jump to navigation

ទំនៀម​ព្រះ​នាម​ និង​ត្រា​សញ្ញ​លក្សណ៍​នៃ​ព្រះ​មហា​ក្សត្រិយ៍​ថៃ ថ្ងៃពុធ 30 ខែវិច្ឆិកា 2016

Posted by សុភ័ក្ត្រ in ภาษาไทย.
3 comments

បន្ទាប់អំពីព្រះមហាក្សត្រិយ៍អង្គចាស់ ព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ សុវណ្ណគតទៅ និងរដ្ឋសភាថៃ នាថ្ងៃម្សិលមិញនេះ (២៩ វិច្ឆិកា ២០១៦) បានប្រកាសទូលអញ្ជើញរជ្ជទាយាទឲ្យឡើងគ្រងរាជ្យជំនួសព្រះរាជបិតានោះ ប្រទេសថៃនឹងមានព្រះមហាក្សត្រិយ៍អង្គថ្មីនាពេលឆាប់ៗខាងមុខនេះជាផ្លូវការ បណ្ដោះអាសន្នទម្រាំរហូតដល់ព្រះរាជពិធីរាជាភិសេកផ្លូវការធ្វើឡើងក្រោយព្រះរាជពិធីថ្វាយព្រះភ្លើងព្រះមហាក្សត្រិយ៍អង្គមុន។ ចំពោះព្រះមហាក្សត្រិយ៍ដែលនឹងត្រូវគ្រងរាជ្យបន្តនោះគឺ សម្ដេចព្រះបរមឱរសាធិរាជ ចៅហ្វាមហាវជិរាលង្ករណ ស្យាមមកុដរាជកុមារ ដែលជាព្រះរាជបុត្រាតែមួយអង្គគត់របស់ព្រះមហាក្សត្រិយ៍អង្គមុន។

សម្រាប់រយៈពេលនេះ ប្រទេសថៃមានទំនៀមថ្វាយព្រះនាមពេញចំពោះព្រះមហាក្សត្រិយ៍អង្គថ្មីរបស់ខ្លួន ដោយព្រះអង្គនឹងមានព្រះបរមាភិធេយ្យថ្មីជា «សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ» រហូតដល់ថ្ងៃព្រះរាជពិធីបរមរាជាភិសេក ទើបព្រះអង្គមានព្រះបរមាភិធេយ្យជា «ព្រះបាទសម្ដេចព្រះបរមេន្ទ្រមហាវជិរាលង្ករណ»។ សូមបញ្ជាក់ថា ទំនៀមសៀម មិនហៅព្រះមហាក្សត្រិយ៍ថា «ព្រះករុណា» ដូចនៅនគរខ្មែរទេ។

ក្រៅតែអំពីទំនៀមព្រះនាមនេះ នគរថៃក៏នៅមានទំនៀមប្រើត្រាសម្គាល់រជ្ជកាល ឬព្រះមហាក្សត្រិយ៍ខ្លួនមួយទៀតផងដែរ។ រូបខាងក្រោមនេះ គឺជារូបត្រាសញ្ញលក្សណ៍សម្រាប់ព្រះមហាក្សត្រិយ៍អង្គថ្មី រជ្ជកាលទី១០ ឬរាមាទី១០ របស់ថៃ។ ត្រាសញ្ញលក្សណ៍នេះ មានប្រាកដដោយ ព្រះមហាវិជ័យមកុដ មានបែងកាំរស្មី និងមានលេខ១០ នៅពីក្រោម បញ្ជាក់អំពីរជ្ជកាលទី១០ នោះឯង។ ក្រៅពីនោះ នៅពីក្រោមមកុដ មានអក្សរកាត់សម្គាល់ព្រះបរមាភិធេយ្យ ព្រះអង្គ គឺតួអក្សរ វ.ប៉.រ (ថៃ៖ ว.ป.ร.)៕៚

ត្រាសញ្ញលក្សណ៍ព្រះមហាក្សត្រិយ៍ថៃ រាមាទី១០

____________________________________
អានផងដែរ៖
១. ស្យាមនគរមានព្រះចៅយូហួថ្មី «រាមាទី១០»
២. ព្រះរជ្ជទាយាទថៃទ្រង់ទទួលយល់ព្រមឡើងគ្រងរាជ្យជាព្រះមហាក្សត្រិយ៍ថៃ រាមាទី១០

Advertisements

ស្យាម​នគរ​​​មាន​ព្រះ​ចៅ​យូហួ​ថ្មី «រាមា​ទី​១០» ថ្ងៃអង្គារ 29 ខែវិច្ឆិកា 2016

Posted by សុភ័ក្ត្រ in ภาษาไทย.
3 comments

នានាប្រទេសក្រុងទេពមហានគរ, ស្យាមប្រទេស – ព្រឹកថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ រាប់ថាជាថ្ងៃនក្ខត្តឫក្សដែលនគរថៃនឹងមានព្រះមហាក្សត្រិយ៍អង្គថ្មីបន្តសន្តតិវង្សនៃវង្សចក្រីហើយ បន្ទាប់ពីអតីតព្រះមហាក្សត្រិយ៍រជ្ជកាលមុនព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ ទ្រង់បានសោយព្រះទិវង្គតទៅកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ កន្លងមកនេះ។

ព្រះមហាក្សត្រិយ៍អង្គថ្មី រាមាទី១០ នៃប្រទេសថៃ

រដ្ឋសភាជាតិថៃ នាព្រឹកនេះបានប្រកាសទទួលស្គាល់ សេចក្ដីអនុម័តរបស់គណៈរដ្ឋមន្ត្រីថៃក្នុងការអញ្ជើញរជ្ជទាយាទថៃ សម្ដេចព្រះបរមឱរសាធិរាជ ចៅហ្វាមហាវជិរាលង្ករណ ស្យាមមកុដរាជកុមារ ដែលជាព្រះរាជបុត្រាតែមួយអង្គគត់របស់អតីតព្រះចៅភូមិពល អតុល្យតេជ ឲ្យឡើងគ្រងរាជ្យបន្តអំពីព្រះរាជបិតា ជាព្រះមហាក្សត្រិយ៍ថៃរជ្ជកាលទី១០ ឬរាមាទី១០។

សម្ដេចព្រះបរមឱរសាធិរាជ ចៅហ្វាមហាវជិរាលុង្ករណ ស្យាមមកុដរាជកុមារ ត្រូវបានស្ថាបនាជាព្រះរជ្ជទាយាទ ឬមកុដរាជកុមារ ពីសំណាក់ព្រះបិតាព្រះអង្គតាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៧២ តាមច្បាប់មន្ទីរបាលស្ដីអំពីការបន្តរាជសន្តតិវង្ស របស់ថៃ គ.ស.១៩២៤។ ការទូលអញ្ជើញព្រះអង្គឲ្យឡើងគ្រងរាជបន្តពីព្រះរាជបិតានេះ គឺអនុលោមតាមបទបញ្ញត្តិរបស់រដ្ឋធម្មនុញ្ញថៃ ច្បាប់បណ្ដោះអាសន្ន គ.ស.២០១៤ មាត្រាទី២ និងរបស់រដ្ឋធម្មនុញ្ញថៃ គ.ស.២០០៧ មាត្រាទី២៣។

បន្ទាប់ពីប្រធានរដ្ឋសភា ប្រកាសទូលអញ្ជើញព្រះមហាក្សត្រិយ៍ថ្មីឲ្យឡើងស្នងរាជ្យហើយ បណ្ដាសមាជិកសភាទាំងអស់ក៏នាំគ្នាក្រោកឈរឡើង តាមការស្នើសុំរបស់ប្រធានរដ្ឋសភា ដើម្បីស្រែកបន្ទរពាក្យថា «សូមថ្វាយព្រះពរ» ព្រះចៅយូហួអង្គថ្មី យ៉ាងព្រមព្រៀងគ្នា៕៚

កាលគ្រាព្រះអង្គត្រូវបានស្ថាបនាជា «មកុដរាជកុមារ»
ថតរូបជាមួយព្រះរាជមាតាបិតាព្រះអង្គ
រដ្ឋសភាថៃប្រកាសអញ្ជើញព្រះអង្គឡើងគ្រងរាជ្យ
សមាជិករដ្ឋសភាថៃក្រោកឈរថ្វាយព្រះពរព្រះមហាក្សត្រិយ៍អង្គថ្មីរបស់ខ្លួន

____________________________________
អានផងដែរ៖
១. ទំនៀមព្រះនាម និងត្រាសញ្ញលក្សណ៍នៃព្រះមហាក្សត្រិយ៍ថៃ
២. ព្រះរជ្ជទាយាទថៃទ្រង់ទទួលយល់ព្រមឡើងគ្រងរាជ្យជាព្រះមហាក្សត្រិយ៍ថៃ រាមាទី១០
៣. ថៃ​ចេញ​កំណត់​ការ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០

បង្ហាញ​គំរូ​ «​ព្រះ​មេរុ​មាស​» ព្រះ​ចៅ​ផែន​ដី​ថៃ រាមា​ទី​៩ ថ្ងៃចន្ទ 28 ខែវិច្ឆិកា 2016

Posted by សុភ័ក្ត្រ in ภาษาไทย.
21 comments

  • ព្រះមេរុមាសមានសណ្ឋានបុស្បុក៩ជាន់ និងកម្ពស់៥០,៤៩ម៉ែត្រ

នានាប្រទេសក្រុងទេពមហានគរ, ស្យាមប្រទេស – គណៈកម្មការចាត់សាង «ព្រះមេរុមាស» [អាន៖ ព្រះ-មេ-រុ-មាស] (កកន៖ ថៃហៅមេរុសម្រាប់ថ្វាយព្រះភ្លើងព្រះចៅផែនដីថា ព្រះមេរុមាស ) សម្រាប់ព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ ព្រះមហាក្សត្រិយ៍ថៃ, នៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ បានបើកបង្ហាញជាផ្លូវការហើយនូវគំរូព្រះមេរុ សម្រាប់ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះចៅផែនដីខ្លួន រាមាទី៩។ តាមរូបបែបផែនគំរូ ព្រះមេរុ នឹងមានសណ្ឋានជាបុស្បុក៩ជាន់ និងកម្ពស់រហូតដល់ទៅ៥០,៤៩ម៉ែត្រ។

គំរូព្រះមេរុមាស ដែលនឹងត្រូវសាងសង់

ព្រះមេរុមាស ព្រះចៅផែនដីថៃនេះ មានចាត់សាងជាអង្គប្រធាន ជាបុស្បុកធំនៅចំកណ្ដាលតំណាងឲ្យភ្នំព្រះសុមេរុ និងអមទៅដោយបុស្បុកតូចៗជាមណ្ឌបចំនួន៨ទៀត តំណាងឲ្យភ្នំសត្តបរិភណ្ឌព័ទ្ធភ្នំព្រះសុមេរុ និងដែលតំណាងឲ្យប្រព័ន្ធចក្រវាលនោះឯង។ ក្រៅពីនោះ នឹងមានការតុបតែងជាសត្វហិមពាន្តជុំវិញព្រះមេរុ ហើយដែលមានរៀបចំជាលានជុំវិញព្រះមេរុ រាងបួនជ្រុងធំ ក្នុងមួយជ្រុង៦០ម៉ែត្រ។ ចំណែកឯអាគារផ្សេងៗទៀតក្នុងមណ្ឌលពិធី សម្រាប់អ្នកចូលរួមព្រះរាជពិធីវិញ ក៏៏នឹងត្រូវសាងសង់ឡើងនៅជុំវិញព្រះមេរុ ហើយដែលនឹងអាចផ្ទុកបានចំនួនមនុស្សរហូតដល់ទៅ៧.៤០០នាក់។

អ្វីដែលគួរកត់សម្គាល់នោះ គឺក្រៅពីអង្គព្រះមេរុ និងអាគារប្រារព្ធពីធីផ្សេងៗ គណៈកម្មការរៀបចំក៏នឹងសាងកន្លែងមួយទៀត ជាប់នឹងព្រះមេរុ ដើម្បីដាក់តាំងបង្ហាញនូវគម្រោងការណ៍ និងព្រះរាជកិច្ចនានារបស់ព្រះអង្គ ដើម្បីដាក់តាំងបង្ហាញនៅថ្ងៃព្រះរាជពិធីថ្វាយព្រះភ្លើងផងដែរ។

តាមការឲ្យដឹងពីគណៈកម្មការចាត់សាង ព្រះមេរុមាសព្រះចៅផែនដីថៃនេះ ត្រូវបានរចនាឡើងដោយផ្ដោតលើមូលដ្ឋានបូរាណរាជបវេណីថៃក្នុងការសាងព្រះមេរុរបស់ព្រះមហាក្សត្រិយ៍ថៃសម័យក្រុងរតនកោសិន្ទ្រ រួមទាំងមូលដ្ឋានគ្រឹះនៃជំនឿដែលថាព្រះមហាក្សត្រិយ៍គឺជាសម្មតិទេព ហើយដែលត្រូវសាងព្រះមេរុដោយចម្លងតាមភ្នំព្រះសុមេរុនោះផងដែរ។

ការចាត់សាងព្រះមេរុ នឹងត្រូវចាប់ផ្ដើមធ្វើឡើងនៅខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ហើយដែលត្រូវកំណត់រួចរាល់នៅខែកញ្ញា ឆ្នាំ២០១៨ នៅឯបវិវេណទៅលានស្នាមហ្លួង ឬវាលព្រះមេរុ ដែលស្ថិតនៅក្បែរនឹងព្រះបរមមហារាជវាំងក្រុងបាងកក។ ក្រៅអំពីរូបរាងនៃព្រះមេរុ នាថ្ងៃនេះ ក្រុមគណៈកម្មការ ក៏បានបើកបង្ហាញអំពីគំរូនៃព្រះកោដ្ឋចន្ទន៍ និងមញ្ជូសាចន្ទន៍ សម្រាប់តម្កល់ព្រះបរមសពផងដែរ៕៚

________________________________________________
អានផងដែរ៖
១. សត្វហិមពាន្តនៅទីព្រះមេរុថៃ
២. សិល្បៈតុបតែងព្រះមេរុរបស់ថៃ
៣. ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពនៅនគរថៃ
៤. អំពីព្រះកោដ្ឋមាសធំ គ្រឿងប្រកបព្រះឥស្សរិយយស ព្រះចៅផែនដីថៃ រាមាទី៩
៥. ថៃសាងបដិមាកម្ម១៤ប្រភេទសម្រាប់តុបតែងព្រះមេរុ ព្រះចៅផែនដី
៦. ទំនៀម “ការប្រគំយ៉ាំយាម” ក្នុងពិធីបុណ្យព្រះបរមសពព្រះចៅផែនដីសៀម
៧. ថៃចាត់សាងព្រះរាជរថកាំភ្លើងធំថ្មីសម្រាប់ដង្ហែព្រះកោដ្ឋព្រះបរមសពព្រះចៅផែនដីខ្លួន
៨. ថៃ​ចេញ​កំណត់​ថ្ងៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព និង​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍
៩. មក​មើល​រូប​ភាព​ចម្លង «​ព្រះ​មេរុ​មាស​» ដ៏​អស្ចារ្យ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍​ថៃ
១០. ថៃ​ចេញ​កាស​អនុស្សាវរីយ៍​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​រាមា​ទី​៩
១១. ថៃ​ចាត់​សម​ធំ​លើក​ទី​១ សម្រាប់​ក្បួន​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស​ រាមា​ទី​៩
១២. វឌ្ឍន​ភាព​នៃ «​ព្រះ​មេរុ​មាស​» ទី​ថ្វាយ​ព្រះ​ភ្លើង​រាមា​ទី​៩
១៣. ព្រះ​មហា​ក្សត្រិយ៍​ថៃ​យាង​លើក​​ស្វេតច្ឆត្រ​លើ​កំពូល​ព្រះ​មេរុ​មាស
១៤. ថៃ​បើក​ឲ្យ​ប្រជាជន​ចូល​ទស្សនា​ព្រះ​មេរុ​មាស រហូត​ដល់​ដំណាច់​ឆ្នាំ​នេះ
១៥. ទៅ​ទស្សនា​ពិព័រណ៍​ព្រះ​មេរុ នៅ​ប្រៃសណីយ៍​ក្រុង​បាងកក
១៦. អំពី​ឆាក​បាំង​ភ្លើង​នៅ​ក្នុង​ព្រះ​មេរុ អតីត​ក្សត្រិយ៍​ថៃ រាមា​ទី​៩
១៧. ថៃ​ប្រារព្ធ​ពិធី​​អញ្ជើញ​ព្រះ​មហា​ស្វេត​ឆត្រ​ចេញ​ពី​កំពូល​ព្រះ​មេរុ
១៨. អំពី​ព្រះ​កោដ្ឋ​ចន្ទន៍ និង​មញ្ជូសា​ចន្ទន៍​នៃ​អតីត​ក្សត្រិយ៍​ថៃ​រាមា​ទី​៩

តែមប្រិ៍​​ប្រៃសណីយ៍​​អនុស្សាវរីយ៍​ការ​ប្រកួត​កីឡា «​ហ្កាណេហ្វូ​» អាស៊ី​លើក​ទី​១ នៅ​កម្ពុជា ថ្ងៃអាទិត្យ 27 ខែវិច្ឆិកា 2016

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
4 comments

ក្នុងឱកាសការប្រកួតកីឡាអាស៊ីលើកទី១ «ហ្កាណេហ្វូ» ហ្គេមស៍ នាទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពី៥០ឆ្នាំមុននេះ រាជការក៏បានចេញជាតែមប្រិ៍ប្រៃសណីយ៍អនុស្សាវរីយ៍ផងដែរ។

ខាងក្រោមនេះប្រភេទតែមប្រិ៍មួយចំនួន ប្រភេទ៣រៀល ៤រៀល ៧រៀល និង១០រៀល ដោយមានប្រាកដនូវរូបពហុកីឡដ្ឋានដ៏ល្បីល្បាញនៃកម្ពុជា ដែលប្រើប្រាស់សម្រាប់ការប្រកួតកីឡាទាំងមួល និងរូបចម្លាក់ជាប្រវត្តិសាស្ត្រនៅតាមប្រាសាទ ដែលបង្ហាញអំពីកីឡានានារបស់ខ្មែរ តាំងពីសម័យមហានគរមក។

ការប្រកួតកីឡាហ្កាណេហ្វូអាស៊ីលើកទី១នៅទីក្រុងភ្នំពេញ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩៦៦ និងបានបើកកម្មវិធីការប្រកួតជាផ្លូវការ នៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ១៩៦៦ ដោយសម្ដេចព្រះប្រមុខរដ្ឋដ៏ឆ្នើមនៃកម្ពុជា សម្ដេចព្រះនរោត្តម សីហនុ

______________________________________________
អានផងដែរ៖
១. ខួបឆ្នាំទី៥០ ការប្រកួតកីឡា «ហ្កាណេហ្វូ» អាស៊ីលើកទី១ នៅកម្ពុជា
២. ពិធីបិទការប្រកួតកីឡា «ហ្កាណេហ្វូ» អាស៊ីលើកទី១ នៅកម្ពុជា
៣. កម្ពុជាឈ្នះបានមេដាយមាស១៣
៤. រូបភាពការប្រកួតរបស់ក្រុមកីឡាករខ្មែរ នៅ «ហ្កាណេហ្វូ» អាស៊ីលើកទី១

ខួប​ឆ្នាំ​ទី​៥០​ ការ​ប្រកួត​កីឡា «​ហ្កាណេហ្វូ» អាស៊ី​លើក​ទី​១ នៅ​កម្ពុជា ថ្ងៃសៅរ៍ 26 ខែវិច្ឆិកា 2016

Posted by សុភ័ក្ត្រ in កីឡា, ប្រវត្តិសាស្ត្រ, វីដេអូ, អំពីស្រុកខ្មែរ.
6 comments

បន្ទាប់ពីពហុកីឡដ្ឋានជាតិដែលជាមោទនភាពជាតិខ្មែរត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីចុងឆ្នាំ១៩៦៤រួចមក ពីរឆ្នាំក្រោយមក ទីនេះទទួលបានបានរៀបចំដ៏អស្ចារ្យមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រខ្មែរតាំងពីអតីតរហូតមកដល់បច្ចុប្បន្ននេះ នោះគឺការរៀបចំប្រកួតជាលក្ខណៈអន្តរជាតិកីឡា «ហ្កាណេហ៉្វូ» អាស៊ីលើកទី១ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ មកដល់ថ្ងៃនេះ មានរយៈពេល៥០ឆ្នាំហើយ។

កីឡា «ហ្កាណេហ្វូ» អាស៊ីលើកទី១ នៅកម្ពុជា ត្រូវបានបើកសម្ពោធជាផ្លូវការយ៉ាងមហោឡារិក នាថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ១៩៦៦ ដោយសម្ដេចព្រះប្រមុខរដ្ឋដ៏ឆ្នើមនៃកម្ពុជា។

ពិធីបើកការប្រកួត និងការអុជភ្លើងគប់សម្រាប់ការប្រកួតត្រូវបានធ្វើឡើងនៅឯប្រាសាទនគរវត្ត ដោយឯកឧត្តម សាយ យុន ក្នុងព្រះនាមនៃសម្ដេចព្រះមហាក្សត្រិយានី។ បន្ទាប់មកតំណាងទេពអប្សរមួយរូបបានយកអគ្គិសិខាអុជប្រទីបទៀនទី១ និងប្រគល់ជូនទៅអត្តពលិកទី១ និងបន្តបន្ទាប់ចេញពីប្រាសាទនគរវត្ត បន្តរហូតមកអុជបំភ្លឺនៅក្នុងពហុកីឡដ្ឋាននាក្រុងភ្នំពេញ រយៈពេល១០ថ្ងៃនៃការប្រកួត។

បន្ទាប់ពីពិធីប្រកាសសម្ពោធជាផ្លូវការ និងការដង្ហែក្បួនក្រុមអ្នកកីឡាមកពីប្រទេសនានាដែលបានចូលរួមប្រកួតរួចមក ក៏មានបើកបង្ហាញនូវទស្សនីយភាពដ៏សម្បើមអស្ចារ្យពីក្រុមអ្នកសម្ដែងរបស់កម្ពុជា មើលទៅគួរជាទីមោទនក្រៃលែង។

ការប្រកួតកីឡា «ហ្កាណេហ្វូ» លើកទី២ ឬ កីឡា «ហ្កាណេហ្វូ» អាស៊ីលើកទី១ នៅកម្ពុជានេះ មានប្រទេសចំនួន១៧បានចូលរួមប្រកួត រួមទាំងកម្ពុជាយើងផង បានបើកបង្ហាញឲ្យពិភពលោកមើលឃើញពីសក្ដានុភាពនៃកម្ពុជា បន្ទាប់ពីទទួលបានឯករាជ្យប្រមាណ១៣ឆ្នាំ ក៏ដូចជាប្រទេសអាស៊ីថ្មីៗមួយចំនួនទៀតដែលបានចូលរួម និងដែលទើបទទួលបានឯករាជ្យផងដែរ។

ការប្រកួតកីឡា «ហ្កាណេហ្វូ» អាស៊ីលើកទី១ នៅកម្ពុជាគ្រានោះ កម្ពុជាយើងបានទទួលមេដាយមាសសរុបចំនួន១៣មេដាយ ដែលបានស្នាដៃជូនជាតិមាតុភូមិពីសំណាក់អត្តពលិកដ៏ចំណានៗរបស់កម្ពុជានាសម័យនោះ៕

រូបភាពនានាស្ដីអំពីពិធីបើកការប្រកួត






(រូប៖ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម)

____________________________________________
អានផងដែរ
១. ខួប៥១ឆ្នាំនៃពិធីសម្ពោធមហាពហុកីឡដ្ឋានជាតិ
២. តែមប្រិ៍ប្រៃសណីយ៍អនុស្សាវរីយ៍ការប្រកួតកីឡា «ហ្កាណេហ្វូ» អាស៊ីលើកទី១ នៅកម្ពុជា
៣. ពិធីបិទការប្រកួតកីឡា «ហ្កាណេហ្វូ» អាស៊ីលើកទី១ នៅកម្ពុជា
៤. កម្ពុជាឈ្នះបានមេដាយមាស១៣
៥. រូបភាពការប្រកួតរបស់ក្រុមកីឡាករខ្មែរ នៅ «ហ្កាណេហ្វូ» អាស៊ីលើកទី១

បច្ចុប្បន្ន​ភាព​ព្រះ​វិហារ​គ្រឹស្ទ​​ឯ​កំពូល​ភ្នំ​បូក​គោ ថ្ងៃសុក្រ 25 ខែវិច្ឆិកា 2016

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
add a comment

នេះជារូបភាពចុងក្រោយបង្អស់ ដែលថតនាប្រមាណពាក់កណ្ដាលខែតុលា ឆ្នាំ២០១៦ ស្ដីអំពីព្រះវិហារនៃសាសនាគ្រឹស្ទ ឯលើកំពូលភ្នំបូកគោ ខេត្តកំពត។ បច្ចុប្បន្នព្រះវិហារនេះមិនមានការប្រើប្រាស់ទេ ដ្បិតមិនមានប្រជាជនទូទៅរស់នៅលើកំពូលភ្នំនេះ ដូចកាលពីសម័យអតីតទេ។ ព្រះវិហារត្រូវបានទុកចោល និងមានការខូចខាតដោយអន្លើៗទៅហើយ។ ទោះបីយ៉ាងនេះក្ដី នៅក្នុងព្រះវិហារក៏ឃើញមានមនុស្សរៀបចំសម្ភារសម្រាប់សក្ការផងដែរ។ សំឡឹងទៅតួព្រះវិហារទាំងមូល ធ្វើឲ្យនឹកឃើញដល់សម័យរុងរឿង ដែលសាងសង់ព្រះវិហារនេះ និងមុនពេលដែលព្រះវិហារនេះត្រូវបានបោះបង់ ដោយសារសង្គ្រាមនៅផែនដីខ្មែរ៕

លោក​ជំទាវ​សម្ដេច​ចក្រី ញឹក ជូឡុង ទទួល​មរណភាព ថ្ងៃ​ព្រហស្បតិ៍ 24 ខែវិច្ឆិកា 2016

Posted by សុភ័ក្ត្រ in មរណភាព.
add a comment

លោកជំទាវ មាសកេត សមភ័ត្រ ដែលជាភរិយារបស់សម្ដេចចក្រីកុញ្ជរាធិបតី ញឹក ជូឡុង បានទទួលមរណភាពហើយ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំវក អដ្ឋស័ក ព.ស. ២៥៦០ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ នៅរាជធានីភ្នំពេញ ក្នុងជន្មាយុ៩៦ឆ្នាំ។

មរណភាពនៃលោកជំទាវសម្ដេចចក្រី ញឹក ជូឡុង នាថ្ងៃនេះ គឺចំថ្ងៃគ្នានឹងការយាងសម្ពោធសមិទ្ធិនានា នៃបុរីជូឡុង គិរីរម្យ ដោយសម្ដេចព្រះប្រមុខរដ្ឋ កាលពីសម័យសង្គមរាស្ត្រនិយម។

បុរីជូឡុង គឺជាឈ្មោះក្រុងថ្មីមួយនៃតំបន់ខ្ពង់រាបគិរីរម្យ ដែលទទួលបានការចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការអភិវឌ្ឍន៍ពីសំណាក់អតីតសម្ដេចចក្រីកុញ្ជរាធិបតី ញឹក ជូឡុង ស្វាមីនៃលោកជំទាវ កាលពីសម័យសង្គមរាស្ត្រនិយម។ បុរីជូឡុង គិរីរម្យ នេះទទួលបានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ជាទីកូនទីក្រុងទំនើបមួយ ទទួលបានការកោតសរសើរពីសំណាក់ឥស្សរជនជាន់ខ្ពស់នានាទូទាំងពិភពលោក និងជាទីកម្សាន្ត លម្ហែកាយបុគ្គលិកមន្ត្រីរាជការខ្មែរនាសម័យនោះផងដែរ (សូមរង់ចាំអាន ប្រកាសបុរីជូឡុង នាអតីតកាល)។

សម្ដេចចក្រីកុញ្ជរាធិបតី ញឹក ជូឡុង ដែលជាស្វាមីរបស់លោកជំទាវ គឺជាបុគ្គលជាន់ខ្ពស់សំខាន់ម្នាក់នៅក្នុងប្រទេសកម្ពុជា ជាអ្នកមានភក្តីភាព, ស្មោះស្ម័គ្រដង្ហែតាមព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីអាណានិគមបារាំង និងក្នុងសម័យសង្គមរាស្ត្រនិយម។ លោកគឺជាអតីតភួឈួយខេត្ត, ចៅហ្វាយខេត្ត, អភិបាលក្រុង, មេទ័ព, រដ្ឋមន្ត្រី និងជាអតីតនាយករដ្ឋមន្ត្រីស្ដីទី របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងរជ្ជកាលសម្ដេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ

លោកជំទាវ (ទី២ ពីស្ដាំ) និងក្រុមគ្រួសារថតជាមួយសម្ដេចព្រះមហាវីរក្សត្រិយ៍ និងសម្ដេចព្រះមហាក្សត្រីយ៍ នៅព្រះបរមរាជវាំង ក្នុងព្រះរាជពិធីមួយ
ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

%d bloggers like this: