ត្រៀម «លុយ» ស្រេចបាច់ពេលឆ្លងដែននៅច្រកដុងក្រឡ ថ្ងៃព្រហស្បតិ៍ 20 ខែមេសា 2017
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ, ພາສາລາວ.5 comments
នៅគ្រាដែលធ្វើដំណើរឆ្លងព្រំដែនខ្មែរទៅប្រទេសលាវ កាលពីរដូវកាលចូលឆ្នាំខ្មែរកន្លងទៅនេះ គឺថាលុយដកដូចទឹកហូរម្ដងមួយម៉ឺនរៀលឡើងទៅៗ ឥតដាច់។ សម្រាប់លោកអ្នកដែលចង់ធ្វើការឆ្លងដែនច្រកនេះ ខាងក្រោមជាព័ត៌មាននៃការអស់ «ប្រាក់» ដែលលោកអ្នកត្រូវត្រៀមស្រេច។ ចំណាំ៖ នេះជាបទពិសោធន៍នៃការបង់ប្រាក់ផ្ទាល់ខ្លួនខ្ញុំ លោកអ្នកអាចអស់តិចជាងឬច្រើនជាងនេះក៏ខ្ញុំមិនដឹងដែរ។
- នៅខាងដីខ្មែរ
នៅពេលលោកអ្នកយករថយន្តចូលច្រកព្រំដែន ដំណាក់កាលដំបូងនោះត្រូវអស់ ៥.០០០រៀល ដើម្បីបងៗប៉ូលីសបើកប៉ារាសឲ្យ (នេះគាត់សុំទេ)។ បន្ទាប់មកត្រូវធ្វើសំណុំបែបបទដើម្បីយករថយន្តចូល។ ត្រូវបង់ចំនួន៤០.០០០ដើម្បីសរសេរលិខិត និងបំពេញសំណុំបែបបទ។ រួចរាល់ហើយ ត្រូវយកទៅកន្លែងគយ ដើម្បីពិនិត្យ និងត្រូវបង់ចំនួន៤០.០០០រៀលទៀត (នេះសម្រាប់អ្នកដែលត្រូវនាំរថយន្តចូលដីក្រុងប៉ាកសេ)។ ចប់អស់ថ្លៃរថយន្ត។
ចំពោះការប្រថាប់ត្រាលើលិខិតឆ្លងដែនវិញ ត្រូវចំណាយអស់១០.០០០រៀលសម្រាប់លិខិតឆ្លងដែនមួយ។ ដោយឡែកប្រសិនបើអ្នកដែលមិនមានលិខិតឆ្លងដែនវិញ ត្រូវចំណាយ ដូចតទៅនេះ៖ ២០.០០០រៀលសម្រាប់ការបំពេញលិខិត, ១០.០០០រៀល សម្រាប់ការថតរូប (ប្រសិនបើមិនមានរូបថតមកជាមួយ) និង១០.០០០រៀលទៀត សម្រាប់ការប្រថាប់ត្រា។
- នៅខាងដីលាវ
នៅពេលទៅដល់ដីខាងប្រទេសលាវ ត្រូវបង់ចំនួន១០.០០០រៀល ទៅឲ្យតម្រួតលាវ ដើម្បីបើកប៉ារាសឲ្យចូលស្រុកគេ។ បន្ទាប់មកត្រូវបង់១០.០០០រៀលទៀត សម្រាប់ឲ្យមន្ត្រីនគរបាលលាវ ក្នុងការប្រថាប់ត្រាលើលិខិតឆ្លងដែរ និង១០.០០០រៀលលើលិខិតចូលប្រទេសលាវ (សម្រាប់អ្នកដែលមិនមានលិខិតឆ្លងដែន)។ ទោះបីជាយ៉ាងនេះក្ដីសម្រាប់ក្មេងដែលមកជាមួយមិនបង់ប្រាក់ទេ។
នៅពេលត្រឡប់មកវិញ នៅខាងប្រទេសលាវ ត្រូវបង់១០.០០០ទៀត សម្រាប់តម្រួតប្រថាប់ត្រាចេញស្រុកលាវ និង១០.០០០រៀលទៀតសម្រាប់ប៉ូលីសបើកប៉ារាសឲ្យចេញពីដីលាវ។ បើតាមការសាកសួរ ប្រសិនបើអ្នកទាំងឡាយណាដែលចូលទៅតែមួយថ្ងៃ ពោលគឺមិនដេកនៅស្រុកលាវនោះ នោះការប្រថាប់ត្រាចេញ និងច្រកប៉ារាសនេះ នឹងមិនតម្រូវឲ្យបង់ប្រាក់ទេ។
ដោយឡែកនៅខាងដីខ្មែរយើងវិញ នៅពេលត្រឡប់ចូលមកវិញនេះ មិនមានការបង់ប្រាក់ទេ។ ទាំងនេះគឺជាអ្វីដែលលោកអ្នកត្រូវត្រៀម និងអ្វីដែលជាបទពិសោធន៍របស់ខ្ញុំផ្ទាល់៕
ច្រកព្រំដែនខ្មែរលាវ (មើលពីដីលាវ)
_______________________________________________________________
អានផងដែរ៖
១. ចប់វិស្សមកាលបុណ្យចូលឆ្នាំថ្មី
២. ប្រាក់រៀលខ្មែរនៅក្នុងប្រទេសលាវភាគខាងត្បូង
៣. សរសើរផ្លូវនៅស្រុកលាវ
៤. ប្រាសាទវត្តភូ ចម្ប៉ាស័ក្ដិ៍
៥. ការឆ្លងព្រំដែន នៅព្រែកចាក