jump to navigation

Repost: ព្រះ​រាជ​តំណាក់​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​បូក​គោ ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​មករា 2017

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អតីតភាព, អំពីស្រុកខ្មែរ.
trackback

ជាទូទៅរៀងរាល់ពេលមើលរូបចាស់ៗរបស់នគរកម្ពុជាយើងម្ដងៗ ខ្ញុំតែងតែនឹកស្រណោះដល់ភាពរុងរឿងកាលពីអតីតរបស់ផែនដីនេះជាពន់ពេក។ បើទោះបីជាថាសម័យនោះមិនមានការរីកចម្រើន (សម័យនេះរីកចម្រើន?) ដូចសម័យបច្ចុប្បន្ននេះក៏ដោយ ការរៀបចំស្រុកទេស និងការអភិវឌ្ឍន៍នានាមានលក្ខណៈគួរជាទីមោទនភាពជាងសម័យបច្ចុប្បន្ននេះឆ្ងាយណាស់។

ខ្ញុំទើបតែប្រទះរូបភាពមួយនៃព្រះរាជតំណាក់ហ្លួងខត្តិយកោដ្ឋឯភ្នំបូកគោ ពីប្លក់លោក ជា ផល ក៏គិតនឹកឃើញសរសេរប្រកាសនេះមួយឡើង។ បើនិយាយពីរឿងភ្នំបូកគោ ឯទឹកដីខេត្តកំពតនោះ ទីនេះមានប្រវត្តិដិតដាមច្រើនណាស់ជាមួយនិងអតីតព្រះមហាក្ស័ត្រិយ៍ខ្មែរ ព្រះករុណាព្រះបាទសម្ដេច ព្រះសិរីសុវត្ថិ មុនីវង្ស ឬហ្លួងខត្តិយកោដ្ឋ ជីតាទួតរបស់ព្រះមហាក្ស័ត្រិយ៍យើងសព្វថ្ងៃនេះ។

ភ្នំបូកគោ នាអតីតកាលគឺប្រាកដណាស់ជាស្ថានសួគ៌មួយរបស់ស្រុកខ្មែរ សម្បត្តិនៃផែនដីសុវណ្ណភូមិ ជាទីដែលព្រះបាទសិរីសុវត្ថិ មុនីវង្ស ទ្រង់គង់ប្រថាប់សម្រាកព្រះកាយរហូតដល់ទ្រង់ចូលសុវណ្ណគត ដោយសារតែទ្រង់ឈឺចាប់ និងតូចព្រះទ័យ ដែលប្រទេសសៀមកាលណុះ (បច្ចុប្បន្នថៃ) តែងតែទន្ទ្រានម្ដងហើយម្ដងទៀត ឈ្លានពាន និងដណ្ដើមយកទឹកដីកម្ពុជប្រទេស ដោយមានប្រទេសយីប៉ុន គាំទ្រ។

តាមប្រវត្តិសាស្ត្របានឲ្យដឹងថា នៅឆ្នាំ១៩៣៩ សង្រ្គាមលោកលើកទី២ បានផ្ទុះឡើង។ ប្រទេសសៀមដែលមានវិវាទជាមួយប្រទេសបារាំង ត្រូវបានទទួលការគាំទ្រពីប្រទេសជប៉ុន ហើយនៅទីបំផុតបានកៀបសង្កត់ទៅលើប្រទេសបារាំង ដណ្ដើមយកទៅវិញនូវខេត្ដបាត់ដំបង និងទឹកដីស្ថិតនៅត្រង់ចន្លោះជួរភ្នំដងរែក និងខ្សែស្របក្រាដ (grade)ទី១៥។

ដោយឈឺព្រះទ័យ នឹងការរំលោភពីសំណាក់សៀមនេះ ព្រះរាជសុខភាពត្រូវទ្រុឌទ្រោមយ៉ាងឆាប់រហ័ស ហើយព្រះបាទ សិរីសុវត្ថិ មុនីវង្ស ទ្រង់សោយទីវង្គតនៅរាត្រីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៤១ នៅបូកគោនេះឯងក្នុងព្រះជន្មាយុ ៦៦វស្សា ដោយសោយរាជ្យក្នុងក្រុងកម្ពុជាធិបតីបាន១៤ឆ្នាំ។

រូបភាពខាងក្រោម (ទី១) នេះ គឺជារូបភាពនៃអតីតព្រះរាជតំណាក់របស់ព្រះអង្គ ដោយមានដាក់អក្សរជាភាសាបារាំងសេស (កាលណុះនគរខ្មែរស្ថិតនៅក្រោមចំណុះប្រទេសបារាំង) ថា RESIDENCE DE S.M. MONIVONG ឬដែលប្រែសេចក្ដីជាខេមរភាសាថា ព្រះរាជតំណាក់ ព្រះករុណា មុនីវង្ស។ ព្រះរាជតំណាក់នេះហើយ បើតាមខ្ញុំស្មានគឺជាស្ថានដែលព្រះអង្គបានចូលសុវណ្ណគត នៅលើកំពូលភ្នំនៃស្ថានសួគ៌កម្ពុជានេះ។ ក្រោយមករាជការបានកែប្រែទៅជាអាគារសាលាក្រុងបូកគោ បន្ទាប់ពីទ្រង់សោយទិវង្គតទៅ។

យើងមិនបាច់និយាយពីសង្គ្រាមទេ នៅកម្ពុជា នរណាៗក៏ដឹងដែរពីរឿងនេះ។ ព្រះរាជតំណាក់ជាប្រវត្តិសាស្ត្រមួយនេះត្រូវបានបោះបង់ និងខូចខាតស្ទើរទាំងស្រុង ហើយដែលទើបតែត្រូវបានជួសជុលឡើងវិញនាពេលថ្មីៗនេះមិនយូរប៉ុន្មាន ហើយអ្វីដែលអនិច្ចានោះ អាគារនេះមិនមែនជារបស់រាជការទៀតហើយ។ វាជារបស់កម្មសិទ្ធិឯកជនផ្ដាច់មុខ។

បើទោះជាទីតាំង និងអាគារផ្សេងៗត្រូវបានជួលទៅឲ្យពួកឯកជនក្ដី ខ្ញុំថា រាជការគួរតែប្រគល់អាគារដោយឡែកមួយនេះ ជូនទៅខាងរាជវាំងវិញ ឬយ៉ាងហោចណាស់កែប្រែអាគារនេះជាសារមន្ទីរ ដើម្បីរំឭកដល់កាលគ្រាមួយនៃប្រវត្តិសាស្ត្រដ៏រុងរឿងនៃអាគារនេះ ដែលធ្លាប់ជាភិរម្យស្ថាននៃស្ដេចផែនដីខ្មែរ ដើម្បីជាទុកជាកេរតំណែលរឭកទៅដល់ព្រះមហាករុណាទិគុណរបស់ព្រះអង្គ និងដើម្បីជាចំណេះដឹង, ការសិក្សាស្រាវជ្រាវ ផ្សេងៗរបស់មនុស្សខ្មែរជំនាន់ក្រោយ។

សង្ឃឹមថាសុបិនរបស់ខ្ញុំនៃការកែប្រែអាគារនេះក្លាយជាការពិតចុះ បើទោះបីជាត្រូវចំណាយពេលយូរច្រើនឆ្នាំក៏ដោយ៕


(១) ព្រះរាជតំណាក់ហ្លួងខត្តិយកោដ្ឋឯភ្នំបូកគោ កាលពីអតីត

(២) ព្រះរាជតំណាក់ហ្លួងខត្តិយកោដ្ឋឯភ្នំបូកគោ មុនពេលការជួសជុលជាថ្មី (២០០៦)

(៣) ព្រះរាជតំណាក់ហ្លួងខត្តិយកោដ្ឋឯភ្នំបូកគោ នាពេលបច្ចុប្បន្ន (២០១២)

រូបបានមកពីwww.cheaphal.com

_______________________________________________________________
អានផងដែរ
១. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងស៊ីសុវត្ថិ មុនីវង្ស
២. ព្រះបរមសពព្រះបាទស៊ីសុវត្ថិ *
៣. ព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស
៤. អំពីព្រះចេតិយហ្លួងខត្តិយកោដ្ឋឯភ្នំព្រះរាជទ្រព្យ
៥. ឆ្នាំទី១៤០ ប្រសូតនៃព្រះករុណា ព្រះមុនីវង្ស

Advertisements

មតិ»

1. -DiaNote- - ថ្ងៃ​អង្គារ 17 ខែ​មករា 2017

ហោចណាស់ក៏គេអត់ផ្លាស់ប្ដូរសណ្ធានដើមដែរ។ ឃើញតែបងសរសេររអ៊ូរក្នុងប្លុកនេះ មិនដឹងមានរាជការណាបានមើលហើយយកទៅខ្សឹបតឬអត់ទេ។

សុភ័ក្ត្រ - ថ្ងៃ​អង្គារ 17 ខែ​មករា 2017

ស្រេច​គេ 😀


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: