jump to navigation

អំពី​ពាក្យ​ថា «​ហ្លួង​» ថ្ងៃសុក្រ 26 ខែ​ឧសភា 2017

Posted by សុភ័ក្ត្រ in អំពី​ភាសា, ภาษาไทย, ພາສາລາວ.
trackback

ពាក្យ​ថា «​ហ្លួង​» ដែល​សរសេរ​ ហ ជើង ល ស្រៈ ួ និង ង បែប​នេះ​គឺ​ជា​ពាក្យ​​ដែល​មាន​ប្រភព​មក​ពី​ភាសា​សៀម និង​លាវ ហេតុ​ដូច​នេះ​ហើយ​ទើប​បាន​ជា​យើង​មិន​សរសេរ «​លួង​» បែប​នេះ​ទេ​។ ភាសា​សៀម​សរសេរ​ជា «​หลวง» ជា​អក្សរ​រាយ ឯ​លាវ​សរសេរ​ជា «​ຫລວງ​» ជា​អក្សរ​រាយ ឬ «ຫຼວງ​» ជា​អក្សរ​តម្រួត​។

នៅ​ក្នុង​វចនានុក្រម​ខ្មែរ​លោក​បាន​ផ្ដល់​និយម​ន័យ​នៃ​ពាក្យ​នេះ​ថា​៖

ហ្លួង ស. ល. ( ន. ) (ហ្ល្វង អ. ថ. ហ្លួ៎ង) ព្រះ​រាជា (ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត) : ហ្លួង​ស្តេច​ចេញ​ប្រទាន​រង្វាន់​ដល់​ពួក​សិស្ស​សាលា… (ពាក្យ​ធម្មតា) ។ ប្រើ​ជា​ពាក្យ​ផ្តើម​ហៅ​សម្តេច​ព្រះ​អគ្គ​មហេសី​ឬ​សម្តេច​ព្រះ​មហា​ឧបរាជ​ផង​ក៏​បាន : ហ្លួង​ស្រ្តី, ហ្លួង​ឧបរាជ ។ ឋានន្តរ​ស័ក្តិ​ឬ​បណ្ដា​ស័ក្តិ​មន្រ្តី​ថ្នាក់​តូច​ជាង​ទី​ព្រះ ធំ​ជាង​ទី​ឃុន : ហ្លួង​សេនានុរក្ស។

ដោយ​ឡែក​នៅ​នគរ​ថៃ​ដែល​ជា​ប្រភព​នៃ​ពាក្យ​នេះ​វិញ ក៏​មាន​ន័យ​ដូច​អ្វី​ដែល​ខ្មែរ​យើង​យក​មក​ប្រើ​ដែរ​​។ ប្រជាជន​ថៃ​ហៅ​ព្រះ​មហាក្សត្រិយ៍​ខ្លួន​ដោយ​ឥត​ចេញ​ព្រះ​នាម​ថា នៃហ្លួង (ថ. ในหลวง) អាន​ថា ណៃហ្លួង​ ឬ​ ផ​ហ្លួង (ថ. พ่อหลวง)​។

នៅ​ក្នុង​វចនានុក្រម​ច្បាប់​រាជ​បណ្ឌិត្យ​ស្ថាន​របស់​ថៃ ច្បាប់​ព.ស.​២៥៥៤ បាន​ឲ្យ​និយម​ន័យ​ពាក្យ​នេះ​ សម្រាយ​រហូត​ដល់​មាន​ន័យ​ថា អ្វី​ៗ​ទាំង​អស់​ដែល​ជា​ទី​របស់​ព្រះ​មហា​ក្សត្រិយ៍​, ដែល​ធំ​, ដែល​ជា​របស់​សាធារណៈ​, បណ្ដា​ស័ក្ដិ​ខ្ញុំ​រាជការ និង​សម្រាប់​ការ​ហៅ​ព្រះ​ភិក្ខុ​សង្ឃ​ក្នុង​ន័យ​គោរព​ផង​​ ដោយ​មាន​តួយ៉ាង​​​ជា​ពាក្យ​ហៅ​ វាំង​ហ្លួង (​វាំង​ស្ដេច​)​, ភ្នំ​ហ្លួង (​ភ្នំ​ធំ)​, ផ្លូវ​ហ្លួង​ (​ផ្លូវ​ធំ​ ថៃ​ប្រើ​សំដៅ​ផ្លូវ​ជាតិ​)​, ហ្លួង​វិចិត្រ​វាទការ​, ហ្លួង​បង (​ប្រើ​ហៅ​សម្រាប់​ព្រះ​សង្ឃ​)​…. ជា​ដើម​។ល។

ខ្មែរ​យើង​ប្រើ​ជា​ «​ហ្លួង​» នេះ​រត់​មាត់ ដោយ​អំណាច​នៃ​ការ​ឆ្លង​វប្បធម៌​ក្នុង​នាម​ជា​ប្រទេស​ជាតិ​ខាង និង​ដោយ​អំណាច​នៃ​បារមី​សៀម ដែល​ធ្លាប់​មាន​ឥទ្ធិពល​លើ​ខ្មែរ​ពី​អតីត​កាល​។ ដូច​តួ​យ៉ាង​យើង​ហៅ​ព្រះ​នាម​អតីត​ព្រះ​មហា​ក្សត្រិយ៍​យើង ជា ហ្លួង​​នរោត្ដម​, ហ្លួង​រាជានុកោដ្ឋ​… និង​បច្ចុប្បន្ន​សម្ដេច​ព្រះ​មហាក្សត្រីយ៍​ព្រះ​អង្គ​ហៅ​ព្រះ​មហាក្សត្រិយ៍​ដែល​ជា ព្រះ​រាជ​បុត្រ​ថា ហ្លួង​កូន​, និង​​ហ្លួង​ម៉ែ​ … ជា​ដើម​។ល។ ក្រៅ​ពី​នោះ យើង​នៅ​មាន​ប្រើ​ពាក្យ​នេះ​ដូច​ជា ដំណាក់​ហ្លួង​, ល្ខោន​ហ្លួង​, កំពង់​ហ្លួង​, ព្រែក​ហ្លួង​, អណ្ដើក​ហ្លួង​​…​។ល។ គឺ​ឃើញ​ថា​មិន​ខុស​ឆ្គង​អ្វី​ឡើយ​ ប្រទេស​ដែល​នៅ​ក្បែរ​គ្នា​តែង​តែ​ខ្ចី​ពាក្យ​គ្នា​ប្រើ​ទៅ​វិញ​ទៅ​មក​ដោយ​ចៀស​​មិន​ផុត​។

ក្រៅ​អំពី​ពាក្យ «​ហ្លួង​» នេះ​ខ្មែរ​យើង​ក៏​នៅ​ប្រើ​ពាក្យ​សៀម​មួយ​ចំនួន​ទៀត​ផង​ដែរ​​។ យើង​កុំ​គួរ​ណា​ឡើយ​ទៅ​ប្រកាន់​ថា​នេះ​ពាក្យ​សៀម នោះ​ពាក្យ​សៀម​ ដ្បិត​ពាក្យ​ដែល​ខ្មែរ​យើង ប្រើ​ប្រាស់​សព្វ​ថ្ងៃ​នេះ​ចាប់​ពី​ពាក្យ​សាមញ្ញ​ទៅ​រហូត​ដល់​ពាក្យ​ប្រើ​ប្រាស់​ក្នុង​ភាសា​រាជការ មួយ​ចំនួន​ធំ​រាប់​មិន​អស់​សុទ្ធ​តែ​ជា​ពាក្យ​ដែល​មាន​ប្រភព​ពី​ភាសា​បរទេស​ទាំង​អស់​។ ការ​ខ្ចី​ពាក្យ​ប្រើ​ទៅ​វិញ​ទៅ​មក​ធ្វើ​ឲ្យ​ភាសា​ខ្មែរ​យើង​សម្បូរ​បែប​ និង​មាន​សោភ័ណ​ទៅ​វិញ​ទេ​៕

_______________________________________________________________
អាន​ផង​ដែរ​៖
១. ប្រវត្តិ​ពាក្យ «ពញា»

Advertisements

មតិ»

1. ប្រវត្តិ​ពាក្យ «ពញា» | ស្រែ​ខ្មុក - ថ្ងៃចន្ទ 29 ខែ​ឧសភា 2017

[…] _______________________________________________________________ អាន​ផង​ដែរ​៖ ១. អំពី​ពាក្យ​ថា «​ហ្លួង​» […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: