jump to navigation

ខួប​ឆ្នាំ​ទី​៥០ ទស្សន​កិច្ច​ជា​ប្រវត្តិ​សាស្ត្រ​នៃ​លោក​ជំទាវ កេណ្ណឹឌី នៅ​ប្រទេស​កម្ពុជា ថ្ងៃអាទិត្យ 5 ខែវិច្ឆិកា 2017

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, សង្គម​រាស្ត្រ​និយម, អំពីស្រុកខ្មែរ.
3 comments

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​វិច្ឆិកា ឆ្នាំ​១៩៦៧ ពេល​ម៉ោង​១៣ និង​៤០​នាទី លោក​ជំទាវ ហ្សាក្កឹកីន កេណ្ណឺឌី ដែល​ជា​ភរិយា​នៃ​លោក ហ្សុនកេណ្ណឺឌី អតីត​ប្រធានាធិបតីនៃ​សហ​រដ្ឋ​អាមេរិក បាន​អញ្ជីញ​តាម​យន្តហោះ​ពិសេស មក​ដល់​ចំណត​យន្ត​ហោះ​ពោធិចិនតុង​ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ក្នុង​ក្រប​ខ័ណ្ឌ​ជា​អ្នក​ទេសចរណ៍​។

នៅ​ពេល​ដែល​លោក​ជំទាវ​ហ្សាក្កឹលីន កេណ្ណឺឌី អញ្ជើញ​មក​ដល់​នោះ សម្ដេច​សហ​ជីវិន​ព្រះ​ប្រមុខ​រដ្ឋ ដោយ​មាន​ព្រះ​រាជ​វង្សានុវង្ស ឥស្សរ​ជន​ជាន់​ខ្ពស់​, លោក​ជំទាវ លោក​ស្រី និង​សមាជិក​រាជ​រដ្ឋាភិបាល​, សមាជិក​សភា​ទាំង​ពីរ ព្រម​ទាំង​មន្ត្រី​រាជ​ការ​គ្រប់​ផ្នែក បាន​ស្ដេច​យាង និង​អញ្ជើញ​ទៅ​ទទួល​នៅ​ឯ​ចំណត​យន្ត​ហោះ​ពោធិចិន​តុង​។

ក្រៅ​ពី​នោះ​មាន​លោក​សាស្ត្រាចារ្យ លោក​គ្រូ អ្នក​គ្រូ ក្រុម​យុវជន​យុវតី សិស្ស​សាលា និង​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ម៉ឺន​នាក់ ដែល​បាន​តុប​តែង​ខ្លួន​យ៉ាង​ស្អាត​បាត បាន​ទៅ​ទទួល​លោក​ជំទាវ នៅ​ចំណត​យន្ត​ហោះ និង​នៅ​តាម​ដង​ផ្លូវ​ចាប់​ពី​ចំណត​យន្តហោះ​ពោធិចិនតុង​រហូត​ដល់​ព្រះ​បរម​រាជ​វាំង​។

នៅ​ពេល​ចុះ​ពី​យន្ត​ហោះ លោក​ជំទាវ ហ្សាក្កឹលីន កេណ្ណឺឌី បាន​ទទួល​ផ្កា​អ៊រគីដេ​មួយ​បាច់​ធំ​ពី​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​អរុណ​រស្មី និង​បាន​ទទួល​ការ​អបរ​អរ​សាទរ​ជា​ទី​បំផុត​ពី​សម្ដេច​សហ​ជីវិន​ព្រះ​ប្រមុខ​រដ្ឋ ហើយ​និង​ឥស្សរ​ជន​ខ្មែរ នៅ​មាត់​ជណ្ដើរ​នៃ​យន្ត​ហោះ​។

ត​មក សម្ដេច​សហ​ជីវិន​ព្រះ​ប្រមុខ​រដ្ឋ ទ្រង់​បាន​អញ្ជើញ​លោក​ជំទាវ ហ្សាក្កឹលីន កេណ្ណឺឌី ធ្វើ​ដំណើរ​កាត់​វេទិកា​កិត្តិយស ដោយ​បាន​អញ្ជើញ​តាម​កម្រាល មាន​ពណ៌​ក្រហម​ស្រស់ ដែល​មាន​នារី​ខ្មែរ​ជា​ច្រើន​នាក់ ប្រកប​ដោយ​រូប​ឆោម​យ៉ាង​ប្រិម​ប្រីយ៍ បាន​បាច​ផ្កា​ម្លិះ​រោយ​រាយ​តាម​ដំណើរ​អញ្ជើញ​នៃ​លោក​ជំទាវ​រហូត​ដល់​វេទិកា​កិត្តិយស​។

ក្រោយ​ដែល​បាន​សម្រាក​កាយ​នៅ​ក្នុង​វេទិកា​កិត្តិយស​បន្តិច​មក សម្ដេច​សហ​ជីវិន​ព្រះ​ប្រុម​រដ្ឋ​ទ្រង់​បាន​ស្ដេច​អញ្ជើញ​លោក​ជំទាវ ហ្សាក្កឹលីន កេណ្ណឺឌី ឡើង​រថ​យន្ត​ជាមួយ​ព្រះ​អង្គ ដោយ​មាន​ក្បួន​ដង្ហែ​ជា​ផ្លូវ​ការ​អម​ដំណើរ​ផង ឆ្ពោះ​មក​កាន់​រាជ​ធានី​ភ្នំពេញ ហើយ​បាន​ដល់​ព្រះ​បរម​រាជ​វាំង នៅម៉ោង​១៤ និង​៣០​នាទី​។

នៅ​ក្នុង​ព្រះ​បរម​រាជ​វាំងលោក​ជំទាវ ហ្សាក្កឹលីន កេណ្ណឺឌី បាន​ទទួល​សេចក្ដី​អប​អរ​សាទរ​ពី​ក្រុម​សិស្ស​នារី​នៃ​វិទ្យា​ល័យ​ជា​ច្រើន​រយ​នាក់​ទៀត ហើយ​បន្ទាប់​មក​លោក​ជំទាវ​ក៏​បាន​អញ្ជើញ​ចូល​ទៅ​សម្រាក​កាយ​នៅ​ក្នុង​ព្រះ​មហា​ប្រាសាទ​ខេមរិន្ទ​ដោយ​សុវត្ថិភាព​។ នៅ​មាន​ត

______________________________________________________________
អាន​ផង​ដែរ​៖
១. ខួប​ឆ្នាំ​ទី​៥០ នៃ​ពិធី​សម្ពោធ​ដាក់​នាម​រុក្ខ​វិថី​ថ្មី រុក្ខ​វិថី ហ្ស​-ហ្វ កេណ្ណឺឌី
២. ពិធី​លៀង​សាយ​ភោជន៍ និង​ការ​សម្ដែង​សិល្បៈ
៣. ការ​ចូល​ក្រាប​បង្គំ​គាល់​សម្ដេច​ព្រះ​មហា​ក្សត្រិយានី​នៅ​ព្រះ​បរម​រាជ​វាំង

Advertisements
%d bloggers like this: