jump to navigation

ខួប​ឆ្នាំ​ទី​៦០ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ពុទ្ធ​សតវត្សរ៍​២៥០០ ឬ​បុណ្យ​ពាក់​កណ្ដាល​សាសនា ថ្ងៃចន្ទ 15 ខែ​ឧសភា 2017

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, វីដេអូ, អំពីស្រុកខ្មែរ.
1 comment so far

ខែ​ឧសភា ឆ្នាំ​២០១៧ នេះ គឺ​មាន​រយៈ​ពេល​៦០​ឆ្នាំ​គត់​ដែល​កាល​ណុះ នគរ​កម្ពុជា​យើង​បាន​រៀប​ចំ​ធ្វើ​ពិធី​បុណ្យ​ដ៏​ធំ​អស្ចារ្យ​មួយ​ក្នុង​នាម​ជា​នគរ​ដែល​ប្រកាន់​ខ្ជាប់​ព្រះ​ពុទ្ធ​សាសនា​ នោះ​គឺ​​ព្រះ​រាជ​ពិធី​បុណ្យ​ពុទ្ធ​សតវត្សរ៍​២៥០០ ឬ​បុណ្យ​ពាក់​កណ្ដាល​សាសនា​។ ពិធី​បុណ្យ​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះ​រាជ​ធានី​ភ្នំពេញ រយៈ​ពេល​៧​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​អាទិត្យ ​១៤​កើត ខែ​ពិសាខ រហូត​ដល់​ថ្ងៃ​សៅរ៍ ​៥​រោច ខែ​ពិសាខ ឆ្នាំ​រកា នព្វ​ស័ក ដែល​ត្រូវ​នឹង​ថ្ងៃ​១២ ដល់​១៨ គ.ស.​១៩៥៧​។

ព្រះ​រាជ​ពិធី​បុណ្យ​ពុទ្ធ​សតវត្សរ៍​២៥០០ ឬ​បុណ្យ​ពាក់​កណ្ដាល​សាសនា នៅ​នគរ​កម្ពុជា​យើង​កាល​ណុះ គឺ​ជា​ព្រះ​រាជ​ពិធី​របស់​ព្រះ​នគរ ដោយ​មាន​ការ​រៀប​ចំ​ ដោយ​ព្រះ​ភូមិន្ទ​ខ្មែរ (​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត) និង​សម្ដេច​ព្រះ​​មហា​ក្សត្រិយានី សម្ដេច​ព្រះ​ឧប​យុវរាជ (​ព្រះ​យស​នៃ​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ កាល​ណុះ​) ព្រម​ទាំង​ការ​ចាត់​ចែង​​យ៉ាង​អស់​ព្រះ​ទ័យ​ពី​សំណាក់​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត ជោតញ្ញាណោ​នៃ​យើង​ផង​ដែរ​។ ក្រៅ​ពី​នេះ​មាន​ការ​ចូល​រួម​ពី​ប្រទេស​ជា​មិត្រ​ដែល​ប្រកាន់​ព្រះ​ពុទ្ធ​សាសនា​ដូច​នគរ​យើង​ដែរ បាន​អញ្ជើញ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​។

ពិធី​ដ៏​អស្ចារ្យ​នោះ​មាន​ការ​រៀប​ចំ​ដង្ហែ​ក្បួន​​ព្រះ​បរម​​សារីរិក​ធាតុ​​ (កកន៖ ព្រះ​បរម​​សារីរិក​ធាតុ​នេះ​​គឺ​ជា​ព្រះរាជទ្រព្យសម្តេច​ព្រះឧបយុវរាជ នរោត្តម សីហនុ ដែល​ជា​តង្វាយនៃ​ពុទ្ធសាសនិកអ្នកលង្កាទ្វីប) នៃ​ព្រះ​សក្យ​មុនី​គោតម​បរម​គ្រូ​​ ដែល​បាន​បញ្ចុះ​ក្នុង​កាញ្ចនុ​កោដ្ឋ​ដ៏​វិចិត្រ ពី​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​មង្គល​មក​ប្រារព្ធ​ពិធី​ឯ​​ព្រះ​សក្យ​មុនី​ចេតីយ៍ ដែល​បាន​សាង​សង់​ឡើង​រួច​ជា​ស្រេច​នៅ​ចំ​ខាង​មុខ​នៃ​​ស្ថានីយ៍​រាជា​យស្ម័យ​យាន​ ក្រុង​ភ្នំពេញ​។ គួរ​បញ្ជាក់​ដែរ​ថា ព្រះ​សក្យ​មុនី​ចេតិយ​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​កាល​ពី​ឆ្នាំ​១៩៥៥ ដោយ​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត​ ក្រោម​ព្រះរាជូបត្ថម្ភ នៃ​ព្រះករុណា​ជា​អម្ចាស់ជីវិត (ដោយ​មាន​ប្រាក់​សល់​ច្រើន​ម៉ឺន​ ពី​គ្រា​ហែ​ព្រះ​សារីរិកធាតុ​ជាដើម​ទុន​)។

ព្រះ​រាជ​ពិធី​បុណ្យ​ពុទ្ធ​សតវត្សរ៍​២៥០០ ឬ​បុណ្យ​ពាក់​កណ្ដាល​សាសនា នៅ​នគរ​កម្ពុជា​យើង​កាល​ពី​៦០​ឆ្នាំ​មុន​នេះ ក្រៅ​អំពី​ការ​ធ្វើ​បុណ្យ​រំឭក​ដល់​ព្រះ​បរម​គ្រូ​នៃ​ប្រជាជាតិ​ខ្មែរ​អ្នក​កាន់​សាសនា​របស់​ព្រះ​អង្គ ក៏​នៅ​មាន​ការ​បញ្ចុះ​ព្រះ​បរម​សារីរិក​ធាតុ​​ដែល​ព្រះ​នគរ​យើង​ទទួល​បាន​ពី​ក្រុង​កណ្ឌី នគរ​សិរី​លង្កា និង​ធ្វើ​ការ​ឆ្លង​ព្រះ​សក្យ​មុនី​ចេតិយ​​នេះ​ផង​ដែរ​។ ក្រៅ​ពី​នេះ សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត ព្រះ​អង្គ​ថែម​ទាំង​បាន​និពន្ធ​សៀវភៅ​វិន័យ​មួយ​ឲ្យ​ឈ្មោះ​ថា បព្វជ្ជូបសម្បទា និង​បាន​បោះ​ពុម្ព​ចែក​ក្នុង​ពិធី​បុណ្យ​នេះ​ផង​ទៀត​។ (​កកន៖ សៀវភៅ​នេះ​ទ្រង់​និពន្ធ​នៅ​ឆ្នាំ​១៩៥៦​)​។

សម្រាប់​ព្រះ​​នគរ​កម្ពុជា​យើង​ រាប់​ចាប់​តាំង​ពី​ប្រជា​រាស្ត្រ​សាមញ្ញ​ជន​រហូត​ដល់​ព្រះ​ចៅ​ផែន​ដី​ គឺ​សុទ្ធ​សឹង​ជា​អ្នក​គោរព​ស្រឡាញ់ និង​ប្រណិប័តន៍​ចំពោះ​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ស្មោះ​ស្ម័គ្រ ដូច​តួ​យ៉ាង​ព្រះ​រាជ​សង្កថា​នៃ​​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ (​ដែល​កាល​ណុះ​ទ្រង់​តម្រង់​តំណែង​ជា សម្ដេច​ព្រះ​ឧប​យុវ​រាជ​) ជា​អម្ចាស់​នៅ​ថ្ងៃ​ទី​១ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ថា​៖

ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ បាន​ប្រទះ​នឹង​ភ័ព្វ​វាសនា​មួយ​យ៉ាង​ត្រកាល​ឯក​ដោយ​បាន​ទទួល​នូវ​ព្រះ​បរម​សារីរិក​ធាតុ​នេះ​ដោយ​ផ្ទាល់​អំពី​អ្នក​ថែ​រក្សា​នៅ​ក្រុង​កណ្ឌី ប្រទេស​សិរី​លង្កា​។ ដោយ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ជា​បុត្រ​នៃ​កម្ពុជ​រដ្ឋ​ត្រូវ​តែ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ ចែក​រំលែក​នូវ​ភ័ព្វ​វាសនា​ដ៏​ឧត្ដម​នេះ​ជូន​ជន​រួម​ជាតិ​ទាំង​អស់ ដែល​ជា​ទី​ស្រឡាញ់​អស់​ពី​ដួង​ហឫទ័យ​របស់​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ ភ័ព្វ​វាសនា​បែប​នេះ​មាន​មនុស្ស​លោក​តិច​ណាស់​ដែល​បាន​ពើប​ប្រទះ​។

ព្រះ​បរម​សារី​រិកធាតុ​ដ៏​ថ្លៃ​ថ្លា​នេះ​នឹង​ជួយ​ទ្រ​ទ្រង់​ឧបត្ថម្ភ​មាតុ​ប្រទេស​យើង បី​ដូច​ជា​ព្រះ​សម្ពុទ្ធ​វិសុទ្ធិ​គុណ​អនន្ត​ញ្ញាណ​ទ្រង់​ព្រះ​ធរមាន​នៅ​ឡើយ​ដោយ​យើង​នឹង​រឭក​ចំពោះ​ព្រះ​អង្គ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ព្រះ​បរិយ​ត្តិធម៌ និង​ព្រះ​នព្វ​លោកុត្តរធម៌ ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សម្ដែង​ហើយ​។

ព្រះ​បរម​សារីរិក​ធាតុ​ដែល​បាន​ប្រតិស្ឋាន​នៅ​​ទី​នេះ​ហាក់​ដូច​ជា​និមន្ត​មក​សុំ​ឲ្យ​យើង​ទាំង​អស់​គ្នា​កាន់​មេត្តា​ធម៌​ឲ្យ​ខ្ជាប់​ខ្ជួន ពី​ព្រោះ​ធម៌​នេះ​ជា​ធម៌​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ព្រះ​អង្គ​បាន​ឃើញ​នូវ​ផ្លូវ​ទៅ​កាន់​សេចក្ដី​ចម្រើន និង​សេចក្ដី​សុខ ហើយ​ព្រះ​អង្គ​បាន​បង្ហាញ​ពី​មាគ៌ា​នេះ​ឲ្យ​យើង​​ដើរ​តាម​ទាំង​អស់​គ្នា​៕​៚​

ព្រះ​រាជ​សង្កថា ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​១៩៥៧

នរោត្ដម សីហនុ

ព្រះបរមសារីរិកធាតុនៃព្រះសក្យ​មុនីគោតម ក្នុងកាញ្ចនុកោដ្ឋនេះ ជាព្រះរាជទ្រព្យសម្តេច​ព្រះឧបយុវរាជ នរោត្តម សីហនុ ដែល​ជា​តង្វាយនៃ​ពុទ្ធសាសនិកអ្នកលង្កាទ្វីប។ គ្រានោះ​ទ្រង់ប្រគេនផ្ទាល់ព្រះហស្ថសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត សង្ឃនាយកគណៈ​មហានិកាយ លើព្រះទីន័ងទេវាវិនិច្ឆ័យ ដើម្បីតម្កល់លើយានបុស្បុក ដង្ហែទៅកាន់​សក្យ​មុនីចេតិយ​។ (រូបថតថ្ងៃទី ១២ ខែឧសភា ឆ្នាំ១៩៥៧) – រូប៖ ស្រុក​ស្រែសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត សង្ឃនាយកគណៈ​មហានិកាយ បានតម្កល់​ព្រះបរមសារីរិកធាតុលើព្រះរាជរថបុស្បុក ហើយក្បួនហែជាមហោឡារិក ក៏ចេញពីមុខ​ព្រះបរមរាជវាំង កាត់តាមវិថីនានាក្នុងរាជធានី រហូត​ដល់ព្រះសក្យ​មុនីចេតិយ ដែល​មាន​រោងពិធីសុទ្ធតែជាអាគារឆើតៗ សណ្ឋានដូចព្រះវិហារល្អៗ គួរឲ្យ​កើតសទ្ធា និងសេចក្តី​ជ្រះថ្លា រំភើបក្នុងហឫទ័យនៃទស្សនិកជន។ (រូបថតថ្ងៃទី ១២ ខែឧសភា ឆ្នាំ១៩៥៧) – រូប៖ ស្រុក​ស្រែក្បួន​ដង្ហែ​របស់​ដំរី
ក្បួន​ដង្ហែ​មក​ដល់​ព្រះ​សក្យ​មុនី​ចេតិយ៍​ព្រះ​សក្យ​មុនី​ចេតិយ៍​​នា​ថ្ងៃ​បុណ្យ
ប្រជា​រាស្ត្រ​ខ្មែរ​មក​ធ្វើ​បុណ្យនៅថ្ងៃបង្ហើយនៃព្រះរាជពិធីបុណ្យ, ឯកឧត្តមមហាមន្រ្តី ញ៉ឹក នូ បានរំកិលលើក​ព្រះ​កាញ្ចនុកោដ្ឋព្រះបរមសារីរិកធាតុពីបុស្បុក​វិចិត្រ ប្រគេនមកសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត​។ សម្តេចទទួលទ្រចុះបាន ១កាំជណ្តើរ បានថ្វាយព្រះកាញ្ចនុកោដ្ឋនោះមក ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សុរាម្រឹត​។ ព្រះភូមិន្ទទ្រង់ទ្រស្ទួយចុះមក យាង​ដល់​ព្រះសក្យ​មុនីចេតីយ៍ ទើបព្រះនរបតី​ប្រគល់ទៅសម្តេចព្រះឧបយុវរាជ ព្រះនរោត្តម សីហនុ​។ សម្តេចព្រះឧបយុវរាជ ទ្រង់ទ្រ​ឡើងតាមព្រះអឌ្ឍចន្ទ (ជណ្តើរ) ដ៏ខ្ពស់ ទៅតម្កល់​ជាស្ថាពរ​ព្ធដ៏ព្រះទែន​ក្នុងកំពូលនៃ​ព្រះសក្យ​មុនីចេតិយ។ (រូបថតថ្ងៃទី ១៨ ខែឧសភា ឆ្នាំ១៩៥៧) – រូប៖ ស្រុក​ស្រែ

_______________________________________________
អាន​ផង​ដែរ​៖
១. អំពី​ព្រះ​សក្យ​មុនី​ចេតិយ នៅ​ក្រុង​ភ្នំពេញ

%d bloggers like this: