jump to navigation

ប្រកាស​ស្ដី​អំពី​ការ​បញ្ឈប់​ទំនៀម «លូន​ក្រាប​» នៅ​នគរ​ថៃ ថ្ងៃសៅរ៍ 5 ខែសីហា 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
3 comments

កកន៖ ទំនៀម​នៃ​ការ​លូន​ក្រាប​ថ្វាយ​បង្គំ​​ដែល​ឃើញ​មាន​នៅ​អតីត​ចក្រ​ភព​នានា​សម័យ​ដើម រាប់​ទាំង​នគរ​កម្ពុជា​យើង​ផង​នោះ សព្វ​ថ្ងៃ​នេះ​បាន​រលត់​បាត់​អស់​ហើយ នៅ​ឡើយ​តែ​នគរ​ជិត​ខាង​យើង​ប៉ុណ្ណោះ គឺ​ប្រទេស​ថៃ​បច្ចុប្បន្ន​។ វា​ជា​ប្រការ​ភ័ព្វ​សំណាង​ល្អ​ដែរ ដែល​នគរ​យើង​បោះ​បង់​ចោល​ទំនៀម​នេះ ហើយ​​កុំ​គួរ​ណា​ឡើយ​ចង់​បាន​វា​មក​វិញ ត្រឹម​តែ​ឃើញ​ទំនៀម​នេះ​នៅ​​តាម​ទូរ​ទស្សន៍​ថៃ​នោះ​។ ប្រទេស​ថៃ​តាម​ពិត​ទៅ​ទំនៀម​នេះ​ត្រូវ​បាន​ព្រះ​មហា​ក្សត្រិយ៍​ថៃ ​ព្រះ​បាទ​សម្ដេច​ព្រះ​បរមិន្ទ្រ​មហា​ចុឡាលង្ករណ៍ ព្រះ​ចុលចមក្លៅ​ចៅ​យូ​ហួ ឬ​រាមា​ទី​៥ ទ្រង់​ចេញ​ព្រះ​រាជ​ប្បញ្ញតិ​លុប​ចោល​ហើយ​តាំង​ពី​​ចុល​សករាជ​១២៣៥​មក​ម្ល៉េះ​ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ក្រុម​អ្នក​អភិរក្ស​បូរាណ​និយម​របស់​ថៃ​នៅ​តែ​យក​មក​អនុវត្ត​រហូត​ដល់​សព្វ​ថ្ងៃ​ ហើយ​ម្ដង​ជា​ពីរ​ដង​ត្រូវ​បាន​ក្រុម​មនុស្ស​ជំនាន់​ថ្មី​របស់​ថៃ​នាំ​គ្នា​សើ​រើ​ស្ដី​អំពី​ការ​លុប​បំបាត់​ទំនៀម​នេះ​ឡើង​វិញ​ផង​ (​សូម​អាន​ប្រកាស​៖​ ប្រពៃណី​លូន​ក្រាប​កំពុង​ត្រូវ​បាន​រង្គោះ​រង្គើ​នៅ​មឿង​ថៃ)​។ បន្ត​ទៅ​ទៀត​នេះ ស្រែ​ខ្មុក​សូម​លើក​យក និង​ធ្វើ​ការ​បក​ប្រែ​ក្រៅ​ផ្លូវ​ការ​​ព្រះ​រាជ​ប្រកាស​ស្ដីអំពី​ការ​បញ្ឈប់​ទំនៀម «លូន​ក្រាប​» នៅ​នគរ​ថៃ ដែល​អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ​ទ្រង់​ចេញ​ព្រះ​រាជ​ឱង្ការ​ដើម្បី​ជា​ការ​សិក្សា​ស្វែង​យល់​អំពី​ប្រទេស​ជិត​ខាង​មួយ​នេះ ដោយ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ដូច​ត​ទៅ​៖

ប្រកាស​ផ្លាស់​ប្ដូរ​ទំនៀម​ថ្មី

សុភមស្តុ ចុល​សករាជ​១២៣៥ កុកុដសំវច្ឆរ​កតិកមាស ក្រស្ណបក្ខពារសីតិថី រវិវារបរិច្ឆេទ​កាល​កំណត់ ព្រះ​បាទ​សម្ដេច​ព្រះ​បរមិន្ទ្រ មហា​ចុឡាលង្ករណ៍ បតិន្ទ្រ​ទេព្យ​មហា​មង្កុដ បុរស្យរតនរាជ​រវិវង្ស វរុតមពង្ស​បរិពត្ត វរ​ខត្តិយ​រាជ​និករោត្ដម ចាតុ​រតន​បរម​មហា​ចក្រ​ពត្តិ រាជ​សង្កាស បរម​ធម្មិក​មហារាជាធិរាជ បរម​នារថ​បពិត្រ ព្រះ​ចុល​ចម​ក្លៅ​ចៅ​យូហួ ស្ដេច​ចេញ​ពី​ព្រះ​ទី​ន័ង​អមរិន្ទ្រ​វិនិច្ឆ័យ មហៃសូរិយពិមាន ដោយ​ស្ថាន​ឧតរាភិមុខ ព្រះ​បរម​វង្សានុវង្ស ព្រម​គ្រប់​សេនាបតី​ ខ្ញុំ​រាជការ អ្នក​ធំ​អ្នក​តូច ទាំង​ទាហាន ទាំង​ស៊ីវិល ចូល​គាល់​ព្រម​គ្នា​តាម​លំដាប់ ទើប​មាន​ព្រះ​បរម​រាជឱង្ការ មារ​ព្រះ​បន្ទូល​សូរ​សីហនាថ ទ្រង់​ប្រកាស​ ដល់​ព្រះ​បរម​វង្សានុវង្ស​ ព្រម​ខ្ញុំ​ទូល​ល្អង​ធុលី​ព្រះ​បាទ អ្នក​ធំ អ្នក​តូច ឲ្យ​ជ្រាប​គ្រប់​គ្នា​ថា តាំង​ពី​ស្ដេច​បាន​ឡើង​គ្រង​រាជ្យ​សម្បត្តិ​មក ក៏​តាំង​​ព្រះ​រាជ​ហ្ឫទ័យ ដើម្បី​ទំនុក​បម្រុង​ព្រះ​រាជ​អាណាចក្រ ឲ្យ​មាន​ក្ដី​សុខ​ក្ដី​ចម្រើន​ដល់​ព្រះ​បរម​វង្សានុវង្ស និង​ខ្ញុំ​រាជ​ការ​អ្នក​ធំ អ្នក​តូច​ទាំង​សមណ​ជី​ព្រាហ្មណ៍ ប្រជារាស្ត្រ​ទាំង​ពួង​ទូទៅ​។ អ្វី​ដែល​ជា​ការ​គាប​សង្កត់​រវាង​គ្នា​ឲ្យ​ជួប​ការ​លំបាក​នោះ ទ្រង់​ព្រះ​រាជ​តម្រិះ​នឹង​មិន​ឲ្យ​​មាន​ដល់​ជន​ទាំង​ឡាយ​ក្នុង​ព្រះ​រាជ​អាណាចក្រ​ត​ទៅ​ទៀត ដោយ​ទ្រង់​មាន​ព្រះ​រាជ​តម្រិះ​យល់​ថា នៅ​មហា​ប្រទេស​នានា​​ដែល​ជា​មហា​នគរ​ធំ​ៗ​ នៅ​ទិស​ខាង​កើត ខាង​លិច ក្នុង​ប្រទេស​អាស៊ី​នេះ ផ្នែក​ខាង​កើត​គឺ​ប្រទេស​ចិន ប្រទេស​យួន ប្រទេស​ជប៉ុន និង​នៅ​ខាង​លិច គឺ​ឥណ្ឌៀ និង​ប្រទេស​ដែល​ប្រើ​ការ​គាប​សង្កត់​ឲ្យ​អ្នក​តូច​លូន​ក្រាប​​នៅ​ចំពោះ​មុខ​ម្ចាស់​អ្នក​មាន​បណ្ដា​ស័ក្ដិ ដែល​ដូច​គ្នា​នឹង​ទំនៀម​ក្នុង​ប្រទេស​ស្យាម​នោះ មក​ដល់​ពេល​នេះ​ប្រទេស​ទាំង​នោះ​ក៏​បាន​បញ្ឈប់​ទំនៀម​ទាំង​នោះ​គ្រប់​ប្រទេស​អស់​ហើយ ហើយ​ការ​ដែល​គេ​ព្រម​គ្នា​បញ្ឈប់​ទំនៀម​លូន​ក្រាប​សំពះ​នោះ ក៏​ព្រោះ​ដើម្បី​ឲ្យ​ឃើញ​ភាព​ល្អ​ដែល​មិន​មាន​ការ​គាប​សង្កត់​គ្នា​នៅ​ក្នុង​ប្រទេស​ត​ទៅ​ទៀត។ ​ប្រទេស​ណា ស្រុក​ណា​ ដែល​បាន​បញ្ឈប់​ទំនៀម ដែល​ជា​ការ​គាប​សង្កត់​គ្នា​នេះ ប្រទេស​នោះ ស្រុក​នោះ ក៏​ឃើញ​ថា​ភាគ​ច្រើន​មាន​តែ​ក្ដី​ចម្រើន​។

ការ​លូន​ក្រាប​ថ្វាយ​បង្គំ​មួយ​នៅ​សង្គម​ថៃ​កាល​ពី​សម័យ​ដើម

នៅ​ក្នុង​ប្រទេស​ស្យាម​នេះ ទំនៀម​ស្រុក​ទេស​ ដែល​ជា​ការ​គាប​សង្កត់​គ្នា​​ដែល​គ្មាន​ភាព​យុត្តិធម៌​នោះ ក៏​នៅ​មាន​ច្រើន​យ៉ាង ច្រើន​ប្រការ នឹង​ត្រូវ​គិត​កាត់​បន្ថយ​​សម្រួល​ខ្លះ តែ​ការ​ដែល​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទំនៀម​ដែល​ធ្លាប់​មាន​នោះ​តែ​ម្ដង​ឃើញ​ថា​មិន​បាន ត្រូវ​តែ​មាន​ការ​គិត​ពិចារណា​ផ្លាស់​ប្ដូរ​​ទៅ​តាម​ពេល​វេលា​ដែល​សម​ស្រប ដែល​នឹង​ផ្លាស់​ប្ដូរ​បាន ស្រុក​ទេស​ទើប​នឹង​បាន​មាន​ក្ដី​ចម្រើន​សម្បូរ​ឡើង​​។ ឯ​ទំនៀម​ការ​លូន​ក្រាប​សំពះ​នៅ​ក្នុង​ប្រទេស​ស្យាម​នេះ ឃើញ​ថា​ជា​ការ​គាប​សង្កត់​គ្នា​ខ្លាំង​ណាស់ អ្នក​តូច​ដែល​ត្រូវ​លូន​ក្រាប​នោះ មាន​ការ​នឿយ​លំបាក​ព្រោះ​នឹង​ឲ្យ​យស​ដល់​អ្នក​ធំ ក៏​ការ​ធ្វើ​យស​ដែល​ឲ្យ​អ្នក​លូន​ក្រាប​សំពះ​នេះ​ទ្រង់​មិន​យល់​ឃើញ​ថា​មាន​ប្រយោជន៍​​ដល់​ស្រុក​ទេស​​តែ​ប្រការ​ណា​មួយ​សោះ​ឡើយ​។ អ្នក​តូច​ដែល​ត្រូវ​លូន​ក្រាប​សំពះ​ឲ្យ​យស​ដល់​អ្នក​ធំ​នោះ ក៏​ត្រូវ​ធន់​លំបាក រហូត​ស្រេច​រួច​រាល់​ការងារ​ទើប​បាន​ចេញ​មក​​រួច​ពី​អ្នក​ធំ​។ ទំនៀម​បែប​នេះ​ឃើញ​ថា​ជា​ដើម​ចង​នៃ​ការ​គាប​សង្កត់​ចំពោះ​គ្នា​ទាំង​ពួង ហេតុ​ដូច​នេះ​​ចាំ​បាច់​ត្រូវ​តែ​បោះ​បង់​ព្រះ​រាជ​ប្រពៃណី​ដើម ដែល​ចាត់​ទុក​ថា​ការ​លូន​ក្រាប​ជា​ការ​គោរព​មួយ​បែប​នៅ​ក្នុង​ប្រទេស​ស្យាម​នេះ​​ ដោយ​ទ្រង់​ព្រះ​មហា​ករុណា ដែល​នឹង​ឲ្យ​អ្នក​គ្រប់​គ្នា​បាន​ក្ដី​សុខ មិន​ចាំ​បាច់​ធន់​លំបាក​លូន​ក្រាប​​ដូច​កាល​ពី​ដើម និង​ទំនៀម​លូន​ក្រាប​នេះ ឲ្យ​ប្ដូរ​ជា​ឥរិយាបថ​ឈរ​ ឬ​ដើរ​។ ទំនៀម​ដែល​ថ្វាយ​បង្គំ និង​ក្រាប​សំពះ​នោះ ឲ្យ​​ប្ដូរ​ជា​ឥរិយាបថ​ឱន​ក្បាល​។ ទំនៀម​ដែល​ឈរ​ដែល​ដើរ និង​​ឱន​ក្បាល​នេះ ប្រើ​បាន​ដូច​គ្នា​នឹង​ទំនៀម​ដែល​លូន​ក្រាប​ថ្វាយ​បង្គំ និង​ក្រាប​សំពះ​ដែរ​។ ពេល​ខ្លះ​អ្នក​ដែល​មាន​បណ្ដា​ស័ក្ដិ ដែល​ចូល​ចិត្ត​ទំនៀម​លូន​ក្រាប​សំពះ​តាម​ដើម ឃើញ​ថា​ល្អ​​នោះ​នឹង​មាន​ការ​សង្ស័យ​ថា ការ​ដែល​ប្ដូរ​ទំនៀម​លូន​ក្រាប​​ ឲ្យ​ឈរ​ឲ្យ​ដើរ​នោះ ព្រោះ​នឹង​ឲ្យ​ឃើញ​ប្រាកដ​ថា នឹង​មិន​មាន​ការ​គាប​សង្កត់​គ្នា ដោយ​គ្មាន​ភាព​យុត្តិធម៌​ត​ទៅ​ទៀត​។ ស្រុក​ណា ប្រទេស​ណា​អ្នក​ដែល​ជា​ធំ មិន​បាន​គាប​សង្កត់​អ្នក​តូច ស្រុក​នោះ ប្រទេស​នោះ ក៏​គង់​មាន​ក្ដី​ចម្រើន​យ៉ាង​ពិត​ប្រាកដ​។ ចាប់​តាំង​អំណិះ​ត​ទៅ ព្រះ​បរម​វង្សានុវង្ស និង​ខ្ញុំ​រាជ​ការ​អ្នក​ធំ អ្នក​តូច ដែល​នឹង​គាល់​ល្អង​ធុលី​ព្រះ​បាទ នៅ​ព្រះ​ទី​ន័ង នឹង​ស្ដេច​យាង​ចេញ​ទី​ណា​មួយ​ក្ដី ចូរ​ប្រព្រឹត្តិ​តាម​ព្រះ​រាជ​ប្បញ្ញតិ​ដែល​ទ្រង់​ព្រះ​មហា​ករុណា​​ប្រោស​ប្រទាន​ឲ្យ​លោក​ចៅ​ពញា​ស្រី​សុរិយវង្ស សមន្ត​ពង្ស​ពិសុទ្ធមហា​បុរុស្សរតនោត្ដម អ្នក​សម្រេច​រាជការ​ផែន​ដី​ តាំង​ជា​ខ​ព្រះ​រាជ​ប្បញ្ញាតិ​ទុក​សម្រាប់​ផែន​ដី​ត​ទៅ​ដូច​នេះ​។

អាន​ភាគ​បន្ត

_____________________________________________________________
អាន​ផង​ដែរ​៖
១. ប្រពៃណី​លូន​ក្រាប​កំពុង​ត្រូវ​បាន​រង្គោះ​រង្គើ​នៅ​មឿង​ថៃ
២. ប្រកាស​ស្ដី​អំពី​ការ​បញ្ឈប់​ទំនៀម «លូន​ក្រាប​» នៅ​នគរ​ថៃ (​ត​ចប់​)

Advertisements
%d bloggers like this: