jump to navigation

ខួប​ឆ្នាំ​ទី​៥០ នៃ​ពិធី​សម្ពោធ​គិលាន​ដ្ឋាន និង​សាលា​បឋម​សិក្សា​បំពេញ​វិជ្ជា​នៅ​តាំង​ខ្មៅ ថ្ងៃពុធ 17 ខែ​ឧសភា 2017

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​១៩៦៧ ប្រជារាស្ត្រ​នៅ​តាំង​ខ្មៅ ស្រុក​ថ្ពង ខេត្ត​កំពង់​ស្ពឺ​មាន​ភ័ព្វ​វាសនា​ម្ដង​ទៀត ដោយ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ ព្រះ​អង្គ​ស្ដេច​យាង​មក​ធ្វើ​ជា​ព្រះ​អធិបតី​ភាព​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​របស់​ស្រុក​ចំនួន​ពីរ គឺ​គិលាន​ដ្ឋាន និង​សាលា​បឋម​សិក្សា​បំពេញ​វិជ្ជា​តាំង​ខ្មៅ​។

គិលាន​ដ្ឋាន​តាំង​ខ្មៅ គឺ​ជា​គ្រឹះ​ស្ថាន​សុខភាព​ទី​១៩ សម្រាប់​បម្រើ​ប្រជា​រាស្ត្រ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ ដែល​កាល​ពី​ឆ្នាំ​១៩៥៥ មាន​តែ​មន្ទីរ​ពេទ្យ​ចំនួន​មួយ និង​គិលាន​ដ្ឋាន​ចំនួន​បី​ប៉ុណ្ណោះ​នៅ​ក្នុង​ខេត្ត​នេះ​។ គិលាន​ដ្ឋាន​តាំង​ខ្មៅ ដែល​ជា​សមិទ្ធិ​ថ្មី​របស់​សង្គម​សម្រាប់​ប្រជាជន​នៅ​តាំង​ខ្មៅ​នេះ គឺ​ជា​សំណង់​ថ្មី​ស្រឡាង​ដែល​បំពាក់​ទៅ​ដោយ​ម៉ាស៊ីន​សម័យ​ថ្មី អម​ដោយ​មន្ទីរ​សម្ពព​បម្រើ​ដល់​វិស័យ​មាតា និង​ទារក​ផង​ដែរ​។

ចំណែក​ឯ​សាលា​បឋម​សិក្សា​បំពេញ​វិជ្ជា​តាំង​ខ្មៅ​វិញ ក៏​ជា​សាលា​បឋម​សិក្សា​ថ្មី​ស្រឡាង​មួយ​ទៀត​ក្នុង​ចំណោម​សាលា​ចំនួន​១៤៦ នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​នេះ ដែល​កាល​ពី​ជំនាន់​ឆ្នាំ​១៩៥៥ មាន​ចំនួន​តែ​៤៥​ប៉ុណ្ណោះ​​។

នៅ​ក្នុង​របប​សង្គម​រាស្ត្រ​និយម​ក្រោម​មគ្គុទេសក៍​របស់​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​អមត​នៃ​ពួង​ជន​ខ្មែរ ព្រះ​អង្គ​ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​​សង្គម​តែង​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​សុខុមាល​ភាព​ប្រជា​រាស្ត្រ​តាម​ទី​ជនបទ និង​ការ​សិក្សា​របស់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ស្មើ​មុខ​មាត់ និង​អ្នក​រស់​នៅ​តាម​ទី​ប្រជុំ​ជន​ធំ​ៗ​ឯ​ទៀត​របស់​ព្រះ​នគរ​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

Advertisements
%d bloggers like this: