jump to navigation

នាយក​រដ្ឋមន្ត្រី​ថៃ​ដែល​ភៀស​ខ្លួន​មក​កម្ពុជា ថ្ងៃ​ព្រហស្បតិ៍ 31 ខែសីហា 2017

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ภาษาไทย.
2 comments

«​ប្លែក ពិបូលសង្គ្រាម​» (​ថ. แปลก พิบูลสงคราม) គឺ​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ដ៏​ល្បី​ឈ្មោះ​ម្នាក់​នៅ​ក្នុង​ប្រទេស​ថៃ ដែល​បាន​កាន់​តំណែង​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ជាតិ​ថៃ គឺ​រហូត​ដល់​ទៅ​១៤​ឆ្នាំ​១១​ខែ និង​១៨​ថ្ងៃ សរុប​បាន​៨​អណត្តិ​។ នាយក​រដ្ឋមន្ត្រី​ប្លែក ពិបូលសង្គ្រាម នេះ គឺ​ជា​អ្នក​ដឹក​នាំ​ថៃ​ដែល​មាន​នយោបាយ​សំខាន់​បំផុត​គឺ​ការ​អភិវឌ្ឍន៍​ប្រទេស​ថៃ​ឲ្យ​ស្មើ​អារ្យ​ប្រទេស​ ដោយ​ធ្វើ​ការ​បំផុស​ឲ្យ​ប្រជាជន​ថៃ​ស្រឡាញ់​ជាតិ​ខ្លួន តាម​រយៈ​ការ​ចេញ​សេចក្ដី​ប្រកាស​របស់​គណៈ​រដ្ឋមន្ត្រី​មួយ​ស្ដី​អំពី «​រដ្ឋ​និយម​»​។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​លោក​ជា​អ្នក​ផ្លាស់​ប្ដូរ​ឈ្មោះ​ប្រទេស​ពី​សៀម មក «​ថៃ​» ​ផ្លាស់​ប្ដូរ​ភ្លេង​ជាតិ​ថៃ ដែល​ប្រើ​ប្រាស់​មក​ដល់​បច្ចុប្បន្ន​នេះ​ និង​ការ​ផ្លាស់​ប្ដូរ​សករាជ ជា​ដើម​។ល។

ខេត្ត​កម្ពុជា​យើង​ដែល​ក្នុង​ពេល​​ធ្លាក់​ក្រោម​ការ​គ្រប់​គ្រង​របស់​សៀម ក៏​ធ្លាប់​ត្រូវ​បាន​ផ្លាស់​ឈ្មោះ​មក​ជា​ខេត្ត​ពិបូលសង្គ្រាម តាម​ឈ្មោះ​របស់​លោក (​បច្ចុប្បន្ន​ខេត្ត​សៀម​រាប, បន្ទាយ​មាន​ជ័យ និង​ឧត្ដរ​មាន​ជ័យ​) ដើម្បី​ផ្ដល់​ជា​កត្តិយស​ដល់​លោក​ផង​ដែរ​។ (​សូម​អាន​ប្រកាស​៖ ខែត្រវិបុលសង្គ្រាម)

បើ​ទោះ​ជា​គុណ​សម្បត្តិ​លោក ប្លែក ពិបូលសង្គ្រាម មាន​ច្រើន​ចំពោះ​ប្រទេស​ថៃ​យ៉ាង​នេះ​ក្ដី ជោគ​ជតា​របស់​លោក​នាយក​រដ្ឋមន្ត្រី​រូប​នេះ មិន​ល្អ​ប្រសើរ​ដូច​អ្វី​ៗ​ដែល​លោក​បាន​ធ្វើ​ទេ​។ នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​១៩៥៧ លោក​ត្រូវ​បាន​នាយ​ឧត្ដម​សេនីយ៍ ស្ឫស្តិ៍ ធនៈរ័ជ្ត (ថ. สฤษดิ์ ธนะรัชต์) ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​លោក​ចេញ​ពី​តំណែង​។ លោក​​ប្លែក ពិបូលសង្គ្រាម​ រួម​និង​អ្នក​ជំនិត​២​រូប​ទៀត បាន​ភៀស​ខ្លួន​យ៉ាង​តក់​ក្រហល់​ចូល​មក​កម្ពុជា មុន​នឹង​សុំ​សិទ្ធិ​ភៀស​ខ្លួន​នយោបាយ​ទៅ​ប្រទេស​ជប៉ុន និង​ស្លាប់​នៅ​ទី​នោះ​។

ក្នុង​សៀវភៅ​មួយ​ស្ដី​អំពី «​អនុស្សាវរីយ៍​គម្រប់​១០០​ឆ្នាំ ឧត្ដម​សេនីយ៍ ​ប្លែក ពិបូលសង្គ្រាម​ ១៤ កក្កដា ១៩៩៧» បាន​សរសេរ​ថា​៖

លោក​បាន​បើក​រថយន្ត​ចេញ​ពី​អាគារ​រដ្ឋាភិបាល​ជាមួយ ឧត្ដម​សេនីយ៍​ត្រី បុលឝិក្ដិ៍ វណ្ណមាស នាយ​ទាហាន​ស្និទ្ធ​, លោក​ឆាយ វិរោចន៍​ឝិរិ លេខាធិការ​នាយក​រដ្ឋមន្ត្រី និងឧត្ដម​សេនីយ៍​ទោ ជុមពល លោហៈជាលៈ តម្រួត​អង្គរក្ស នា​យប់​​ថ្ងៃ​ទី​១៦ កញ្ញា ១៩៥៧ វេលា​ប្រមាណ​២១.០០ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ត្រាត ចុះ​ទូក​របស់​អ្នក​នេសាទ​សំដៅ​ទៅ​កោះ​កុង​របស់​កម្ពុជា​។ ព្រឹក​ស្អែក​ឡើង​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​កប៉ាល់​ចម្បាំង​មួយ​មក​ទទួល​លោក​ទៅ​កាន់​ក្រុង​ភ្នំពេញ ហើយ​ដែល​បាន​ទទួល​ព្រះ​មហា​ករុណាធិគុណ​ពី​សម្ដេច​ព្រះ​ចៅ​ក្រុង​កម្ពុជា និង​សម្ដេច​ព្រះ​បរម​រាជិនី ប្រដូច​នឹង​ភ្ញៀវ​ជាតិ​សំខាន់​មួយ​រូប​ផង​ដែរ​…​។

ឧត្ដម​សេនីយ៍ ពិបូលសង្គ្រាម និង​លោក​ជំទាវ​ល្អៀត នា​ឆ្នេរ​ទន្លេ​មួយ​ឯ​កម្ពុជា ទី​ដំបូង​ដែល​បាន​ទៅ​ដល់​បន្ទាប់​ពី​ភៀស​ខ្លួន​ចេញ​ពី​ប្រទេសថៃ (​រូប​៖ អនុស្សាវរីយ៍​គម្រប់​១០០​ឆ្នាំ ឧត្ដម​សេនីយ៍ ​ប្លែក ពិបូលសង្គ្រាម​ ១៤ កក្កដា ១៩៩៧)

________________________________________________
អានផងដែរ៖
១. ខែត្រវិបុលសង្គ្រាម

ស៊ីហ្គេមស៍​ទី​២៩ បាន​បញ្ចប់ កម្ពុជា​រក្សា​តំណែង​លេខ​៨​បាន ថ្ងៃពុធ 30 ខែសីហា 2017

Posted by សុភ័ក្ត្រ in កីឡា, វីដេអូ, ស៊ីហ្គេមស៍​២៩.
7 comments

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ​​​, ប្រទេស​ម៉ាឡេស៊ី កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ីហ្គេមស៍​ទី​២៩ បាន​បិទ​ជា​ផ្លូវ​ការ​ហើយ​នៅ​ល្ងាច​​​មិញ​នេះ (៣០ សីហា ២០១៧) នៅ​ឯ​​ពហុ​កីឡដ្ឋាន នៃ​រដ្ឋ​ធានី​កួឡា ឡូមពួរ​​​ ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​បាន​បើក​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា កន្លង​ទៅ​នេះ។ សម្រាប់​លទ្ធផល​ជា​​​ផ្លូវ​ការ ប្រទេស​ម៉ាឡេស៊ី​ម្ចាស់​ផ្ទះ​​ជា​ប្រទេស​ដែល​ទទួល​មេ​ដាយ​ច្រើន​ជាង​គេ​បំផុត​ បន្ទាប់​មក​ប្រទេស​ថៃ និង​វៀតណាម។

  • កម្ពុជា​រក្សា​តំណែង​លំដាប់​លេខ​៨

សម្រាប់​ប្រទេស​កម្ពុជា​វិញ បាន​រក្សា​តំណែង​ជា​ប្រទេស​ក្នុង​លំដាប់​លេខ​៨​បាន​យ៉ាង​ប្រផិត​ប្រផើយ គឺ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ទៅ​ហើយ ដោយ​បន្ថែម​បាន​មេដាយ​មាស​ចំនួន​ពីរ​បន្ថែម​ពី​គុន​ខ្មែរ និង​តៃក្វាន់ដូ​។ សរុប​មក​កម្ពុជា​យើង​បាន​ទទួល​មេដាយ​​មាស​ចំនួន​៣ ប្រាក់​ចំនួន​២ និង​សំរឹទ្ធ​ចំនួន​១២ សរុប​បាន​១៧​មេដាយ​ ដោយ​បាន​កើន​ឡើង​ចំនួន​២​មេដាយ ធៀប​នឹង​ស៊ីហ្គេមស៍ គ្រា​មុន​​ ដែល​កាល​ណុះ​កម្ពុជា​ទទួល​បាន​​មាស​១, ប្រាក់​៥, និង​សំរិទ្ធ​៩​

  • ចំនួន​មេដាយ​សរុប​ដែល​ប្រទេស​នីមួយ​ៗ​ទទួល​បាន​នៅ​ស៊ីហ្គេមស៍​គ្រា​ទី​២៩

____________________________________________
អាន​ផង​ដែរ​
១. ម៉ាឡេស៊ី​បើក​កីឡា​អាស៊ី​អាគ្នេយ៍ (​ស៊ីហ្គេមស៍​) លើក​ទី​២៩
២. ថ្ងៃ​នេះ​កម្ពុជា​បាន​មេដាយ​មាស​បន្ថែម​ពីរ​គ្រឿង​ទៀត​ពី​គុន​ខ្មែរ និង​​តៃក្វាន់ដូ
៣. បិទ​ឆាក​ស៊ីហ្គេមស៍​២៥ ប៉េតង់​ផ្ដល់​មេដាយ​សំរឹទ្ធ​២​បន្ថែម
៤. បិទ​ស៊ីហ្គេមស៍​២៦ ខ្មែរ​បាន​មេដាយ​តិច​ជាង​លើក​មុន​ទៅ​ទៀត!
៥. បិទ​ស៊ីហ្គេមស៍​២៧ ខ្មែរ​បាន​មេដាយ​លើស​មុន​តែ​៨​គ្រឿង​ប៉ុណ្ណោះ
៦. ស៊ីហ្គេមស៍​ទី​២៨ បាន​បញ្ចប់ ខ្មែរ​បាន​មេដាយ​តិច​បំផុត​ហួស​ក្ដី​ស្មាន
៧. កីឡា​៧​ប្រភេទ ផ្ដល់​មេដាយ​ដល់​ស្រុក​ខ្មែរ​នៅ​ស៊ីហ្គេមស៍​២៩

ថ្ងៃ​នេះ​កម្ពុជា​បាន​មេដាយ​មាស​បន្ថែម​ពីរ​គ្រឿង​ទៀត​ពី​គុន​ខ្មែរ និង​​តៃក្វាន់ដូ ថ្ងៃអង្គារ 29 ខែសីហា 2017

Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្គេមស៍​២៩.
8 comments

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ​​​, ប្រទេស​ម៉ាឡេស៊ី – ព្រឹត្តិការណ៍​​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ីហ្គេមស៍ លើក​ទី​២៩​​ថ្ងៃ​នេះ​កម្ពុជា​បាន​មេដាយ​ចំនួន​៥​គ្រឿង ពី​ពីរ​ប្រភេទ​កីឡា គឺ​តៃក្វាន់ដូ និង​គុន​ខ្មែរ ឬ​ប្រដាល់​សេរី​ ដោយ​ក្នុង​នោះ​មាន​មេដាយ​មាស​ចំនួន​ពីរ​ផង​ដែរ​។

មេដាយ​មាស​ទី​២ ដែល​កម្ពុជា​ទទួល​បាន​សម្រាប់​ការ​ប្រកួត​កីឡា​ស៊ីហ្គេមស៍​ឆ្នាំ​នេះ គឺ​បាន​មក​ពី​កីឡា​ប្រដាល់​សេរី ដោយ​កីឡាករ ឃីម ឌីម៉ា បាន​យក​ឈ្នះ​កីឡាករ​មក​ពី​ប្រទេស​ថៃ Chonlawit P​ ដោយ​ពិន្ទុ​២៩-២៨​​ ក្នុង​ប្រភេទ​ទម្ងន់​ ៦៣.៥​ គីឡូក្រាម​។ ចំណែក​ឯ​កីឡាករ​ម៉ឺន សុភា វិញ ទទួល​បាន​មេដាយ​ប្រាក់​​បន្ទាប់​ពី​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​មក​ពី​ប្រទេស​ថៃ​ Anueng K ៣០ទល់​២៧ ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​ប្រភេទ​ទម្ងន់​ ៧១​ គីឡូក្រាម​។ ដោយ​ឡែក​កីឡាករ​ពីរ​រូប​ទៀត គឺវ៉ាន់ វឿន និងឡៅ ចិត្រា ​ទទួល​បាន​មេដាយសំរឹទ្ធ​។

ចំពោះ​មេដាយ​មាស​ទី​៣​របស់​កម្ពុជា​វិញ ​កីឡា​ការិនី​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​ ស៊ន សៀវម៉ី បាន​​យក​ឈ្នះ​​កីឡា​ការិនី Alora របស់​​ហ្វីលីពីន​​​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៧៣​គីឡូក្រាម ដោយ​ពិន្ទុ ១៣-៦​​​។

សរុប​គិត​មក​ដល់​ថ្ងៃ​នេះ ប្រទេស​កម្ពុជា​យើង​​​បាន​ឡើង​មក​នៅ​​លំដាប់​​ថ្នាក់​ទី​៨​ក្នុង​តារាង​វិញ ដោយ​ទទួល​បាន​​មេដាយ​មាស​ចំនួន​៣ ប្រាក់​ចំនួន​២ និង​​​មេដាយ​សំរឹទ្ធ​ចំនួន​១២ សរុប​ចំនួន​១៧​មេដាយ​​។ ឯ​ប្រទេស​ម៉ាឡេស៊ី ម្ចាស់​ផ្ទះ​ស្ថិត​លំដាប់​ទី​១​ដដែល​ ដោយ​បាន​មេដាយ​មាស​រហូត​ដល់​ទៅ​១៣៧ ប្រាក់​ចំនួន​៨៨ និង​សំរឹទ្ធ​ចំនួន​៨៣ សរុប​បាន​រហូត​ដល់​ទៅ​៣០៨​មេដាយ​។ ប្រទេស​ថៃ​បាន​បន្ត​ឈរ​​នៅ​លំដាប់​លេខ​២ និង​​វៀតណាម​​​នៅ​លំដាប់​លេខ​៣​​​​​៕

__________________________________________________________________
អាន​ផង​ដែរ​៖
១. កម្ពុជា​បាន​មេដាយ​ដំបូង​ចំនួន​ពីរ​ពី​សី​ដក់
២. កីឡា​ជិះ​សេះ​ជូន​មេដាយ​សំរឹទ្ធ​មួយ
៣. ប៉េតង់ បាន​ផ្ដល់​មេដាយ​សំរឹទ្ធ​២
៤. ប៉េតង់​ផ្ដល់​មេដាយ​មាស​ដំបូង​ដល់​កម្ពុជា
៥. តៃក្វាន់ដូ និង​ប៉េតង់​រក​មេដាយ​សំរឹទ្ធ​បាន​បន្ថែម​ទៀត
៦. ថ្ងៃ​នេះ​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​បន្ថែម​១​គ្រឿង​ពី​តៃក្វាន់ដូ
៧. ប៉េតង់​ផ្ដល់​មេដាយ​ប្រាក់​មួយ​គ្រឿង​នា​ថ្ងៃ​នេះ

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​អនុ​វិទ្យាល័យ​ស្ពឺ ថ្ងៃអង្គារ 29 ខែសីហា 2017

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧ នេះ មាន​រយៈ​ពេល​៥០​ឆ្នាំ​គត់ ដែល​ប្រជា​រាស្ត្រ​នៅ​​ឯ​ស្រុក​ចម្ការ​លើ ខេត្ត​កំពង់​ចាម មាន​ភ័ព្វ​វាសនា​​ជា​ថ្មី​ម្ដង​ទៀត ដែល​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ជា​អម្ចាស់​ស្ដេច​យាង​មក​សម្ពោធ​ជា​ប្រវត្តិ​សាស្ត្រ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់ចាម នោះ​គឺ​អនុ​វិទ្យា​ល័យ​ស្ពឺ​។​

សមិទ្ធផល​ថ្មី​ៗ​មួយ​ចំនួន​មាន​អាគារ​ថ្មី​​ចំនួន​៤​ខ្នង ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ ដោយ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ផ្ទាល់​ព្រះ​អង្គ​​ដើម្បី​​បម្រើ​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស​ក្នុង​តំបន់​។

សិស្សានុសិស្ស ព្រម​ប្រជា​រាស្ត្រ​ជា​ច្រើន​បាន​ចេញ​មក​សាទរ និង​ទទួល​ស្វាគមន៍​ព្រះ​រាជ​ដំណើរ​របស់​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ក្នុង​បរិយាកាស​សប្បាយ​រីក​រាយ​រក​អ្វី​ប្រៀប​ពុំ​បាន​។

នៅ​ក្នុង​របប​សង្គម​រាស្ត្រ​និយម​ក្រោម​មគ្គុទេសក៍​របស់​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​អមត​នៃ​ពួង​ជន​ខ្មែរ ព្រះ​អង្គ​ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​​សង្គម​តែង​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​​ការ​សិក្សា​របស់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ស្មើ​មុខ​មាត់ និង​អ្នក​រស់​នៅ​តាម​ទី​ប្រជុំ​ជន​ធំ​ៗ​ឯ​ទៀត​របស់​ព្រះ​នគរ​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

ប៉េតង់​ផ្ដល់​មេដាយ​ប្រាក់​មួយ​គ្រឿង​នា​ថ្ងៃ​នេះ ថ្ងៃចន្ទ 28 ខែសីហា 2017

Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្គេមស៍​២៩.
7 comments

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ​​​, ប្រទេស​ម៉ាឡេស៊ី – សម្រាប់​ការ​ប្រកួត​កីឡា​​អាស៊ី​អាគ្នេយ៍ ឬ​ស៊ីហ្គេមស៍ លើក​ទី​២៩​ នា​ថ្ងៃ​នេះ កម្ពុជា​ដណ្ដើម​បាន​មេដាយ​ប្រាក់​មួយ ហើយ​ក៏​ជា​មេដាយ​ប្រាក់​ដំបូង​ផង​ដែរ​ពី​ប្រភេទ​កីឡា​ប៉េតង់​ ឬ​បោះ​ប៊ូល​នោះ​ឯង​។

កីឡាករ សៅ សុភារ៉ាន់ និង​កីឡា​ការិនី​​ ដួង ឌីណា បាន​ចាញ់​ក្រុម​កីឡាករ​មក​ពី​ប្រទេស​ថៃ លើ​វិញ្ញាសា​គូ​បុរស-​នារី ក្នុង​ពិន្ទុ​១៣-៨ ដោយ​ទទួល​បាន​មេដាយ​ប្រាក់​។

សរុប​គិត​មក​ដល់​ថ្ងៃ​នេះ ប្រទេស​កម្ពុជា​យើង​​​នៅ​បន្ត​​​ក្នុង​លំដាប់​​ថ្នាក់​ទី​៩​ក្នុង​តារាង ដែល​ទំនង​ជា​លំដាប់​ផ្លូវ​ការ​ហើយ មិន​អាច​ឡើង​មក​លើ​នឹង​បាន​ទៀត​ទេ​​​ ដោយ​ទទួល​បាន​​មេដាយ​មាស​ចំនួន​១ ប្រាក់​ចំនួន​១ និង​​​មេដាយ​សំរឹទ្ធ​ចំនួន​១០ សរុប​ចំនួន​១២​មេដាយ​​។ ឯ​ប្រទេស​ម៉ាឡេស៊ី ម្ចាស់​ផ្ទះ​ស្ថិត​លំដាប់​ទី​១​ដដែល​ ដោយ​បាន​មេដាយ​មាស​រហូត​ដល់​ទៅ​១០៩ ប្រាក់​ចំនួន​៧៤ និង​សំរឹទ្ធ​ចំនួន​៦៩ សរុប​បាន​រហូត​ដល់​ទៅ​២៥២​មេដាយ​។ ប្រទេស​ថៃ​បាន​បន្ត​ឈរ​​នៅ​លំដាប់​លេខ​២ និង​​វៀតណាម​​​នៅ​លំដាប់​លេខ​៣​​​​​៕

__________________________________________________________________
អាន​ផង​ដែរ​៖
១. កម្ពុជា​បាន​មេដាយ​ដំបូង​ចំនួន​ពីរ​ពី​សី​ដក់
២. កីឡា​ជិះ​សេះ​ជូន​មេដាយ​សំរឹទ្ធ​មួយ
៣. ប៉េតង់ បាន​ផ្ដល់​មេដាយ​សំរឹទ្ធ​២
៤. ប៉េតង់​ផ្ដល់​មេដាយ​មាស​ដំបូង​ដល់​កម្ពុជា
៥. តៃក្វាន់ដូ និង​ប៉េតង់​រក​មេដាយ​សំរឹទ្ធ​បាន​បន្ថែម​ទៀត
៦. ថ្ងៃ​នេះ​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​បន្ថែម​១​គ្រឿង​ពី​តៃក្វាន់ដូ
៧. ថ្ងៃ​នេះ​កម្ពុជា​បាន​មេដាយ​មាស​បន្ថែម​ពីរ​គ្រឿង​ទៀត​ពី​គុន​ខ្មែរ និង​​តៃក្វាន់ដូ

ថ្ងៃ​នេះ​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​បន្ថែម​១​គ្រឿង​ពី​តៃក្វាន់ដូ ថ្ងៃអាទិត្យ 27 ខែសីហា 2017

Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្គេមស៍​២៩.
7 comments

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ​​​, ប្រទេស​ម៉ាឡេស៊ី – ថ្ងៃ​អាទិត្យ ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧ នេះ សម្រាប់​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ីហ្គេមស៍ លើក​ទី​២៩​នេះ ក្រុម​កីឡាករ​កម្ពុជា​រក​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង​ពី​ប្រភេទ​កីឡា​តៃក្វាន់​ដូ ក្នុង​វិញ្ញាសា Kyorugi (Feature)​។

​កីឡា​ការិនី​កូន​កាត់​អាមេរិក Tubbs Casandre Nicole ​ទទួល​បាន​មេដាយ​សំរឹទ្ធ​ ​ដោយ​ចាញ់​ពិន្ទុ​កីឡា​ការិនី​ថៃ ​ក្នុង​លទ្ធផល ១៣-៤​។

សរុប​គិត​មក​ដល់​ថ្ងៃ​នេះ ប្រទេស​កម្ពុជា​យើង​​​នៅ​បន្ត​​​ក្នុង​លំដាប់​​ថ្នាក់​ទី​៩​ក្នុង​តារាង​​​ ដោយ​បាន​មេដាយ​មាស​ចំនួន​១ និង​​​មេដាយ​សំរឹទ្ធ​ចំនួន​១០ សរុប​ចំនួន​១១​មេដាយ​​។ ឯ​ប្រទេស​ម៉ាឡេស៊ី ម្ចាស់​ផ្ទះ​ស្ថិត​លំដាប់​ទី​១​ដដែល​ ដោយ​បាន​មេដាយ​មាស​រហូត​ដល់​ទៅ​៩៦ ប្រាក់​ចំនួន​៦៤ និង​សំរឹទ្ធ​ចំនួន​៦៣ សរុប​បាន​រហូត​ដល់​ទៅ​២២៣​មេដាយ​។ ប្រទេស​ថៃ​បាន​ឡើង​មក​នៅ​លំដាប់​លេខ​២ ខណៈ​វៀតណាម​ចុះ​មក​នៅ​លំដាប់​លេខ​៣​វិញ​​​៕

__________________________________________________________________
អាន​ផង​ដែរ​៖
១. កម្ពុជា​បាន​មេដាយ​ដំបូង​ចំនួន​ពីរ​ពី​សី​ដក់
២. កីឡា​ជិះ​សេះ​ជូន​មេដាយ​សំរឹទ្ធ​មួយ
៣. ប៉េតង់ បាន​ផ្ដល់​មេដាយ​សំរឹទ្ធ​២
៤. ប៉េតង់​ផ្ដល់​មេដាយ​មាស​ដំបូង​ដល់​កម្ពុជា
៥. តៃក្វាន់ដូ និង​ប៉េតង់​រក​មេដាយ​សំរឹទ្ធ​បាន​បន្ថែម​ទៀត
៦. ប៉េតង់​ផ្ដល់​មេដាយ​ប្រាក់​មួយ​គ្រឿង​នា​ថ្ងៃ​នេះ
៧. ថ្ងៃ​នេះ​កម្ពុជា​បាន​មេដាយ​មាស​បន្ថែម​ពីរ​គ្រឿង​ទៀត​ពី​គុន​ខ្មែរ និង​​តៃក្វាន់ដូ

តៃក្វាន់ដូ និង​ប៉េតង់​រក​មេដាយ​សំរឹទ្ធ​បាន​បន្ថែម​ទៀត ថ្ងៃសៅរ៍ 26 ខែសីហា 2017

Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្គេមស៍​២៩.
7 comments

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ​​​, ប្រទេស​ម៉ាឡេស៊ី – សម្រាប់​​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី​​នា​ថ្ងៃ​នេះ (​២៦ សីហា ២០១៧​) កីឡា​តៃក្វាន់ដូ និង​ប៉េតង់​បាន​រក​មេដាយ​សំរឹទ្ធ​បន្ថែម​ម្នាក់​មួយ​គ្រឿង​ទៀត​ជូន​កម្ពុជា​។

កីឡា​ការិនី​ ស៊ីម​ ​រចនា និង​​កីឡាករ​ ទួន​ ណាវុធ បាន​ចាប់ដៃ​គូ​គ្នា​ក្នុង​វិញ្ញាសា​សម្ដែង​គូ​បុរស​នា​រី ក្នុង​ប្រភេទ​កីឡា​តៃ​ក្វាន់ដូ ដោយ​ធ្វើ​បាន​មេដាយ​សំរឹទ្ធ​មួយ​គ្រឿង​។

ចំណែក​ឯ​ប្រភេទ​កីឡា​ប៉េតង់​វិញ ក្នុង​​វិញ្ញាសា​បុរស​៣​​នាក់ទល់​៣នាក់​ កម្ពុជា​​បាន​ចាញ់​ក្រុម​កីឡាករ​មក​ពី​ប្រទេស​លាវ ក្នុង​លទ្ធផល​១៣-១០ និង​បាន​មេដាយ​សំរឹទ្ធ​​។

សរុប​គិត​មក​ដល់​ថ្ងៃ​នេះ ប្រទេស​កម្ពុជា​យើង​​​បាន​ធ្លាក់​មក​​​នៅ​​ក្នុង​លំដាប់​​ថ្នាក់​ទី​៩​ក្នុង​តារាង​វិញ​​ ដោយ​បាន​មេដាយ​មាស​ចំនួន​១ និង​​​មេដាយ​សំរឹទ្ធ​ចំនួន​៩ សរុប​ចំនួន​១០​​មេដាយ​​។ ឯ​ប្រទេស​ម៉ាឡេស៊ី ម្ចាស់​ផ្ទះ​ស្ថិត​លំដាប់​ទី​១​ដដែល​ ដោយ​បាន​មេដាយ​មាស​រហូត​ដល់​ទៅ​៨២ ប្រាក់​ចំនួន​៥៨ និង​សំរឹទ្ធ​ចំនួន​៥៣ សរុប​បាន​រហូត​ដល់​ទៅ​១៩៣​មេដាយ​។ ប្រទេស​វៀតណាម​ឈរ​ក្នុង​លំដាប់​ថ្នាក់​លេខ​២ ឯ​ប្រទេស​សិង្ហបុរី​ឈរ​ក្នុង​លំដាប់​ថ្នាក់​លេខ​៣​ដដែល​​៕

__________________________________________________________________
អាន​ផង​ដែរ​៖
១. កម្ពុជា​បាន​មេដាយ​ដំបូង​ចំនួន​ពីរ​ពី​សី​ដក់
២. កីឡា​ជិះ​សេះ​ជូន​មេដាយ​សំរឹទ្ធ​មួយ
៣. ប៉េតង់ បាន​ផ្ដល់​មេដាយ​សំរឹទ្ធ​២
៤. ប៉េតង់​ផ្ដល់​មេដាយ​មាស​ដំបូង​ដល់​កម្ពុជា
៥. ថ្ងៃ​នេះ​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​បន្ថែម​១​គ្រឿង​ពី​តៃក្វាន់ដូ
៦. ប៉េតង់​ផ្ដល់​មេដាយ​ប្រាក់​មួយ​គ្រឿង​នា​ថ្ងៃ​នេះ
៧. ថ្ងៃ​នេះ​កម្ពុជា​បាន​មេដាយ​មាស​បន្ថែម​ពីរ​គ្រឿង​ទៀត​ពី​គុន​ខ្មែរ និង​​តៃក្វាន់ដូ

%d bloggers like this: