jump to navigation

សុំ​និយាយ​ពី​រឿង​ច្បាប់​បក្ខ​នយោបាយ ថ្ងៃអង្គារ 4 ខែកក្កដា 2017

Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយ​ថ្ងៃ​នេះ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
1 comment so far

មិន​យូរ​មិន​ឆាប់​ទេ​ច្បាប់​គណបក្ស​នយោបាយ​ដែល​ចេញ​លឿន​ដូច​ផ្លេក​​បន្ទោរ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ក៏​នឹង​ត្រូវ​ធ្វើ​វិសោធនកម្ម​លឿន​ដូច​ផ្លេក​​បន្ទោរ​មិន​ខុស​ពី​ពេល​មុន​ៗ​ទេ​។ និយាយ​ទៅ​ច្បាប់​ស្រុក​ខ្មែរ​ពី​រឿង​អញ្ចឹង​ៗ​ចេញ​លឿន​សម្បើម​ណាស់ ប្រជាជន​ខ្មែរ​ពិត​ជា​មាន​សំណាង​មែន ដោយ​ទទួល​បាន​អ្នក​តំណាង​ខ្លួន​ធ្វើ​ច្បាប់​បាន​លឿន​ Sic

កាល​ពី​មុន​នោះ​មិន​យូរ​ប៉ុន្មាន​ស្រុក​ខ្មែរ​យើង​ចេញ​ច្បាប់​ដោយ​យក​លំនាំ​តាម​ថៃ​ដែល​គេ​នឹង​បោះ​បង់​ចោល​នោះ​​មក​ធ្វើ​តាម​គេ ពោល​គឺ​ច្បាប់​រំលាយ​គណបក្ស​។ ច្បាប់​ដែល​ធ្វើ​ឲ្យ​ស្រុក​ថៃ​បែក​បាក់​សាមគ្គី​ជាតិ បែង​ចែក​បក្ខ​ពួក​ក្រុម និង​ឯកភាព​ជាតិ​រហូត​មក​ដល់​បច្ចុប្បន្ន​។ អូខេ​អា​នេះ​ជា​រឿង​កន្លង​ហួស​មក​ហើយ ច្បាប់​បែប​នេះ​ត្រូវ​បាន​អនុម័ត​ក៏​ហើយ​ដែរ តែ​អ្វី​ដែល​គួរ​សុំ​និយាយ​នោះ​គឺ​ យ៉ាង​ណា​យ៉ាង​ណី​បើ​គិត​តែ​នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​នោះ អ្វី​ដែល​គួរ​បន្ថែម ហើយ​បើ​ជ្រុល​តែ​នឹង​ចម្លង​ពី​ថៃ​ហើយ​គួរ​ចម្លង​ត្រង់​ចំណុច​ល្អ​ៗ​របស់​ថៃ​មួយ​ចំនួន​ទៀត ដូច​ជា​៖ ការ​កំណត់​ថវិកា​អតិបរមា​មួយ​សម្រាប់​គ្រប់​គណបក្ស​ក្នុង​ការ​ប្រើ​ប្រាស់​សម្រាប់​យក​ទៅ​​ធ្វើ​ការ​ឃោសនា​ការ​បោះ​ឆ្នោត ដើម្បី​ធានា​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព​មួយ​។ និយាយ​រួម​មិន​មែន​អាង​តែ​បក្ស​ខ្លះ​មាន ជះ​លុយ​គ្មាន​កំណត់​ក្នុង​ការ​ឃោសនា​ឡើយ​។ គ្រប់​ស្លាក​សញ្ញា​ឃោសនា​របស់​បក្ស​នានា​មិន​គួរ​ត្រូវ​បាន​ដាក់​ជា​អចិន្ត្រៃយ៍​នៅ​តាម​ទី​សាធារណៈ​ឡើយ វា​គួរ​តែ​ត្រូវ​បាន​ដោះ​ចេញ​ទាំង​អស់​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​។ ធ្វើ​របៀប​នេះ​ទើប​វា​ស្មើ​ភាព​គ្នា​រវាង​គ្រប់​គណបក្ស​។

ម្យ៉ាង​វិញ​ទៀត រដ្ឋ​គួរ​តែ​មាន​ខ្ទង់​ចំណាយ​សម្រាប់​គណបក្ស​ដែល​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋ​សភា ពោល​គឺ​ពួក​គេ​ពិត​ជា​ទទួល​បាន​សំឡេង​ពី​ប្រជាជន បើ​ទោះ​បី​ជា​គណបក្ស​នោះ​កាន់​កាប់​តំណែង​រដ្ឋាភិបាល​ក្ដី ដើម្បី​ពួក​គេ​មាន​លទ្ធភាព​យក​ទៅ​បម្រើ​រាស្ត្រ​តាម​លក្ខខណ្ឌ​ចាំ​បាច់​ណា​មួយ​។ ហើយ​ទាំង​គណបក្ស​ក្នុង​រដ្ឋាភិបាល និង​មិន​មែន​រដ្ឋាភិបាល ចាំ​បាច់​ត្រូវ​មាន​ការ​តាម​ដាន​ត្រួត​ពិនិត្យ​ចាំ​បាច់​សម្រាប់​ការ​ប្រើ​ប្រាស់​ថវិកា​ទាំង​នោះ​។ កន្លង​មក​យើង​តែង​តែ​ឃើញ​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​គណបក្ស​នេះ​គណបក្ស​នោះ​មិន​បាន​ធ្វើ​អ្វី​ ជា​ដើម​។ល។

គណបក្ស​ដែល​មិន​កាន់​កាប់​រដ្ឋាភិបាល​តែ​ទទួល​បាន​ការ​បោះ​ឆ្នោត​មាន​សំឡេង​នៅ​ក្នុង​រដ្ឋសភា​នោះ​គួរ​តែ​ត្រូវ​បាន​រាប់​បញ្ចូល​​ទៅ​ក្នុង​កម្មវិធី​រដ្ឋពិធី​នានា​។ គ្រប់​គណបក្ស​ទាំង​អស់​សុទ្ធ​តែ​កើត​ចេញ​ពី​សំឡេង​ប្រជាជន ហេតុ​ដូច​នេះ​សំឡេង​ប្រជា​ជន​មិន​គួរ​ណា​ទទួល​បាន​ការ​រើស​អើង ឬ​មើល​ងាយ​មើល​ថោក ដោយ​ក្នុង​ហេតុ​សំឡេង​របស់​ពួក​គេ​មិន​បាន​កាន់​អំណាច​នោះ​ឡើយ​៕

_________________________________________________
អានផងដែរ
១. មេរៀនពីវិបាកនៃនយោបាយប្រទេសថៃ
២. កម្ពុជា និង​ដំណើរ​ថយ​ក្រោយ​នូវ​លិទ្ធិ​ប្រជា​ធិបតេយ្យ

 

Advertisements
%d bloggers like this: