jump to navigation

ទំនៀម​ចូល​គាល់ និង​ពាក្យ​ចរចា​ជាមួយ​​ព្រះ​រាជា ក្សត្រ និង​ព្រះ​រាជ​វង្សានុវង្ស ថ្ងៃចន្ទ 17 ខែកក្កដា 2017

Posted by សុភ័ក្ត្រ in អំពី​ភាសា.
trackback

កកន៖ ខ្មែរ​យើង​ធ្លាប់​រុង​រឿង ជា​​អរិយ​ជន​ដែល​ស្ថិត​ក្នុង​នគរ​មួយ​ពោរពេញ​ទៅ​ដោយ​វប្បធម៌​សម្បូរ​បែប រហូត​ជាតិ​ដទៃ​ក្បែរ​ខាង​កោត​សរសើរ​និង​បាន​ចម្លង​បន្ត​សម្រាប់​ប្រទេស​គេ​រៀង​ៗ​ខ្លួន​។ ការ​ប្រើ​ប្រាស់​វាក្យ​សព្ទ​ពិសេស​សម្រាប់​ព្រះ​រាជា​ម្ចាស់​ផែន​ដី និង​ព្រះ​រាជ​វង្សា​នុវង្ស​ក៏​ឃើញ​ថា​មាន​លក្ខណៈ​ពិសេស​ដោយ​ឡែក​ដែល​ជាតិ​ដទៃ​គ្មាន​។ ដោយ​អំណាច​នៃ​សង្គ្រាម នគរ​យើង​បាន​បាត់​បង់​​អស់​ជា​ច្រើន​នូវ​អ្នក​ដែល​មាន​ចំណេះ​ដឹង ព្រម​ទាំង​ឫស​គល់​ឯកសារ​នានា​ក៏​ខូច​ខាត​អស់​ជា​ច្រើន​ផង​ដែរ​។

បន្ទាប់​ពី​នគរ​យើង​បង្កើត​ឡើង​វិញ​នូវ​របប​រាជាធិបតេយ្យ​នោះ មាន​ជន​កម្ពុជា​យើង​មិន​តិច​ទេ ដែល​នៅ​មាន​ចំណេះ​ដឹង​ស្ដួច​ស្ដើង​ក្នុង​ការ​ប្រើ​ប្រាស់​រាជ​សព្ទ​ក្នុង​ការ​ប្រាស្រ័យ​ចរចា​ជាមួយ​ព្រះ​ចៅ​ផែន​ដី ក៏​ដូច​ជា​ព្រះ​រាជ​វង្សានុវង្ស​ទី​ខ្ពស់​ៗ​​។ នេះ​រាប់​តាំង​ពី​សាមញ្ញ​ជន រហូត​ដល់​មន្ត្រី​មួយ​ចំនួន​ផង​។ បើ​ទោះ​បី​ជា​អង្គ​ព្រះ​មហា​ក្សត្រិយ៍ ព្រះ​មហា​ក្សត្រីយ៍ និង​ព្រះ​ញាតិ​វង្ស ព្រះ​អង្គ​មិន​ចាប់​ទោស​អូស​ដំណើរ​អ្វី​ពី​ការ​ប្រើ​ប្រាស់​វាក្យ​សព្ទ​មិន​ត្រឹម​ត្រូវ​ក្ដី គួរ​ណាស់​តែ​យើង​ដែល​ជា​ខេម​រ​ជន អ្នក​ដែល​កើត​នៅ​ក្នុង​ប្រទេស​មួយ​ធ្លាប់​មាន​អារិយធម៌​រុង​រឿង​នោះ​ ត្រូវ​រៀន​សូត្រ​ឡើង​វិញ និង​ប្រើ​ប្រាស់​ពាក្យ​សព្ទ​ឲ្យ​បាន​ត្រឹម​ត្រូវ ស័ក្ដិ​សម​ជា​អ្នក​ដែល​មាន​ចំណេះ​ដឹង​មួយ​រស់​ក្នុង​ឯករាជ​ប្រទេស​។

ខាង​ក្រោម​នេះ​ស្រែ​ខ្មុក សូម​លើក​ជូន​ដោយ​សង្ខេប​ស្ដី​អំពី​ពាក្យ​​សាមញ្ញ​មួយ​ចំនួន សម្រាប់​ទាំង​បុរស​ទាំង​ស្ត្រី​ក្នុង​ការ​ចរចា ឬ​និយាយ​ស្ដី​ទៅ​កាន់​ព្រះ​រាជា ព្រះ​មហា​ក្សត្រីយ៍ ក៏​ដូច​ជា​ព្រះ​ញាតិ​វង្ស​។ ពាក្យ​អស់​ទាំង​នេះ គប្បី​យើង​ត្រូវ​ដឹង ត្រូវ​ចេះ​​ បើ​ទោះ​បី​ថា​មិន​មាន​ឱកាស​ចូល​គាល់ ឬ​ជួប​ផ្ទាល់​ជាមួយ​ព្រះ​អង្គ​ក្ដី​។ កុំ​ឲ្យ​ជាតិ​ដទៃ​មើល​ងាយ​ដល់​យើង​ ថា​ជា​មនុស្ស​ព្រៃ​។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​ សៀវភៅ​ព្រះ​រាជ​ប្រពៃណី​ព្រះ​មហា​ក្សត្រ និង​សម្ដេច​ព្រះ​សង្ឃ​រាជ ដែល​បោះ​ផ្សាយ​ដោយ​ក្រសួង​ព្រះ​បរម​រាជ​វាំង ច្បាប់​ព.ស.​២៥៤៧ គ.ស.​២០០៣​។ សូម​ប្រិយ​មិត្រ​សិក្សា​ស្វែង​យល់​ដូច​ត​ទៅ​៖

បុរស​ស្ត្រី​ឯណា ចូល​ទៅ​គាល់​ព្រះ​រាជា បើ​ចូល​ទៅ​ដល់​ទី​គាល់​ហើយ សូម្បី​ព្រះ​រាជា​ពុំ​ទាន់​ស្ដេច​ចេញ​ក៏​ត្រូវ​តែ​អ្នក​ដែល​ទៅ​ដល់​លើក​ដៃ​ថ្វាយ​បង្គំ​ឆ្ពោះ​ទៅ​ត្រង់​ទី​ដែល​ស្ដេច​ចេញ​។ បើ​ថា​ពុំ​បាន​ស្ដេច​ចេញ​ឲ្យ​គាល់​ក្ដី បុរស​ស្ត្រី​ដែល​ទៅ​ចាំ​គាល់​នោះ​នឹង​វិល​ចេញ​ទៅ​គេហ​ស្ថាន​វិញ ក៏​ត្រូវ​តែ​ថ្វាយ​បង្គំ​ដូច​កាល​ចូល​មក​។

ការ​ថ្វាយ​បង្គំ​កំបាំង​ព្រះ​ភ័ក្ត្រ​នេះ​គឺ អង្គុយ​ត្រង់​គ្រាន់​តែ​លើក​ដៃ​ប្រណម្យ​ត្រឹម​ថ្ងាស​មិន​បាច់​បង្អោន​កាយ​ក្រាប​ថ្វាយ​បង្គំ​ដូច​ទ្រង់​ស្ដេច​ចេញ​ឲ្យ​គាល់​នោះ​ទេ​។ ទំនៀម​នេះ​ជា​ប្រវេណី​អំពី​បុរាណ​រៀង​មក​។

អំពី​ការ​ចរចា​នឹង​ព្រះ​រាជា ក្សត្រ និង​ព្រះ​រាជ​វង្សានុវង្ស ដោយ​សង្ខេប

បុរស​ចរចា​នឹង​ព្រះ​រាជា

ហៅ​ព្រះ​រាជា​ថា ៖ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង
ហៅ​ខ្លួន​ឯង​ថា ៖ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ
ឆ្លើយ​ថា ៖ ព្រះ​ករុណា​ថ្លៃ​ពិសេស ឬ​ព្រះ​ករុណា​ពិសេស
បើ​នឹង​និយាយ​ពី​អ្វី​ត្រូវ​ថា ៖ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស

ចរចា​នឹង​ក្សត្រា​ធំ ទី​សម្ដេច​ដែល​ព្រះ​រាជា​ទ្រង់​គោរព

ហៅ​ក្សត្រ​នោះ​ថា ៖ ទ្រង់​ព្រះ​ករុណា​ពិសេស
(​ពាក្យ​ក្រៅ​អំពី​នេះ​ត្រូវ​ប្រើ​ដូច​គ្នា​ខាង​លើ​)

ចរចា​នឹង​ក្សត្រ ទី​សម្ដេច​សាមញ្ញ ឬ​ព្រះ​អង្គ​ម្ចាស់

ហៅ​ក្សត្រ​នោះ​ថា ៖ ទ្រង់​ព្រះ​ករុណា​ពិសេស
ហៅ​ខ្លួន​ឯង​ថា ៖ ទូល​បង្គំ​ជា​ខ្ញុំ
ឆ្លើយ​ថា ៖ ព្រះ​ករុណា​ពិសេស
បើ​នឹង​និយាយ​ពី​អ្វី​ត្រូវ​ថា ៖ សូម​ទ្រង់​មេត្តា​ប្រោស

ចរចា​នឹង​ក្សត្រ ទី​អ្នក​អង្គ​ម្ចាស់

ហៅ​ក្សត្រ​នោះ​ថា ៖ ទ្រង់
ហៅ​ខ្លួន​ឯង​ថា ៖ ទូល​បង្គំ
ឆ្លើយ​ថា ៖ ករុណា​ពិសេស
បើ​នឹង​និយាយ​ពី​អ្វី​ត្រូវ​ថា ៖ សូម​មេត្តា​ប្រោស

បែប​ស្ត្រី​ចរចា​នឹង​ក្សត្រី ទី​សម្ដេច​ព្រះ​រាជ​អយ្យិកា ព្រះ​រាជ​ជននី ព្រះ​អគ្គ​មហេសី

ហៅ​ក្សត្រី​នោះ​ថា ៖ ក្រោម​ព្រះ​បាទ
ហៅ​ខ្លួន​ឯង​ថា ៖ ខ្ញុំ​ម្ចាស់
ឆ្លើយ​ថា ៖ ទទួល​ព្រះ​រាជ​សវនីយ៍​ជា​ម្ចាស់
បើ​នឹង​និយាយ​ពី​អ្វី​ត្រូវ​ថា ៖ ក្រាប​ទូល

ចរចា​នឹង​ក្សត្រី ទី​សម្ដេច​សាមញ្ញ

ហៅ​ក្សត្រី​នោះ​ថា ៖ ក្រោម​ព្រះ​បាទ
ហៅ​ខ្លួន​ឯង​ថា ៖ ខ្ញុំ​ម្ចាស់
ឆ្លើយ​ថា ៖ ព្រះ​មែ​ជា​ម្ចាស់
បើ​នឹង​និយាយ​ពី​អ្វី​ត្រូវ​ថា ៖ ក្រាប​ទូល

ចរចា​នឹង​ក្សត្រី ទី​ព្រះ​អង្គ​ម្ចាស់

ហៅ​ក្សត្រី​នោះ​ថា ៖ ក្រោម​ព្រះ​បាទ
ហៅ​ខ្លួន​ឯង​ថា ៖ ខ្ញុំ​ម្ចាស់
ឆ្លើយ​ថា ៖ មែ​ម្ចាស់
បើ​នឹង​និយាយ​ពី​អ្វី​ត្រូវ​ថា ៖ ក្រាប​ទូល

ចរចា​នឹង​ក្សត្រី ទី​អ្នក​អម្ចាស់

ហៅ​ក្សត្រី​នោះ​ថា ៖ ទ្រង់
ហៅ​ខ្លួន​ឯង​ថា ៖ ខ្ញុំ​ម្ចាស់
ឆ្លើយ​ថា ៖ មែ
បើ​នឹង​និយាយ​ពី​អ្វី​ត្រូវ​ថា ៖ ក្រាប​ទូល

ស្ត្រី​ចរចា​នឹង​ព្រះ​រាជា​អម្ចាស់​ផែន​ដី

ហៅ​ព្រះ​រាជា​ថា ៖ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង
ហៅ​ខ្លួន​ឯង​ថា ៖ ខ្ញុំ​ម្ចាស់
ឆ្លើយ​ថា ៖ ព្រះ​​ពរ​ជា​ម្ចាស់
បើ​នឹង​និយាយ​ពី​អ្វី​ត្រូវ​ថា ៖ ក្រាប​ទូល

ចរចា​នឹង​ក្សត្រា ទី​សម្ដេច ឬ​ព្រះ​អង្គ​ម្ចាស់

ហៅ​ក្សត្រ​នោះ​ថា ៖ ក្រោម​ព្រះ​បាទ
ហៅ​ខ្លួន​ឯង​ថា ៖ ខ្ញុំ​ម្ចាស់
ឆ្លើយ​ថា ៖ ពរ​ម្ចាស់
បើ​នឹង​និយាយ​ពី​អ្វី​ត្រូវ​ថា ៖ ក្រាប​ទូល

ចរចា​នឹង​ក្សត្រា ទី​អ្នក​អង្គ​ម្ចាស់

ហៅ​ក្សត្រ​នោះ​ថា ៖ ទ្រង់
ហៅ​ខ្លួន​ឯង​ថា ៖ ខ្ញុំ​ម្ចាស់
ឆ្លើយ​ថា ៖ ពរ
បើ​នឹង​និយាយ​ពី​អ្វី​ត្រូវ​ថា ៖ ក្រាប​ទូល

___________________________________________________________
អាន​ផង​ដែរ​៖
១. ពាក្យ​សម្គាល់​ «​ក្សត្រិយ៍​ទ្រង់​រាជ្យ» នៅ​នគរ​​កម្ពុជា
២. ពាក្យ​ស័ព្ទ​ឆ្លើយ​តប​នឹង​ «​ព្រះ​រាជិនី​» នៅ​នគរ​កម្ពុជា

Advertisements

មតិ»

1. ពាក្យ​ស័ព្ទ​ឆ្លើយ​តប​នឹង​ «​ព្រះ​រាជិនី​» នៅ​នគរ​កម្ពុជា | ស្រែ​ខ្មុក - ថ្ងៃពុធ 19 ខែកក្កដា 2017

[…] ____________________________________ អាន​ផង​ដែរ​៖ ១. ពាក្យ​សម្គាល់​ «​ក្សត្រិយ៍​ទ្រង់​រាជ្យ» នៅ​នគរ​​កម្ពុជា ២. ទំនៀម​ចូល​គាល់ និង​ពាក្យ​ចរចា​ជាមួ… […]

2. ពាក្យ​សម្គាល់​ «​ក្សត្រិយ៍​ទ្រង់​រាជ្យ» នៅ​នគរ​​កម្ពុជា | ស្រែ​ខ្មុក - ថ្ងៃពុធ 19 ខែកក្កដា 2017

[…] ____________________________________ អាន​ផង​ដែរ​៖ ១. ពាក្យ​ស័ព្ទ​ឆ្លើយ​តប​នឹង​ «​ព្រះ​រាជិនី​» នៅ​នគរ​កម្ពុជា ២. ទំនៀម​ចូល​គាល់ និង​ពាក្យ​ចរចា​ជាមួ… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: