jump to navigation

អំពី​ព្រះ​កោដ្ឋ​មាស​ធំ គ្រឿង​ប្រកប​ព្រះ​ឥស្សរិយ​យស ព្រះ​ចៅ​ផែន​ដី​ថៃ រាមា​ទី​៩ ថ្ងៃពុធ 7 ខែធ្នូ 2016

Posted by សុភ័ក្ត្រ in វីដេអូ, ภาษาไทย.
14 comments

ស្រែខ្មុកធ្លាប់បានដាក់ប្រកាសទាក់ទងនឹងព្រះកោដ្ឋ ដែលប្រើប្រាស់នៅក្នុងនគរថៃច្រើនសមគួរមកហើយ ថ្ងៃនេះនឹងលើកយកមកនិយាយលម្អិតម្យ៉ាងទៀត អំពីឋានន្តរខ្ពស់បំផុតរបស់ព្រះកោដ្ឋនៅក្នុងនគរថៃនោះ គឺព្រះកោដ្ឋមាសធំ ឬថៃហៅថា พระโกศทองใหญ่ (អាន៖ ផ្រៈ កូដ ថង ហ្យ៉ៃ)។

ព្រះកោដ្ឋមាសធំដែលតម្កល់សម្រាប់ព្រះឥស្សរិយយសព្រះចៅផែនដីថៃរាមាទី៩

ព្រះកោដ្ឋមាសធំ នេះ ជាព្រះកោដ្ឋថ្នាក់ទី១ ដែលប្រើប្រាស់សម្រាប់តែងព្រះបរមសពរបស់ព្រះមហាក្សត្រិយ៍ថៃ និងព្រះសពរបស់ព្រះរាជវង្សានុវង្សថ្នាក់ខ្ពស់តែប៉ុណ្ណោះ។ ព្រះកោដ្ឋមាសធំនេះ បានផ្ដើមកសាងពីដំបូងដោយព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោក មហារាជ ឬរាមាទី១ និងព្រះកោដ្ឋមាសធំទី២ សាងឡើងដោយ ព្រះបាទសម្ដេចព្រះចុលចមក្លៅចៅយូហួ ឬរាមាទី៥។ បច្ចុប្បន្នព្រះកោដ្ឋទាំងពីរនេះ មានសភាពទ្រុឌទ្រោម និងលែងប្រើប្រាស់ទៅហើយ។

ចំណែកឯព្រះកោដ្ឋមាសធំដែលយើងបានឃើញប្រើប្រាស់សម្រាប់ព្រះបរមសព ព្រះចៅផែនដីថៃ ព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ គ្រានេះ គឺជាព្រះកោដ្ឋមាសធំទី៣ ដែលព្រះអង្គឯងជាអ្នកចាត់ចែងឲ្យសាងឡើងកាលពីឆ្នាំ២០០៨ កន្លងមកនេះ ដើម្បីប្រកបគ្រឿងឥស្សរិយយសម្ចាស់បងរបស់ទ្រង់ដែលបានសោយព្រះទិវង្គតទៅនោះ គឺសម្ដេចព្រះចៅភីនាងធើ ចៅហ្វាកល្យាណិវឌ្ឍនា ក្រុមហ្លួងនរាធិវាសរាជនគរិន្ទ្រ

ភាពអស្ចារ្យនៃព្រះកោដ្ឋមាសធំនេះ គឺធ្វើដោយមាស ឆ្លាក់បែបជាទម្រង់ក្លែបខ្នុរយ៉ាងវិចិត្រ។ នៅនឹងចង្កេះនៃព្រះកោដ្ឋវិញ មានប្រដាប់ដោយផ្ការំយោល ស្ពឺនិងខ្សែរំយោលប្រដាប់ដោយពេជ្រ។ នៅនឹងថ្នាក់ៗនៃព្រះកោដ្ឋប្រដាប់ដោយផ្កាពេជ្រ ឯកំពូលវិញប្រដាប់ដោយក្បាច់សជីផ្កាពេជ្រ មើលទៅមានភាពសង្ហា និងស្រស់ស្អាតយ៉ាងខ្លាំង។

ដូចលោកអ្នកបានដឹងហើយថាបច្ចុប្បន្ននេះ ថ្វីបើទំនៀមប្រើប្រាស់កោដ្ឋនៅតែមាននៅនគរថៃក្ដី តែព្រះបរមសពមិនត្រូវបានបញ្ចុះក្នុងព្រះកោដ្ឋនេះទេ ពោលគឺព្រះបរមសពព្រះអង្គត្រូវបានដាក់ក្នុងមឈូសធម្មតា។ ព្រះកោដ្ឋមាសធំនេះ គ្រាន់តែត្រូវបានដាក់តាំងប្រដាប់ជាព្រះកិត្តិយសថ្វាយព្រះអង្គនៅពីលើព្រះមហាបញ្ចា ស្ថិតពីក្រោមព្រះមហាស្វេតច្ឆត្រ និងអមទៅដោយគ្រឿងខ្ពស់ឯទៀតៗសម្រាប់ព្រះបរមសពតែប៉ុណ្ណោះ៕

________________________________________________
អានផងដែរ៖
១. ពិធីការតាំងគ្រឿងព្រះបរមសពនៃព្រះចៅផែនដីស្យាម
២. “កោដ្ឋ” គ្រឿងសម្ដែងឥស្សរិយយសនៅក្នុងនគរថៃ
៣. ប្រពៃណី «កោដ្ឋ» នៅក្នុងសង្គមថៃ
៤. បង្ហាញគំរូ «ព្រះមេរុមាស» ព្រះចៅផែនដីថៃ រាមាទី៩
៥. ថៃសាងបដិមាកម្ម១៤ប្រភេទសម្រាប់តុបតែងព្រះមេរុ ព្រះចៅផែនដី
៦. ទំនៀម “ការប្រគំយ៉ាំយាម” ក្នុងពិធីបុណ្យព្រះបរមសពព្រះចៅផែនដីសៀម
៧. ថៃចាត់សាងព្រះរាជរថកាំភ្លើងធំថ្មីសម្រាប់ដង្ហែព្រះកោដ្ឋព្រះបរមសពព្រះចៅផែនដីខ្លួន
៨. ថៃ​ចេញ​កំណត់​ថ្ងៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព និង​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍
៩. មក​មើល​រូប​ភាព​ចម្លង «​ព្រះ​មេរុ​មាស​» ដ៏​អស្ចារ្យ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍​ថៃ
១០. ថៃ​ចាត់​សម​ធំ​លើក​ទី​១ សម្រាប់​ក្បួន​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស​ រាមា​ទី​៩
១១. អំពី​ព្រះ​កោដ្ឋ​ចន្ទន៍ និង​មញ្ជូសា​ចន្ទន៍​នៃ​អតីត​ក្សត្រិយ៍​ថៃ​រាមា​ទី​៩

Advertisements
%d bloggers like this: