jump to navigation

ភីលីព្ពីនស៍​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០ ថ្ងៃអាទិត្យ 30 ខែ​មេសា 2017

Posted by សុភ័ក្ត្រ in អាស៊ាន.
15 comments

នានាប្រទេសក្រុងម៉ានីល, ប្រទេស​ភីលីព្ពីនស៍ – កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០ បាន​បើក​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​មេសា ឆ្នាំ​២០១៧ ម្សិល​មិញ​នេះ​នៅ​ឯ​សាល​មជ្ឈមណ្ឌល​សន្និសីទ​ជាតិ​ភីលីព្ពីនស៍ នា​ទី​ក្រុង​ម៉ានីល ប្រទេស​ភីលីព្ពីនស៍​។

ប្រធានាធិបតី​ភីលីព្ពីនស៍ លោក រ៉ូឌ្រីហ្កូ ឌុតើរតេ បាន​ធ្វើ​ការ​ស្វាគមន៍​ប្រមុខ​រដ្ឋ និង​រដ្ឋាភិបាល​ពី​ប្រទេស​ទាំង​៩​ទៀត​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (​អាស៊ាន​) ដែល​បាន​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​នេះ​។

កិច្ច​ប្រជុំ​កំពូល​លើក​ទី​៣០​នេះ មេ​ដឹក​នាំ​កំពូល​សមាគម​នឹង​ធ្វើ​ការ​ពិភាក្សា​ស្ដី​អំពី​ការ​អនុវត្ត​ទស្សន​វិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥ ការ​បន្ត​ឆ្ពោះ​ទៅ​មុខ ទំនាក់​ទំនង​អន្តរជាតិ និង​ទិស​ដៅ​អនាគត​៕

មេដឹកនាំអាស៊ានទាំង១០ប្រទេសថតរូបក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ភីលីព្ពីនស៍

_______________________________________________
អានព័ត៌មាន
១. ទីបំផុតកិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ ក៏បានចាប់ផ្ដើម
២. ថៃបើកប្រជុំកំពូលអាស៊ានលើកទី១៥ ទាំងរញ៉េរញ៉ៃ
៣. កិច្ចប្រជុំកំពូលអាស៊ានគ្រាទី១៦ បានបើកនៅក្រុងហាណូយ
៤. ហាណូយបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី១៧
៥. ចាការតា បើកកិច្ចប្រជុំកំពូលអាស៊ាន គ្រាទី១៨
៦. កិច្ចប្រជុំកំពូលអាស៊ានគ្រាទី១៩ បើកជាផ្លូវការនៅឥណ្ឌូណេស៊ី
៧. កម្ពុជាបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២០
៨. កិច្ចប្រជុំកំពូលអាស៊ានទី២១ បើកនៅក្រុងភ្នំពេញ
៩. ប្រ៊ុយណេបើកជាផ្លូវការកិច្ចប្រជុំកំពូលអាស៊ាន គ្រាទី២២
១០. កិច្ចប្រជុំកំពូលអាស៊ាន លើកទី២៣ បើកនៅប៊្រុយណេ
១១. ភូមាចាត់ប្រជុំកំពូលអាស៊ានលើកទី២៤ ជាប្រវត្តិសាស្ត្រ
១២. កិច្ចប្រជុំអាស៊ានលើកទី២៥ បានចាប់ផ្ដើមនៅភូមា
១៣. កិច្ចប្រជុំកំពូលអាស៊ាន លើកទី២៦ ចាប់ផ្ដើមនៅម៉ាឡេស៊ី
១៤. បើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៧
១៥. បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៨ និង​២៩ នៅ​វៀងចន្ទន៍

Advertisements

មក​ស្រុក​ខ្មែរ ថ្ងៃសៅរ៍ 29 ខែ​មេសា 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
1 comment so far

ព្រឹក​មិញ​នេះ (​២៩ មេសា ២០១៧​) ខ្ញុំ​បាន​ត្រឡប់​មក​ស្រុក​ខ្មែរ ដើម្បី​បំពេញ​ការ​ងារ​ចាំ​បាច់​មួយ​ចំនួន​។ ដោយ​ចេញ​ពី​ក្រុង​បាងកក​នៅ​ម៉ោង​ប្រមាណ​៦កន្លះ​តាម​ជើង​យន្តហោះ​អ៊ែរ​អាស៊ី​លេខ FD 608 ក៏​បាន​មក​ដល់​ក្រុង​ភ្នំពេញ​នៅ​ម៉ោង​ជាង​៧​កន្លះ​ដោយ​សុវត្ថិភាព​៕

រង់​ចាំ​ឡើង​យន្តហោះ
យន្តហោះ​ជិះ​ព្រឹក​មិញ
នៅ​លើ​យន្តហោះ​ព្រឹក​មិញ
ភេសជ្ជៈ​ហ្វ្រី​ព្រឹក​មិញ
មក​ដល់​ភ្នំពេញ

__________________________________________________________
អាន​ផង​ដែរ​៖
១. ត្រឡប់​មក​ស្រុក​ថៃ​វិញ

ទេវតា​ឆ្នាំ​រកា នៅ​ថៃ និង​ខ្មែរ ឆ្នាំ​នេះ​ខុស​គ្នា ថ្ងៃសុក្រ 28 ខែ​មេសា 2017

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, ภาษาไทย, ພາສາລາວ.
3 comments

សម្រាប់​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដែល​ទើប​តែ​កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​រឿង​មួយ​ដែល​គួរ​ដឹង និង​ស្វែង​យល់​នោះ​គឺ​ទំនៀម​ទេវតា​រវាង​ថៃ និង​ខ្មែរ​ខុស​គ្នា​។ សម្រាប់​ឆ្នាំ​រកា​នេះ ទេវតា​ដែល​យាង​ចុះ​មក​តាម​ទំនាយ​មហា​សង្ក្រាន្ត​ខ្មែរ​នោះ​គឺ​ព្រះ​នាង​ កិមិរាទេវី ជាបុត្រីទី៦នៃកបិលមហាព្រហ្ម (​ដូច​គ្នា​និង​នៅ​លាវ​ដែរ​) ដោយ​ឡែក​ឯ​ប្រទេស​ថៃ​វិញ​គឺ​ព្រះ​នាង​ កិរិណីទេវី (ថៃ​៖ กิริณีเทวี) ជា​បុត្រី​ទី​៥ នៃកបិលមហាព្រហ្ម​ទៅ​វិញ​។ តើ​ហេតុ​អ្វី​បាន​ជា​មាន​ការ​ខុស​គ្នា​បែប​នេះ​។

ប្រសិន​បើ​យើង​ពិនិត្យ​មើល​ការ​ចូល​មក​ដល់​ឆ្នាំ​ថ្មី គឺ​សង្ក្រាន្ត​សម្រាប់​ឆ្នាំ​នេះ ចូល​មក​នៅ​ម៉ោង​ប្រមាណ​២​ភ្លឺ នៃ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​មេសា ឆ្នាំ​២០១៧ ហើយ​ដែល​រាប់​តាម​ប្រតិទិន និង​ម៉ោង​សាកល​នោះ គឺ​ចូល​ថ្ងៃ​សុក្រ ទី​១៤ ខែ​មេសា ឆ្នាំ​២០១៧ ហើយ ដ្បិត​រាប់​ចាប់​ពី​ម៉ោង​០០.០១ ទៅ ចូល​ដល់​ថ្ងៃ​ថ្មី​​។ ដោយ​ទំនង​អាស្រ័យ​ហេតុ​នេះ​ហើយ ទើប​ទំនាយ​សង្ក្រាន្ត​ខ្មែរ រាប់​យក​ថ្ងៃ​សុក្រ តាម​ម៉ោង​សាកល ដែល​ជា​ហេតុ​ធ្លាក់​ទៅ​លើ​ទេវតា នាម កិមិរាទេវី នេះ​ឯង​។

ក៏​ប៉ុន្តែ​នៅ​ឯ​នគរ​ថៃ​ឯណុះ​វិញ ទំនាយ​សង្ក្រាន្ត​មិន​បាន​យក​ថ្ងៃ​សុក្រ ទេ បើ​ទោះ​បី​ជា​សង្ក្រាន្ត​ចូល​មក​ចំ​ពេល​ព្រឹក​ថ្ងៃ​សុក្រ ទី​១៤ ខែ​មេសា ឆ្នាំ​២០១៧ តាម​ប្រក្រតិ​ទិន​សាកល​ដូច​ខ្មែរ​ដែរ​នោះ (សង្ក្រាន្ត​ថៃ ចូល​មក​នៅ​ម៉ោង​២ និង​៤៩​នាទី ១២​វិនាទី​)​។ ការ​រាប់​សង្ក្រាន្ត​ថៃ​ត្រូវ​បាន​រាប់​តាម​ទំនៀម​ហោរា​សាស្ត្រ​បែប​បុរាណ ដោយ​មិន​ទាន់​រាប់​ចូល​ថ្ងៃ​ថ្មី​នៅ​ឡើយ (​ថ្ងៃ​សុក្រ) ដ្បិត​ថ្ងៃ​​មិន​ទាន់​រះ​។ ហេតុ​ដូច​នេះ​ថៃ​រាប់​ជា​ថ្ងៃ​ព្រហស្បតិ៍ ដែល​ជា​ហេតុ​ធ្លាក់​ទៅ​លើ​ទេវតា​ នាម កិរិណីទេវី ទៅ​វិញ​។

ទាំង​នេះ​ហើយ​ជា​ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​ឆ្នាំ​រកា​នេះ ទំនៀម​ទេវតា​ឆ្នាំ​ថ្មី ឬ​ថៃ​ហៅ​ថា​នាង​សង្ក្រាន្ត​មាន​ការ​ខុស​គ្នា​។ ដោយ​ឡែក​នៅ​ឯ​នគរ​លាវ​ឯណុះ​​វិញ​ ការ​រាប់​ចូល​ឆ្នាំ​ថ្មី​មាន​លក្ខណៈ​ដូច​នឹង​ខ្មែរ​ដែរ ដោយ​ទេវតា​ឆ្នាំ​ថ្មី​នេះ ឬ​នាង​សង្ក្រាន្ត​លាវ គឺ ព្រះ​​នាង កិមិរាទេវី ដែរ​៕

រូប​គំនូរ​ស្ដី​អំពី​ទេវតា​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ សម្រាប់​ឆ្នាំ​នេះ ព្រះ​នាង​ កិមិរាទេវី (​រូប៖ ថៃ សាន)

រូប​គំនូរ​ស្ដី​អំពី​ទេវតា​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ថៃ សម្រាប់​ឆ្នាំ​នេះ ព្រះ​នាង កិរិណីទេវី

_______________________________________________________________________
អាន​ផង​ដែរ​៖
១. មហាសង្ក្រាន្តថៃ ពុទ្ធសករាជ ๒๕๖๐
២. មហា​សង្ក្រាន្ត​ឆ្នាំ​រកា នព្វ​​ស័ក ពុទ្ធសករាជ​២៥៦១
៣. អំពី​គំនូរ​ទេព​ធីតា​សង្ក្រាន្ត
៤. ឆ្នាំ​នេះ​ខ្មែរ និង​ថៃ ធ្វើ​បុណ្យ​មាឃ​បូជា និង​វិសាខ​បូជា ខុស​ថ្ងៃ​ខែ​គ្នា

ខួប​ឆ្នាំ​ទី​១១១ បរម​រាជាភិសេក ព្រះ​ករុណា ព្រះ​បាទ​​សម្ដេច​ព្រះ​សិរីសុវត្ថិ ចម​ចក្រ​ពង្ស ថ្ងៃ​ព្រហស្បតិ៍ 27 ខែ​មេសា 2017

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
add a comment

ថ្ងៃពុធ ទី២៧ ខែមេសា គ.ស.២០១៧ នេះ មានរយៈពេល១១១ឆ្នាំគត់ នូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយទៀតសម្រាប់ព្រះនគរខ្មែរ នោះគឺព្រះរាជពិធីបរមរាជាភិសេកជាផ្លូវការ ព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ជាផ្លូវការ។ ព្រះរាជពិធីនេះប្រព្រឹត្តទៅរយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃចន្ទ ១៥កើត រហូតដល់ថ្ងៃសៅរ៍ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ចុល្លសករាជ១២៦៧ ពុទ្ធសករាជ២៤៤៩ ត្រូវនឹងថ្ងៃទី២៣ ដល់២៨ ខែមេសា ឆ្នាំ១៩០៦។

ព្រះរាជពិធីកាលពី១១០ឆ្នាំមុននោះ ទំនងជាព្រះរាជពិធីធំជាប្រវត្តិសាស្ត្របន្ទាប់ពីព្រះនគរបានសុខសាន្តត្រាន នឹងត្រូវបានរៀបចំឡើងយ៉ាងសមព្រះកិត្តិយសតាមបែបផែនបូរាណខត្តិយរាជបវេណីល្អឥតខ្ចោះ ទាំងតាមទំនៀមព្រាហ្មណ៍បុរាណ និងពុទ្ធសាសនា។

តាមសៀវភៅកំណត់ហេតុនៃព្រះរាជពិធីបានឲ្យដឹងថា នៅថ្ងៃចន្ទ ទី២៣ ខែមេសា ដែលជាថ្ងៃទី១ នៃព្រះរាជពិធីនេះ នៅឯព្រះប្រាសាទទេវាវិនិច្ឆ័យ មានចាត់ពិធីសក្ការៈទេវរូបធំតូចដោយព្រាហ្មណ៍ព្រះរាជគ្រូជាប្រមុខ។ បណ្ដាសេនាបតី និងខ្ញុំរាជការថ្នាក់ខ្ពស់ បានចូលទៅដាក់តាំងតុបូជាពេញមហាប្រាសាទ។ ឯនៅតាមលំនៅដ្ឋានប្រជាជន ខ្ញុំរាជការ និងហាងលក់ដូរវិញ ក៏មានការតុបតែងប្រដាប់ប្រដាចងទង់ ដាក់គោមបំភ្លឺយ៉ាងចិញ្ចាចទូទាំងព្រះនគរ។

នាថ្ងៃទី២ នៃព្រះរាជពិធីព្រះករុណា ព្រះបាទសិរីសុវត្ថិ ស្ដេចយាងចេញមកសក្ការទេវរូប ដោយមានសម្ដេចព្រះមហាសង្ឃរាជាគណាធិបតី គណៈមហានិកាយ រួមផង ស្ដេចយាងអុជទៀនជ័យ នៅក្នុងបរិវេណ ព្រះទីន័ងទេវាវិនិច្ឆ័យផង។

ព្រះរាជពិធីបានប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី៥ គឺជាថ្ងៃធំ ដែលត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩០៦។ ព្រះរាជពិធីចូលតាំងពីព្រឹកព្រលឹម ដោយមានតំណាងរដ្ឋាភិបាលបារាំងសែស រ៉េស៊ីដង់ស៊ុបបេរីយើ ព្រមទាំងព្រះរាជវង្សានុវង្ស សេនាបតី ខ្ញុំរាជការគ្រប់ជាន់ថ្នាក់បានមកប្រជុំគ្នាឯព្រះទីន័ងទេវាវិនិច្ឆ័យ។ បន្ទាប់ពីក្រុមរាជគ្រូអានប្រកាសអញ្ជើញស្ដេចឡើងសោយរាជ្យសម្បត្តិហើយ ទ្រង់ក៏បានឡើងទៅគង់នៅលើបល្ល័ង្ករត្ន ក្រោមព្រះមហាស្វេតច្ឆត្រ៩ជាន់ ដោយមានព្រះរាជពិធីប្រកាសព្រះសុវណ្ណប័ដ និងថ្វាយគ្រឿងរាជបញ្ចកកុធភ័ណ្ឌ រួចទ្រង់មានព្រះបឋមបរមរាជឱង្ការ សូរេចព្រះរាជពិធីបរមរាជាភិសេកជាផ្លូវការ។

ព្រះករុណា ព្រះសិរីសុវត្ថិ ព្រះអង្គមានព្រះបរមនាមក្នុងរាជ្យថា៖ «ព្រះករុណា ព្រះបាទ សម្ដេចព្រះសិរីសុវត្ថិ ចមចក្រពង្ស ហរិរក្សបរមិន្ទ្រ ភូវន័យក្រៃកែវហ្វា សុលាល័យ ព្រះចៅក្រុងកម្ពុជាធិបតី»។

ស្ដេចឡើងប្រថាប់លើព្រះមហាបល្ល័ង្ក ក្នុងថ្ងៃបរមរាជាភិសេក
ព្រះរាជពិធីដង្ហែព្រះមហាក្សត្រិយ៍អង្គថ្មីជុំវិញព្រះនគរ

នៅថ្ងៃទី៦ ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបរមរាជាភិសេក ត្រូវនឹងថ្ងៃទី២៨ ខែមេសា គ.ស.១៩០៦ ដែលជាថ្ងៃសៅរ៍ នោះ គឺជាថ្ងៃព្រះរាជពិធីប្រទក្សិណព្រះនគរដង្ហែព្រះមហាក្សត្រិយ៍អង្គថ្មី តាមបុរាណរាជបវេណី។

ព្រះរាជពិធីចូលតាំងពីម៉ោង៧ព្រឹក ស្ដេចយាងចេញពីព្រះមហារាជវាំងទ្រង់គ្រឿងតែងព្រះអង្គសម្រាប់ថ្ងៃសៅរ៍។ ទ្រង់មហាមកុដ ស្ដេចឡើងប្រថាប់លើព្រះសលៀង រួចកាំភ្លើងធំបាញ់គំនាប់២១ណាត់ ព្រះរាជពិធីបានចាប់ផ្ដើម។ នៅក្នុងពេលដង្ហែព្រះអង្គក៏បានបាចផ្កាថ្កុលមាសថ្កុលប្រាក់ផងដែរ។ បន្ទាប់ពីក្បួនដង្ហែបានមកដល់ព្រះពន្លាឯស្ពាននាគ មានព្រាហ្មណ៍ប្រារព្ធពិធីថ្វាយទឹកព្រះមន្តរួចរាល់រួច ព្រះអង្គបានយាងទៅប្រថាប់ឯរថព្រះទីន័ងសម្រាប់ក្សត្រិយ៍ប្រដាប់បល្ល័ង្ក៣ជាន់ ដោយមានគ្រឿងប្រដាប់យ៉ាងវិចិត្រ និងមានដំបូល ព្រមកំពូលហៅថាព្រះមហាមកុដបេញ្ចកុដ។ ព្រះទីន័ងនេះមានបរដោយសេះ៦ក្បាល និងសារថី២រូប។

ក្បួនបានបន្តរហូតដល់សង្កាត់កាតូលិក ដែលមានព្រះពន្លា ព្រាហ្មណ៍ប្រារព្ធពិធីដូចគ្រាមុន។ រួចហើយទ្រង់បានផ្លាស់ព្រះមហាមកុដជាព្រះមហាមាលា រួចស្ដេចឡើងជិះសេះព្រះទីន័ង រហូតដល់ការិយាល័យរ៉េស៊ីដង់។ បន្ទាប់មកក្រុមព្រាហ្មណ៍ក៏បានធ្វើពិធីដូចគ្រាមុនរួចរាល់ហើយ ភ្នាក់ងាររាជវាំងបាននាំយកព្រះមាលាថ្មី (ព្រះមាលាទ្រង់ប្រពាស) ដើម្បីផ្លាស់ប្ដូរ។ ព្រះអង្គទ្រង់ស្ដេចឡើងជិះដំរីព្រះទីន័ង កម្ពស់៣ម៉ែត្រ៤០ ប្រដាប់ដោយគ្រឿងមាស។ ទ្រង់ប្រថាប់លើព្រះបល្ល័ង្កសយ្យាប្រដាប់ដែលមានឆ្លាក់ចម្លាក់ព័ណ៌មានយ៉ាងវិចិត្រ។ នៅពេលក្បួនព្រះទីន័ងដង្ហែមកដល់ព្រះបរមរាជវាំងវិញ កាំភ្លើងធំបាញ់គំនាប់២១ណាត់ជាលើកទី២។ នៅពេលថ្ងៃត្រង់នោះដែរ ព្រះអង្គទ្រង់ចាត់លៀងអាហារដល់ភ្ញៀវធំតូចដែលបានចូលរួមក្នុងព្រះរាជពិធី។

ចប់សូរេចព្រះរាជពិធីបរមរាជាភិសេកព្រះករុណាព្រះសិរីសុវត្ថិ តែត្រឹមនេះ។

ព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ព្រះអង្គបានឡើងស្នងរាជ្យបន្តពីព្រះបរមជេដ្ឋាធិរាជ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម បរមរាមាទេវាវតារ បន្ទាប់ពីព្រះអង្គបានយាងសោយព្រះទិវង្គតកាលពីឆ្នាំ១៩០៤ មកម្ល៉េះ រហូតមកដល់ឆ្នាំ១៩០៦ នោះ ទើបព្រះរាជពិធីអភិសេកជាផ្លូវការបានប្រារព្ធឡើង៕៚

_________________________________________
អានផងដែរ៖
១. គ្រឿងរាជបញ្ចកកុធភ័ណ្ឌ
២. ទំនៀម «ព្រះសុវណ្ណប័ដ» នៅក្នុងក្រុងកម្ពុជា និងសៀម
៣. ខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី
៤. ព្រះរាជពិធីថ្វាយព្រះសុគន្ធវារី នាឱកាសបរមរាជាភិសេក
៥. កាសអនុស្សាវរីយ៍បុណ្យរាជាភិសេកហ្លួងសិរីសុវត្ថិ
៦. ទំនៀមពិធីប្រទក្សិណព្រះនគរ ក្នុងព្រះរាជពិធីបរមរាជាភិសេក
៧. អំពីក្បួនហែប្រទក្សិណព្រះនគរ ក្នុងព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះសិរីសុវត្ថិ ចមចក្រពង្ស

សរសើរ​ផ្លូវ​នៅ​ស្រុក​លាវ ថ្ងៃពុធ 26 ខែ​មេសា 2017

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, ພາສາລາວ.
4 comments

ខ្ញុំ​សូម​អនុញ្ញាត​បន្ត​សាច់​រឿង​ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ផ្ទាល់​ខ្លួន​ទៅ​ស្រុក​លាវ​កាល​ពី​រដូវ​បុណ្យ​ចូល​ឆ្នាំ​កន្លង​ទៅ​នេះ​។ តាម​ពិត​ទៅ​ខ្ញុំ​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​នេះ​ម្ដង​ដែល​គឺ​កាល​ពី​៩​ឆ្នាំ​មុន នោះ​គឺ​កាល​ពី​ឆ្នាំ​២០០៨​។ អ្វី​ដែល​អស្ចារ្យ និង​គួរ​អត់​សរសើរ​មិន​បាន​នោះ​គឺ​​ផ្លូវ​ជាតិ​របស់​លាវ តាំង​ពី​ច្រក​ព្រំដែន រហូត​ដល់​​ក្រុង​ធំ​ប៉ាសេ​។

រយៈ​ពេល​ជិត​១០​ឆ្នាំ​ដែល​ខ្ញុំ​បាន​ឆ្លង​កាត់​ទី​នោះ​ម្ដង​ទៀត​នោះ គឺ​ឃើញ​ថា​ផ្លូវ​ជាតិ​របស់​លាវ​មួយ​នេះ គឺ​​នៅ​មាន​សភាព​ល្អ​រឹង​មាំ​សម្បើម​ណាស់ ដោយ​មិន​មាន​ការ​ខូច​ខាត​ជា​អន្លើ​ៗ​ណា​សោះ​ឡើយ​។ ការ​ធ្វើ​ដំណើរ​មាន​សភាព​ងាយ​ស្រួល​ណាស់ ឯ​ថ្នល់​វិញ​មាន​សភាព​រលោង​ស្មើ មិន​មាន​រលក​សោះ​ឡើយ ជា​ហេតុ​​បង្ក​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បើក​បរ​ បើ​ទោះ​បី​ជា​ផ្លូវ​មិន​មាន​សភាព​ធំ​យ៉ាង​ណា​ក៏​ដោយ​។

ចំណែក​ឯ​ផ្លូវ​ប៉ែក​ខាង​កម្ពុជា​វិញ​គឺ​ចាប់​ពី​ក្រចេះ​ទៅ​ស្ទឹង​ត្រែង​ឃើញ​ថា​មាន​ភាព​ខូច​ខាត​ដោយ​អន្លើ​ៗ​អស់​ហើយ​ ឯ​ផ្លូវ​ពី​ស្ទឹង​ត្រែង​មក​ព្រំដែន​វិញ​គឺ​ខូច​ខាត​ស្ទើរ​១០០​ភាគ​រយ​ហើយ នៅ​សល់​តែ​ដី​ហុយ​ប៉ុណ្ណោះ​​។ កាល​ពី​៩​ឆ្នាំ​មុន​ផ្លូវ​នេះ​នៅ​ថ្មី​ទើប​នឹង​កសាង​រួច​។ និយាយ​ទៅ​ពិត​ជា​ធ្វើ​ជាប់​ដូច​គេ​ថា​មិន​ខុស​មែន​។

នៅ​ពេល​ធ្វើ​ដំណើរ​បណ្ដើរ​នឹក​ខ្មាស​លាវ​បន្តិច​ៗ ពេល​​ឃើញ​រថយន្ត​លាវ​ឆ្លង​កាត់​ចូល​ដី​ខ្មែរ​ និង​នឹក​សរសើរ​លាវ ហេតុ​អ្វី​គេ​ធ្វើ​ផ្លូវ​បាន​រឹង​មាំ​ជាប់​បាន​ល្អ​ម្ល៉េះ​៕

ផ្លូវ​ពី​ព្រំដែន​ទៅ​ប៉ាកសេ ប្រទេស​លាវ មាន​សភាព​បែប​នេះ​រហូត​ដល់​ក្រុងផ្លូវ​ពី​ស្ទឹង​ត្រែង​ទៅ​ព្រំ​ដែន​​សល់​តែ​ដី​ក្រហម

__________________________________________________________
អាន​ផង​ដែរ​៖
១. ចប់​វិស្សមកាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី
២. ត្រៀម «​លុយ​» ស្រេច​បាច់​ពេល​ឆ្លង​ដែន​នៅ​ច្រក​ដុង​ក្រឡ
៣. ប្រាក់​រៀល​ខ្មែរ​នៅ​ក្នុង​ប្រទេស​លាវ​ភាគ​ខាង​ត្បូង
៤. ប្រាសាទ​វត្ត​ភូ ចម្ប៉ា​ស័ក្ដិ៍

ថៃ​ចេញ​កំណត់​ថ្ងៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព និង​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍ ថ្ងៃអង្គារ 25 ខែ​មេសា 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
16 comments

គំរូ​ព្រះ​មេរុ​មាស​ដែល​ប្រើ​ប្រាស់​សម្រាប់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ

នានាប្រទេសក្រុងទេពមហានគរ, ស្យាមប្រទេស – ថ្ងៃ​នេះ (​២៥ មេសា ២០១៧​) រាជ​ការ​ថៃ​បាន​បើក​បង្ហាញ​ឲ្យ​ដឹង​ជា​ផ្លូវ​ការ​ហើយ នូវ​កំណត់​ស្ដី​អំពី​​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ អតីត​ព្រះ​មហា​ក្សត្រិយ៍ ព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ ព្រះ​ចៅ​ផែន​ដី​ដែល​ជា​ទី​ស្រឡាញ់​នៃ​ប្រជាជន​ថៃ​។ ព្រះ​រាជ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​​ដែល​រំពឹង​ថា​នឹង​​មាន​ប្រជាជន​ថៃ​រាប់​លាន​នាក់​នឹង​ចូល​រួម​។

គណៈ​រដ្ឋមន្ត្រី​ថៃ​បាន​ឲ្យ​ដឹង​ថា ព្រះ​រាជ​ពិធី​បុណ្យ​នឹង​កំណត់​ធ្វើ​រយៈ​ពេល​៥​ថ្ងៃ ដោយ​ចាប់​ពី​ថ្ងៃ​ទី​២៥ រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​។ ដោយ​ថ្ងៃ​ទី​១ (​២៥ តុលា​) ជា​ថ្ងៃ​ចេញ​ព្រះ​មេរុ និង​ថ្ងៃ​ទី​២ ដែល​ជា​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​តុលា ឆ្នាំ​២០១៧ ជា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​​ព្រះ​បរម​សព​។ ថ្ងៃ​ទី​២៧ ខែ​តុលា ជា​ថ្ងៃ​រើស​ព្រះ​បរម​អដ្ឋិ ថ្ងៃ​ទី​២៨ ខែ​តុលា ជា​ថ្ងៃ​បំពេញ​ព្រះ​រាជ​កុសល​ព្រះ​បរម​អដ្ឋិ និង​ថ្ងៃ​ចុង​ក្រោយ (​២៩ តុលា​) និង​មាន​ពិធី​អញ្ជើញ​ព្រះ​បរម​អដ្ឋិ​ទៅ​តម្កល់​ឯ​ព្រះ​ទីន័ង​ចក្រី​មហា​ប្រាសាទ រួច​ចប់​ព្រះ​រាជ​ពិធី​បុណ្យ​។

ដោយ​ឡែក​ថ្ងៃ​ទី​២៦ ខែ​តុលា ដែល​ជា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង រាជការ​ថៃ​បាន​កំណត់​ជា​ថ្ងៃ​ឈប់​ពិសេស ដើម្បី​ទុក​ឱកាស​ឲ្យ​ប្រជាជន​បាន​ចូល​រួម​ព្រះ​រាជ​ពិធី​ផង​ដែរ​។ ក្រៅ​អំពី​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​រយៈ​ពេល​៥​ថ្ងៃ​នេះ រាជការ​ថៃ​​ក៏​នឹង​បន្ត​ចាត់​ពិធី​ពិព័រណ៍​ក្រោយ​​ព្រះ​រាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​រយៈ​ពេល​៣០​ថ្ងៃ​ទៀត គឺ​ពី​ថ្ងៃ​ទី​១ ដល់​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​ឲ្យ​ប្រជាជន​ថៃ​បាន​ចូល​រួម​ទស្សនា​ព្រះ​មេរុ និង​ពិព័រណ៍​ជា​ច្រើន​ផ្សេង​ទៀត ស្ដី​អំពី​អតីត​ព្រះ​មហាក្សត្រិយ៍​។

បច្ចុប្បន្ន​នេះ គណៈ​កម្មការ​ជាតិ​រៀប​ចំ​ព្រះ​រាជ​ពិធី​បុណ្យ​របស់​ថៃ​បាន​នឹង​កំពុង​ខ្នះ​ខ្នែង​សាង​សង់​ទី​ព្រះ​មេរុ ដែល​ប្រើ​សម្រាប់​ព្រះ​រាជ​ពិធី ព្រះ​កោដ្ឋ ព្រម​ទាំង​រាជ​រថ​នានា​ជា​ច្រើន​ទៀត បម្រើ​ដល់​ព្រះ​រាជ​ពិធី ដែល​នឹង​ត្រូវ​ចប់​ស្រេច​រួច​រាល់​នៅ​ក្នុង​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​៕​៚​

វឌ្ឍន​ភាព​នៃ​សំណង់​ព្រះ​មេរុ​មាស

____________________________________________________
អានផងដែរ៖
១. ពិធីការតាំងគ្រឿងព្រះបរមសពនៃព្រះចៅផែនដីស្យាម
២. “កោដ្ឋ” គ្រឿងសម្ដែងឥស្សរិយយសនៅក្នុងនគរថៃ
៣. ប្រពៃណី «កោដ្ឋ» នៅក្នុងសង្គមថៃ
៤. បង្ហាញគំរូ «ព្រះមេរុមាស» ព្រះចៅផែនដីថៃ រាមាទី៩
៥. ថៃសាងបដិមាកម្ម១៤ប្រភេទសម្រាប់តុបតែងព្រះមេរុ ព្រះចៅផែនដី
៦. អំពីព្រះកោដ្ឋមាសធំ គ្រឿងប្រកបព្រះឥស្សរិយយស ព្រះចៅផែនដីថៃ រាមាទី៩
៧. ទំនៀម “ការប្រគំយ៉ាំយាម” ក្នុងពិធីបុណ្យព្រះបរមសពព្រះចៅផែនដីសៀម
៨. ថៃ​ចាត់​សាង​ព្រះ​រាជ​រថ​កាំភ្លើង​ធំ​ថ្មី​សម្រាប់​​ដង្ហែ​​ព្រះ​​កោដ្ឋ​​ព្រះ​បរម​សព​ព្រះ​ចៅ​ផែន​ដី​ខ្លួន
៩. មក​មើល​រូប​ភាព​ចម្លង «​ព្រះ​មេរុ​មាស​» ដ៏​អស្ចារ្យ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍​ថៃ
១០. ថៃ​ចេញ​កាស​អនុស្សាវរីយ៍​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​រាមា​ទី​៩

ប្រាក់​រៀល​ខ្មែរ​នៅ​ក្នុង​ប្រទេស​លាវ​ភាគ​ខាង​ត្បូង ថ្ងៃចន្ទ 24 ខែ​មេសា 2017

Posted by សុភ័ក្ត្រ in ພາສາລາວ.
4 comments

សម្រាប់​លោក​អ្នក​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​លាវ នោះ​ប្រាកដ​ណាស់​វា​ចាំ​បាច់​ក្នុង​ការ​ប្ដូរ​ប្រាក់​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​និង​ចាយ​វាយ​។ ប្រទេស​លាវ​ប្រើ​ប្រាស់​រូបិយប័ណ្ណ​ផ្ទាល់​ខ្លួន គឺ​ប្រាក់​គីប ច្រើន​ជាង​ប្រជាជន​ខ្មែរ​ប្រើ​ប្រាស់​ប្រាក់​រៀល​។ ទោះ​បី​ជា​យ៉ាង​នេះ​​ក្ដី ប្រាក់​ដុល្លារ បាទ​ថៃ រួម​ទាំង​ប្រាក់​រៀល​របស់​ខ្មែរ​ក៏​អាច​ប្រើ​ប្រាស់​បាន​ក្នុង​លក្ខខណ្ឌ​មាន​កម្រិត​មួយ​ផង​ដែរ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​លាវ​។

រវាង​ប្រាក់​គីប​លាវ និង​ប្រាក់​រៀល​ខ្មែរ​មាន​តម្លៃ​ខុស​គ្នា​ក្នុង​បរិមាណ​ប្រហាក់​ប្រហែល​គឺ​ហា​សិប​ភាគ​រយ​។ មាន​ន័យ​ថា​ មួយ​រៀល​ខ្មែរ មាន​តម្លៃ​ស្មើ​នឹង​២​គីប​លាវ​។ ហេតុ​ដូច​នេះ​ហើយ​ការ​ចាយ​វាយ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទូទាត់​​។

នៅ​ច្រក​ប្រទល់​ដែល​ទឹក​ដី​លាវ តម្រួត​​លាវ​ទទួល​យក​ប្រាក់​រៀល​ខ្មែរ​ជា​ធម្មតា​ ដោយ​ពួក​គេ​ស្គាល់​ចំនួន​នៃ​តម្លៃ​ទឹក​ប្រាក់​យ៉ាង​ស្ទាត់​ជំនាញ​ផង​ទៀត​។ នៅ​ឯ​ច្រក​កម្សាន្ត​ទឹក​ធ្លាក់​ខនផៈផេង​ក៏​ដូច​គ្នា​ដែរ​។ ការ​ទទួល​ទូទាត់​ប្រាក់​រៀល​នេះ​មានចាប់​តាំង​ពី​ស្ថានីយ​ចាក់​សាំង (​ក្បែរ​ព្រំ​ដែន​) ​រហូត​ដល់​សាមញ្ញជន​អ្នក​ថត​រូប​នៅ​ទី​ប្រាសាទ​វត្ត​ភូ​ឯ​ខេត្ត​ចម្បាស័ក្ដិ៍ ក៏​ទទួល​យក​ប្រាក់​រៀល​ខ្មែរ​ដែរ​។ តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ នៅ​តាម​ទី​ភោជនីយ​ដ្ឋាន​ធំ​ៗ ក៏​ដូច​ជា​ហាង​ទំនិញ​តាម​ផ្លូវ​មួយ​ចំនួន​មិន​ទទួល​ទេ​៕

_______________________________________________________
អាន​ផង​ដែរ​៖
១. ចប់​វិស្សមកាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី
២. ត្រៀម «​លុយ​» ស្រេច​បាច់​ពេល​ឆ្លង​ដែន​នៅ​ច្រក​ដុង​ក្រឡ
៣. សរសើរ​ផ្លូវ​នៅ​ស្រុក​លាវ
៤. ប្រាសាទ​វត្ត​ភូ ចម្ប៉ា​ស័ក្ដិ៍

%d bloggers like this: