jump to navigation

ប្រទេស​អាស៊ាន​៦​បាន​មេដាយ​នៅ​អូឡាំពិក រីយ៉ូ ថ្ងៃអង្គារ 23 ខែសីហា 2016

Posted by សុភ័ក្ត្រ in កីឡា, អាស៊ាន, អូឡាំពិក​XXXI.
6 comments

កីឡាពិភពលោក អូឡាំពិក ក្រុងរីយ៉ូ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ សម្រាប់ប្រទេសអាស៊ានទាំង១០ ឆ្នាំនេះមានការរីកចម្រើនគួរកត់សម្គាល់តែម្ដង គឺមានប្រទេសរហូតដល់ទី៦ ទទួលបានមេដាយ ត្រឡប់មកស្រុកទេសវិញ យ៉ាងគួរសមផងដែរ។ គួរបញ្ជាក់ដែរថា ចំនួនកីឡាករសរុបរបស់ប្រទេសអាស៊ានដែលបានបញ្ជូនទៅសម្រាប់ការប្រកួតកីឡាអូឡាំពិកគ្រានេះ គឺមានចំនួន១៩៧រូប។ ហើយបើសរុបមេដាយវិញ គឺមានចំនួន១៨មេដាយ ដែលកីឡាករ១៩៧នាក់នេះដណ្ដើមបាន ដែលក្នុងនោះមានមាស ចំនួន៥ ប្រាក់ចំនួន១០ និងសំរិទ្ធិចំនួន៣។ ល្អជាងស្ថិតិកាលពីអូឡាំពិកគ្រាមុនដែលមិនទទួលបានមេដាយមាសសោះ។ បន្ថែមពីនេះទៀត អូឡាំពិកគ្រានេះ ប្រទេសថ្មីៗមួយចំនួនទទួលបានមេដាយមាសពីអូឡាំពិកជាប្រវត្តិសាស្ត្រផងទៀត។

រាជអាណាចក្រថៃ ដែលបញ្ជូនកីឡាករច្រើនជាងគេទៅចូលរួមប្រកួតនោះ (៥៤រូប) បានទទួលមេដាយច្រើនជាងគេ នៅក្នុងការប្រកួតកីឡាអូឡាំពិកគ្រានេះ គឺបានសរុបចំនួន៦មេដាយ ដោយក្នុងនោះមានមាស២ ប្រាក់២ និងសំរិទ្ធិ២ ដោយឈរក្នុងចំណាត់ថ្នាក់ទី៣៥។

ប្រទេសឥណ្ឌូណេស៊ី ឈរនៅលើលំដាប់ទី២របស់ប្រទេសអាស៊ាន ដោយបានទទួលមេដាយចំនួន៣ ក្នុងនោះមាន មាស១ និងប្រាក់២ ដោយឈរក្នុងចំណាត់ថ្នាក់លេខ៤៦។ ប្រទេសឥណ្ឌូណេស៊ីបានបញ្ជូនកីឡាករចំនួន២៨រូប។

ប្រទេសវៀតណាមដែលបានបញ្ជូនកីឡាករចូលរួមចំនួន២៣រូបនោះ បានទទួលមេដាយចំនួន២ គឺមាស១ និងប្រាក់មួយដោយឈរក្នុងលំដាប់ទី៤៨។ បន្តដោយប្រទេសសិង្ហបុរី ក៏ទទួលបានមេដាយមាសចំនួន១គ្រឿងផងដែរ ក្នុងចំណោមកីឡាករទាំង២៥រូបរបស់ប្រទេសនេះ។

ចំណែកឯម៉ាឡេស៊ីវិញបានបញ្ជូនកីឡាករចំនួន៣២រូប សម្រាប់ការប្រកួតកីឡាអូឡាំពិកគ្រានេះ ឈរក្នុងលំដាប់ទី៦០ ដោយទទួលបានមេដាយចំនួន៥ ក្នុងនោះ ប្រាក់៤ និងសំរឹទ្ធិ១។

ប្រទេសចុងក្រោយដែលទទួលបានមេដាយនោះ គឺប្រទេសហ្វីលីពិនស៍ ទទួលបានមេដាយប្រាក់ចំនួន១គ្រឿង និងឈរក្នុងចំណាត់ថ្នាក់ទី៦៩ ពិភពលោក។ ហ្វីលីពិនស៍បានបញ្ជូនកីឡាកររបស់ខ្លួនចំនួន១៣រូប។

ដោយឡែកប្រទេសអាស៊ានចំនួន៤ទៀត ក្នុងនោះមានប្រុយណេ, លាវ, ភូមា, រួមនិងកម្ពុជាយើងដែរនោះ មិនទទួលបានមេដាយណាមួយទេ សម្រាប់ការប្រកួតគ្រានេះ។

ខាងក្រោមនេះជាក្រាបស្ថិតិមេដាយដែលប្រទេសអាស៊ានទទួលបាននៅអូឡាំពិក រីយ៉ូហ្គេមស៍២០១៦

__________________________________________________
ប្រកាសទាក់ទង

១. ស្វាគមន៍រីយ៉ូ ២០១៦
២. ប្រទេសអាស៊ានណាខ្លះបញ្ជូនកីឡាករទៅអូឡាំពិក២០១៦ច្រើនជាងគេ
៣. កីឡាករខ្មែរនៅអូឡាំពិក២០១៦
៤. ប្រេស៊ីលបិទកីឡាអូឡាំពិក
៥. ប្រទេសអាស៊ាន៤បានមេដាយនៅអូឡាំពិក ឡុងដុង
៦. ប្រទេសអាស៊ាន៦បានមេដាយនៅប៉ារ៉ាឡាំពិក រីយ៉ូ

%d bloggers like this: