jump to navigation

ប្រពៃណី​លូន​ក្រាប​កំពុង​ត្រូវ​បាន​រង្គោះ​រង្គើ​នៅ​មឿង​ថៃ ថ្ងៃសុក្រ 4 ខែសីហា 2017

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ภาษาไทย.
4 comments

អ្នក​ណា​ៗ​ក៏​បាន​ដឹង​ដែរ​ថា ប្រទេស​ថៃ ដ្បិត​តែ​ជា​ប្រទេស​សេរី​និយម​ជឿន​លឿន​ដោយ​ម្ខាង ឯ​ម្ខាង​ទៀត​ក៏​ជា​ប្រទេស​ដែល​សម្បូរ​ទៅ​ដោយ​អ្នក​អភិរក្ស​និយម ប្រកាន់​ខ្ជាប់​នូវ​ប្រពៃណី​ទំនៀម​ទម្លាប់​បែប​បូរាណ​យ៉ាង​តឹង​រឹង ធ្វើ​ឲ្យ​ពេល​ខ្លះ​ចលនា​ទាំង​ពីរ​ហាក់​បី​ដូច​មិន​សម​ប្រកប​នឹង​គ្នា​។ ប្រពៃណី​លូន​ក្រាប ដែល​ពី​អតីត​កាល​ត្រូវ​បាន​ធ្វើ​ឡើង​ចំពោះ​អ្នក​មាន​បណ្ដា​ស័ក្ដិ​ និង​បណ្តា​ក្រុម​អ្នក​គ្រប់​គ្រង​ផែន​ដី​មាន​ក្សត្រិយ៍​ជា​ដើម​នោះ ត្រូវ​បាន​គេ​ឃើញ​មាន​ប្រតិបត្តិ​ជា​ទូទៅ ហើយ​ពេល​ខ្លះ​ឈាន​ទៅ​ដល់​អ្នក​ផង​ឯ​ទៀត រហូត​រាយ​ទៅ​ដល់​បុគ្គល​​សាធារណៈ​ទូទៅ និង​ម្ដង​ម្កាល​ទទួល​បាន​ការ​រិះ​គន់ រហូត​អ្នក​ខ្លះ​ហៅ​សង្គម​ថៃ​ជា​សង្គម​លូន​ក្រាប​ផង​ទៀត​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​រហូត​មក​ដល់​ពេល​នេះ​វឌ្ឍនធម្ម​ «​លូន​ក្រាប​»​ នេះ​កំពុង​ត្រូវ​បាន​រង្គោះ​រង្គើ​?

ពិធី​ក្រាប​មួយ​នៅ​ប្រទេស​ថៃ (​រូប​៖ bangkokbiznews)

ហេតុការណ៍​កើត​ឡើង​នៅ​​ឯ​សាកល​វិទ្យាល័យ​ដ៏​ល្បី​លំដាប់​លេខ​មួយ​នៅ​ប្រទេស​ថៃ គឺ​សាកល​វិទ្យាល័យ​ចុឡាលង្ករណ៍ កាល​ពី​ថ្ងៃ​ម្សិល​​មិញ​នេះ (​៣ សីហា ២០១៧​) បាន​ធ្វើ​ឲ្យ​សង្គម​ថៃ​កំពុង​ជជែក​គ្នា​វិញ​ពី​វប្បធម៌​ក្រាប​នៅ​ចំពោះ​មុខ​ក្សត្រិយ៍ រាជវង្សានុវង្ស ឬ​សូម្បី​តែ​រូប​ចម្លាក់​ក្សត្រិយ៍​នោះ​ នោះ​គឺ​ការ​បដិសេធ​មិន​ធ្វើ​ពិធី​ក្រាប​មួយ​សម្រាប់​និស្សិត​ថ្មី​ចំពោះ​មុខ​ព្រះ​បរម​រូប ព្រះ​បិតា​ស្ថាបនិក​សាកល​វិទ្យាល័យ​​។ ជា​ទូ​ទៅ​តាម​ទំនៀម រាស្ត្រ​ថៃ​ត្រូវ​ក្រាប​ក្បាល​ដល់​កម្រាល​នៅ​ពេល​ចូល​គាល់​ក្សត្រិយ៍ ឬ​បណ្ដា​ព្រះ​ញាតិ​វង្ស​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ទំនៀម​បែប​នេះ​ត្រូវ​បាន​​អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ​ព្រះ​បាទ​សម្ដេច​ព្រះ​បរមិន្ទ្រ​មហា​ចុឡាលង្ករណ៍ ព្រះ​ចុលចមក្លៅ​ចៅ​យូ​ហួ ឬ​រាមា​ទី​៥ ប្រកាស​ឲ្យ​ឈប់​​ប្រតិបត្តិ​​កាល​ពី​គ.ស.​១៨៧៣ ដោយ​សំអាង​ពី​បែប​ផែន​ស្មើ​ភាព​តាម​អរិយ​​ប្រទេស និង​​ជំនួស​មក​វិញ​ដោយ​ការ​ឈរ​ឱន​ក្បាល​ជា​ការ​គោរព​។ បើ​ទោះ​ជា​មាន​ព្រះ​រាជ​បញ្ញត្តិ​ឲ្យ​ឈប់​ប្រណិបត្តិ​ទំនៀម​ក្រាប​នេះ​ក្ដី ប្រជារាស្ត្រ​ថៃ​នៅ​តែ​​បន្ត​អនុវត្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​។

បើ​ទោះ​បី​ម្ដង​ជា​ពីរ​ដង​ការ​សើ​រើ​​ឲ្យ​មាន​ការ​បញ្ឈប់​ទំនៀម​បែប​នេះ​ពី​សំណាក់​យុវជន​ជំនាន់​ថ្មី​របស់​ថៃ​ក្ដី ទំនៀម​នេះ​ទំនង​ជា​ពិបាក​ក្នុង​ការ​បញ្ឈប់​ពី​សង្គម​ថៃ​ដែល​ជា​សង្គម​អភិរក្ស​និយម​ខ្លាំង​ណាស់​។ នេះ​ម្យ៉ាង​ក៏​ដោយ​សារ​ការ​រិះ​គន់ ឬ​អ្វី​ៗ​ទាំង​ឡាយ​ណា​​ដែល​ទាក់​ទង​នឹង​ព្រះ​មហា​ក្សត្រិយ៍​ឬ​ព្រះ​ញាតិ​វង្ស គឺ​ជា​រឿង​រសើប និង​​ត្រូវ​បាន​ហាម​ប្រាម​ផង​ដែរ​​៕

_____________________________________________________________
អាន​ផង​ដែរ​៖
១. ប្រកាស​ស្ដី​អំពី​ការ​បញ្ឈប់​ទំនៀម «លូន​ក្រាប​» នៅ​នគរ​ថៃ
២. ប្រកាស​ស្ដី​អំពី​ការ​បញ្ឈប់​ទំនៀម «លូន​ក្រាប​» នៅ​នគរ​ថៃ (​ត​ចប់​)
៣. ថៃ​ចង់​បាន​ «​ស​» ខ្មែរ​ប្រែ​ចង់​បាន «​ខ្មៅ​»

Advertisements
%d bloggers like this: