jump to navigation

ប្រកាស​ស្ដី​អំពី​ការ​បញ្ឈប់​ទំនៀម «លូន​ក្រាប​» នៅ​នគរ​ថៃ (​ត​ចប់​) ថ្ងៃពុធ 16 ខែសីហា 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
2 comments

កកន​៖ កាល​ពី​ដើម​ខែ​នេះ ខ្ញុំ​បាន​ធ្វើ​ការ​បក​ប្រែ និង​ដាក់​ប្រកាស​មួយ​ស្ដី​អំពី​ការ​បញ្ឈប់​ទំនៀម «លូន​ក្រាប​» នៅ​នគរ​ថៃ​ ដែល​​ប្រោស​ព្រះ​រាជ​ទាន​ជា​ព្រះ​រាជ​ប្បញ្ញត្តិ​ដោយ ​ព្រះ​បាទ​សម្ដេច​ព្រះ​បរមិន្ទ្រ​មហា​ចុឡាលង្ករណ៍ ព្រះ​ចុលចមក្លៅ​ចៅ​យូ​ហួ ឬ​រាមា​ទី​៥ របស់​ថៃ​។ ដោយ​ឃើញ​ថា​ប្រកាស​ជា​ព្រះ​រាជ​ប្បញ្ញត្តិ​ចេញ​ដោយ មាន​ខ​សំខាន់​ៗ យ៉ាង​លម្អិត​ស្ដី​អំពី​ក្រឹត្យ​ក្រម​អនុវត្ត​របស់​​បុគ្គល​ទូទៅ​ចំពោះ​ព្រះ​មហា​ក្សត្រិយ៍ ព្រះ​រាជ​វង្សានុវង្ស និង​អ្នក​ធំ​ផង​ឯ​ទៀត​នោះ ស្រែ​ខ្មុក​សូម​ធ្វើ​ការ​បក​ប្រែ​ភាគ​បញ្ចប់​នៃ​ព្រះ​រាជ​ប្បញ្ញត្តិ​នេះ ដើម្បី​ទុក​ជូន​ជា​ការ​ស្វែង​យល់ និង​សិក្សា​បន្ត​ទៀត​ ដូច​ត​ទៅ​នេះ​៖

ព្រះ​រាជ​ប្បញ្ញត្តិ

ខ​១ ព្រះ​បរម​វង្សានុវង្ស និង​ខ្ញុំ​រាជ​ការ​ផ្នែក​ទាហាន ស៊ីវិល អ្នក​ធំ អ្នក​តូច​ទាំង​ពួង​ ពេល​ដែល​នឹង​ចូល​គាល់​ទូល​ល្អង​ធុលី​ព្រះ​បាទ​ក្នុង​ព្រះ​ទីន័ង ឬ​កន្លែង​នានា​ឯ​ទៀត ដែល​ព្រះ​អង្គ​ស្ដេច​យាង​ទៅ នៅ​ពេល​ដើរ​ចូល​ទៅ​ដឹង​ខាង​មុខ​ព្រះ​ទី​ន័ង​ហើយ ឲ្យ​ឱន​ក្បាល​ថ្វាយ​គំនាប់​មួយ​ដង រួច​ទើប​ដើរ​ទៅ​ឈរ​នៅ​កន្លែង​ដែល​ខ្លួន​ចូល​គាល់​។ នៅ​ពេល​ទៅ​ដល់​កន្លែង​ឈរ​គាល់​ហើយ ឲ្យ​ឱន​ក្បាល​ថ្វាយ​គំនាប់​មួយ​ដង​ទៀត ហើយ​ឈរ​ឲ្យ​រៀប​រយ​ជា​ធម្មតា​។ ហាម​មិន​ឲ្យ​ដើរ​ទៅ​ដើរ​មក និង​ឈរ​បែរ​មុខ​បែរ​ក្រោយ​នៅ​ពេល​ដែល​ស្ដេច​យាង​ចេញ និង​មិន​ឲ្យ​ឈរ​យក​ដៃ​ក្រពាត់​ក្រោយ និង​ខ្វែង​ជើង និង​យក​ដៃ​ទៅ​ចង្អុល​ជញ្ជាំង ឬ​សសរ ឬ​ទី​នានា និង​ជក់​បារី សើច និយាយ​គ្នា​សំឡេង​ខ្លាំង នៅ​ចំពោះ​មុខ​ព្រះ​ទី​ន័ង ឲ្យ​ឈរ​ឲ្យ​រៀប​រយ​តាម​លំដាប់​បណ្ដា​ស័ក្ដិ​អ្នក​ធំ អ្នក​តូច​។ បើ​មាន​កិច្ច​រាជការ​ដែល​នឹង​ត្រូវ​ក្រាប​បង្គំ​ទូល​​ព្រះ​ករុណា ហើយ​ឲ្យ​ដើរ​ចេញ​ពី​ទី​គាល់ ឈរ​ត្រង់​មុខ​ព្រះ​ទី​ន័ង ឱន​ក្បាល​ថ្វាយ​គំនាប់ រួច​ទើប​ក្រាប​​បង្គំ​ទូល​ព្រះ​ករុណា​។ នៅ​ពេល​ដែល​ចប់​សេចក្ដី​ដែល​ក្រាប​បង្គំ​ទូល​ព្រះ​ករុណា​ហើយ ឲ្យ​ឱន​ក្បាល​ថ្វាយ​គំនាប់​ទើប​ឲ្យ​ដើរ​ថយ​ក្រោយ​មក​ឈរ​​គាល់​នៅ​កន្លែង​ដើម​វិញ​។ ប្រសិន​បើ​ត្រូវ​ថ្វាយ​ព្រះ​ចុតហ្មាយ ឬ​របស់​អ្វី​មួយ ចំពោះ​ព្រះ​ហស្ត សម្ដេច​ព្រះ​ចៅ​យូហួ ឲ្យ​កាន់​ដៃ​ទាំង​ពីរ ដើរ​ត្រង់​ចូល​ទៅ ដល់​មុខ​ព្រះ​ទី​ន័ង​ល្មម​សម​គួរ ឱន​ក្បាល​ចុះ​ថ្វាយ​គំនាប់​សិន ទើប​ថ្វាយ​វត្ថុ​នោះ​ចំពោះ​ព្រះ​ហស្ត​។ បើ​ថ្វាយ​វត្ថុ​នោះ​ស្រេច​រួច​រាល់​ហើយ ឲ្យ​ដើរ​ថយ​ក្រោយ ប្រសិន​បើ​ទី​ជិត​ឲ្យ​ថយ​ក្រោយ​៣​ជំហាន ឬ​៥​ជំហាន ល្មម​សម​គួរ​។ ប្រសិន​បើ​ទី​ឆ្ងាយ​ឲ្យ​ថយ​ក្រោយ​ចេញ​មក​៧​ជំហាន​ ទើប​ត្រឡប់​ក្រោយ​ដើរ​ទៅ​ទី​កន្លែង​ដើម​។ ប្រសិន​បើ​មាន​ព្រះ​បរម​រាជ​ឱង្ការ​តម្រាស់​ដោយ​​បុគ្គល​ណា​ម្នាក់​ដែល​ឈរ​នៅ​ទីគាល់​នោះ ក៏​ឲ្យ​អ្នក​នោះ​ឈរ​នៅ​កន្លែង​ដដែល ឱន​ក្បាល​ថ្វាយ​គំនាប់​ហើយ ទើប​ទទួល​ព្រះ​បរម​រាជ​ឱង្ការ​។ នៅ​ពេល​ទទួល​ព្រះ​បរម​រាជ​ឱង្ការ ក្រាប​បង្គំ​ទូល អស់​សេចក្ដី​ហើយ​ក៏​ឲ្យ​ឱន​ក្បាល​ថ្វាយ​គំនាប់​។ ដោយ​ឡែក​ព្រះ​បរម​វង្សា​នុវង្ស​និង​ខ្ញុំ​​ទូល​ល្អង​ធុលី​ព្រះ​បាទ​អ្នក​ធំ អ្នក​តូច​ទាំង​ពួង ដែល​បាន​ចូល​មក​ឈរ​គាល់ ក្នុង​វេលា​ដែល​ស្ដេច​យាង​ចេញ​មក​នោះ បើ​មាន​ព្រះ​បរម​រាជ​ឱង្ការ ប្រោស​ព្រះ​រាជ​ទាន​កៅអី​ឲ្យ​អង្គុយ​ទើប​អង្គុយ​បាន​។ ហាម​មិន​ឲ្យ​អង្គុយ​ចុះ​ផ្ទាល់​នឹង​កម្រាល និង​អង្គុយ​លើ​កៅអី ឬ​អង្គុយ​នៅ​កន្លែង​ណា​ផ្សេង​ៗ​តាម​ចិត្ត​ចង់ នៅ​វេលា​ដែល​ស្ដេច​យាង​ចេះ​ចំពោះ​មុខ​ព្រះ​ទី​ន័ង​ និង​អ្នក​ដែល​ទ្រង់​ព្រះ​ករុណា ប្រោស​ឲ្យ​អង្គុយ​កៅអី​គាល់​នោះ អង្គុយ​ឲ្យ​ជា​ធម្មតា ហាម​មិន​ឲ្យ​លើក​ជើង​ឡើង​លើ​កៅអី​ និង​បោះ​ចុង​ជើង​ចុះ​ឡើង ធ្វើ​កិរិយា​រក​ភាព​ស្រួល​សប្បាយ​ឲ្យ​លើស​ពី​កិរិយា​អង្គុយ​ជា​ធម្មតា​ជា​ដាច់​ខាត​។ នៅ​ពេល​ស្ដេច​យាង​ចេញ​មក​ឲ្យ​ឈរ​ឡើង​ថ្វាយ​គំនាប់​ស្រប​គ្នា តែ​ភ្ញៀវ​ស្រុក​ប្រទេស​រាជ នៅ​ពេល​ចូល​គាល់​ទូល​ល្អង​ធុលី​ព្រះ​បាទ ឲ្យ​ធ្វើ​កិរិយា​គារវៈ តាម​ភេទ​ស្រុក​ទេស​របស់​ខ្លួន​សិន នៅ​ពេល​ព្រះ​ករុណា​ប្រោស​ឲ្យ​ឈរ ទើប​ឈរ​បាន​។

ខ​២ ព្រះ​បាទ​សម្ដេច​ព្រះ​ចៅ​យូហួ ស្ដេច​ព្រះ​រាជ​ដំណើរ​ចេញ ប្រថាប់​នៅ​កន្លែង​ណា​មួយ​ ខ្ញុំ​រាជការ​និង​មហាត​លិក​​ដែល​គាល់​ទូល​ល្អង​ធុលី​ព្រះ​បាទ​​នៅ​ទី​នោះ បើ​ទោះ​បី​ស្ដេច​ចេញ​ប្រថាប់​យឺត​យូរ​ច្រើន​ម៉ោង​ក្ដី ក៏​ហាម​មិន​ឲ្យ​ខ្ញុំ​រាជ​ការ និង​មហា​តលិក​ដែល​ឈរ​គាល់​នៅ​ទី​នោះ អង្គុយ​ចុះ​នៅ​ទី​កន្លែង​ណា​មួយ​ជា​ដាច់​ខាត លើក​លែង​តែ​ជា​ទី​កំបាំង​​ព្រះ​នេត្រ​សម្ដេច​ព្រះ​ចៅ​យូហួ​ទើប​អង្គុយ​បាន​។ និង​នៅ​ពេល​ដែល​ស្ដេច​យាង​ចេញ​​ទ្រង់​ប្រថាប់​នៅ​​កន្លែង​ណា​មួយ​នោះ ខ្ញុំ​រាជ​ការ និង​មហា​តលិក ឈរ​គាល់​នៅ​ក្នុង​ទី​ដោយ​លំដាប់​ហើយ អ្នក​ដែល​នឹង​ចូល​មក​គាល់​ទូល​ល្អង​ធុលី​ព្រះ​បាទ​ជា​ក្រោយ​ ដែល​មិន​បាន​មាន​រាជការ​ដែល​នឹង​ក្រាប​បង្គំ​ទូល​ព្រះ​ករុណា ហាម​មិន​ឲ្យ​ដើរ​កាត់​មុខ​ព្រះ​ទី​ន័ង នឹង​ដើរ​កាត់​មុខ​ខ្ញុំ​រាជ​ការ​ដែល​ឈរ​គាល់​មុន​នោះ​។ ឲ្យ​ដើរ​ជៀស​ចូល​ឈរ​តាម​តំណែង​របស់​ខ្លួន​ដែល​គួរ​នឹង​ឈរ លើក​លែង​តែ​អ្នក​ដែល​ទទួល​ព្រះ​បរម​រាជ​ឱង្ការ ទើប​ដើរ​កាត់​មុខ​ក្រុម​ខ្ញុំ​រាជ​ការ​ឯ​ទៀត​បាន​។

ខ​៣ សម្ដេច​ព្រះ​ចៅ​យូហួ ស្ដេច​ព្រះ​រាជ​ដំណើរ ទៅ​តាម​ស្ថល​មារគ៍ (​កកន​៖ ការ​ធ្វើ​ដំណើរ​តាម​ផ្លួវ​គោក​) ខ្ញុំ​រាជ​ការ និង​រាស្ត្រ​ប្រុស​ស្រី ដែល​នឹង​មក​មើល​ក្បួន​ស្ដេច​ព្រះ​រាជ​ដំណើរ​នោះ​ក្ដី ទោះ​បី​ទ្រង់​ដំរី ទ្រង់​សេះ ទ្រង់​រថ ឬ​ទ្រង់​ព្រះ​ទីន័ង​អ្វី​មួយ​ក៏​ដោយ នៅ​ពេល​ស្ដេច​ព្រះ​រាជ​ដំណើរ មក​ដល់​មុខ​អ្នក​អ្នក​ដែល​ឈរ​ចាំ​មើល​​ក្បួន​ស្ដេច​ព្រះ​រាជ​ដំណើរ​នោះ ឲ្យ​អ្នក​អស់ទាំង​នោះ ឱន​ក្បាល​ថ្វាយ​គំនាប់​គ្រប់​ៗ​គ្នា​។ ហាម​មិន​ឲ្យ​អង្គុយ មិន​ឲ្យ​ឈរ​មើល​ក្បួន​ស្ដេច​ព្រះ​រាជ​ដំណើរ​​ពី​លើ​ផ្ទះ លើ​បង្អួច ឬ​លើ​ទី​ខ្ពស់ ដែល​មិន​គួរ​នឹង​អង្គុយ ឬ​ឈរ​។ ប្រសិន​បើ​ព្រះ​អង្គ​ទ្រង់​សេះ ទ្រង់​រថ មិន​មាន​ក្បួន​នាំ ក្បួន​តាម​ស្ដេច​ព្រះ​រាជ​ដំណើរ អ្នក​ដែល​នៅ​លើ​ផ្ទះ និង​លើ​ទី​ខ្ពស់ មិន​ទាន់​ដឹង​ថា​ស្ដេច​ព្រះ​រាជ​ដំណើរ តែ​ពេល​ដឹង​ថា​ជា​រថ​ព្រះ​ទី​ន័ង ឬ​សេះ​ព្រះ​ទី​ន័ង ក៏​ឲ្យ​ឈរ​ឡើង​​ថ្វាយ​គំនាប់ ហាម​មិន​ឲ្យ​អង្គុយ មិន​ឲ្យ​ក្រាប​ជា​ដាច់​ខាត​។ និង​នៅ​ពេល​ដែល​ស្ដេច​ព្រះ​រាជ​ដំណើរ ទ្រង់​ដំរី ទ្រង់​សេះ ទ្រង់​រថ ឬ​ទ្រង់​ព្រះ​ទី​ន័ង​ណា​មួយ មក​តាម​ផ្លូវ​ស្ថល​មារគ៍ បើ​អ្នក​ណា​ម្នាក់​នៅ​លើ​ខ្នង​សេះ ឬ​លើ​រថ ឃើញ​ក្បួន​នាំ​ស្ដេច​ព្រះ​រាជ​ដំណើរ ក៏​ឲ្យ​បញ្ឈប់​សេះ ឈប់​រថ​មាត់​ផ្លូវ ​បើ​ស្ដេច​ព្រះ​រាជ​ដំណើរ​មក​ដល់​ចំ​មុខ​ហើយ​ឲ្យ​ដោះ​មួក​ឱន​ក្បាល​ថ្វាយ​គំនាប់​នៅ​លើ​រថ លើ​ខ្នង​សេះ មិន​ចាំ​បាច់​ចុះ​ពី​លើ​រថ ចុះ​ពី​ខ្នង​សេះ​។ ពេល​ស្ដេច​ព្រះ​រាជ​ដំណើរ​ទៅ​អស់​ក្បួន​ហើយ ទើប​ឲ្យ​ចេញ​រថ ចេញ​សេះ​ត​ទៅ​។ បើ​ស្ដេច​ព្រះ​រាជ​ដំណើរ​តាម​ជល​មារគ៍ (​កកន៖ ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​) ខ្ញុំ​រាជ​ការ និង​រាស្ត្រ ប្រុស​ស្រី ដែល​នៅ​លើ​ក្បូន នៅ​ផ្ទះ​មាត់​ទឹក ឲ្យ​ឈរ​ឡើង​ឱន​ក្បាល​ថ្វាយ​គំនាប់​គ្រប់​គ្នា​។ ប្រសិន​បើ​ធ្វើ​ដំណើរ​តាម​ទូក​និង​ឃើញ​ក្បួន​ស្ដេច​ព្រះ​រាជ​ដំណើរ ប្រសិន​បើ​ទូក​តូច​ឈរ​មិន​បាន ក៏​ឲ្យ​ដោះ​មួក​ឱន​ក្បាល ថ្វាយ​គំនាប់​ក្នុង​ទូល​មិន​ចាំ​បាច់​ឈរ​។ ប្រសិន​បើ​ទូក​ធំ​គួ​រ​នឹង​ឈរ​បាន ក៏ឲ្យ​ឈរ​ឡើង​ថ្វាយ​គំនាប់​តាម​ទំនៀម​។

ខ​៤​ ខ្ញុំ​រាជ​ការ​នៅ​ពេល​នឹង​ចូល​ទៅ​ក្នុង​ព្រះ​បរម​មហា​រាជ​វាំង និង​ចេញ​ពី​ព្រះ​បរម​មហា​រាជ​វាំង ឬ​នឹង​នៅ​កិច្ច​ធុរៈ​នៅ​កន្លែង​ណា​មួយ បើ​ជួប​អ្នក​មាន​បណ្ដា​ស័ក្ដិ​ដែល​ធ្លាប់​ធ្វើ​គំនាប់គោរព​តាម​ទំនៀម​ចាស់​នោះ ក៏​ឲ្យ​ធ្វើ​គំនាប់​គោរព​តាម​ទំនៀម​ថ្មី​ដូច​គ្នា​។ ទំនៀម​ដែល​ឈរ​ដូច​គ្នា​នឹង​អង្គុយ ដូច​គ្នា​នឹង​ក្រាប​។ ទំនៀម​ដែល​ដោះ​មួក​ឱន​ក្បាល​ចុះ ដូច​គ្នា​នឹង​ក្រាប​សំពះ​ពី​គ្រា​មុន​ដែរ​។ ប្រសិន​បើ​ស្ត្រី​ដែល​នឹង​ទៅ​ក្នុង​ទី​គាល់ឃើញ​អ្នក​ធំ​មិន​ចាំ​បាច់​ដោះ​មួក គ្រាន់​តែ​ឱន​ក្បាល​ចុះ​គំនាប់​។ នៅ​ពេល​ធ្វើ​គំនាប់​ហើយ មួក​នោះ​ក៏​ដោះ​ក៏​បាន មិន​ដោះ​ក៏​បាន​ និង​អ្នក​ទាស​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ការ​នៅ​ក្នុង​ផ្ទះ​នោះ ក៏​កុំ​ឲ្យ​អ្នក​ដែល​ជា​ម្ចាស់​បង្គាប់​ឲ្យ​ខ្ញុំ​​ទាស​លូន​ក្រាប ឲ្យ​បង្គាប់​ឲ្យ​ខ្ញុំ​ទាស​ធ្វើ​ការ​ឈរ ដើរ តាម​ព្រះ​រាជ​ប្បញ្ញត្តិ ដែល​ព្រះ​ករុណា​ប្រោស​ឲ្យ​តាំង​ទុក​នេះ​។ ឲ្យ​ព្រះ​បរម​វង្សានុវង្ស​ខ្ញុំ​រាជ​ការ​ផ្នែក​ទាហាន​ផ្នែក​មុខ​ផ្នែក​ក្នុង​នៃ​ព្រះ​បរម​មហា​រាជ​វាំង​ ព្រះ​រាជ​វាំង​បវរ ឲ្យ​អនុវត្ត​តាម​ព្រះ​រាជ​ប្បញ្ញត្តិ ប្រកាស​នេះ​គ្រប់​ប្រការ​។ ប្រកាស​មក​នៅ​ថ្ងៃ​អាទិត្យ ខែ​កក្ដិត ១២​រោច ឆ្នាំ​រកា​បញ្ច​ស័ក​ฯะ

_____________________________________________________________
អាន​ផង​ដែរ​៖
១. ប្រពៃណី​លូន​ក្រាប​កំពុង​ត្រូវ​បាន​រង្គោះ​រង្គើ​នៅ​មឿង​ថៃ
២. ប្រកាស​ស្ដី​អំពី​ការ​បញ្ឈប់​ទំនៀម «លូន​ក្រាប​» នៅ​នគរ​ថៃ

Advertisements
%d bloggers like this: