jump to navigation

ការ​សើ​រើ​ប្រើ​ប្រាស់​ «​អក្សរ​ខម​​ខ្មែរ​» នៅ​ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះ​ចៅ​ផែន​ដី​ថៃ ថ្ងៃសុក្រ 22 ខែកញ្ញា 2017

Posted by សុភ័ក្ត្រ in អំពី​ភាសា, អំពីភាសា, ภาษาไทย.
trackback

ប្រភេទ​តួ​អក្សរ​មូល​ខ្មែរ ឬ​អក្សរ​ខម ដែល​ពី​ដើម​ឡើយ​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​សង្គម​ថៃ ជា​ពិសេស​ក្នុង​វិស័យ​ព្រះ​ពុទ្ធ​សាសនា​ ហើយ​ដែល​ក្រោយ​មក​ត្រូវ​បាន​ព្យាយាម​លុប​បំបាត់ មក​ប្រើ​តួ​អក្សរ​ថៃ​សម័យ​ទំនើប​ជំនួស​វិញ​នោះ បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​អភិរក្ស និង​សើ​រើ​យក​មក​ប្រើ​ប្រាស់​ឡើង​វិញ ជា​ពិសេស​នៅ​ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​សព ព្រះ​បាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ  ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ខែ​តុលា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​។

តួ​អក្សរ​ខម​ខ្មែរ​ត្រូវ​បាន​ជន​ជាតិ​ថៃ​ខ្ចី​យក​ទៅ​ប្រើ​តាំង​ពី​មុន​រដ្ឋ​ថៃ​កកើត​ពេញ​រូប​រាង​មក​ម្ល៉េះ បច្ចុប្បន្ន​បើ​ទោះ​ប្រភេទ​អក្សរ​នេះ​បាន​បាត់​វត្ត​មាន​ភាគ​ច្រើន​ពី​សង្គម​ថៃ​ក្ដី ក៏​គេ​នៅ​ឃើញ​មាន​ជា​ហូរ​ហែ​នៅ​ក្នុង​ការ​ឆ្លាក់​គម្ពី​ សាក់ ឬ​យ័ន្ត​មួយ​ចំនួន​ផង​ដែរ​។ ការ​ប្រើ​ប្រាស់​តួ​អក្សរ​ខម​ខ្មែរ ជា​ពិសេស​នៅ​ក្នុង​ការ​សរសេរ​ភាសា​បាលី​នៅ​ក្នុង​សង្គម​ថៃ​​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​រហូត​មក​ដល់​រជ្ជកាល​នៃ ព្រះ​បាទ​សម្ដេច​ព្រះ​ន័ងក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៣ ក្រោយ​មក​ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៤ បាន​ព្យាយាម​លុប​បំបាត់​ការ​ប្រើ​ប្រាស់​អក្សរ​ខម​ខ្មែរ​នេះ ដោយ​ទ្រង់​បង្កើត​ជា​តួ​អក្សរ​ថ្មី​មួយ​ឡើង ដោយ​ឲ្យ​ឈ្មោះ​ថា «អក្សរអរិយកៈ» (ថ. อักษรอริยกะ) ដើម្បី​ជំនួស​តួ​អក្សរ​ខម​ខ្មែរ​ (​អាន​ប្រកាស​៖ ការ​ព្យាយាម​លែង​ប្រើ​ «​អក្សរ​ខម​​ខ្មែរ​» ​នៅ​ក្នុង​សង្គម​ថៃ)។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី «អក្សរអរិយកៈ» មិន​មាន​ការ​និយម​ប្រើ​ប្រាស់​នោះ​ទេ​។ បច្ចុប្បន្ន​នេះ ថៃ​ប្រើ​ប្រាស់​តួ​អក្សរ​ថៃ​សម័យ​ទំនើប​បែប​សម្រាយ ដើម្បី​កត់​ត្រា​ភាសា​បាលី​។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ សម្រាប់​​ព្រះ​រាជ​ពិធីបុណ្យ​​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​សព ព្រះ​បាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ​ នា​ពេល​ខាង​មុខ​នេះ យើង​ឃើញ​មាន​ការ​សើ​រើ​ប្រើ​ប្រាស់​តួ​អក្សរ​ខម​ខ្មែរ​នេះ​ឡើង​វិញ ពី​ក្រុម​អ្នក​រៀប​ចំ​ចាត់​ចែង​ព្រះ​រាជ​ពិធី​ ដោយ​ថៃ​បាន​អះ​អាង​ថា​នេះ​ជា​ការ​រៀប​ចំ​ឲ្យ​ត្រឹម​ត្រូវ​បំផុត​តាម​ច្បាប់​ដើម​នៃ​ការ​ថ្វាយ​ព្រះ​ភ្លើង​តាម​បែប​ផែន​បូរាណ​រាជ​បវេណី​ថៃ​។

ការ​ប្រើ​ប្រាស់​តួ​អក្សរ​ខម​ខ្មែរ​នៅ​ក្នុង​ព្រះ​រាជ​ពិធី​ដែល​យើង​ឃើញ​មាន​ច្បាស់​យ៉ាង​ហោច​ណាស់​ចំនួន​ពីរ​ទម្រង់​ដែរ​នោះ នោះ​គឺ​ការ​​ចម្លង​ឡើង​វិញ​នូវ​គម្ពី​សាស្ត្រា​បាដិមោក្ខ​ច្បាប់​ភាសា​បាលី​ដែល​សរសេរ​ជា​តួ​អក្សរ​ខម​ខ្មែរ​។ នៅ​ក្នុង​ព្រះ​រាជ​ពិធី​នេះ ក្រុម​អ្នក​ចាត់​ចែង​បាន​រៀប​ចំ​ឲ្យ​មាន​ការ​ចម្លង​សាស្ត្រា​បាដិមោក្ខ​​នេះ​ឡើង​វិញ​ចំនួន​៤១​ច្បាប់ ដើម្បី​ប្រគេន​ព្រះ​សង្ឃ​តាម​អារាម​ហ្លួង​នានា​របស់​ថៃ​។ ចំពោះ​សាស្ត្រា​បាដិមោក្ខ​​នេះ គឺចម្លង​ចេញ​ពី​ច្បាប់​ដើម​ដែល​សរសេរ​ជា​តួ​អក្សរ​ខម​ខ្មែរ កាល​ពី​រាជ្យ ព្រះ​បាទ​សម្ដេច​ព្រះ​មង្កុដ​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៦ និង​បាន​តម្កល់​ទុក​នៅ​ក្នុង​អារាម​វត្តបវរនិវេឝវិហារ នា​ទី​ក្រុង​បាងកក​​។ ជាង​ចំណាន​ៗ​របស់​ថៃ​បាន​ព្យាយាម​ចារ​ច្បាប់​ចម្លង​នេះ​ឲ្យ​ដូច​តួ​អក្សរ​ច្បាប់​ដើម​បំផុត​។

ការ​ប្រើ​ប្រាស់​តួ​អក្សរ​ខម​ខ្មែរ​ ដែល​យើង​ឃើញ​មាន​ផង​ដែរ​នៅ​ក្នុង​ព្រះ​រាជ​ពិធី​នោះ​ នោះ​គឺ​ការ​​រចនា​នៅ​តាម​ហោជាង​តាម​ថែវ​នីមួយ​ៗ​នៅ​ក្នុង​ព្រះ​ពន្លា​សម្រាប់​មណ្ឌល​ទី​ព្រះ​មេរុ​​។ ក្រុម​អ្នក​ចាត់​ចែង បាន​រៀប​ចំ​ឲ្យ​មាន​ការ​សរសេរ​ជា​ភាសា​បាលី ដោយ​ប្រើ​ប្រាស់​តួ​អក្សរ​ខម​ខ្មែរ​នៅ​តាម​ហោ​ជាង​នីមួយ​ៗ ដោយ​មាន​តួ​អក្សរ​ថៃ​ច្បាប់​បច្ចុប្បន្ន​នៅ​ពី​ក្រោម​ផង​ដែរ​។

ការ​រៀប​ចំ​ឲ្យ​មាន​​ការ​ប្រើ​ប្រាស់​ភាសា​បាលី​ដោយ​តួ​អក្សរ​ខម​ខ្មែរ​​​យ៉ាង​សាធារណៈ សម្រាប់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​នា​គ្រា​នេះ​ ដែល​អះ​អាង​ថា​ធ្វើ​តាម​បូរាណ​រាជ​បវេណី​នោះ បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ជា​ថ្មី​ម្ដង​ទៀត​ពី​ភាព​ស្អិត​រមួត​នៃ​កម្ចី​តួ​អក្សរ​ខ្មែរ (​ទាំង​ភាសា​) នៅ​ក្នុង​សង្គម​ថៃ​បូរាណ ឥត​ប្រកែក​បាន​។ ក្រៅ​ពី​នេះ​​ក៏​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ព្យាយាម​សើ​រើ​ប្រើ​ប្រាស់​តួ​អក្សរ​ខម​ខ្មែរ​ឡើង​វិញ​នៅ​ក្នុង​សង្គម​ថៃ​យ៉ាង​ពិត​ប្រាកដ​។ តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ការ​ប្រើ​ប្រាស់​នេះ​ទំនង​មាន​តែ​នៅ​ក្នុង​សង្គម​អ្នក​ប្រើ​ប្រាស់​ភាសា​បាលី​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​សង្គម​ថៃ​​​៕

ក្រុម​ជាង​ជំនាញ​របស់​ថៃ​កំពុង​ធ្វើ​ការ​ចារ​បាដិមោក្ខ​ជា​តួ​អក្សរ​ខម​ខ្មែរ ដើម្បី​ប្រើ​ប្រាស់​ក្នុង​ព្រះ​រាជ​ពិធី (​រូប​៖ អ្នក​ចាត់​ការ​)តួ​អក្សរ​ខម​ខ្មែរ​ក្នុង​សៀវភៅ​បាដិមោក្ខ​ថ្មី​ដែល​ធ្វើ​ឡើង​សម្រាប់​ព្រះ​រាជ​ពិធី
ក្រប​មុខ​នៃ​សៀវភៅ​បាដិមោក្ខ​ថ្មី​ដែល​នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ព្រះ​រាជ​ពិធីហោ​ជាង (​ក្នុង​រង្វង់​ក្រហម​) សម្រាប់​ព្រះ​ពន្លា​​ក្នុង​មណ្ឌល​ព្រះ​រាជ​ពិធី​​ មាន​ឆ្លាក់​ភាសា​បាលី ជា​តួ​អក្សរ​ខម​ខ្មែរ (​សូម​មើល​រូប​ធំ​ខាង​ក្រោម​)
តួ​អក្សរ​ខម​ខ្មែរ​ដែល​ឆ្លាក់​នៅ​ហោ​ជាង អម​ដោយ​តួ​អក្សរ​ថៃ​​បច្ចុប្បន្ន​នៅ​ពី​ក្រោម

________________________________________
អានផងដែរ៖
១. ឥទ្ធិពលអក្សរខ្មែរនៅក្នុងសង្គមថៃ
២. ភាសាខ្មែរនៅក្នុងសង្គមថៃ
៣. ភាសាខ្មែរក្នុងទូរអេធីអឹមថៃ
៤. ការព្យាយាមលែងប្រើ «អក្សរខមខ្មែរ» នៅក្នុងសង្គមថៃ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: