jump to navigation

ទំនៀម​ស្ត្រី​យំ​យាម​ក្នុង​បុណ្យ​ព្រះ​បរម​សព ថ្ងៃពុធ 1 ខែ​កុម្ភៈ 2017

Posted by សុភ័ក្ត្រ in ចម្រៀង, វីដេអូ, សោយ​ទិវង្គត​នៃ​សម្ដេច​ព្រះ​មហា​វីរ​ក្ស័ត្រិយ៍.
trackback

ព្រះមហាក្សត្រិយ៍ត្រូវបានប្រជារាស្ត្រចាត់ទុកព្រះអង្គជាអង្គសម្មតិទេព ជាអង្គប្រសើរលើសមនុស្សផងឯទៀតក្នុងការគ្រប់គ្រងព្រះនគរ។ នគរខ្មែរ តាំងពីដើមរៀងមកបានប្រកាន់យករបបទេវរាជានេះ ដែលជាជំនឿថាព្រះនគរបានសុខស្បើយក៏ដោយសារព្រះតេជះសម្ភារបារមីទសពិធរាជធម៌នៃព្រះអង្គ។ ហេតុដូចនេះហើយនៅពេលព្រះអង្គសោយព្រះទិវង្គត ពិធីកម្មជាច្រើនក៏ត្រូវបានធ្វើឡើងចំពោះព្រះបរមសព ខុសប្លែកពីសាមញ្ញជនទូទៅផងដែរ។

មកដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ មានរយៈពេល៤ឆ្នាំហើយ នៃព្រះរាជពិធីបុណ្យព្រះមេរុ នៃអតីតព្រះមហាវីរក្សត្រិយ៍ ព្រះបរមរតនកោដ្ឋជាទីស្រឡាញ់នៃប្រជារាស្ត្រខ្មែរ ស្រែខ្មុកសូមលើកយកពីទំនៀមស្ត្រីយំយាមនាបុណ្យព្រះបរមសពព្រះអង្គ កាលពី៤ឆ្នាំមុននេះដើម្បីជាការសិក្សាស្វែងយល់ និងប្រកបមកជាមួយនូវបទភ្លេងនៃស្ត្រីយំយាមផងដែរ។

«ស្ត្រីយំយាម» កាលគ្រាបុណ្យព្រះបរមសព ព្រះករុណា ព្រះបរមរតនកោដ្ឋ

ឱម្លប់ពោធិមាស អឺ… អឺយ… ថ្កុំថ្កើងឱភាស
ជាចមភារា…
ជាមកុដកំពូល… បង្គោលរាជា
អម្ចាស់ អឺ… អឺយ… សិរសា ខេមរាភានា
អម្ចាស់ខ្ញុំអឺយ.. ពេលថ្មើរនេះហើយ
ធ្លាប់តើនចាកទី…
ស្រោចស្រពព្រះភ័ក្ត្រ… អស់អមារា
បម្រើអឺយ… ភូមី ថ្វាត់ថ្វាយទ្រង់គ្រឿង។

ខាងលើនេះជាទំនុកបទគ្វាមមួយនៃការយំយាម កាលពីបុណ្យព្រះបរមសពព្រះករុណា ព្រះបរមរតនកោដ្ឋ។ នៅក្នុងវចនានុក្រមខ្មែរ ដែលនិពន្ធដោយសម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គបានរៀបរាប់ថា យំយាមនេះគឺជាការពោលពាក្យរលាក់រលែកតាមបទគ្វាម ដែលលើកចងជាសេចក្ដីរៀបរាប់ទៅ រកសពដែលតម្កល់នៅទីនោះ ក្នុងពេលយាមមានកំណត់, ច្រើនតែកំណត់ក្នុង ១ ថ្ងៃត្រឹម ៤ ដងគឺ វេលាអធ្រាត្រ, ជិតព្រឹក, ថ្ងៃត្រង់, ព្រលប់ (អ្នកយំយាមច្រើនតែពួកស្រ្តី, ប្រើចំពោះតែសពឥស្សរជន មានក្សត្រិយ៍ទ្រង់រាជ្យជាដើម)។

«យាម» ជាភាសាបាលីសំស្ក្រឹត មានន័យថា វេលាដែលបែងជាសង្កាត់ៗ ក្នុងថ្ងៃមួយៗ…។ ចំពោះការកំណត់វេនវេលា «យាម» នេះ អាចមានការខុសប្លែកគ្នាទៅតាមសម័យកាល ឬដោយតំបន់ផងដែរ។ (សូមអានប្រកាស៖ អំពីយាម)

ចំពោះកាលពីបុណ្យព្រះបរមសពនៃព្រះករុណា ព្រះបរមរតនកោដ្ឋវិញ ត្រូវបានកំណត់នៃទំនៀមស្ត្រីយំយាមនេះ ជាបួនដង ដូចដែលបានបរិយាយនៅក្នុងវចនានុក្រមខ្មែរដែរ គឺតាំងពីពេលចាត់បុណ្យព្រះបរមសពព្រះអង្គឯហោមន្ទីរនាព្រះបរមរាជវាំងចតុម្មុខមង្គល រហូតដល់ពិធីបុណ្យព្រះមេរុ នៅឯវាលព្រះមេរុ ខាងលិចព្រះបរមរាជវាំង ដោយមានស្ត្រីតែងខ្លួនឈុតស ប្រកបចរិយាប្រពៃច្រៀងរៀបរាប់តាមទំនុកនៃយាមនីមួយៗ។

ដោយឡែកស្របទៅតាមវេលានៃការយំយាមនេះផងដែរ ស្ថានីយទូរទស្សន៍ជាតិនៃកម្ពុជា (ទទក) ក៏បានធ្វើការចាក់ផ្សាយនៃលំនាំបទស្ត្រីយំយាមនេះ ទៅតាមកាលកំណត់ទាំងបួនយាមយ៉ាងទៀងទាត់ផងដែរ គឺតាំងពីព្រឹកព្រលឹម ប្រមាណម៉ោង៦ព្រឹក – តើនចាកព្រះក្រឡាបន្ទំ, វេលាថ្ងៃត្រង់ប្រមាណម៉ោង១២ និងល្ងាចប្រហែលម៉ោង៨យប់ – ថ្វាយព្រះស្ងោយ, និងពេលអធ្រាត្រ ម៉ោងប្រមាណ១២យប់ផងដែរ។

ការសូធ្យយំយាមនៅក្នុងពិធីបុណ្យព្រះបរមសពនៃព្រះករុណា ព្រះបរមរតនកោដ្ឋមានពីរលំនាំ សម្រាប់បទគ្វាមនៃយាមនីមួយៗ និងបញ្ចប់ដោយការសូធ្យរៀបរាប់អំពីចរិយានៃអង្គព្រះមហាវីរក្សត្រិយ៍ផងដែរ។ ខាងក្រោមនេះជាលំនាំនៃស្ត្រីយំយាមដែលបានចម្លងចេញពីស្ថានីយទូរទស្សន៍ជាតិកម្ពុជា (ទទក) កាលពីគ្រាបុណ្យព្រះបរមសព ព្រះករុណា ព្រះបរមរតនកោដ្ឋ។ សូមអញ្ជើញស្ដាប់ដូចតទៅ៖

ស្រីយំយាម – តើនចាកព្រះក្រឡាបន្ទំ

រីយំយាម – ថ្វាយព្រះស្ងោយ (វេលាថ្ងៃ)

ស្រីយំយាម – ថ្វាយព្រះស្ងោយ (វេលាល្ងាច)

ស្រីយំយាម – ព្រះមហាវីរក្សត្រិយ៍

____________________________________________________
អានផងដែរ៖
១. ស្រីយំយាម – តើនចាកព្រះក្រឡាបន្ទំ, ថ្វាយព្រះស្ងោយ, ព្រះមហាវីរក្សត្រិយ៍
២. ទំនៀម “ការប្រគំយ៉ាំយាម” ក្នុងពិធីបុណ្យព្រះបរមសពព្រះចៅផែនដីសៀម

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: