jump to navigation

សួស្ដី ២០១៧ ថ្ងៃសៅរ៍ 31 ខែធ្នូ 2016

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
add a comment

សឹក​ពី​សាមណេរ ថ្ងៃសុក្រ 30 ខែធ្នូ 2016

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
2 comments

បន្ទាប់ពីបានចូលបួសក្នុងព្រះពុទ្ធសាសនាជាសាមណេរកាលពីថ្ងៃពុធ កន្លងទៅនេះមក ថ្ងៃនេះ ថ្ងៃសុក្រ ២កើតខែបុស្ស ឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ គ.ស.២០១៦ ខ្ញុំបានសឹកមកវិញហើយ ដោយបួសគម្រប់៣ថ្ងៃ ប្រកបដោយសទ្ធាយ៉ាងជ្រះថ្លាក្រៃ។

សម្ដេចព្រះឧត្តមបញ្ញា ដូង ផង់ ទន្ទិយោ ព្រះអង្គជាព្រះឧបជ្ឈាផង និងជាអ្នកសឹកផង។ បន្ទាប់ពីពិធីសឹករួចរាល់ ព្រះអង្គក៏ធ្វើពិធីស្រោចទឹកឲ្យយ៉ាងត្រជាក់ត្រជុំ និងប្រកបដោយសេចក្ដីសុខ។ សូមអនុមោទនា!

______________________________________________
អានផងដែរ៖
១. កិច្ចនាថ្ងៃនេះ
២. បានបួសក្នុងព្រះពុទ្ធសាសនា

កិច្ច​នា​ថ្ងៃ​នេះ ថ្ងៃ​ព្រហស្បតិ៍ 29 ខែធ្នូ 2016

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
2 comments

សម្រាប់ថ្ងៃទី២ គឺថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ គ.ស.២០១៦ នេះ គឺត្រូវងើបពីដំណេកទៀបភ្លឺ ធ្វើសាមណេរកិច្ច ជាមួយលោកបង គឺព្រះគ្រូដែលនៅជួយសម្រួលក្នុងរយៈពេលបួសនេះ និងសាមណេរមួយអង្គទៀតដែលបានបួសជាមួយគ្នា (ដោយឥតមានការណាត់) ដោយការសូត្រព្រះធម្មខាងមុខព្រះពុទ្ធប្បដិមាជាព្រះប្រធាន និងបន្តដោយការធ្វើសមាធិ និងទន្ទិញនូវឃ្លាព្រះធម្ម ដែលប្រទានដោយសម្ដេចព្រះឧបជ្ឈា។

បន្ទាប់មកនៅពេលព្រលឹមស្រាងៗឡើង ក៏ទៅចូលគាល់ថ្វាយបង្គំសម្ដេចព្រះឧបជ្ឈា ស្ដាប់ឱវាទ និងមានភ័ព្វព្រះអង្គឲ្យចាត់ឆាន់អាហារពេលព្រឹកនៅខាងមុខកុដិព្រះអង្គ ហើយទ្រង់ក៏អនុញ្ញាតឲ្យព្រឹកនេះ ទៅថ្វាយបង្គំព្រះបរមសារីរិកធាតុ ព្រះអដ្ឋិធាតុនៃព្រះសម្មាសម្ពុទ្ធដែលតម្កល់ឯភ្នំព្រះរាជទ្រព្យផង។ ចំណែកល្ងាចនេះ សម្ដេចព្រះគ្រូក៏ផ្ដាំឲ្យទៅធ្វើកិច្ចសូត្រឯបុណ្យព្រះសពសម្ដេចស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស ផង។

ក្រោយពីឆាន់អាហារពេលព្រឹកស្រេចមក ដោយមានលោកបងក៏បាននាំទៅថ្វាយបង្គំនិងសូត្រព្រះធម្មឯព្រះសក្យមុនីចេតិយតាមព្រះរាជបណ្ដាំ មុននឹងត្រឡប់មកអារាមវិញ ដើម្បីឆាន់អាហារពេលថ្ងៃត្រង់។

ឯពេលល្ងាចនេះ គឺចាប់ពីម៉ោងប្រមាណ៦ ក៏និមន្តចេញពីវត្តដើម្បីសំដៅមកវត្តបទុមវតីរាជវរារាម ឯក្រុងភ្នំពេញ ជាមួយសម្ដេចព្រះគ្រូ ព្រមទាំងព្រះសង្ឃមួយចំនួនទៀត ដើម្បីធ្វើកិច្ច និងសូត្រព្រះធម្មក្នុងពិធីបុណ្យព្រះសពសម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស ផង រហូតដល់ម៉ោងជាង៩យប់ ទើបត្រឡប់មកវត្តវិញ។ នេះរាប់ថាជាបុណ្យកុសលមួយទៀត សម្រាប់ការបួសនាគ្រានេះ៕៚

______________________________________________
អានផងដែរ៖
១. បានបួសក្នុងព្រះពុទ្ធសាសនា
២. សឹកពីសាមណេរសឹកពីសាមណេរ

បាន​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា ថ្ងៃពុធ 28 ខែធ្នូ 2016

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
2 comments

ថ្ងៃនេះ ថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំវក អដ្ឋស័ក ព.ស.២៥៥០ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ គ.ស.២០១៦ ខ្ញុំ បានសម្រេចបំណងដែលប៉ងទុកជាយូរហើយ ក្នុងការយ៉ាងហោចណាស់បានគ្រងសំពត់ពណ៌លឿង ដ៏បរិសុទ្ធនោះគឺការបួសក្នុងព្រះពុទ្ធសាសនាយ៉ាងហោចណាស់ក៏បានម្ដងដែរ។ សម្រាប់ឆ្នាំនេះ តាមពិតទៅគឺមានគម្រោងបួសតាំងពីពាក់កណ្ដាលឆ្នាំ តែដោយសារមានភារកិច្ចរវល់ខ្លាំងទើបខកខាន និងបានបួសនៅចុងឆ្នាំ២០១៦ នេះរាប់ថាជាកុសល។

សម្រាប់វត្តដែលខ្ញុំបានបួសជាសាមណេរនាពេលនេះ គឺវត្តមហានន្ទិយនេរជ្ជរារាមនិវេទ ហៅវត្តព្រែកប្រាំង ដែលស្ថិតនៅឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល និងដោយមានភ័ព្វវាសនាបានសម្ដេចព្រះឧត្តមបញ្ញា ដូង ផង់ ទន្ទិយោ ព្រះអង្គជាព្រះឧបជ្ឈាផង។

សូមអនុមោទនា និងជូនកុសលបួសក្នុងព្រះពុទ្ធសាសនាដល់អ្នកទាំងអស់គ្នាផង៕៚

បរិក្ខារសម្រាប់បំបួសនាថ្ងៃនេះ

______________________________________________
អានផងដែរ៖
១. កិច្ចនាថ្ងៃនេះ
២. សឹកពីសាមណេរសឹកពីសាមណេរ

ឆ្នាំ​ទី​១៤១ ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​មុនីវង្ស ថ្ងៃអង្គារ 27 ខែធ្នូ 2016

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
5 comments

ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នេះ គឺជាខួបទី១៤១ឆ្នាំគត់នៃការប្រសូតព្រះករុណា ព្រះបាទ សម្ដេចព្រះ សិរីសុវត្ថិ មុនីវង្ស ព្រះខត្តិយកោដ្ឋ។ ព្រះអង្គទ្រង់ជាព្រះរាជបុត្រនៃ សម្ដេចព្រះ សិរីសុវត្ថិ និងសម្ដេចព្រះវររាជិនី វ៉ាន់។

23931636161_18154e9a40_oដោយកាលណុះព្រះនគរយើងស្ថិតនៅក្រោមអាណាព្យបាលបារាំងសែសនៅឡើយ ព្រះរាជបុត្រ មុនីវង្ស ព្រះអង្គបានទៅសិក្សាយោធវិជ្ជានៅសាលា l’École Coloniale, ទីក្រុងប៉ារីស និង l’École d’Infanterie de Saint-Maixent, នៃសាធារណរដ្ឋបារាំង ព្រមទាំងបានក្លាយទៅជាមេទាហានមួយរូបនៃកងទ័ពប្រទេសនេះទៀតផង។

ក្រោយពីព្រះរាជបិតា ព្រះករុណាព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ សោយទិវង្គតនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩២៧ ក្រុមប្រឹក្សារាជបល្ល័ង្ក ដែលស្ថិតនៅក្រោមអធិបតីភាពនៃលោក លើហ្វូល Le Fol រេស៊ីដង់ស៊ុប៉េរីយឺរ បានជ្រើសរើសព្រះអង្គឲ្យឡើងសោយរាជ្យស្នងព្រះបិតា រហូតដល់ទ្រង់សោយទិវង្គតនាឆ្នាំ១៩៤១។

ព្រះអង្គមានព្រះបរមនាមថា៖ «ព្រះករុណាព្រះបាទសម្ដេច ព្រះស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស ហរិរាជបរមិន្ទរភូវណៃក្រៃកែវហ្វា សុឡាឡៃ ព្រះចៅក្រុងកម្ពុជាធិបតី»។

នៅក្នុងរជ្ជកាលព្រះអង្គព្រះរាជអាណាចក្រកម្ពុជាបានបន្តកសាងប្រទេស ហើយព្រះអង្គត្រូវបានប្រសិទ្ធនាមថាជាក្ស័ត្រិយ៍សាងសង់ផងដែរ។

  • វិស័យកសិកម្ម

ក្នុងវិស័យកសិកម្មនេះ ព្រះបាទ សិរីសុវត្ថិ មុនីវង្ស ទ្រង់បានដាក់ឲ្យបង្កើតផលឡើងវិញនៅដីស្រែធំទូលាយដែលត្រូវជនជាតិខ្មែរបោះបង់ចោល ដោយត្រូវភៀសខ្លួនគេចឲ្យផុតពីខ្មាំងឈ្លានពាន ឬដោយត្រូវចាប់យកទៅប្រទេសសៀមជាឈ្លើយ។ ដូច្នេះ តំបន់ខ្លះ ដូចជាត្រពាំងជង ជាដើម (ក្នុងខេត្ដពោធិសាត់) បានក្លាយទៅជាមណ្ឌលកសិកម្ម និងពាណិជ្ជកម្មមួយយ៉ាងសំខាន់។ នៅឆ្នាំ១៩៣០ ព្រះអង្គទ្រង់បានប្រកាសឲ្យប្រើនូវព្រះរាជបញ្ញត្ដិ ដែលបង្កើតធនាគារសម្រាប់ផ្ដល់ឥណទានឲ្យកសិករនៅបាត់ដំបង ព្រៃវែង និងកំពង់ចាម)។

  • វិស័យគមនាគមន៍

ក្នុងវិស័យគមនាគមន៍ បណ្ដាញផ្លូវថ្នល់ត្រូវគេពង្រីកយ៉ាងខ្លាំង។ ផ្លូវរថភ្លើងទី១ ពីភ្នំពេញទៅព្រំដែនសៀមដោយកាត់តាមបាត់ដំបងត្រូវបានស្ថាបនាឡើងនៅគ.ស.១៩៣២។ ផ្លូវនេះមានប្រវែង២៧៥គ.ម។ ក្រៅពីនេះ ស្ពានធ្វើពីបេតុងជាច្រើនក៏ត្រូវបានស្ថាបនាដែរ ជាពិសេសស្ពានដែលឆ្លងកាត់ទន្លេបាសាក់ (ប្រវែង ២៩៣ម) ហើយមានឈ្មោះថាស្ពានមុនីវង្ស ត្រូវបានសម្ពោធនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩២៨។

  • វិស័យនយោបាយ និងវប្បធម៌

ក្នុងវិស័យនយោបាយ និងវប្បធម៌ ព្រះបាទ សិរីសុវត្ថិ មុនីវង្ស ក៏ទ្រង់បានសាងសមិទ្ធិយ៉ាងសំខាន់ៗណាស់ដែរដូចជា៖

– សភាសម្រាប់ឲ្យយោបល់មួយ (សភាខ្មែរ) តាមរាជបញ្ញត្ដិថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩២៨ មានភារៈផ្ដល់យោបល់ពីបញ្ហាពន្ធដា បញ្ហារដ្ឋបាល ឬបញ្ហាបង្កើតផលទាក់ទងនឹងជីវភាពប្រជារាស្រ្ដខ្មែរ។ សភានេះមានសមាជិក៤៦នាក់: ក្នុងចំណោមនេះ ៤១នាក់ ត្រូវបោះឆ្នោតជ្រើសរើសដោយបញ្ញវន្ដខ្មែរ និង៥នាក់ទៀត ត្រូវបានតែងតាំងដោយគណៈរដ្ឋមន្រ្ដី។

– ក្រុមជំនុំព្រះត្រៃបិដក ដែលត្រូវបានបង្កើតនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩២៩ ហើយដែលមានភារៈបកប្រែព្រះត្រៃបិដក (វិន័យបិដក សុត្ដបិដក និងអភិធម្មបិដក) សព្វថ្ងៃនេះគម្ពីរទាំង៣នេះ ត្រូវបានបកប្រែចប់សព្វគ្រប់ ហើយមានទាំងអស់១១០ក្បាល។

– វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដែលត្រូវបានបង្កើតនៅឆ្នាំ១៩៣០ ហើយដែលមានភារៈធ្វើការសិក្សាស្រាវជ្រាវពីព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជាតែម្ដង មិនបាច់ចេញទៅបរទេសដូចមុនៗទៀត។ ក្នុងឆ្នាំដដែល តាមរាជបញ្ញត្ដិថ្ងៃទី១៦ ខែធ្នូ ព្រះបាទ សិរីសុវត្ថិ មុនីវង្ស ទ្រង់បានរៀបចំនូវការសិក្សាភាសាបាលី និងព្រះពុទ្ធលទ្ធិក្នុងខេត្ដទាំងឡាយនៃព្រះរាជអាណាចក្រ។ ដោយហេតុនោះ មានការបង្កើត សាលាអនុវត្ដសម្រាប់ព្រះសង្ឃដែលនៅទីនោះព្រះសង្ឃគ្រូបានទៅសិក្សាពីវិធីបង្រៀនតាមបែបទំនើប។

នៅឆ្នាំ១៩៣៩ សង្រ្គាមលោកលើកទី២ បានផ្ទុះឡើង។ ប្រទេសសៀមដែលមានវិវាទជាមួយប្រទេសបារាំង ត្រូវបានទទួលការគាំទ្រពីប្រទេសជប៉ុន ហើយនៅទីបំផុតបានកៀបសង្កត់ទៅលើប្រទេសបារាំង ដណ្ដើមយកទៅវិញនូវខេត្ដបាត់ដំបង និងទឹកដីស្ថិតនៅត្រង់ចន្លោះជួរភ្នំដងរែក និងខ្សែស្របក្រាដ (grade)ទី១៥។

ដោយឈឺព្រះទ័យ នឹងការរំលោភពីសំណាក់សៀមនេះ ព្រះរាជសុខភាពត្រូវទ្រុឌទ្រោមយ៉ាងឆាប់រហ័ស ហើយព្រះបាទ សិរីសុវត្ថិ មុនីវង្ស ទ្រង់សោយទីវង្គតនៅរាត្រីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៤១ នៅបូកគោក្នុងព្រះជន្មាយុ ៦៦វស្សា ដោយសោយរាជ្យក្នុងក្រុងកម្ពុជាធិបតីបាន១៤ឆ្នាំ។ ព្រះករុណាព្រះបាទ សិរីសុវត្ថិ មុនីវង្ស ទ្រង់មានព្រះបរមមរណនាមថា “ព្រះបរមខត្តិយកោដ្ឋ” ឬ “ហ្លួងខត្តិយកោដ្ឋ”៕

23646611619_fcccb9b865_o
ព្រះអង្គម្ចាស់មុនីវង្ស កំពុងបំពេញព្រះរាជកិច្ចជាមួយព្រះរាជបិតា
23718789470_e343939024_o
កាលទ្រង់ឡើងគ្រងរាជ្យសម្បត្តិនៅនគរកម្ពុជា

__________________________________
អានផងដែរ៖
១. ព្រះបរមសពព្រះបាទស៊ីសុវត្ថិ *
២. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងស៊ីសុវត្ថិ មុនីវង្ស
៣. ព្រះរាជតំណាក់ហ្លួងខត្តិយកោដ្ឋឯភ្នំបូកគោ
៤. ព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស
៥. អំពីព្រះចេតិយហ្លួងខត្តិយកោដ្ឋឯភ្នំព្រះរាជទ្រព្យ

ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «​និស្សិត​» ជា​ «​និសិត្ស​» ឬ «​និសិត្យ​» ថ្ងៃចន្ទ 26 ខែធ្នូ 2016

Posted by សុភ័ក្ត្រ in អំពី​ភាសា, អំពីភាសា.
add a comment

ខ្ញុំមិនយល់ថាហេតុអ្វីបានជាមនុស្សខ្មែរមួយចំនួននាំគ្នាសរសេរពាក្យ «និស្សិត» ខុសទេ។ ហើយតាមការសង្កេត ពាក្យនេះ គឺពពួកនិស្សិតហ្នុងឯងដែលជាអ្នកសរសេរខុស។ នេះទំនងនាំគ្នាអានពាក្យនេះថា និ-សិត ហើយបានជាគ្រប់គ្នាសរសេរពាក្យនេះមិនត្រូវ។ អ្នកខ្លះនាំគ្នាសរសេរជា និសិត្ស ឯអ្នកខ្លះទៀតនោះ នាំគ្នាសរសេរជា និសិត្យ ទៅវិញ។

នៅក្នុងវចនានុក្រមខ្មែរពាក្យនេះ ត្រូវសរសេរ និងតម្រូវឲ្យអានដូចតទៅនេះ៖

និស្សិត និស-សិត បា. ( ន. ) អ្នកដែលនៅក្នុងនិស្ស័យគេ; អ្នករៀនដែលនៅក្នុងការគ្រប់គ្រងនៃគ្រូ។ ព្យញ្ជនៈដែលអាស្រ័យនឹងស្រៈ (ព. វ.)។

ហេតុដូចនេះសូមមនុស្សម្នាទាំងឡាយ ជាពិសេសបណ្ដានិស្សិតឈប់សរសេរពាក្យនេះខុសទៅ៕

___________________________________________
អានផងដែរ៖
១. ការយល់ច្រឡំ និងការសរសេរពាក្យ «រង់ចាំ» ជា «រងចាំ»
២. ការយល់ច្រឡំ និងការសរសេរពាក្យ «បាទ» ជា «បាត»
៣. ការយល់ច្រឡំ និងការសរសេរពាក្យ «បិណ្ឌ» ជា «បិណ្យ»
៤. ការយល់ច្រឡំ និងការសរសេរខែ «អុំទូក» ជា «អ៊ុំទូក»
៥. ការយល់ច្រឡំ និងសរសេរឈ្មោះរដ្ឋធានីលាវ «វៀងចន្ទន៍»
៦. ការយល់ច្រឡំ និងសរសេរព្រះនាម ព្រះបាទ អង្គ ដួង
៧. ការយល់ច្រឡំ និងការសរសេរព្រះបរមនាម ជា «កោដិ» ជំនួសឲ្យ «កោដ្ឋ»
៨. ការយល់ច្រឡំ និងការសរសេរខែ «មីនា» ជា «មិនា»
៩. ការយល់ច្រឡំ និងការសរសេរពាក្យ «រជ្ជទាយាទ» ជា «រាជទាយាទ»

រូប​ចាស់​និទាន​ថ្មី​៖ ចិន​លក់​ពង​ទា ថ្ងៃអាទិត្យ 25 ខែធ្នូ 2016

Posted by សុភ័ក្ត្រ in អតីតភាព, អំពីស្រុកខ្មែរ.
add a comment

ក្រុងភ្នំពេញកាលពីអតីតកាលមានការរៀបចំការរស់នៅរបស់ប្រជាជនក្រុងយ៉ាងមានរបៀបរៀបរយ ដោយបែងចែកជាសង្កាត់ៗ ទៅតាមជាតិសាសន៍នីមួយៗ ដូចជាខ្មែរបារាំងនិងចិនជាដើម។ល។ មុនប្រទេសខ្មែរធ្លាក់ចូលក្នុងសង្គ្រាមនាឆ្នាំ១៩៧០ ជនជាតិខ្មែរដើមកំណើតចិន មានរស់នៅយ៉ាងច្រើននៅទីក្រុងខ្មែរមួយនេះ និងឃើញមានវត្តមានជាពិសេសនៅតាមទីប្រជុំជន និងកន្លែងជួញដូរនានា។

ខាងក្រោមនេះ ជារូបនៃជនជាតិចិនលក់ពងទា មានទាំងសាប មានទាំងប្រៃ នៅទីផ្សារធំបំផុតមួយរបស់ក្រុងភ្នំពេញ គឺផ្សារធំថ្មីនេះឯង៕

__________________________________________
មើលផងដែរ៖
១. រូបចាស់និទានថ្មី៖ ចិនកំពង់ចាម
២. រូបចាស់និទានថ្មី៖ ចិនលក់មួក
៣. រូបចាស់និទានថ្មី៖ ចិនភ្នំពេញ
៤. រូបចាស់និទានថ្មី៖ ចិនលក់ស្លាម្លូ
៥. រូបចាស់និទានថ្មី៖ ចិនលក់ផ្លែឈើ

%d bloggers like this: