jump to navigation

អំពី​ព្រះ​បរម​រាជ​វាំង «​ហោ​ខាំ​» ឯ​នគរ​ហ្លួង​ព្រះ​បាង ថ្ងៃអង្គារ 16 ខែសីហា 2016

Posted by សុភ័ក្ត្រ in ພາສາລາວ.
trackback

នៅឯនគរលាវ កាលពីដើមម៉ិញក៏មានព្រះមហាក្សត្រិយ៍សោយរាជសម្បត្តិគ្រប់គ្រងអាណាប្រជានុរាស្ត្រដូចតែនឹងនគរខ្មែរយើងដែរ។ បច្ចុប្បន្ននគរនេះ មិនមានស្ដេចគ្រប់គ្រងទៀតទេ។ កាលពីនគរនេះនៅមានព្រះចៅផែនដីគ្រប់គ្រងនៅឡើយ នគរលាវ មានរាជធានីឯភាគខាងជើងប្រទេស និងមាននាមថា «ក្រុងហ្លួងព្រះបាង» ដែលជាឈ្មោះមួយដាក់តាមព្រះនាមបដិមាមួយអង្គដែលជាព្រះរាជអំណោយព្រះមហាក្សត្រិយ៍ខ្មែរយើងថ្វាយព្រះចៅផែនដីលាវកាលពីអតីត។

ព្រះបរមរាជវាំង «ហោខាំ» ឬដែលមានន័យជាខេមរភាសាថាអាគារមាស របស់លាវនេះ សាងឡើងប្របនឹងដងទន្លេមេគង្គ កាលពីគ.ស.១៩០៤ រហូតដល់ឆ្នាំ១៩០៩ ទើបសម្រេច គឺក្នុងអំឡុងរជ្ជកាលព្រះចៅមហាជីវិត ស្រីស្វាងវង្ស និងនៅក្នុងពេលនគរលាវស្ថិតនៅក្រោមអាណាព្យាបាលបារាំងសែស ដូចនគរខ្មែរយើងដែរ។ ទោះបីជាយ៉ាងនេះក្ដីបរិវេណ និងសំណង់នានារបស់ព្រះបរមរាជវាំង «ហោខាំ» មិនមានសភាពធំគួរកត់សម្គាល់ដូចព្រះបរមរាជវាំងព្រះចៅផែនដីនានានៅជិតខាង តួយ៉ាងនៅឯក្រុងទេព ឬក្រុងចតុម្មុខទេ។

ព្រះបរមរាជវាំង «ហោខាំ» (រូប៖ AsiaForVisitors.com)

ព្រះបរមរាជវាំង «ហោខាំ» មានអាគារធំមួយនៅចំកណ្ដាលដែលជាព្រះទីន័ងសម្រាប់បម្រើការងារព្រះនគរ សណ្ឋាននឹងព្រះទីន័ងទេវាវិនិច្ឆ័យនៃព្រះបរមរាជវាំងចតុម្មុខមង្គលផងដែរ ដោយមានព្រះរាជបល្ល័ង្កព័ណ៌មាសធំមួយសម្រាប់ពិធីគ្រងរាជ្យ និងព្រះរាជពិធីនានាផ្សេងទៀតរបស់ព្រះចៅផែនដីលាវ។ ក្រៅពីនេះនៅមានអាគារមួយចំនួនទៀត ដូចជាអាគារផ្ទះបាយ ឬឃ្លាំង, អាគារសម្រាប់ផ្ទុកព្រះទីន័ងទូក, ហោព្រះបាង (សណ្ឋាននឹងព្រះវិហារព្រះកែវមរកត), អាគារសម្រាប់មន្ត្រីវាំងកាលពីអតីត និងអាគារប្រជុំធំមួយនៅឯខាងឆ្វេងដៃច្រកចូលផងដែរ។ នៅខាងមុខអាគារនេះ បច្ចុប្បន្នមានតាំងព្រះបរមរូបព្រះចៅមហាជីវិតស្រីស្វាងវង្សធំមួយដែលស្មិតដោយអតីតប្រទេសសូវៀតផងដែរ។

បច្ចុប្បន្ននេះនៅក្នុងបរិវេណអាគារធំរបស់ព្រះបរមរាជវាំងមានតាំងវត្ថុអនុស្សាវរីយ៍ជាច្រើន រួមទាំងរូបចម្លាក់ និងរូបគំនូរនានាដែលជាព្រះរាជអំណោយថ្វាយព្រះចៅផែនដីលាវ កាលពីអតីតកាល រួមទាំងរបស់របរសម្រាប់ព្រះមហាក្សត្រិយ៍លាវប្រើប្រាស់, ទីក្រឡាបន្ទុំរបស់ព្រះចៅផែនដី ព្រមទាំងព្រះរាជវង្សានុវង្សលាវមួយចំនួនទៀត។ ព្រះបរមរាជវាំងនេះ បានត្រូវប្រើប្រាស់សម្រាប់ជាការិយាល័យ និងទីសំណាក់នៃព្រះមហាក្សត្រិយ៍លាវរហូតដល់ឆ្នាំ១៩៧៥។

ដោយសារតែនគរលាវបច្ចុប្បន្ននេះមិនមានព្រះចៅផែនដីគ្រប់គ្រងប្រទេសទៀតនោះ ព្រះបរមរាជវាំង «ហោខាំ» ត្រូវបានរដ្ឋាភិបាលលាវកែប្រែឲ្យក្លាយជាសារមន្ទីរជាតិ និងបើកឲ្យអ្នកទេសចរណ៍ជាតិ និងអន្តរជាតិចូលទស្សនាផងដែរ៕៚

ទិដ្ឋភាពក្នុងព្រះទីន័ង (រូប៖ Gerald Oskoboiny)ព្រះរាជបល្ល័ង្កដែលតម្កល់នៅក្នុងព្រះទីន័ង (រូប៖ Unknown)
ហោព្រះបាង (រូប៖ laosdaytour.com)

————————————————
អានអត្ថបទទាក់ទង
១. ម្ចាស់ជីវិត ស្រីស្វាងវង្ស៖ មហាក្សត្រិយ៍អង្គដំបូងនៃព្រះរាជអាណាចក្រលាវ
២. រូបភាពកម្រ៖ ចំណងសាមគ្គីព្រះរាជអាណាចក្រខ្មែរ និងព្រះរាជអាណាចក្រលាវ
៣. កាលស្ដេចប្រពាសរាជអាណាចក្រលាវ
៤. វត្តមានម្ចាស់ជីវិតលាវ ក្នុងព្រះរាជពិធីបរមរាជាភិសេកហ្លួងមុនីវង្ស
៥. ព្រះរាជវាំង «ហោខាំ» ឬវិមានប្រធានប្រទេសលាវ

មតិ»

1. ម្ចាស់​ជីវិត ស្រី​ស្វាង​វង្ស៖ មហាក្សត្រិយ៍​​អង្គ​ដំបូង​នៃ​ព្រះរាជអាណាចក្រ​លាវ | ស្រែ​ខ្ម - ថ្ងៃសុក្រ 19 ខែសីហា 2016

[…] […]

2. រូបភាព​កម្រ៖ ចំណង​សាមគ្គី​ព្រះរាជ​អាណាចក្រ​ខ្មែរ និង​ព្រះរាជ​អាណាចក្រ​លាវ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែសីហា 2016

[…] […]

3. កាល​ស្ដេច​ប្រពាស​រាជ​អាណាចក្រ​លាវ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែសីហា 2016

[…] […]

4. វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ហ្លួង​មុនីវង្ស | ស្រែ​ខ្មុ - ថ្ងៃសុក្រ 19 ខែសីហា 2016

[…] […]

5. ព្រះ​រាជ​វាំង «​ហោ​ខាំ​» ឬ​វិមាន​ប្រធាន​ប្រទេស​លាវ | ស្រែ​ខ្មុក - ថ្ងៃពុធ 18 ខែមករា 2017

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: