ដោយគ្រឿងមាស។ ទ្រង់ប្រថាប់លើព្រះបល្ល័ង្កសយ្យាប្រដាប់ដែលមានឆ្លាក់ចម្លាក់ព័ណ៌មានយ៉ាងវិចិត្រ។ នៅពេលក្បួនព្រះទីន័ងដង្ហែមកដល់ព្រះបរមរាជវាំងវិញ កាំភ្លើងធំបាញ់គំនាប់២១ណាត់ជាលើកទី២។ នៅពេលថ្ងៃត្រង់នោះដែរ ព្រះអង្គទ្រង់ចាត់លៀងអាហារដល់ភ្ញៀវធំតូចដែលបានចូលរួមក្នុងព្រះរាជពិធី។

ចប់សូរេចព្រះរាជពិធីបរមរាជាភិសេកព្រះករុណាព្រះសិរីសុវត្ថិ តែត្រឹមនេះ។

ព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ព្រះអង្គបានឡើងស្នងរាជ្យបន្តពីព្រះបរមជេដ្ឋាធិរាជ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម បរមរាមាទេវាវតារ បន្ទាប់ពីព្រះអង្គបានយាងសោយព្រះទិវង្គតកាលពីឆ្នាំ១៩០៤ មកម្ល៉េះ រហូតមកដល់ឆ្នាំ១៩០៦ នោះ ទើបព្រះរាជពិធីអភិសេកជាផ្លូវការបានប្រារព្ធឡើង៕៚

_________________________________________
អានផងដែរ៖
១. គ្រឿងរាជបញ្ចកកុធភ័ណ្ឌ
២. ទំនៀម «ព្រះសុវណ្ណប័ដ» នៅក្នុងក្រុងកម្ពុជា និងសៀម
៣. ខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី
៤. ព្រះរាជពិធីថ្វាយព្រះសុគន្ធវារី នាឱកាសបរមរាជាភិសេក
៥. កាសអនុស្សាវរីយ៍បុណ្យរាជាភិសេកហ្លួងសិរីសុវត្ថិ
៦. ទំនៀមពិធីប្រទក្សិណព្រះនគរ ក្នុងព្រះរាជពិធីបរមរាជាភិសេក
៧. អំពីក្បួនហែប្រទក្សិណព្រះនគរ ក្នុងព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះសិរីសុវត្ថិ ចមចក្រពង្ស

Advertisements

មតិ»

1. គ្រឿង​រាជ​បញ្ច​កកុធ​ភ័ណ្ឌ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 28 ខែ​មេសា 2016

[…] […]

2. ទំនៀម​ «​ព្រះ​សុវណ្ណ​ប័ដ​» នៅ​ក្នុង​ក្រុង​កម្ពុជា និង​សៀម | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 28 ខែ​មេសា 2016

[…] […]

3. ខួប​ឆ្នាំ​ទី​៦០ ព្រះ​រាជ​ពិធី​សុខាភិសេក ព្រះ​ករុណា ព្រះ​សុរាម្រិត និង​សម្ដេច​ព្រះ​មហា​ក - ថ្ងៃ​ព្រហស្បតិ៍ 28 ខែ​មេសា 2016

[…] […]

4. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​សុគន្ធ​វារី នា​ឱកាស​​​បរម​រាជាភិសេក | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 28 ខែ​មេសា 2016

[…] […]

5. កាស​អនុស្សាវរីយ៍​​បុណ្យ​រាជា​ភិសេក​ហ្លួង​សិរីសុវត្ថិ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 28 ខែ​មេសា 2016

[…] […]

6. ទំនៀម​​​ពិធី​ប្រទក្សិណ​ព្រះ​នគរ ក្នុង​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក | ស្រែ​ខ្មុក - ថ្ងៃសុក្រ 29 ខែ​មេសា 2016

[…] […]

7. អំពី​ក្បួន​ហែ​ប្រទក្សិណ​ព្រះ​នគរ ក្នុង​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ព្រះ​ករុណា ព្រះ​សិ - ថ្ងៃសៅរ៍ 30 ខែ​មេសា 2016

[…] នៅថ្ងៃចុងក្រោយនៃព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះសិរីសុវត្ថិ ចមចក្រពង្ស គឺនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ១៩០៦ នោះគឺជាថ្ងៃស្ដេចយាងប្រទក្សិណព្រះនគរ ដ្បិតតាមប្រពៃណីតាំងតែពីដើមនោះ នៅពេលដែលព្រះចៅផែនដីស្ដេចឡើងសោយរាជ្យសម្បត្តិហើយ ត្រូវមានពិធីប្រទក្សិណព្រះនគរ។ សេនាបតីក្រសួងវាំង ព្រមទាំងមន្ត្រីទាំងហ្លាយ ទើបបានរៀបចំចាត់ក្បួនហែសម្រាប់ពិធីប្រទក្សិណព្រះនគរ រង់ចាំទទួលឯខាងមុខព្រះបរមមហារាជវាំង ដោយមានក្បួនដូចតទៅនេះ៖ […]

8. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៦ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃអង្គារ 7 ខែ​កុម្ភៈ 2017

[…] […]

9. ខួប​ឆ្នាំ​ទី​៦១ ព្រះ​រាជ​ពិធី​សុខាភិសេក ព្រះ​ករុណា ព្រះ​សុរាម្រិត និង​សម្ដេច​ព្រះ​មហា​ក - ថ្ងៃចន្ទ 6 ខែ​មីនា 2017

[…] […]

10. ខួប​ឆ្នាំ​ទី​៦១ ព្រះ​រាជ​ពិធី​សុខាភិសេក ព្រះ​ករុណា ព្រះ​សុរាម្រិត និង​សម្ដេច​ព្រះ​មហា​ក - ថ្ងៃចន្ទ 6 ខែ​មីនា 2017

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: