jump to navigation

វត្ត​ព្រះ​កែវ​ក្រុង​ទេព និង​ទំនាក់​ទំនង​នគរ​ខ្មែរ ថ្ងៃចន្ទ 27 ខែ​មីនា 2017

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ภาษาไทย.
7 comments

ប្រសិនបើយើងមិននិយាយដល់រឿងព្រះកែវមរកតនោះទេ វត្តព្រះស្រីរតនសាស្ដារាម ឬវត្តព្រះកែវ ឯក្រុងទេពមហានគរ (បាងកក) ក៏នៅមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងនគរខ្មែរយើង យ៉ាងហោចណាស់នូវព្រឹត្តិការណ៍ចំនួនពីរធំៗដែរ។

ដូចដែលយើងបានដឹងស្រាប់ កាលពីគ្រាដែលព្រះនគរយើងធ្លាក់ដុនដាបរហូតស្ទើរផុតរលត់ពីផែនទីលោក និងធ្លាក់ក្រោមការត្រួតត្រាពីនគរជិតខាង មានយួន និងសៀមនោះ បណ្ដាលអ្នកមុខអ្នកការខ្មែរមួយចំនួន រហូតដល់ទៅរាជវង្សានុវង្សត្រូវសៀមកៀងគរទៅស្រុកខ្លួន ព្រមទាំងទទួលបានការទំនុកបម្រុងពីព្រះចៅក្រុងសៀមក្នុងនាមជារដ្ឋអារក្ខា។

តាមព្រះរាជប្រវត្តិសម្ដេចព្រះមហាសង្ឃរាជទី១នៃក្រុងកម្ពុជាយើង ព្រះនាម និល ទៀង បន្ទាប់ពីត្រូវបានកៀរយកទៅនៅស្រុកសៀមតាំងតែពីព្រះជន្មបាន៨ឆ្នាំនោះ ព្រះអង្គត្រូវបានទទួលការទំនុកបម្រុងរៀនសូត្រ និងបានបួសក្នុងព្រះពុទ្ធសាសនាតាមទំនៀម តាំងពីសាមណេរភាព នៅនគរថៃនេះឯង។ រហូតដល់ព្រះជន្មបាន២១វស្សា គឺក្នុងឆ្នាំរោង ព.ស.២៣៨៨ គ.ស.១៨៤៤ ព្រះអង្គត្រូវបានព្រះចៅក្រុងសៀម ព្រះបាទសម្ដេចព្រះន័ងក្លៅចៅយូហួ ឬរាមាទី៣ ទ្រង់ព្រះរាជានុញ្ញាតឲ្យព្រះអង្គ ចូលបំពេញឧបសម្បទា ក្នុងនាគខ្នានព្រះរាជទ្រព្យ នៅវត្តព្រះស្រីរតនសាស្ដារាម នេះឯងផង។

ព្រឹត្តិការណ៍ទី២នោះគឺវត្តមាននៃកូនប្រាសាទនគរវត្តនៅក្នុងបរិវេណនៃវត្ត។ នៅគ.ស.១៨៦០ ស្ដេចសៀម ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ ឬរាមាទី៤ បានបញ្ជាឲ្យមានការសាងសង់រូបចម្លងប្រាសាទនគរវត្តដើម្បីយកមកដាក់តាំងនៅក្នុងបរិវេណនៃវត្ត ក្រោយពីការប៉ុនប៉ងរបស់ព្រះអង្គក្នុងការរុះរើប្រាសាទខ្មែរយកទៅស្រុកថៃត្រូវបានបរាជ័យនោះ (អានប្រកាស៖ អត្ថបទប្រែ៖ នៅពីក្រោយ ព្រះរាជតម្រាស់ រាមាទី៤ រឿងការបាត់បង់ប្រទេសខ្មែរ “ខ្ញុំសូមប្រាប់លោកដោយក្ដីឈឺចាប់បំផុត” – តចប់)។ បច្ចុប្បន្នរូបចម្លងនៃប្រាសាទនគរវត្តនេះស្ថិតក្នុងបរិវេណផ្នែកខាងឆ្វេងនៃព្រះឧបោសថ៕

ប្រាសាទនគរវត្តចម្លង តាំងក្នុងបរិវេណវត្តព្រះស្រីរតនសាស្ដារាមទិដ្ឋភាពខាងក្នុងព្រះឧបោសថ

_____________________________________________________
អានផងដែរ៖
១. អំពីវត្តព្រះស្រីរតនសាស្ដារាម ឬវត្តព្រះកែវនៃនគរថៃ
២. អត្ថបទប្រែ៖ នៅពីក្រោយ ព្រះរាជតម្រាស់ រាមាទី៤ រឿងការបាត់បង់ប្រទេសខ្មែរ “ខ្ញុំសូមប្រាប់លោកដោយក្ដីឈឺចាប់បំផុត” – តចប់
៣. និល ទៀង៖ សម្ដេចព្រះសង្ឃរាជទី១ នៃក្រុងកម្ពុជា
៤. អត្ថបទ​ប្រែ ៖ “ព្រះ​កែវ​មរកត” នៅ​ព្រះ​បរម​រាជ​វាំង​ភ្នំពេញ ខុស​គ្នា​ពី​ថៃ​ទេ? វត្ថុ​ក្នុង​ព្រះ​វិហារ​មាន​តម្លៃ​ប៉ុន្មាន​?

Advertisements
%d bloggers like this: