jump to navigation

បាងកក​វ្យូ ថ្ងៃសៅរ៍ 30 ខែកញ្ញា 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ, ภาษาไทย.
2 comments

នេះ​ជា​ទិដ្ឋភាព​តាម​ដង​ផ្លូវ​មួយ​ចំនួន​នៅ​ក្រុង​បាងកក ដែល​ខ្ញុំ​បាន​ផ្ដិត​កាល​ពី​ទៅ​​នា​ថ្ងៃ​ទី​៧ ខែ​កញ្ញា​ ដើម​ខែ​កន្លង​ទៅ​នេះ​។

_______________________________________________________________
អាន​ផង​ដែរ​៖
១. ចេញ​ទៅ​បាងកក

Advertisements

ផ្កា​ចន្ទន៍ ៧ ប្រភេទ សម្រាប់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះ​ចៅ​ផែន​ដី​ថៃ ថ្ងៃសុក្រ 29 ខែកញ្ញា 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
5 comments

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – សម្រាប់​​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​សព ព្រះ​បាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ  ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ខែ​តុលា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​ រាជការ​ថៃ បាន​ចាត់​ឲ្យ​មាន​ការ​រៀប​ចំ​​រចនា​ឡើង​នូវ​ផ្កា​ចន្ទន៍​ចម្លង​ចំនួន​៧​មុខ ដែល​នឹង​ដាក់​ឲ្យ​ប្រជាជន​ថៃ​យក​ទៅ​ថ្វាយ​ព្រះ​ភ្លើង អតីត​ព្រះ​មហា​ក្សត្រិយ៍​ដែល​ជា​​ទី​ស្រឡាញ់​របស់​ពួក​គេ​។

ផ្កា​ចន្ទន៍​ចម្លង​ទាំង​៧​បែប​នេះ​ រួម​មាន​៖

១. ផ្កា​តារា​រ័ត្ន (​ថ. ดอกดารารัตน์) ឬ​ភាសា​អង់គ្លេស​ហៅ​ថា Daffodil​។ ជា​ផ្កា​សំណព្វ​នៃ​អតីត​ព្រះ​មហាក្សត្រិយ៍ និង​ជា​ផ្កា​ដែល​ទ្រង់​បាន​​ប្រទាន​ឲ្យ​ព្រះ​មហេសី​ព្រះ​អង្គ​ជា​និច្ច​កាល គ្រា​ដែល​ព្រះ​អង្គ​នៅ​សិក្សា​ឯ​ប្រទេស​ស្វីស​។

២. ផ្កា​កុលាប​។ ជា​និមិត្ត​រូប​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ ដែល​មាន​ន័យ​ពី​សេចក្ដី​ស្រឡាញ់​ពី​អាណា​ប្រជា​នុរាស្ត្រ​របស់​ព្រះ​អង្គ​។

៣. ផ្កា​ពុតតាន (​ថ​. ดอกพุดตาน​)​។ ជា​និមិត្ត​រូប​នៃ​ភាព​គង់​វង្ស និង​ឧត្ដម​សម្បូរណ៍ ដែល​មាន​ន័យ​ពី​ការ​រឭក​ដល់​ព្រះ​មហា​ករុណាធិគុណ​នៃ​អតីត​ព្រះ​មហា​ក្សត្រិយ៍​។

៤. ផ្កា​លីល្លី​។ ជា​និមិត្ត​រូប​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ ដូច​ជា​ផ្កា​កុលាប​ដែរ និង​សំ​ដៅ​ដល់​ភាព​ស្មោះ​ត្រង់​របស់​ប្រជា​រាស្ត្រ​ថៃ​មាន​ចំពោះ​អតីត​ព្រះ​មហា​ក្សត្រិយ៍​។

៥. ផ្កា​អគីដេ​។ ជា​និមិត្ត​រូប​នៃ​ភាព​គង់​វង្ស សេចក្ដី​ស្រឡាញ់ និង​ភាព​មហស្ចារ្យ​នៃ​ការ​បំពេញ​ព្រះ​រាជ​ករណី​កិច្ច​របស់​អតីត​ព្រះ​មហា​ក្សត្រិយ៍​នៅ​ទូទាំង​ប្រទេស​ថៃ និង​ល្បី​ល្បាញ​នៅ​ទូទាំង​ពិភព​លោក​។

៦. ផ្កា​ជ្បាទិព្វ (​ថ. ดอกชบาทิพย์​)​។ ជា​ផ្កា​មួយ​ប្រភេទ​ដែល​ប្រឌិត​ឡើង​ដើម្បី​ជា​និមិត្ត​រូប​នៃ​ការ​បាត់​បង់ និង​ភាព​ជា​អមត ដើម្បី​ជា​ការ​ថ្វាយ​ក្ដី​អាល័យ​ចុង​ក្រោយ​របស់​ប្រជា​រាស្ត្រ​ថៃ​។

៧. ផ្កា​ជ្បា​ហ្នូ (​ថ​. ดอกชบาหนู​)​។ ជា​និមិត្ត​រូប​នៃ​ការ​បាត់​បង់​ដ៏​ធំ​ធេង​មួយ​របស់​អាណា​ប្រជានុរាស្ត្រ​ថៃ​ និង​សំ​ដៅ​​ប្រៀប​នឹង​ដួង​វិញ្ញាណ​របស់​ប្រជា​រាស្ត្រ​ថៃ​គ្រប់​គ្នា​ក្នុង​ការ​រួម​ដង្ហែ​អតីត​ព្រះ​មហា​ក្សត្រិយ៍​យាង​ទៅ​កាន់​ស្ថាន​សួគ៌​។

សម្រាប់​ផ្កា​ទាំង​៧​ប្រភេទ​ថៃ​ នៅ​តាម​ខេត្ត​នីមួយ​ៗ ក៏​ដូច​ជា​នៅ​តាម​ស្ថានទូត​ថៃ​ឯ​បរទេស ត្រូវ​បាន​ចាត់ឲ្យ​មាន​ការ​រៀប​ចំ​ធ្វើ​ឡើង ដើម្បី​ឲ្យ​ប្រជារាស្ត្រ​ថៃ​យក​ទៅ​ថ្វាយ តាម​ទី​កន្លែង​នានា​ដែល​រាជការ​ថៃ​ចាត់​ឲ្យ​មាន​នៅ​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ខាង​មុខ​នេះ​៕

ប្រជាជន​ថៃ​រួម​គ្នា​ចាត់​សាង​ផ្កា​ចន្ទន៍​ចម្លង​ទាំង​៧​ប្រភេទ

____________________________________________________
អានផងដែរ៖
១. ថៃ​ចេញ​កាស​អនុស្សាវរីយ៍​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​រាមា​ទី​៩
២. ថៃសាងបដិមាកម្ម១៤ប្រភេទសម្រាប់តុបតែងព្រះមេរុ ព្រះចៅផែនដី
៣. ថៃ​ចាត់​សាង​ព្រះ​រាជ​រថ​កាំភ្លើង​ធំ​ថ្មី​សម្រាប់​​ដង្ហែ​​ព្រះ​​កោដ្ឋ​​ព្រះ​បរម​សព​ព្រះ​ចៅ​ផែន​ដី​ខ្លួន
៤. ថៃ​ចេញ​ធនបត្រ​មួយ​ឈុត​ធំ​ថ្មី រំឭក​ដល់​អតីត​ព្រះ​មហា​ក្សត្រិយ៍​ រាមា​ទី​៩
៥. ថៃចាត់សាងព្រះរាជរថកាំភ្លើងធំថ្មីសម្រាប់ដង្ហែព្រះកោដ្ឋព្រះបរមសពព្រះចៅផែនដីខ្លួន
៦. ថៃ​ចេញ​ឈុត​តែមប្រិ៍​ប្រៃសណីយ៍​​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះ​មហា​ក្សត្រិយ៍

ស្ថាបត្យករ​ដ៏​​ល្បាញ​ល្បី​នៃ​កម្ពុជា វណ្ណ មូលីវណ្ណ ទទួល​មរណភាព ថ្ងៃ​ព្រហស្បតិ៍ 28 ខែកញ្ញា 2017

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, មរណភាព.
3 comments

បុគ្គល​ម្នាក់​ដែល​ធ្វើ​ឲ្យ​វិស័យ​សំណង់​កម្ពុជា​ក្រោយ​អាណានិគម​ល្បី​សុះ​សាយ​ទូទាំង​ពិភព​លោក​ វណ្ណ ម៉ូលីវណ្ណ បាន​ទទួល​មរណភាព​ហើយ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៧​ នេះ​។ លោក​ វណ្ណ មូលីវណ្ណ គឺ​ជា​បុគ្គល​ម្នាក់​ឈាន​មុខ​រួម​ជា​មួយ​ស្ថាបត្យករ​ផ្សេង​ៗ​ទៀត សម័យ​សង្គម​រាស្ត្រ​និយម​ដ៏​រុង​រឿង បាន​បង្ហាញ​អំពី​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ​សម័យ​ទំនើប ដែល​រហូត​មក​ដល់​បច្ចុប្បន្ន​មិន​ទាន់​មាន​កូន​ខ្មែរ​ណា​ម្នាក់​សាង​ស្នាដៃ​ដូច​រូប​លោក​បាន​ទេ​។

កើត​នៅ​ឆ្នាំ​១៩២៦ ឯ​ស្រុក​រាម ខេត្ត​កំពត លោក វណ្ណ ម៉ូលីវណ្ណ បាន​គូរ​ប្លង់​ស្ថាបនា​​អាគារ​ល្បី​ៗ​ជា​ច្រើន​នៅ​កម្ពុជា ជា​ពិសេស​នៅ​ទីក្រុង​ភ្នំពេញ។ នៅ​ទី​នោះ ស្នាដៃ​របស់​លោក ឈរ​យ៉ាង​សង្ហា​ប្រដុំ​ប្រសង​គ្នា​ជាមួយ​នឹង​សំណង់​អាគារ​បុរាណ​ៗ វត្ត​អារាម និង​សំណល់​ពី​សម័យ​អាណានិគម​។ ស្នាដៃ​សំខាន់​ៗ​របស់​លោក​មាន សាល​សន្និសីទ​ចតុម្មុខ អាគារ​គណៈ​រដ្ឋមន្ត្រី ។ល។ លោក​ក៏​បាន​គូរ​ប្លង់​វត្ត​អារាម និង ស្ថាន​ទូត​ខ្មែរ​នៅ​បរទេស​ជា​ច្រើន​ផង​ដែរ។

លោក វណ្ណ ម៉ូលីវណ្ណ បានទទួល​មរណ​ភាព​នៅ​វេលា​ម៉ោង​​៩ និង​ ៤៥ ​នាទី​​ ព្រឹក​ថ្ងៃ​​ព្រហស្បតិ៍ ទី​២៨ ​ខែ​កញ្ញា ឆ្នាំ​២០១៧ ​ក្នុងអា​យុ​​៩១​ឆ្នាំ​។ ពិធី​បុណ្យ​សពរបស់​ស្ថាបត្យករ​ខ្មែរដ៏​ល្បី​ល្បាញ​រូប​នេះ ធ្វើឡើង​នៅក្នុង​គេហ​ដ្ឋាន​របស់​លោកព្រឹទ្ធា​ចារ្យ ស្ថិត​ក្នុង​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ​ក្រុង​សៀម​រាប​ ខេត្តសៀមរាប។

ព្រះ​ករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់​ឲ្យ​សម្តេច​ចៅហ្វា​វាំង វរវៀងជ័យ អធិបតីស្រីង្គារ​ គង់ សំអុល ​ប្រធាន​គណៈកម្មការ​រៀបចំ​បុណ្យជាតិ ចាត់ចែង​រៀបចំ​ពិធីបុណ្យ​របស់​ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បីល្បាញ និង​ជា​ឧ​ត្ត​ម​ទីប្រឹក្សា​ព្រះមហាក្សត្រ​ផង​នោះ ឲ្យ​បាន​ថ្លៃថ្នូរ​៕

អាន​ប្រវត្តិ​ពិស្ដារ ចុច​ទី​នេះ​

____________________________________________
អាន​ផង​ដែរ
១. ស្ថាបត្យករ​ដ៏​អស្ចារ្យ​បារម្ភ​អំពី​អនាគត​របស់​ក្រុង
២. វណ្ណ មូលីវណ្ណ និង​ស្ថាបត្យកម្ម​ខ្មែរ​ថ្មី
៣. ពិធី​សម្ពោធ​មហោស្រព​ជាតិ «​ព្រះ​សុរាម្រិត​»
៤. ៨៨​ឆ្នាំ​នៃ​បុគ្គល​ដែល​ត្រូវ​បាន​គេ​បំភ្លេច​ចោល

ខួប​ឆ្នាំ​ទី​៥០ នៃ​ពិធី​សម្ពោធ​អាគារ​សិក្សា​នៅ​ស្ទឹង​ត្រង់ ខេត្ត​កំពង់​ចាម ថ្ងៃអង្គារ 26 ខែកញ្ញា 2017

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ៥០​ឆ្នាំ​មុន​នេះ ប្រជា​រាស្ត្រ​នៅ​ស្ទឹង​ត្រង់ ស្រុក​ព្រែក​កក់ តាម​ដង​ទន្លេ​មេគង្គ ខេត្ត​កំពង់​ចាម មាន​​​ភ័ព្វ​វាសនា​​ជា​ថ្មី​ម្ដង​ទៀត ដែល​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ជា​អម្ចាស់​ស្ដេច​យាង​មក​សាក​សួរ​សុ​ខ​ទុក្ខ​កូន​ចៅ​ព្រះ​អង្គ ដើម្បី​សម្ពោធ​អាគារ​សិក្សា​នៅ​ទី​នោះ​។

ជយោ​សម្ដេច​ឪ​! ជយោ​សម្ដេច​ឪ​! ជា​សម្រែក​អប​អរ​សាទរ​របស់​សិស្សានុសិស្ស​នៃ​អនុ​វិទ្យាល័យ នៅ​ពេល​ដែល​គេ​ទាំង​ឡាយ​បាន​ឃើញ​ឧទ្ធម្ភាគចក្រ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​មក​ដល់​។ ព្រះ​អង្គ​ទ្រង់​យាង​មក​ស្រុក​ស្ទឹង​ត្រង់​នេះ ដើម្បី​សួរ​សុខ​ទុក្ខ​កូន​ចៅ​ព្រះ​អង្គ និង​សម្ពោធ​អាគារ​សិក្សា​ចំនួន​៣​ខ្នង​នៃ​អនុ​វិទ្យាល័យ (​រូប​ភាព​ខាង​ក្រោម​នេះ​)​។ អនុ​វិទ្យាល័យ​នេះ​មាន​សិស្ស​ទាំង​ស្រី​ប្រុស​ចំនួន​ជាង​៣០០​នាក់​។

នៅ​ក្នុង​របប​សង្គម​រាស្ត្រ​និយម​ក្រោម​មគ្គុទេសក៍​របស់​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​អមត​នៃ​ពួង​ជន​ខ្មែរ ព្រះ​អង្គ​ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​​សង្គម​តែង​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​​ការ​សិក្សា​របស់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ស្មើ​មុខ​មាត់ និង​អ្នក​រស់​នៅ​តាម​ទី​ប្រជុំ​ជន​ធំ​ៗ​ឯ​ទៀត​របស់​ព្រះ​នគរ​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

ការ​លាប​ពណ៌​ខុស​ទ្រង់​ទ្រាយ​ដើម​នៃ​ព្រះ​មហា​ចេតិយ​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត ថ្ងៃចន្ទ 25 ខែកញ្ញា 2017

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, បុគ្គល​សំខាន់, អំពីស្រុកខ្មែរ.
add a comment

ក្នុង​ឱកាស​ខួប​ឆ្នាំ​ទី៤៨ឆ្នាំ សោយទិវង្គតនៃ​សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ នៃព្រះរាជអាណាចក្រកម្ពុជា ស្រែ​ខ្មុក​សូម​ទាញ​ចំណាប់​អារម្មណ៍​ប្រិយ​មិត្រ​អំពី​ការ​ផ្លាស់​ប្ដូរ​ពណ៌​​ព្រះ​មហា​ចេតិយ​នៃ​សម្ដេច​ជា​អម្ចាស់​ ដែល​បាន​សាង​ឡើង​នា​វត្ត​ឧណ្ណាលោម រាជ​ធានី​ភ្នំពេញ​។

បន្ទាប់​ពី​សម្ដេច​ជា​អម្ចាស់​ព្រះ​អង្គ​សោយ​ព្រះ​ទិវង្គត​ទៅ និង​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​បាន​ចប់​សព្វ​គ្រប់​មក​ មហា​ចេតិយ​ដ៏​ស្រស់​សង្ហារ​មួយ​ត្រូវ​បាន​សាង​សង់​ឡើង​ទល់​នឹង​មុខ​មហា​កុដិ​ព្រះ​អង្គ ក្នុង​បរិវេណ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ ទី​ដែល​ព្រះ​អង្គ​សោយ​ព្រះ​ទិវង្គត​។ ព្រះ​មហា​ចេតិយ​ដែល​ត្រូវ​បាន​សាង​សង់​ឡើង​សម្រាប់​បញ្ចុះ​ព្រះ​អដ្ឋិ​នៃ​ព្រះ​អង្គ​នោះ ត្រូវ​បាន​រចនា​ឡើង​តាម​បែប​ខ្មែរ​បូរាណ ស័ក្ដិ​សម​ព្រះ​កិត្តិយស​នៃ​ព្រះ​អង្គ​។

កាល​ពី​ពេល​ថ្មី​ៗ​នេះ​មាន​កា​រ​ជួស​ជុល ដែល​ទំនង​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​វត្ត​ក្នុង​គោល​បំណង​ល្អ​មួយ ដែល​ដោយ​ប្រការ​ណា​មួយ​នោះ ព្រះ​មហា​ចេតិយ​នៃ​ទ្រង់​ត្រូវ​បាន​ធ្វើ​ឲ្យ​ខូច​ទ្រង់​ទ្រាយ​ដើម ដោយ​មាន​ការ​ផ្លាស់​ប្ដូរ​មក​ជា​ពណ៌​លឿង​ឆ្អិន​ បាត់​សម្រស់​ដើម និង​គ្មាន​លក្ខណៈ​សិល្បៈ​សូម្បី​តែ​បន្តិច​។

ម្ដង​ជា​ពីរ​ដង​ ការ​ស្ដារ ឬ​ជួស​ជុល​ណា​មួយ​ឡើង​វិញ រាល់​បូរាណ​ស្ថាន​នានា ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ត្រូវ​បាន​ធ្វើ​ឲ្យ​រួច​រាល់​ពី​ដៃ ជា​ពិសេស​ការ​ធ្វើ​ឲ្យ​ខូច​ទ្រង់​ទ្រាយ​ដើម​នោះ​ និង​ជា​រឿយ​ៗ​ទទួល​បាន​ការ​រិះ​គន់​ពី​មជ្ឈដ្ឋាន​នានា​។ ដូច​គ្នា​នេះ​ដែរ គ្រប់​គ្នា​ពិត​ជា​យល់​ពី​ចេតនា​ល្អ​នៃ​ការ​ជួល​ជុល កែ​លម្អ និង​រចនា​ពណ៌​ឡើង​វិញ​នៃ​ព្រះ​មហា​ចេតិយ​នៃ​សម្ដេច​ជា​អម្ចាស់ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​រចនា​ និង​លាប​ពណ៌​ថ្មី គួរ​តែ​រក្សា​តាម​ពណ៌​ចាស់ ដោយ​មិន​យក​ពណ៌​លឿង​មួយ​មុខ​មក​គ្រប​បែប​នេះ​ទេ​។

ស្រែ​ខ្មុក​សង្ឃឹម​ថា ព្រះ​ចេតិយ​ព្រះ​អង្គ​នឹង​ត្រូវ​បាន​កែ​លម្អ លាប​ពណ៌​ទៅ​តាម​ទ្រង់​ទ្រាយ​ដើម​ឡើង​វិញ ដូច​កាល​ទើប​សាង​សង់​ឡើង​ថ្មី​ៗ​។ ពួក​យើង​ជា​កូន​ចៅ​នៃ​ព្រះ​អង្គ ពិត​ជា​សាទរ និង​ចូល​រួម​អនុមោទនា ចំពោះ​ការ​ស្ដារ និង​ជួស​ជុល​ឡើង​វិញ​នេះ ដែល​ចាំ​បាច់​រក្សា​រចនា​ដើម​៕

ទ្រង់​ទ្រាយ​មហា​ចេតិយ​ដើម (​ឆ្វេង​) នា​ថ្ងៃ​បញ្ចុះ​​ព្រះ​អដ្ឋិ​ព្រះ​អង្គ
ទ្រង់​ទ្រាយ​ថ្មី​ដែល​ត្រូវ​បាន​លាប​ពណ៌​លឿង​ឆ្អិន (​ស្ដាំ​) នា​ពេល​ថ្មី​ៗ​នេះ​
ព្រះ​មហា​ចេតិយ​នា​ខាង​មុខ​វត្ត​ឧណ្ណាលោម នា​ពេល​ថ្មី​ៗ​នេះមហា​ចេតិយ​កាល​ពី​មិន​ទាន់​លាប​ពណ៌​លឿង

អបអរសាទរ​បុណ្យ​រដ្ឋធម្មនុញ្ញ ខួប​ទី​២៤ ថ្ងៃអាទិត្យ 24 ខែកញ្ញា 2017

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
add a comment

រដ្ឋធម្មនុញ្ញ [អានថា៖ រ័ត-ឋៈ-ធ័ម-មៈ-នុញ] មិនមែនអានថា [រ័ត-ធ័ម-មៈ-នុញ] ទេ គឺជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។ រាល់ច្បាប់ និងឯកសារគតិយុត្តទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវអនុលោមទៅតាមរដ្ឋធម្មនុញ្ញ បើពុំនោះសោត ច្បាប់ និងឯកសារគតិយុត្តទាំងនោះនឹងអធម្មនុញ្ញភាព។

គួរកត់សម្គាល់ផងដែរថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ គិតមកដល់ត្រឹមថ្ងៃនេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើងមានអាយុ២៤ឆ្នាំហើយ។

អបអរសាទរខួបអនុស្សាវរីយ៍លើកទី២៤ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា!

បិទ​អាស៊ាន ប៉ារ៉ា ហ្គេមស៍ ២០១៧ កម្ពុជា បាន​មេដាយ​សរុប​១០​គ្រឿង ថ្ងៃសៅរ៍ 23 ខែកញ្ញា 2017

Posted by សុភ័ក្ត្រ in កីឡា, វីដេអូ, អាស៊ាន ប៉ារ៉ា ហ្គេមស៍ IX.
3 comments

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ​​​, ប្រទេស​ម៉ាឡេស៊ី ការ​ប្រកួត​កីឡា​ជន​ពិការ​អាស៊ាន លើក​ទី​៩ ឬ អាស៊ាន ប៉ារ៉ា ហ្គេមស៍ ២០១៧ បាន​បញ្ចប់​ហើយ នា​យប់​ម៉ិញ​នេះ (២៣ កញ្ញា ២០១៧​) នៅ​ឯ​ទី​ក្រុងកួឡា ឡូមពួរ​​​, ប្រទេស​ម៉ាឡេស៊ី។ កីឡា​ជន​ពិការ​អាស៊ាន គឺ​ជា​ការ​ប្រកួត​រៀង​រាល់​ពីរ​ឆ្នាំ​ម្ដង បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​កីឡា​ស៊ីហ្គេមស៍​។

លទ្ធផល បន្ទាប់​ពី​បិទ​បញ្ចប់​ការ​ប្រកួត ប្រទេស​ឥណ្ឌូនេស៊ី​​​បាន​ឈរ​លំដាប់​លើ​គេ ដោយ​ទទួល​បាន​មេដាយ​សរុប​ចំនួន​២៥១ ក្នុង​នោះ​មាន​មាស ចំនួន​១២៦ បន្ទាប់​មក​គឺ​ប្រទេស​ម៉ាឡេស៊ី​ម្ចាស់​ផ្ទះ ដោយ​ទទួល​មេដាយ​សរុប​ចំនួន​២៥៨ (មាស​៩០​) ឯ​ប្រទេស​ថៃ​អតីត​ជើង​ឯក​មេដាយ​កាល​ពី​កីឡា​ជន​ពិការ​អាស៊ាន លើក​ទី​៨ ​បាន​ទទួល​លេខ​៣ ដោយ​បាន​ទទួល​មេដាយ​សរុប​ចំនួន​២៣៦ (​មាស​៦៨​)​​។

សម្រាប់​ប្រទេស​កម្ពុជា​ដែល​បញ្ជូន​ក្រុម​កីឡាករ​ប្រមាណ​៧៤​រូប​ទៅ​ចូល​រួម​ដែរ​នោះ បាន​មេដាយ​សរុប​ចំនួន​១០​​គ្រឿង តែ​​ប៉ុណ្ណោះ​ ព្រម​ទាំង​មិន​ទទួល​បាន​មេដាយ​មាស​នោះ​ទេ​ បើ​ទោះ​បី​ជា​ទទួល​បាន​មេដាយ​សរុប​លើស​កាល​ពី​​កីឡា​ជន​ពិការ​អាស៊ាន លើក​ទី​៨ ចំនួន​១​មេដាយ និង​បាន​បញ្ជូន​កីឡាករ​ច្រើន​ជាង​មុន​ក៏​ដោយ​​។

ចំនួន​មេដាយ​ដែល​កម្ពុជា​​ទទួល​បាន​សម្រាប់​ការប្រកួត​នា​ឆ្នាំ​នេះ រួម​មាន ប្រាក់​៥​គ្រឿង និង​សំរិទ្ធ​ចំនួន​៥​គ្រឿង ដោយ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​ទី​១០ ធ្លាក់​ចុះ​មួយ​លេខ​កាល​ពី​ឆ្នាំ​កន្លង​​ទៅ​​៕

_______________________________________________
អាន​ផង​ដែរ​
១. ម៉ាឡេស៊ី​បើក​កីឡា​អាស៊ាន ប៉ារ៉ា ហ្គេមស៍ លើក​ទី​៩

%d bloggers like this: