jump to navigation

ក្រុម​ពញា​តម្រុង​រាជានុភាព បុគ្គល​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​និង​កម្ពុជា ថ្ងៃសុក្រ 19 ខែ​ឧសភា 2017

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ภาษาไทย.
trackback

កកន៖ ប្រសិនបើ​យើង​និយាយ​ដល់​ទំនាក់​ទំនង​ខ្មែរ​ថៃ​ បុគ្គល​មួយ​រូប​របស់​ថៃ​ដែល​ខ្មែរ​យើង​គួរ​ស្គាល់ និង​សិក្សា​រៀន​សូត្រ​នោះ​គឺ ក្រុម​ពញា​តម្រុង​រាជានុភាព។ ព្រះ​អង្គ​គឺ​ជា​អ្នក​ជំនាញ​ការ​ទាក់​ទង​នឹង​ប្រទេស​កម្ពុជា ហើយ​ក៏​គឺ​ជា​អ្នក​ប្រាជ្ញ​មួយ​រូប​ដែល​ប្រជា​ជន​ថៃ​គោរព​ស្រឡាញ់​ព្រះ​អង្គ​យ៉ាង​ខ្លាំង​។

ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​រវាងក្រុម​ពញា​តម្រុង​រាជានុភាព ​និង​ប្រទេស​កម្ពុជា ជៀស​មិន​ផុត​អំពី​រឿង​រ៉ាវ​ប្រវត្តិ​សាស្ត្រ​នានា​រវាង​កម្ពុជា​និង​ថៃ​ឡើយ​។ នេះ​រួម​បញ្ចូល​ទាំង​រឿង​រ៉ាវ​នានា​ទាក់​ទង​នឹង​ប្រាសាទ​ព្រះ​វិហារ បាត់​ដំបង ជា​ដើម​។ល។ ក្រៅ​ពី​នោះ​ព្រះ​អង្គ​​បាន​ធ្វើ​ការ​បក​ប្រែ​សៀវភៅ​នានា ដែល​ជា​ទំនុក​ទំនៀម​រាជ​ពិធី​នានា​របស់​ខ្មែរ ទៅ​ជា​ភាសា​ថៃ ដើម្បី​ឲ្យ​ប្រជាជន​ថៃ​បាន​សិក្សា​រៀន​សូត្រ​ពី​ខ្មែរ​យើង​ផង​ដែរ​។ ទំនាក់​ទំនង​ជិត​ស្និទ្ធ​មួយ​ទៀត ដែល​ប្រចក្ស​​បំផុត​នោះ​គឺ​ស្នាដៃ​ដែល​ជា​បទ​កម្រង​កែវ​​មួយ​របស់​ព្រះ​អង្គ​ឈ្មោះ «​និរាស​នគរ​វត្ត» ដែល​បាន​រៀប​រាប់​អំពី​ដំណើរ​យាង​ទស្សនកិច្ច​របស់​ព្រះ​អង្គ​មក​ប្រទេស​កម្ពុជា​យើង ជា​ពិសេស​ដំណើរ​យាង​ប្រពាស​ប្រាសាទ​នគរ​វត្ត​ដ៏​ល្បី​ល្បាញ​របស់​ខ្មែរ​។

ដើម្បី​បាន​ជា​ទី​ប្រចក្ស​នូវ​ប្រវត្តិ​របស់​នេះ ស្រែ​ខ្មុក​សូម​លើក​យក​ប្រវត្តិ​ត្រួស​ៗ​របស់​ព្រះ​អង្គ​ដើម្បី​ជា​ទី​សិក្សា​ស្វែង​យល់​ដូច​ត​ទៅ​៖

ក្រុម​ពញា​តម្រុង​រាជានុភាព មាន​ព្រះ​នាម​ពេញ​ជា សម្ដេច​ព្រះ​ចៅ​បរម​វង្ស​ធើ ព្រះ​អង្គ​ម្ចាស់​តិឝវរកុមារ ក្រុម​ពញា​តម្រុង​រាជានុភាព​ (ថ. สมเด็จพระเจ้าบรมวงศ์เธอ พระองค์เจ้าดิศวรกุมาร กรมพระยาดำรงราชานุภาพ)​។ ព្រះ​អង្គ​ប្រសូត​នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​១៨៦២ ជា​ព្រះ​រាជ​ឱរស​អង្គ​ទី​៥៧ នៃ​ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ ឬរាមាទី៤  ជាមួយ​នឹង​ចៅ​ចម​មាតា​ឈុំ​។ នៅ​ថ្ងៃ​សម្ពោធ​ចេញ​ខែ ព្រះ​អង្គ​ត្រូវ​បាន​ព្រះ​រាជ​បិតា​ព្រះ​រាជ​ទាន​តាំង​ព្រះ​នាម​ពេញ​យស​ថា​៖

«សម្ដេច​ព្រះ​បរមេន្ទ្រ​មហា​មកុដ ព្រះ​ចម​ក្លៅ​ម្ចាស់​ផែន​ដី​ស្យាម​ជា​ព្រះ​បិតា សូម​តាំង​នាម​កុមារ​បុត្រ​ដែល​កើត​ពី​ឈុំ​ឡេក​ជា​មាតា​នោះ និង​កើត​នៅ​ថ្ងៃ​សៅរ៍ ៩​រោច ខែ​ជេស្ឋ ឆ្នាំ​ច​ចត្វា​ស័ក​នោះ ថា​ដូច​នេះ ព្រះ​ចៅ​លូក​ធើ ព្រះ​អង្គ​ម្ចាស់​តិឝវរ​កុមារ នាគ​នាម សូម​ចូរ​ចម្រើន​ជន្មាយុ វណ្ណ សុខ ពល បដិភាណ សព្វ​សិរិសុវត្ថិ​ពិពឌ្ឍន​មង្គល​គ្រប់​ប្រការ ត​រៀង​រហូត​ហោង​»​។

តាំង​ពី​កុមារ​ភាព​មក​​ ព្រះ​អង្គ​បាន​ចូល​សិក្សា​ភាសា​ថៃ​នៅ​ក្នុង​សំណាក់​ព្រះ​បរម​រាជ​វាំង​ថៃ ព្រម​ទាំង​ភាសា​អង់គ្លេស​ផង​ដែរ​។

  • នៅ​គ.ស.​១៨៧៥ ពេល​គ្រា​ព្រះ​ជន្ម​១៣​វស្សា ព្រះ​អង្គ​បាន​បួស​ជា​សាមណេរ​​ និង​ចាំ​វស្សា​នៅ​ឯ​វត្តព្រះស្រីរតនសាស្ដារាម
  • នៅ​គ.ស.​១៨៧៧ ទ្រង់​បាន​បញ្ចប់​ការ​សិក្សា​ពី​សាលា​រៀន​នាយ​ទាហាន​ជើង​គោក ទទួល​បាន​ឋានន្តរ​សក្តិ​ជា​​ឧត្ដម​សេនីយ​ត្រី​ ទាហាន​មហាតលិក
  • នៅ​គ.ស.​១៨៨២ ព្រះ​អង្គ​បាន​បួស​ជា​ព្រះ​ភិក្ខុ​នៅ​វត្តព្រះស្រីរតនសាស្ដារាម និង​បាន​ចាំ​វស្សា​នៅ​វត្ត​និវេឝ​ធម្ម​ប្រវត្តិ ខេត្ត​ព្រះ​​នគរ​ស្រី​អយុធ្យា
  • ពី​ខែ​វិច្ឆិកា ដល់​ខែ​ធ្នូ គ.ស.​១៩២៤ ព្រះ​អង្គ​បាន​យាង​មក​បំពេញ​ព្រះ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ព្រម​ទាំង​បាន​ចូល​គាល់​ព្រះ​ករុណា ព្រះ​បាទ សិរីសុវត្ថិ ព្រះ​បរម​រាជានុកោដ្ឋ​ផង​ដែរ​។ ពេល​ត្រឡប់​ទៅ​វិញ ទ្រង់​បាន​និពន្ធ​សៀវភៅ​មួយ​ជា​ពាក្យ​កម្រង​កែវ មាន​ឈ្មោះ​ថា «​និរាស​នគរ​វត្ត​»​។

ក្រុម​ពញា​តម្រុង​រាជានុភាព បាន​បំពេញ​ព្រះ​រាជ​កិច្ច​នានា​របស់​ព្រះ​នគរ​ថៃ​យ៉ាង​គាប់​ប្រសើរ និង​ជា​ទី​ទុក​ព្រះ​ទ័យ​នៃ​ ​ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ ឬរាមាទី៤ រហូត​ដល់​ព្រះ​អង្គ​សរសើរ​ថា ទ្រង់​ដូច​ជា «​ពេជ្រ​ប្រដាប់​មហា​ពិជ័យ​មកុដ​»​។

ក្រុម​ពញា​តម្រុង​រាជានុភាព ចាប់​ផ្ដើម​ប្រឈួន​ដោយ​រោគ​ព្រះ​ហទ័យ (​បេះ​ដូង​) ពិការ​តាំង​ពី​ខែ​ធ្នូ ១៩៤១ និង​ចូល​ទិវង្គត​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​១៩៤៣ ក្នុង​ព្រះ​ជន្ម​៨១​វស្សា​៕

ក្រុម​ពញា​តម្រុង​រាជានុភាព​ព្រម​រាជ​ប្រតិភូ​ថត​រូប​ខាង​មុខ​ប្រាសាទ​បាយ័ន នគរ​ធំ
ក្រុម​ពញា​តម្រុង​រាជានុភាព​ព្រម​រាជ​ប្រតិភូ​ថត​រូប​ខាង​មុខ​ប្រាសាទ​នគរ​វត្តក្រុម​ពញា​តម្រុង​រាជានុភាព​ទស្សនកិច្ច​ប្រាសាទ​ព្រះ​វិហារ

______________________________________________________________
អាន​ផង​ដែរ​៖
១. «​និរាស​នគរ​វត្ត​» ច្បាប់​ក្រុម​ពញា​តម្រុង​រាជានុភាព
២. ព្រះ​រាជ​កំណត់​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​រាជាភិសេក ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ មុនីវង្ស ច្បាប់​ភាសា​ថៃ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: