jump to navigation

ទឹក​សុទ្ធ​ហាយ​តិច​លើ​អាកាស ថ្ងៃសុក្រ 31 ខែ​មីនា 2017

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
1 comment so far

ប្រហែលជាគួរឲ្យមានមោទនភាពដែរចំពោះក្រុមហ៊ុនផលិតទឹកសុទ្ធហាយតិច ដែលផលិតផលរបស់ខ្លួនមានវត្តមាននៅលើអាកាស នោះគឺតាមរយៈក្រុមហ៊ុនអាកាសចរអង្គរអ៊ែរ។

សម្រាប់ការធ្វើដំណើរតាមយន្តហោះអាកាសចរអង្គរអ៊ែរ ពីភ្នំពេញទៅព្រៃនគរ អ្នកដំណើរត្រូវបានផ្ដល់ឲ្យតែទឹកសុទ្ធម៉ាកហាយតិច កូនដបតូចមួយតម្លៃប្រមាណ៥០០រៀលប៉ុណ្ណោះ។ ហេតុដូចនេះគិតៗទៅជិះយន្តហោះមិនមែនគ្រប់ពេលសុទ្ធតែឡូយហ៊ឺហាប៉ុណ្ណោះទេ តែជួនកាលអន់ជាងជិះឡានឈ្នួលទៅព្រៃវែងផង ហេហេ…៕


កូនដបទឹកសុទ្ធម៉ាកហាយតិច ដែលត្រូវបានផ្ដល់ឲ្យអ្នកដំណើរ សម្រាប់ជើងយន្តហោះពីភ្នំពេញ ទៅព្រៃនគរ

_____________________________________________________________
១. ទៅនគរកម្ពុជាក្រោម

ថៃ​ចាត់​សាង​ព្រះ​រាជ​រថ​កាំភ្លើង​ធំ​ថ្មី​សម្រាប់​​ដង្ហែ​​ព្រះ​​កោដ្ឋ​​ព្រះ​បរម​សព​ព្រះ​ចៅ​ផែន​ដី​ខ្លួន ថ្ងៃ​ព្រហស្បតិ៍ 30 ខែ​មីនា 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
9 comments

នៅឯនគរថៃកំពុងមានការមមាញឹកការងារនានាសម្រាប់ព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងព្រះបរមសព ព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ ដែលកំណត់នឹងធ្វើឡើងនាប្រមាណចុងឆ្នាំ២០១៧នេះ។ ព្រះរាជពិធីជាប្រវត្តិសាស្ត្ររបស់ប្រទេសថៃដែលរំពឹងថានឹងមានប្រជានុរាស្ត្រច្រើនលាននាក់ចូលរួមនេះ កំពុងត្រូវបានរៀបចំ និងចំណាយថវិកាអស់ជាច្រើនដើម្បីឲ្យបានស័ក្ដិសមតាមព្រះកិត្តិយសនៃព្រះមហាក្សត្រិយ៍ដែលជាទីគោរពស្រឡាញ់របស់ប្រជាជនថៃ។

ក្រៅអំពីកិច្ចសាងសង់ព្រះមេរុមាសដ៏ធំអស្ចារ្យមួយនៅក្បែរនឹងព្រះបរមរាជវាំងឯក្រុងបាងកក ព្រមទាំងការរៀបចំព្រះកោដ្ឋចន្ទន៍ ការជួសជុលព្រះរាជរថនានាសម្រាប់បម្រើក្នុងព្រះរាជពិធីនេះ គណៈកម្មការជាតិរៀបចំព្រះរាជពិធីបុណ្យបានអនុម័តសាងព្រះរាជរថថ្មីសន្លាងមួយទៀតរបស់ព្រះរាជពិធី នោះគឺ «ព្រះរាជរថកាំភ្លើងធំ»។ ប្រទេសថៃធ្លាប់មានព្រះរាជរថកាំភ្លើងធំនេះប្រើប្រាស់សម្រាប់ព្រះរាជពិធីបុណ្យព្រះបរមសពហើយ តែដោយសារព្រះរាជរថចាស់មានភាពទ្រុឌទ្រោមទើបមានការចាត់ចែងឲ្យរៀបចំសាងព្រះរាជរថកាំភ្លើងធំថ្មីមួយឡើងសម្រាប់ព្រះរាជពិធីជាពិសេស។

ការប្រើប្រាស់ព្រះរាជរថកាំភ្លើងធំសម្រាប់ផ្ទុកព្រះបរមសពនោះទំនងធ្វើឡើងតាមបែបបស្ចិម (អាន​ប្រកាស​៖ ទំនៀម​នៃ​ការ​ប្រើ​ប្រាស់​យាន​កាំភ្លើង​ធំ​នៅ​ក្នុង​ពិធី​បុណ្យ​សព) ហើយដែលឃើញមានវត្តមាននៅក្នុងសង្គមថៃ កាលគ្រារជ្ជកាលព្រះបាទសម្ដេចព្រះមង្កុដក្លៅចៅយូហួ ឬរាមាទី៦ នៃរាជវង្សចក្រីថៃ និងបន្តមកដល់រជ្ជកាលចុងក្រោយនេះ (រាមាទី៩)។

តាមទំនៀមរបស់ថៃការប្រើប្រាស់ព្រះរាជរថកាំភ្លើងធំសម្រាប់អញ្ជើញព្រះកោដ្ឋព្រះបរមសព ឬព្រះសពរបស់ព្រះមហាក្សត្រិយ៍ និងព្រះបរមវង្ស ដែលទ្រង់បម្រើការងាររាជការទាហាននៅពេលដែលទ្រង់មានព្រះជន្មជីព ជំនួសឲ្យព្រះយានមាសបីថត ឬព្រះសលៀងធម្មតានោះ។

សម្រាប់ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពនៃព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ រាមាទី៩ របស់ថៃនេះ ព្រះរាជរថកាំភ្លើងធំនេះនឹងត្រូវប្រើសម្រាប់អញ្ជើញព្រះកោដ្ឋផ្ទុកព្រះបរមសព ទទួលបន្តពីព្រះមហាពិជ័យរាជរថ ដើម្បីហែចូលក្នុងទីលានព្រះមេរុ និងដង្ហែឧត្រាវ័ដជុំវិញព្រះមេរុមាស មុននឹងអញ្ជើញព្រះបរមកោដ្ឋឡើងឆ្ពោះទៅព្រះមេរុមាស

រូបគំរូរាជរថកាំភ្លើងធំថ្មី ដែលនឹងត្រូវសាងឡើង
គំនូសព្រៀងការផ្ទុកព្រះកោដ្ឋលើរាជរថកាំភ្លើងធំសម្រាប់ព្រះរាជពិធីប្រកបដោយគ្រឿងរាជក្សត្រិយ៍ទាំងប្រាំគំរូរាជរថកាំភ្លើងធំថ្មី ដែលនឹងត្រូវសាងឡើង
ពិធីបួងសួងដើម្បីសាងរាជរថកាំភ្លើងធំថ្មីការដង្ហែរាជរថកាំភ្លើងធំរបស់ថៃ នារជ្ជកាលរាមាទី៨ កន្លងមក

____________________________________________________
អានផងដែរ៖
១. ពិធីការតាំងគ្រឿងព្រះបរមសពនៃព្រះចៅផែនដីស្យាម
២. “កោដ្ឋ” គ្រឿងសម្ដែងឥស្សរិយយសនៅក្នុងនគរថៃ
៣. ប្រពៃណី «កោដ្ឋ» នៅក្នុងសង្គមថៃ
៤. បង្ហាញគំរូ «ព្រះមេរុមាស» ព្រះចៅផែនដីថៃ រាមាទី៩
៥. ថៃសាងបដិមាកម្ម១៤ប្រភេទសម្រាប់តុបតែងព្រះមេរុ ព្រះចៅផែនដី
៦. អំពីព្រះកោដ្ឋមាសធំ គ្រឿងប្រកបព្រះឥស្សរិយយស ព្រះចៅផែនដីថៃ រាមាទី៩
៧. ទំនៀម “ការប្រគំយ៉ាំយាម” ក្នុងពិធីបុណ្យព្រះបរមសពព្រះចៅផែនដីសៀម
៨. ថៃ​ចេញ​កំណត់​ថ្ងៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព និង​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍
៩. ទំនៀម​នៃ​ការ​ប្រើ​ប្រាស់​យាន​កាំភ្លើង​ធំ​នៅ​ក្នុង​ពិធី​បុណ្យ​សព

ផលិត​ផល​ផ្កា​អំបិល​ខ្មែរ ថ្ងៃពុធ 29 ខែ​មីនា 2017

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
add a comment

លោកអ្នកប្រហែលជាដឹងហើយថានៅកម្ពុជាយើងមានសហគមន៍ផលិតអំបិលដ៏ធំមួយគឺនៅខេត្តកំពត។ អំបិលខ្មែរធ្លាប់មានវត្តមាន និងបម្រើប្រជាជនខ្មែរអស់ច្រើនទសវត្សរ៍មកហើយ និងជាពិសេសអំបិលគ្រួសខ្មែរ ដែលត្រូវបានយកមកប្រើប្រាស់សម្រាប់ប្រឡាក់ ដូចជាប្រហុក ដែលយើងទទួលទានសព្វថ្ងៃនេះ និងសិប្បកម្មទឹកត្រីជាដើម។

រយៈពេលចុងក្រោយនេះអំបិលខ្មែរហាក់បីដូចជាពុំទទួលបានការចាប់អារម្មណ៍ទៀតទេ ជាពិសេសនៅពេលវត្តមានអំបិលបរទេសហូរចូលយ៉ាងគំហុកនោះ។ សព្វថ្ងៃនេះសម្រាប់ផលិតផលអំបិលរបស់ប្រទេសខ្មែរយើង នៅមានវត្តមានអំបិលមួយប្រភេទទៀតដែលឲ្យឈ្មោះថា «ផ្កាអំបិល»។ ផ្កាអំបិលគឺជាប្រភេទអំបិលដែលនៅមុខលើ មានសភាពសល្អ និងផ្ដល់ផលប្រយោជន៍ច្រើនជាងអំបិលគ្រួសធម្មតា។

សម្រាប់សហគមន៍ផលិតអំបិលនៅកំពត ផ្កាអំបិលកំពុងត្រូវបានសម្រិតសម្រាំង ដោយធ្វើការកែច្នៃបានយ៉ាងល្អប្រសើរមួយកម្រិតសម្រាប់បំពេញវត្តមាននៅលើទីផ្សារក្នុងស្រុក និងឈានទៅមុខដើម្បីចូលផ្សារក្នុងតំបន់ ក៏ដូចជាទីផ្សារក្រៅប្រទេស។ ផលិតផលផ្កាអំបិលខ្មែរ ក្រៅពីមានរសជាតិ និងអត្ថប្រយោជន៍មិនចាញ់អំបិលមកពីបរទេសហើយ ការរៀបចំផលិត និងការវេចខ្ចប់ត្រូវបានរៀបចំ និងមានសភាពទាក់ទាញយ៉ាងគួរជាទីមោទន។ សិប្បកម្មផលិតអំបិល និងផ្កាអំបិលនៅកំពតបានជួយលើកតម្កើងជីវភាពប្រជាកសិករផលិតអំបិលបានមួយកម្រិត។ សូមបងប្អូនចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុកយើង និងសាកសួរវត្តមានផ្កាអំបិលខ្មែរនៅលើទីផ្សារ៕

រូបភាពខ្សែសង្វាក់ផលិតផលផ្កាអំបិលខ្មែរកំពត

សណ្ឋាគារ​ពីរ៉ាមីត ថ្ងៃអង្គារ 28 ខែ​មីនា 2017

Posted by សុភ័ក្ត្រ in វីដេអូ, សណ្ឋាគារ.
2 comments

កាលពីទៅខេត្តបន្ទាយមានជ័យពេលថ្មីៗនេះ ខ្ញុំបានស្នាក់នៅសណ្ឋគារពីរ៉ាមីត ក្រុងសេរីសោភ័ណ។

ជាប្រភេទសណ្ឋាគារខ្នាតតូចស្អាតល្មមហើយទំនងជាសណ្ឋាគារធំជាងគេបំផុតហើយមើលទៅនៅក្នុងទីរួមខេត្តមួយនេះ។

សម្រាប់បន្ទប់ដែលខ្ញុំស្នាក់នៅជាប្រភេទបន្ទប់វីអាយភី ដោយមានតម្លៃបូករួមទាំងអាហារពេលព្រឹកគឺប្រមាណ១២០.០០០រៀល៕

អាសយដ្ឋាន៖

ក្រុម៥ ផ្លូវ២ ឃុំកំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ
ទូរស័ព្ទ៖ ០៥៤ ៦៦៨ ៨៨៨១
សារអេឡិចត្រូនិច៖ info@pyramid-hotel.com
គេហទំព័រ៖ http://pyramid-hotel.com/

ការផ្ដល់តម្លៃ៖ 


បន្ទប់សណ្ឋាគារ

បន្ទប់សណ្ឋាគារ

បន្ទប់សណ្ឋាគារ

បន្ទប់សណ្ឋាគារ

ភោជនីយដ្ឋានជាន់ទី៥របស់សណ្ឋាគារ

មើលពីជាន់លើរបស់សណ្ឋាគារ

____________________________________________________________________
អានផងដែរ៖
១. ទៅខេត្តបន្ទាយមានជ័យ
២. សណ្ឋាគារ និងទីកន្លែងស្នាក់នៅនានា

វត្ត​ព្រះ​កែវ​ក្រុង​ទេព និង​ទំនាក់​ទំនង​នគរ​ខ្មែរ ថ្ងៃចន្ទ 27 ខែ​មីនា 2017

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ภาษาไทย.
3 comments

ប្រសិនបើយើងមិននិយាយដល់រឿងព្រះកែវមរកតនោះទេ វត្តព្រះស្រីរតនសាស្ដារាម ឬវត្តព្រះកែវ ឯក្រុងទេពមហានគរ (បាងកក) ក៏នៅមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងនគរខ្មែរយើង យ៉ាងហោចណាស់នូវព្រឹត្តិការណ៍ចំនួនពីរធំៗដែរ។

ដូចដែលយើងបានដឹងស្រាប់ កាលពីគ្រាដែលព្រះនគរយើងធ្លាក់ដុនដាបរហូតស្ទើរផុតរលត់ពីផែនទីលោក និងធ្លាក់ក្រោមការត្រួតត្រាពីនគរជិតខាង មានយួន និងសៀមនោះ បណ្ដាលអ្នកមុខអ្នកការខ្មែរមួយចំនួន រហូតដល់ទៅរាជវង្សានុវង្សត្រូវសៀមកៀងគរទៅស្រុកខ្លួន ព្រមទាំងទទួលបានការទំនុកបម្រុងពីព្រះចៅក្រុងសៀមក្នុងនាមជារដ្ឋអារក្ខា។

តាមព្រះរាជប្រវត្តិសម្ដេចព្រះមហាសង្ឃរាជទី១នៃក្រុងកម្ពុជាយើង ព្រះនាម និល ទៀង បន្ទាប់ពីត្រូវបានកៀរយកទៅនៅស្រុកសៀមតាំងតែពីព្រះជន្មបាន៨ឆ្នាំនោះ ព្រះអង្គត្រូវបានទទួលការទំនុកបម្រុងរៀនសូត្រ និងបានបួសក្នុងព្រះពុទ្ធសាសនាតាមទំនៀម តាំងពីសាមណេរភាព នៅនគរថៃនេះឯង។ រហូតដល់ព្រះជន្មបាន២១វស្សា គឺក្នុងឆ្នាំរោង ព.ស.២៣៨៨ គ.ស.១៨៤៤ ព្រះអង្គត្រូវបានព្រះចៅក្រុងសៀម ព្រះបាទសម្ដេចព្រះន័ងក្លៅចៅយូហួ ឬរាមាទី៣ ទ្រង់ព្រះរាជានុញ្ញាតឲ្យព្រះអង្គ ចូលបំពេញឧបសម្បទា ក្នុងនាគខ្នានព្រះរាជទ្រព្យ នៅវត្តព្រះស្រីរតនសាស្ដារាម នេះឯងផង។

ព្រឹត្តិការណ៍ទី២នោះគឺវត្តមាននៃកូនប្រាសាទនគរវត្តនៅក្នុងបរិវេណនៃវត្ត។ នៅគ.ស.១៨៦០ ស្ដេចសៀម ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ ឬរាមាទី៤ បានបញ្ជាឲ្យមានការសាងសង់រូបចម្លងប្រាសាទនគរវត្តដើម្បីយកមកដាក់តាំងនៅក្នុងបរិវេណនៃវត្ត ក្រោយពីការប៉ុនប៉ងរបស់ព្រះអង្គក្នុងការរុះរើប្រាសាទខ្មែរយកទៅស្រុកថៃត្រូវបានបរាជ័យនោះ (អានប្រកាស៖ អត្ថបទប្រែ៖ នៅពីក្រោយ ព្រះរាជតម្រាស់ រាមាទី៤ រឿងការបាត់បង់ប្រទេសខ្មែរ “ខ្ញុំសូមប្រាប់លោកដោយក្ដីឈឺចាប់បំផុត” – តចប់)។ បច្ចុប្បន្នរូបចម្លងនៃប្រាសាទនគរវត្តនេះស្ថិតក្នុងបរិវេណផ្នែកខាងឆ្វេងនៃព្រះឧបោសថ៕

ប្រាសាទនគរវត្តចម្លង តាំងក្នុងបរិវេណវត្តព្រះស្រីរតនសាស្ដារាមទិដ្ឋភាពខាងក្នុងព្រះឧបោសថ

_____________________________________________________
អានផងដែរ៖
១. អំពីវត្តព្រះស្រីរតនសាស្ដារាម ឬវត្តព្រះកែវនៃនគរថៃ
២. អត្ថបទប្រែ៖ នៅពីក្រោយ ព្រះរាជតម្រាស់ រាមាទី៤ រឿងការបាត់បង់ប្រទេសខ្មែរ “ខ្ញុំសូមប្រាប់លោកដោយក្ដីឈឺចាប់បំផុត” – តចប់
៣. និល ទៀង៖ សម្ដេចព្រះសង្ឃរាជទី១ នៃក្រុងកម្ពុជា

ខួប​៥០​ឆ្នាំ​នៃ​ពិធី​សម្ពោធ​មណ្ឌល​សុខភាព​តក្កវិថ ថ្ងៃអាទិត្យ 26 ខែ​មីនា 2017

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៦៧ គឺកាលពី៥០ឆ្នាំមុននេះ សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរបានស្ដេចយាងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមណ្ឌលសុខភាពតក្កវិថ ឯទល់គ្រួស នាខេត្តកោះកុង។ នេះជាសមិទ្ធផលដ៏ថ្លៃថ្នាមួយទៀតនៃរបបសង្គម ដែលបានសម្រេចលទ្ធផលផ្នែកសុខុមាលភាពជូនប្រជារាស្ត្រដាច់ស្រយាលតាមទីជនបទនានានៃព្រះនគរ ដើម្បីទទួលបានការរក្សាសុខភាពទាន់សម័យមួយដូចបណ្ដាប្រជារាស្ត្រឯទៀតនៅតាមទីប្រជុំជននានាផងដែរ៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

ត្រឡប់​មក​ស្រុក​ថៃ​វិញ ថ្ងៃសៅរ៍ 25 ខែ​មីនា 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
4 comments

ថ្ងៃនេះ (២៥ មីនា ២០១៧) ខ្ញុំបានធ្វើដំណើរត្រឡប់មកស្រុកថៃវិញហើយ ដោយបញ្ចប់ទាំងស្រុងនូវការបំពេញការងារទាំងនៅស្រុកខ្មែរ និងនៅវៀតណាម។

ព្រឹកមិញនេះងើបយឺតស្ទើរតែខកជើងយន្តហោះ ដោយចំណាយពេលប្រមាណ១៥នាទីប៉ុណ្ណោះ ទាំងងូតទឹក ញ៉ាំអាហារពេលព្រឹក និងឆែកអោតពីសណ្ឋាគារ។ តែដោយសារចម្ងាយផ្លូវពីសណ្ឋាគារទៅអាកាសយានដ្ឋានមិនឆ្ងាយប៉ុន្មានហើយផ្លូវក៏មិនស្ទះដូចនៅស្រុកខ្មែរទៀត ពីសណ្ឋាគារទៅចំណាយពេលតែប្រមាណ២០នាទីប៉ុណ្ណោះដល់អាកាសយានដ្ឋានហើយ។

ខ្ញុំចេញដំណើរពីព្រៃនគរតាមជើងយន្តហោះថៃ អ៊ែរវេយ៍ លេខ TG551 ចេញមកបាងកក និងបន្តដោយថៃស្មើល៍ លេខ WE 36 ដោយមកដល់ផ្ទះវិញនៅម៉ោងប្រមាណ៩យប់៕


តាមផ្លូវទៅអាកាសយានដ្ឋាន

រង់ចាំចេញដំណើរ

យន្តហោះជិះព្រឹកមិញ

នៅលើយន្តហោះថៃ អ៊ែរវេយ៍

អាហារលើយន្តហោះថៃ អ៊ែរវេយ៍ មានតែប៉ុណ្ណឹង

នៅលើយន្តហោះថៃ ស្មើល

អាហារសម្រន់លើយន្តហោះថៃ ស្មើល

_________________________________________________
អានផងដែរ៖
១. ទៅនគរកម្ពុជាក្រោម
២. ទៅខេត្តក្រមួនស និងទឹកខ្មៅ
៣. ទៅខេត្តព្រែកឫស្សី
៤. មកស្រុកខ្មែរ

%d bloggers like this: