jump to navigation

ខួប​ឆ្នាំ​ទី​៥០ នៃ​ព្រះ​រាជ​ពិធី​សម្ពោធ​ស្ថានីយ៍​អយ​ស្ម័យ​យាន​ទូក​មាស ថ្ងៃសុក្រ 12 ខែ​ឧសភា 2017

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
2 comments

មួយ​ថ្ងៃ​បន្ទាប់​ពី​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​អមត​នៃ​កម្ពុជា ស្ដេច​យាង​សម្ពោធ​ស្ថានីយ៍​អយ​ស្ម័យ​យាន​កំពត​មក នៅ​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​១៩៦៧ ស្ដេច​យាង​ដំណើរ​បន្ត​សម្ពោធ​ស្ថានីយ៍​ថ្មី​មួយ​ទៀត​នៅ​កំពត គឺ​ស្ថានីយ៍​ទូក​មាស​។

ប្រជារាស្ត្រ​ខ្មែរ​ជា​ច្រើន​កុះ​ករ រួម​ទាំង​មិត្រ​ភ័ក្ដិ​បរទេស​របស់​ខ្មែរ​​បាន​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​ដ៏​អស្ចារ្យ​នៃ​សមិទ្ធិ​សង្គម ដែល​បាន​កើត​ឡើង​ក្រោម​កម្លាំង​សាមគ្គី​របស់​ប្រជាជន​ខ្មែរ​ស្ថិត​ក្រោម​មគ្គុទេសក៍​នៃ​អង្គ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​។

ភាគ​ច្រើន​នៃ​បណ្ដា​នៃ​សមិទ្ធិ​ផ្លូវ​រថ​ភ្លើង​ថ្មី​នេះ ជា​វិភាគ​ទាន​​មួយ​ផ្នែក​សំខាន់​របស់​ប្រជា​រាស្ត្រ ដែល​បាន​ធ្វើ​ការ​ងារ​ដោយ​មិន​យក​កម្រៃ​នូវ​៦០​ភាគ​រយ​នៃ​ការ​ស្ថាបនា​។ ព្រះ​សង្ឃ កសិករ អ្នក​រាជការ កង​យោធពល​ខេមរ​ភូមិន្ទ និង​យុវជន​រាជ​សង្គម​និយម បាន​រួម​កម្លាំង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​​ដើម្បី​ធ្វើ​ការ​រួម​គ្នា​នេះ​​។ នេះ​ស​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្មារតី​ស្នេហា​ជាតិ​ស្នេហា​មាតុភូមិ ក្រោម​កិច្ច​ចង្អុរ​បង្ហាញ​ និង​ការ​ជឿ​ជាក់​លើ​របប​សង្គម ដែល​មាន​អង្គ​សម្ដេច​ឪ​ជា​ព្រះ​ប្រមុខ​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

__________________________________________________________________
អាន​ផង​ដែរ​៖
១. ៥០​ឆ្នាំ​នៃ​ព្រះ​រាជ​ពិធី​ប្រវត្តិសាស្ត្រ​ សម្ពោធ​ស្ថានីយ៍​អយស្ម័យ​យាន​កំពត
២. ឆ្នាំ​ទី​៦៥ នៃ​ការ​ប្រគល់​ផ្លូវ​រថ​ភ្លើង​ខ្សែ​ទី​១​​ពី​អាណា​និគម​បារាំង​មក​រាជ​រដ្ឋាភិបាល​កម្ពុជា

ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៦១ ថ្ងៃសុក្រ 12 ខែ​ឧសភា 2017

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
2 comments

  • ព្រះ​រាជ​ពិធី​ឆ្នាំ​នេះ​លើក​មក​ធ្វើ​នៅ​ថ្ងៃ​២​រោច ខែ​ពិសាខ

ព្រះរាជពិធីទ្វាទសមាសមហាមង្គលច្រត់ព្រះនង្គ័លសម្រាប់ពុទ្ធសករាជ២៥៦១ នេះបានប្រារព្ធឡើងហើយ កាលពីព្រឹកមិញនេះ គឺថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរកា នព្វ​ស័ក ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧​។ សម្រាប់ព្រះរាជពិធីនាឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទីព្រះស្រែបរិវេណ​សាកល​វិទ្យាល័យ ជា ស៊ីម កំចាយ​មារ ស្រុក​កំចាយ​មារ ខេត្ត​ព្រៃវែង​។

ដូចបណ្ដាឆ្នាំកន្លងទៅដែរ ព្រះរាជពិធីទ្វាទសមាសច្រត់ព្រះនង្គ័ល ប្រចាំពុទ្ធសករាជ២៥៦១ នេះបានស្ថិតក្រោមព្រះរាជាធិបតីព្រះមហាក្សត្រិយ៍ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី និងមានការយាង-អញ្ជើញចូលរួមពីឥស្សរជន  នាហ្មឺន មន្ត្រី មន្ត្រីអ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធ ប្រជារាស្ត្រ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

សម្រាប់ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅឆ្នាំ២០១៧នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានដល់ឯកឧត្តម ជា សុមេធី អភិបាលខេត្ត​ព្រៃវែង​ជា​ស្ដេច​មាឃ ខណៈ​ភរិយា​របស់​លោក​គឺ លោកស្រី ជា ផល្គុន ត្រូវ​បាន​តែង​តាំង​ជាព្រះមេហួ​។

  • ការផ្សងគោឧសភរាជលើអាហារ៧យ៉ាង

បន្ទាប់ពីការរៀបចំពិធីភ្ជួររាស់ សាបព្រោះ ជានិមិត្តរូប មក គោឧសភរាជបានជ្រើសរើសការបរិភោគពោត (៩៥ភាគរយ) សណ្ដែក (៩០ភាគរយ) និងស្រូវ (៩០ភាគរយ) ក្នុងចំណោមអាហារ៧មុខ (ស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និងស្រា)។ លទ្ធផលនៃការផ្សងប្រផ្នូលនេះ ត្រូវបានក្រុមបាគូព្រះបរមរាជវាំង ទស្សន៍ទាយថាស្រូវ ពោត និង សណ្តែក សម្បូរ សម្រាប់ឆ្នាំនេះ។

  • ព្រះ​រាជ​ពិធី​លើក​មក​ធ្វើ​ថ្ងៃ​ទី​២​រោច

សម្រាប់​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ មាន​ការ​លើក​ពី​ថ្ងៃ​ទី​៤​រោច ខែ​ពិសាខ តាម​ទំនៀម ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៧ មក​ធ្វើ​នៅ​ថ្ងៃ​នេះ ២​រោច ខែ​​ពិសាខ (​១២ ឧសភា ២០១៧​) ​ទៅ​វិញ​។ មិន​មាន​របាយការណ៍ ឬ​ប្រកាស​រាជការ​ណា​ចេញ​ឲ្យ​ដឹង​អំពី​មូល​ហេតុ​នៃ​ការ​លើក​នេះ​ឡើយ​។ បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ថ្ងៃ​ទី​១៤ ខែ​ឧសភា គឺ​ចំ​នឹង​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍​​។

ការ​លើក​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​មក​ធ្វើ​នៅ​ថ្ងៃ​នេះ ជា​ហេតុ​ធ្វើ​ឲ្យ​ចំ​ថ្ងៃ​គ្នា​ជាមួយ​នឹង​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​នៅ​ប្រទេស​ថៃ​ផង​ដែរ​៕

________________________________________________________________________
អាន​ផង​ដែរ​៖
១. ព្រះ​គោ​ថៃ​បរិភោគ «​ស្រូវ-ពោត-ស្មៅ» ធញ្ញាហារ ផលាហារ ទឹក​បរិបូរណ៍​ល្អ

%d bloggers like this: