jump to navigation

ថៃ​ចាត់​សម​ធំ​លើក​ទី​១ សម្រាប់​ក្បួន​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស​ រាមា​ទី​៩ ថ្ងៃសៅរ៍ 7 ខែតុលា 2017

Posted by សុភ័ក្ត្រ in វីដេអូ, ภาษาไทย.
8 comments

ព្រះ​មហា​ពិជ័យ​រាជ​រថ​ក្នុង​ក្បួន​សម​ដង្ហែ​ព្រះ​រាជ​ពិធី

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៧ ខែ​តុលា ឆ្នាំ​២០១៧ នេះ នៅ​ឯ​រាជ​ធានី​បាងកក នគរ​ថៃ​មាន​រៀប​ចំ​ការ​សម​ក្បូន​ធំ លើក​ទី​១ ក្នុង​ការ​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស សម្រាប់​​​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​សព ព្រះ​បាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ចុង​ខែ​តុលា​នេះ​។

សម្រាប់​ពិធី​សម​លើក​ទី​១​នេះ គឺ​ជា​ការ​សម​ធំ​នៅ​តាម​ទី​កន្លែង​ពិត និង​ប្រើ​ឧបករណ៍ ដូច​ជា​ ព្រះ​មហា​ពិជ័យ​រាជ​រថ ជា​ដើម បន្ទាប់​ពី​ការ​សម​បែប​ដាច់​ដោយ​ឡែក​នៅ​តាម​ទី​កន្លែង​ផ្សេង​ៗ ត្រូវ​បាន​ធ្វើ​ឡើង​អស់​ជា​ច្រើន​គ្រា​កន្លង​មក​ហើយ​។

ក្បួន​ដង្ហែ​សម​ត្រូវ​បាន​ចាប់​ផ្ដើម​នៅ​ម៉ោង​៨.០៥​នាទី ព្រឹក ដោយ​ក្បួន​ទី១ គឺ​ការ​អញ្ជើញ​ព្រះ​កោដ្ឋ​ថង​ហ្យ៉ៃ​ចុះ​ពី​ព្រះ​ទីន័ង​តុសិត​មហា​ប្រាសាទ​ក្នុង​ព្រះ​បរម​មហា​រាជ​វាំង ដើម្បី​ដង្ហែ​ទៅ​កាន់​ក្បួន​ទី​២ គឺ​អញ្ជើញ​ព្រះ​កោដ្ឋ​ដាក់​លើ​ព្រះ​មហា​ពិជ័យ​រាជ​រថ ដើម្បី​ធ្វើ​ការ​ដង្ហែ​ទៅ​កាន់​មណ្ឌល​ពិធី​ ឬ​វាល​ព្រះ​មេរុ​​។ ចំណែក​ឯ​ក្បួន​បន្ទាប់​គឺ​ការ​អញ្ជើញ​ព្រះ​កោដ្ឋ​ដាក់​លើ​រាជ​រថ​កាំភ្លើង​ធំ​ដង្ហែ​​ឧត្ដរាវដ្ដ​ជុំ​វិញ​ព្រះ​មេរុ​៣​ជុំ មុន​នឹង​អញ្ជើញ​ព្រះ​កោដ្ឋ​តម្កល់​លើ​ព្រះ​មហា​បញ្ចា រួច​ធ្វើ​ការ​ប្រកប​តំឡើង​ព្រះ​កោដ្ឋ​ចន្ទន៍ លើ​ព្រះ​មេរុ​មាស សូរេច​ពិធី​អញ្ជើញ​ព្រះ​បរម​សព​ឆ្ពោះ​មក​ព្រះ​មេរុ​មាស​។

សម្រាប់​ការ​សម​ព្រះ​រាជ​ពិធី​នា​ព្រឹក​នេះ​មាន​​អ្នក​រួម​ពិធី​ដែល​ជា​កង​ទាហាន​កិត្តិយស​មក​ពី​កង​ទ័ព​ថៃ​ទាំង​៣​ ព្រះ​ទាំង​នាយ​កម្ម​សិក្សា​មក​ពី​វជិរាវុធ​វិទ្យាល័យ មន្ត្រី​ព្រះ​បរម​រាជ​វាំង មន្ត្រី​ក្រសួង​វប្បធម៌ និង​បណ្ដា​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​សរុប​ប្រមាណ​៣.០០០​រូប​​។

ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​ប្រព្រឹត្ត​ប្រកប​ដោយ​ភាព​ជោគ​ជ័យ និង​មាន​របៀប​វិន័យ អ្នក​រៀប​ចំ​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​កោដ្ឋ និង​គ្រឿង​ឥស្សរិយ​យស នឹង​ធ្វើ​ពិធី​សម​ធំ​ជា​ថ្មី​ម្ដង​ទៀត លើក​ទី​២ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា និង​ពិធី​សម​ធំ​ចុង​ក្រោយ​ឲ្យ​ដូច​ពិធី​ពិត នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៧​ នេះ​៕

ទស្សនា​រូប​ភាព​ពី​​ក្បួន​ដង្ហែ​ការ​សម​ព្រះ​រាជ​ពិធី

____________________________________________________
អានផងដែរ៖
១. ពិធីការតាំងគ្រឿងព្រះបរមសពនៃព្រះចៅផែនដីស្យាម
២. បង្ហាញគំរូ «ព្រះមេរុមាស» ព្រះចៅផែនដីថៃ រាមាទី៩
៣. ថៃសាងបដិមាកម្ម១៤ប្រភេទសម្រាប់តុបតែងព្រះមេរុ ព្រះចៅផែនដី
៤. អំពីព្រះកោដ្ឋមាសធំ គ្រឿងប្រកបព្រះឥស្សរិយយស ព្រះចៅផែនដីថៃ រាមាទី៩
៥. ទំនៀម “ការប្រគំយ៉ាំយាម” ក្នុងពិធីបុណ្យព្រះបរមសពព្រះចៅផែនដីសៀម
៦. ថៃ​ចាត់​សាង​ព្រះ​រាជ​រថ​កាំភ្លើង​ធំ​ថ្មី​សម្រាប់​​ដង្ហែ​​ព្រះ​​កោដ្ឋ​​ព្រះ​បរម​សព​ព្រះ​ចៅ​ផែន​ដី​ខ្លួន
៧. មក​មើល​រូប​ភាព​ចម្លង «​ព្រះ​មេរុ​មាស​» ដ៏​អស្ចារ្យ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍​ថៃ
៨. ថៃ​ចេញ​កាស​អនុស្សាវរីយ៍​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​រាមា​ទី​៩

Advertisements
%d bloggers like this: