jump to navigation

ប៉េតង់​ផ្ដល់​មេដាយ​មាស​ដំបូង​ដល់​កម្ពុជា ថ្ងៃ​ព្រហស្បតិ៍ 24 ខែសីហា 2017

Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្គេមស៍​២៩.
7 comments

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ​​​, ប្រទេស​ម៉ាឡេស៊ី – ទី​​បំផុត​ទៅ​កម្ពុជា​ទទួល​បាន​មេដាយ​មាស​ទី​១​ហើយ​នា​ថ្ងៃ​នេះ (​២៤ សីហា ២០១៧​) សម្រាប់​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ីហ្គេមស៍ លើក​ទី​២៩ នេះ​។ សម្រាប់​ប្រភេទ​កីឡា​ដែល​នាំ​មេដាយ​មាស​ដំបូង​ជូន​កម្ពុជា​នេះ​គឺ​កីឡា​ប៉េតង់​។

ស្ថិត​ក្នុង​វិញ្ញាសា​វាយ​គូ​នារី ​កីឡា​ការិនី អ៊ុក ស្រី​មុំ និង​កីឡា​ការិនី កែ ឡេង បាន​យក​ឈ្នះ​ក្រុម​កីឡា​ការិនី​ថៃ​ក្នុង​ពិន្ទុ​ ១៣-១០​។ កីឡាការិនី​ទាំង​ពីរ​បាន​យក​ឈ្នះ​កីឡា​ការិនី​វៀតណាម​ដោយ​ពិន្ទុ​១៣-៨ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​​ ទើប​ឈាន​មក​ទទួល​មេដាយ​មាស​នេះ​។

សូម​បញ្ជាក់​ផង​​ដែរ​ថា​អ្នក​ទាំង​ពីរ​នេះ​ក៏​បាន​ចាប់​ដៃ​គ្នា​ប្រកួត​កាល​​ពី​កីឡា​ស៊ីហ្គេមស៍​លើក​ទី​២៨ នៅ​ទីក្រុង​សិង្ហបុរី ​ប្រទេស​សិង្ហបុរី កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ​ដែរ ដែល​កាល​ណុះ​អ្នក​ទាំង​ពីរ​បាន​ទទួល​មេដាយ​សំរឹទ្ធ​។ នេះ​ជា​មេដាយ​ទី​៣​ហើយ​ដែល​កីឡា​ប៉េតង់​បាន​ដណ្ដើម​យក​មេដាយ​សម្រាប់​ស៊ីហ្គេមស៍​លើក​នេះ បន្ទាប់​ពី​ទទួល​បាន​មេដាយ​សំរឹទ្ធ​កាល​​ពី​ថ្ងៃ​អង្គារ​កន្លង​មក​​នេះ​។

  • កីឡា​វាយ​កូន​បាល់​ផ្ដល់​មេដាយ​សំរឹទ្ធ​មួយ​

នៅ​ថ្ងៃ​នេះ​ដែរ កីឡា​វាយ​កូន​បាល់​កីឡាការិនី កាអង់ដ្រេអា ដារ៉ាវី បាន​ទទួល​មេដាយ​សំរឹទ្ធ​មួយ​ ក្នុង​វិញ្ញាសា​វាយ​ទោល​នារី​។ កីឡាការិនី កាអង់ដ្រេអា ដារ៉ាវី​ ​មិន​អាច​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​បាន​ឡើយ​ ​ក្រោយ​ចាញ់​កីឡា​ការិនី​ ហ្វីលីពីន Patrimonio ២-០ ​ដោយ​ពិន្ទុ​ប្រកៀក​គ្នា​ tie break ទាំង​ពីរ​សិត​ (៧-៦, ៧-៦)​។

សរុប​គិត​មក​ដល់​ថ្ងៃ​នេះ ប្រទេស​កម្ពុជា​យើង​​​បាន​ឡើង​មក​​ឈរ​ក្នុង​លំដាប់​​ថ្នាក់​ទី​៨​ក្នុង​តារាង​ ដោយ​បាន​មេដាយ​មាស​ចំនួន​១ និង​​​មេដាយ​សំរឹទ្ធ​ចំនួន​៦ សរុប​ចំនួន​៧​មេដាយ​​។ ឯ​ប្រទេស​ម៉ាឡេស៊ី ម្ចាស់​ផ្ទះ​ស្ថិត​លំដាប់​ទី​១​ដដែល​ ដោយ​បាន​មេដាយ​មាស​រហូត​ដល់​ទៅ​៦៣ ប្រាក់​ចំនួន​៤៥ និង​សំរឹទ្ធ​ចំនួន​៣៦ សរុប​បាន​រហូត​ដល់​ទៅ​១៤៤​មេដាយ​។ ប្រទេស​វៀតណាម​ឈរ​ក្នុង​លំដាប់​ថ្នាក់​លេខ​២ ឯ​ប្រទេស​សិង្ហបុរី​ឈរ​ក្នុង​លំដាប់​ថ្នាក់​លេខ​៣​៕

__________________________________________________________________
អាន​ផង​ដែរ​៖
១. កម្ពុជា​បាន​មេដាយ​ដំបូង​ចំនួន​ពីរ​ពី​សី​ដក់
២. កីឡា​ជិះ​សេះ​ជូន​មេដាយ​សំរឹទ្ធ​មួយ
៣. ប៉េតង់ បាន​ផ្ដល់​មេដាយ​សំរឹទ្ធ​២
៤. តៃក្វាន់ដូ និង​ប៉េតង់​រក​មេដាយ​សំរឹទ្ធ​បាន​បន្ថែម​ទៀត
៥. ថ្ងៃ​នេះ​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​បន្ថែម​១​គ្រឿង​ពី​តៃក្វាន់ដូ
៦. ប៉េតង់​ផ្ដល់​មេដាយ​ប្រាក់​មួយ​គ្រឿង​នា​ថ្ងៃ​នេះ
៧. ថ្ងៃ​នេះ​កម្ពុជា​បាន​មេដាយ​មាស​បន្ថែម​ពីរ​គ្រឿង​ទៀត​ពី​គុន​ខ្មែរ និង​​តៃក្វាន់ដូ

%d bloggers like this: