jump to navigation

ព្រះ​រាជ​ពិធី​ត្រី​យម្ពវាយ-ត្រី​បវាយ ឬ​ចូល​ឆ្នាំ​ព្រាហ្មណ៍​នៅ​នគរ​ថៃ ថ្ងៃអាទិត្យ 15 ខែមករា 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
3 comments

បណ្ដាព្រាហ្មណ៍នៅប្រទេសថៃមានពិធីកម្មដ៏គួរចាប់អារម្មណ៍ និងសិក្សាស្វែងយល់មួយគឺ ព្រះរាជពិធីត្រីយម្ពវាយ-ត្រីបវាយ (ថ. พระราชพิธีตรียัมพวาย ตรีปวาย) ដែលជាពិធីមួយក្នុងចំណោមព្រះរាជពិធីទ្វារទសមាសរបស់ថៃ។ ពិធីនេះរាប់ថាជាពិធីបុណ្យចូលឆ្នាំថ្មីរបស់អ្នកកាន់សាសនាព្រាហ្មណ៍-ហិណ្ឌូ នៅប្រទេសថៃ។ សម្រាប់ឆ្នាំ២០១៦ នេះ ប្រារព្ធធ្វើចាប់ពីថ្ងៃទី៤ ដល់ទី១៨ ខែមករា។

ដើមឡើយព្រះរាជពិធីត្រីយម្ពវាយ-ត្រីបវាយ ប្រារព្ធធ្វើនៅដើមខែនៃឆ្នាំ គឺខែមិគសិរ និងក្រោយមកបានលើកយកមកធ្វើនៅខែបុស្សនេះវិញ។ ពិធីនេះចាប់ផ្ដើមដំបូងដោយពិធីត្រីយម្ពវាយ នៅថ្ងៃ៧កើត ខែបុស្ស ដើម្បីធ្វើការទទួលព្រះឥសូរ ដែលទ្រង់ចុះមកស្ថានមនុស្សលោក ចំនួនរយៈពេល១០ថ្ងៃ និងព្រះអង្គត្រឡប់ទៅស្ថានសួគ៌វិញ នៅថ្ងៃ១រោច។ បន្ទាប់មកនៅថ្ងៃដដែលនេះ ព្រះនារាយណ៍ព្រះអង្គក៏ទ្រង់ចុះមក ប្រថាប់រហូតដល់ថ្ងៃ៥រោច ទើបទ្រង់ត្រឡប់ទៅវិញ និងហៅថាពិធីត្រីបវាយ។

កាលពីសម័យដើមពិធីត្រីយម្ពវាយត្រូវបានធ្វើឡើយយ៉ាងឱឡារិក ដោយមានពិធីយោលទោង ដើម្បីជាសិរីមង្គលដល់ព្រះនគរ តាមជំនឿ (អានប្រកាសពិធីកម្មយោលទោងក្នុងព្រះរាជពិធីត្រីយម្ពវាយ-ត្រីបវាយ នៅនគរថៃ)។ បច្ចុប្បន្ននេះពិធីនេះត្រូវបានលុបបំបាត់ចោលហើយ។ ដោយឡែកបច្ចុប្បន្ននេះ ពិធីត្រីយម្ពវាយ បណ្ដាព្រាហ្មណ៍ចាត់ព្រះរាជពិធីនៅទីតាំងសំខាន់ចំនួនពីរនាក្រុងទេពមហានគរ (បាងកក) គឺ ស្ថានព្រះឥសូរ និងស្ថានព្រះមហាវិឃ្នេស្វរៈ ដោយមានពិធីសូត្របូជាទេវរូបសំខាន់ៗរបស់ព្រះមហាក្សត្រិយ៍ថៃ មានដូចជា ព្រះឥសូរ ព្រះឧមា និងព្រះមហាវិឃនេស ជារៀងរាល់យប់ ដោយមានការថ្វាយសក្ការៈ ដូចជា លាជ ចេក ក្រូច ជាដើម។

បន្ទាប់មកយកក្ដារដែលមានឆ្លាក់រូបព្រះអាទិត្យ ព្រះចន្ទ្រ ព្រះធរណី ដាក់ចុះក្នុងអណ្ដូង ឬពាន ដែលមានន័យថាជាការអញ្ជើញទេវតាទាំងនោះមកទទួលព្រះឥសូរ។

បច្ចុប្បន្ន នៅថ្ងៃបញ្ចប់នៃព្រះរាជពិធី មានការអញ្ជើញទេវរូបឡើងភទ្របិដ្ឋបូជាកល័ស ស័ង្ខ បេញ្ចគព្យ ទើបអញ្ជើញឡើងលើហង្ស។ ព្រឹកឡើង អញ្ជើញគ្រឿងបូជាមានដូចជា លាជ ចេក ក្រូច ទៅថ្វាយព្រះមហាក្សត្រិយ៍ ដោយមានការសូធ្យថ្វាយព្រះមហាក្សត្រិយ៍ និងទេវរូបផងដែរ ស្រេចរួចរាល់ព្រះរាជពិធី៕៚

ពិធីយោលទោងក្នុងព្រះរាជពិធីត្រីយម្ពវាយ កាលពីអតីតកាល
ទេវរូបនានានៅក្នុងទេវស្ថានក្រុងបាងកក (រូប៖ http://buxpub.com/)
ព្រាហ្មណ៍ប្រារព្ធពិធី

________________________________________
អានបន្ថែម៖
១. ពិធីកម្មយោលទោងក្នុងព្រះរាជពិធីត្រីយម្ពវាយ-ត្រីបវាយ នៅនគរថៃ

%d bloggers like this: