jump to navigation

ខួប​ឆ្នាំ​ទី​១០ សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​មហា​ឃោសនន្ទ វ៉ា យ៉ាវ ថ្ងៃអាទិត្យ 12 ខែ​មីនា 2017

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
3 comments

ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នេះ មានរយៈពេល១០ឆ្នាំគត់ នៃការចូលទិវង្គតនៃខេមរបព្វជិតមួយព្រះអង្គដែលទទួលបានការគោរព និងស្រឡាញ់ និងមានព្រះនាមល្បីរន្ទឺទាំងថ្នាក់ជាតិ និងអន្តរជាតិ នាសម័យខ្មែរទំនើប នោះគឺសម្ដេចព្រះមហាឃោសនន្ទ វ៉ា យ៉ាវ។ ព្រះអង្គមានព្រះកិត្តិនាមយ៉ាងល្បីល្បាញ ក្នុងការធ្វើធម្មយាត្រាដើម្បីសន្តិភាព នៅក្នុងពេលដែលនគរកម្ពុជាកំពុងពើបប្រទះនឹងសង្គ្រាមផ្ទៃក្នុងយ៉ាងធំធេង កាលពីទសវត្សរ៍១៩៨០ និង៩០។

សម្តេចព្រះមហាឃោសានន្ទ វ៉ា យ៉ាវ ប្រសូតនៅថ្ងៃ១៥កើត ពេញបូណ៌មីខែមិគសិរ ឆ្នាំឆ្លូវ សប្តស័ក ព.ស.២៤៦៩ ត្រូវនឹងគ.ស.១៩២៥ រជ្ជកាលព្រះបាទស៊ីសុវត្ថិ មុនីវង្ស។ក្នុងត្រកូលកសិករមួយនៅភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ ស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ បិតានាមចាយ និងមាតានាម វ៉ា ស៊ាង លោកជាបុត្រទោលតែម្នាក់គត់នៅក្នុងគ្រួសារនេះ។ មជ្ឈមណ្ឌលនៃសហគមន៍សង្ឃខ្មែរ ព្រះពុទ្ធសាសនានៅរដ្ឋ Massachusetts បានផ្ដល់ព័ត៌មានថា សម្តេចព្រះមហាឃោសនន្ទ ប្រសូតថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩១៣ ប៉ុន្តែអាជ្ញាធរខ្មែរបានកែប្រែបញ្ជីកំណើតដើម្បីផ្ដល់លទ្ធភាពថ្វាយព្រះអង្គនិមន្តទៅបន្តការសិក្សា ថ្នាក់បណ្ឌិតនៅប្រទេសឥណ្ឌានាឆ្នាំ១៩៥៣។

កាលពីកុមារភាព ព្រះអង្គមានការចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើផ្នែកសាសនា ហើយនៅអាយុ៨ឆ្នាំ បានទៅធ្វើជាក្មេងវត្ត ដោយមានការសិក្សារៀនសូត្រអក្សរខ្មែរ និងលេខនព្វន្ត។ កុមារនេះបានបម្រើព្រះសង្ឃយ៉ាងចិត្តទុកដាក់ ធ្វើឱ្យព្រះសង្ឃពេញព្រះទ័យជាខ្លាំង។ដល់អាយុ១៤ឆ្នាំត្រូវបានចូលបួសជាសមណេរ។បន្ទាប់មកបានសិក្សា ព្រះពុទ្ធសាសនា និងគម្ពីរភាសាបាលី ក្នុងមូលដ្ឋានរហូតដល់ឆ្នាំ១៩៣០ បាននិមន្តមកភ្នំពេញ ដើម្បីចូលរួមប្រឡងដេញប្រយោគផ្ទាល់មាត់ផ្នែកព្រះពុទ្ធសាសនា និង ភាសាបាលី នៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។ អានបន្ថែម ចុចទីនេះ

ព្រះមហាឃោសនន្ទ ទ្រង់បានដើរតួនាទីយ៉ាងសំខាន់បន្ទាប់ពីការរលំទៅនៃរបបខ្មែរក្រហម ដោយព្រះអង្គបានជួយស្តាឡើងវិញទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ។ នៅឆ្នាំ ១៩៨០ ព្រះអង្គជាតំណាង ប្រជាជនកម្ពុជាភៀសខ្លួន នៅឯអង្គការសហប្រជាជាតិ។

នៅឆ្នាំនោះផងដែរ ព្រះអង្គ និងរួមនិងលោកឪពុក Peter Lawrence Pond បានរួមគ្នាបង្កើត បេសកកម្មអន្តរសាសនាដើម្បីសន្តិភាពនៅកម្ពុជា (Inter-Religious Mission for Peace in Cambodia)។ រូបលោកទាំងពីរបានប្រមែប្រមូល ព្រះសង្ឃនិងដូនជីដែលនៅរស់រានមានជីវិតដើម្បីបន្តជំនឿរបស់ពួកគាត់តទៅទៀត ដើម្បីទៅគ្រប់គ្រងវត្តអារាមនានាដែលនៅពាសពេញប្រទេស។ អានបន្ថែម ចុចទីនេះ

  • ធម្មយាត្រា

នៅឆ្នាំ ១៩៩២ ឆ្នាំដំបូងដែលអង្គការសហប្រជាជាតិចាប់ផ្ដើមជំនួយដល់កិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសកម្ពុជា ព្រះមហាឃោសនន្ទ បានចាប់ផ្ដើម ធម្មយាត្រា ដើម្បីស្តាឡើងវិញនូវសេចក្ដីសង្ឃឹម និងជំនឿចិត្តនៃប្រជាជនកម្ពុជា។

ព្រះអង្គតែងតែត្រូវបានគេហៅដោយគោរពថា «គន្ធីកម្ពុជា»។ ព្រះអង្គ ត្រូវបានប្រធានគណៈកម្មការទំនាក់ទំនងអន្តរជាតិនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក ក្លៃបន ផេល (Claiborne Pell) ដាក់ឈ្មោះដើម្បីទទួល ពានរង្វាន់ណូបែលសន្តិភាព (Nobel Peace Prize)។ ព្រះអង្គ ក៏ត្រូវបានដាក់ឈ្មោះបន្តបន្ទាប់គ្នានៅឆ្នាំ ១៩៩៥, ១៩៩៦, និង ១៩៩៧ ដោយសារកិច្ចការប្រឹងប្រែងបង្រួបបង្រួមសន្តិភាពនៅប្រទេសកម្ពុជាឡើងវិញ។ អានបន្ថែម ចុចទីនេះ

សម្ដេចព្រះមហាឃោសនន្ទ វ៉ា យ៉ាវ ក្នុងក្បួនធម្មយាត្រាដើម្បីសន្តិភាពនៅកម្ពុជា កាលពីទសវត្សរ៍១៩៩០។ រូប៖ centrepeaceconflictstudies

  • ព្រះទិវង្គត

សម្ដេចព្រះមហាឃោសនន្ទ ព្រះអង្គបានសុគតនៅថ្ងៃចន្ទ ៩រោច ខែផល្គុន ឆ្នាំច អដ្ឋស័ក ព.ស.២៥៥០ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០០៧ វេលាម៉ោង៨និង១៥នាទីព្រឹក នៅមន្ទីរពេទ្យ North Hampton រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក ក្រោមការសោកស្ដាយយ៉ាងធំធេងពីពុទ្ធសាសនិកទាំងក្នុង និងក្រៅប្រទេស។

បន្ទាប់ពីការចូលទិវង្គតនៃព្រះអង្គមក មានការព្រមព្រៀងពីព្រះសង្ឃ និងពុទ្ធបរិស័ទទូទាំងប្រទេសក្នុងការនិមន្តដឹកព្រះសពព្រះអង្គមកប្រទេសកម្ពុជាដើម្បីធ្វើបុណ្យតាមប្រពៃណីស័ក្ដិសមនឹងព្រះកិត្តិនាមព្រះអង្គ។ ព្រះរាជរដ្ឋាភិបាលតាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រីក៏បានចេញសេចក្ដីសម្រេច ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៧ ដើម្បីឲ្យក្រសួងធម្មការ និងសាសនា រៀបចំសម្របសម្រួលដឹកព្រះសពមកប្រទេសកម្ពុជា ដើម្បីធ្វើបុណ្យ។ ទោះបីជាយ៉ាងនេះក្ដី រយៈពេល១០ឆ្នាំមកហើយ ព្រះសពរបស់ព្រះអង្គមិនទាន់ត្រូវបាននិមន្តដឹកមកប្រទេសដើម្បីធ្វើបុណ្យតាមប្រពៃណីនៅឡើយទេ៕

ព្រះសពសម្ដេចព្រះមហាឃោសនន្ទសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល

______________________________________________________
អានផងដែរ៖
១. ទស្សនៈសម្ដេចព្រះមហាឃោសនន្ទ

Advertisements
%d bloggers like this: