jump to navigation

ខួប​ទី​៩០​ឆ្នាំ សុវណ្ណគត​នៃ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​សិរីសុវត្ថិ ចម​ចក្រ​ពង្ស ព្រះ​បរម​រាជា​នុកោដ្ឋ ថ្ងៃពុធ 9 ខែសីហា 2017

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
1 comment so far

ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧ នេះ​ មាន​រយៈ​ពេល​៩០​ឆ្នាំ​គត់ ដែល​អតីត​ព្រះ​មហា​ក្សត្រិយ៍​ខ្មែរ​មួយ​ព្រះ​អង្គ​ទ្រង់​យាង​ចូល​ព្រះ​ទិវង្គត នោះ​គឺ​​​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​សិរីសុវត្ថិ ចម​ចក្រ​ពង្ស​។ ប្រសូតិនាថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ព្រះពុទ្ធសករាជ២៣៨៣ មហាសករាជ១៧៦២ ចុល្លសករាជ១២០២ ឆ្នាំជូត ទោស័ក ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា គ.ស.១៨៤០ សម្ដេច​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះសិរីសុវត្ថិ ព្រះអង្គទ្រង់ជាព្រះរាជបុត្រនៃ សម្ដេចព្រះហរិរក្សរាមាធិបតី ព្រះអង្គ ដួង និងសម្ដេចព្រះវរ​រាជិនី​នាថ ពៅ (​ព្រះ​យស​ដើម (ព្រះ​អច្ឆរា​អក្សរ​)​។

ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​សិរីសុវត្ថិ ចម​ចក្រ​ពង្ស ព្រះ​អង្គ​គឺ​ជា​អតីត​ក្សត្រិយ៍​ប្រកប​ដោយ​ទស​ពិធ​រាជ​ធម្ម គ្រប់​គ្រង​អាណា​ប្រជា​នុរាស្ត្រ​តាម​គន្លង​ព្រះ​ពុទ្ធ​សាសនា ធ្វើ​ឲ្យ​ប្រជា​នុរាស្ត្រ​បាន​សុខ​សាន្ត​។ ព្រះអង្គ​គឺ​ជា​​​បុគ្គលដែលគួរឲ្យស្រឡាញ់ជាទីបំផុត ជាព្រះមហាក្សត្រិយ៍ដែលមានព្រះទ័យទូលាយ និងមេត្ដាជាទីបំផុត។ ព្រះអង្គទ្រង់បានខិតខំទាំងកម្លាំងព្រះទ័យ និងកម្លាំងព្រះកាយ ដើម្បីធ្វើឲ្យមានសន្ដិភាព ប្រជារាស្រ្ដសម្បូរសប្បាយ និង​ព្រម​ទាំង​ការ​លុប​បំបាត់​របប​ទាសករ​ក្នុង​រជ្ជកាល​នៃ​ព្រះ​អង្គ​ផង​ដែរ​។

សមិទ្ធិ​ដ៏​ពិសេស​ថ្លៃ​ថ្លា​នា​រជ្ជកាល​ព្រះ​អង្គ​នោះ​គឺ​ការ​ទទួល​បាន​មក​វិញ​នូវ​អាណា​ខេត្ត​កម្ពុជា ដែល​ត្រូវ​បាន​បាត់​បង់​ទៅ​ឲ្យ​សៀម នោះគឺ​ខេត្តបាត់ដំបង, សៀមរាប, ស្ទឹងត្រែង និងកោះកុង វិល​មក​ចំណុះ​ក្នុង​ព្រះ​នគរ​ខ្មែរ​វិញ​។

ដើម្បី​គ្រប់​គ្រង​ព្រះ​នគរ​ឲ្យ​មាន​ក្បួន​ច្បាប់​បែប​ផែន​សាកល​លោក​ ព្រះអង្គទ្រង់បញ្ញត្តិឲ្យលុបចោលកំណាន់ខេត្ត និងបង្កើតមុខងាររបស់មន្ត្រីទាំង៥ សម្រាប់គ្រប់គ្រងមណ្ឌលក្នុងព្រះរាជអាណាចក្រមានដូចតទៅ៖

  1. ឧកញ៉ាអគ្គមហាសេនា៖ មានមុខងារជារដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងធម្មការ និងជាអធិបតីនៃគណៈរដ្ឋមន្រ្ដី
  2. ឧកញ៉ាយមរាជ៖ មានមុខងារជារដ្ឋមន្រ្ដីទទួលខុសត្រូវកិច្ចការក្នុងរាជវាំង ខាងហិរញ្ញវត្ថុ និងវិចិត្រសិល្បៈ
  3. ឧកញ៉ាក្រឡាហោម៖ មានមុខងារជារដ្ឋមន្រ្ដីខាងសង្រ្គាម សាធារណការ និងការសិក្សាសាធារណ

ព្រះករុណា ព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ ទ្រង់បានសោយព្រះទិវង្គត នៅក្នុងព្រះទីន័ងមហាមន្ទីរនាព្រះបរមរាជវាំងចតុម្មុខមង្គល នាវេលាម៉ោង ១៦:០០ នៅថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ព្រះពុទ្ធសករាជ២៤៧០ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩២៧ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា និងបានសោយរាជ្យក្នុងក្រុងកម្ពុជាធិបតី បាន២៤ឆ្នាំ គឺចាប់តាំងពីឆ្នាំ១៩០៤ ដល់ឆ្នាំ១៩២៧ គឺរហូតដល់ទ្រង់សោយទិវង្គត។

បន្ទាប់​ពី​ព្រះ​អង្គ​ចូល​ព្រះ​ទិវង្គត​មក ក្រុម​ព្រាហ្ម​ណ៍​បុរោហិត​ប្រចាំ​ព្រះ​រាជ​វាំង​ក៏​បាន​ចាត់​ចែង​ធ្វើ​បុណ្យ​ព្រះ​បរម​សព​ដោយ​ព្រះរាជពិធីថ្ងៃទីមួយ គឺ​ការ​ចម្អាសទឹកព្រះបរមសព ចំណែកឯផែនមាសដែលយកមកគ្របព្រះភ័ក្ត្រនោះ ជាផែនមាសដែលមានចារឹកអាយតនៈ៦ (បរមាភិធេយ្យ និងម៉ោងវេលាព្រះរាជសម្ភព និងស្ដេចសុវណ្ណគត) មានផ្ដិតព្រះភ័ក្ត្រដោយប្រាក់គ្របពីលើដោយផែនមាស និងមានទ្រង់សំពត់ប្រាក់គ្របលើព្រះអង្គ។

នៅពេលចម្អាសទឹកនោះ គឺធ្វើលើព្រះទែនដោយមានថាស ឬសង្កសីនៅពីក្រោមព្រះទែន ព្រះករុណាអង្គថ្មី ថ្វាយព្រះសុគន្ធ បាគូផ្លុំស័ង្ខ។ នៅពេលចម្អាសរួចរាល់ហើយ ក៏អញ្ជើញព្រះសពទៅប្រតិស្ឋានលើព្រះទែនដែលសុវណ្ណគត និង​ចាត់​ចែង​ធ្វើ​ពិធីទ្រង់គ្រឿងព្រះមហាសុកាំ នៅ​​វេលាថ្ងៃត្រង់ថ្ងៃពុធ មួយ​ថ្ងៃ​ក្រោយ​ព្រះ​សុវណ្ណគត​។

ថ្ងៃសុក្រ ទី០៩ ខែកញ្ញា គ.ស.១៩២៧ (ក្រោយពីសុវណ្ណគត១ខែ) ព្រះ សិរីសុវត្ថិ មុនីវង្ស ក្សត្រិយ៍ព្រះអង្គថ្មី ថ្វាយព្រះនាមឲ្យក្ស័ត្រិយ៍ដែលសុវណ្ណគតថា “ព្រះករុណាព្រះបរមរាជានុកោដ្ឋ“។

ព្រះ​បរម​សព​ត្រូវ​បាន​តម្កល់​នា​ព្រះ​បរម​រាជ​វាំង​ដើម្បី​ធ្វើ​បុណ្យ​ព្រះ​បរម​សព​រហូត​ដល់​​ថ្ងៃទី០២ ខែមីនា គ.ស.១៩២៨ (ក្រោយសុវណ្ណគត៧ខែ) ទើប​ធ្វើ​បុណ្យ​ចេញ​ព្រះ​មេរុ ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ដោយ​អញ្ជើញព្រះបរម​សពដាក់ក្នុងព្រះបរមកោដ្ឋមាស (កម្ពស់២ម៉ែត្រ៨០សង់ទីម៉ែត្រ) ដើម្បីដាក់លើរាជរថហែរទៅព្រះមេរុ។ ខ្ញុំរាជការ និងប្រជាជនតែងគ្រឿងព័ណ៌សកាន់ទុក្ខ។ មានស្រីយំប្រចាំយាមចំនួន២០នាក់ កោរសក់ស្លៀកសពាក់ស ស្រែកយំតាមបទព្រះរាជនិពន្ធ បានតែងថ្វាយសម្រាប់ព្រះបរមសព។ នៅពេលដែលស្រែកយំថ្វាយនោះ មានស្គរឈ្នះ១០វាយបន្ទរផង៕

ក្រុម​ព្រាហ្មណ៍​ប្រចាំ​ព្រះ​រាជ​វាំង​ចាត់​ចែង​ព្រះ​បរម​សពព្រះ​សង្ឃ​ក្នុង​ពិធី​បុណ្យ​ព្រះ​បរម​សពភ្ញៀវ​ជាតិ​អន្តរជាតិ​ចូល​រួម​បុណ្យ​ព្រះ​បរម​សព

__________________________________________________________________
អាន​ផង​ដែរ​៖
១. ព្រះរាជពិធីបុណ្យព្រះបរមសពព្រះករុណាព្រះបាទ សម្ដេចព្រះសិរីសុវត្ថិ ព្រះចៅក្រុងកម្ពុជា
២. «​​របាំង​មុខ​មាស​» នៅ​ក្នុង​បុណ្យ​ព្រះ​បរម​សព

 

Advertisements
%d bloggers like this: