jump to navigation

ខួប​ឆ្នាំ​ទី​៥០ នៃ​ពិធី​សម្ពោធ​ដាក់​នាម​រុក្ខ​វិថី​ថ្មី រុក្ខ​វិថី ហ្ស​-ហ្វ កេណ្ណឺឌី ថ្ងៃចន្ទ 6 ខែវិច្ឆិកា 2017

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, សង្គម​រាស្ត្រ​និយម, អំពីស្រុកខ្មែរ.
3 comments

សម្ដេច​ឪ និង​លោក​ជំទាវ​ហ្សាក្កឺលីន កេណ្ណឺឌី យាង និង​អញ្ជើញ​បើក​ស្លាក​រុក្ខ​វិថី​ថ្មី «​រុក្ខ​វិថី ហ្ស​-ហ្វ កេណ្ណឺឌី​»

កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ វិច្ឆិកា ១៩៦៧ សម្ដេច​ឪ ទ្រង់​បាន​ស្ដេច​យាង​គង់​លើ​ព្រះ​ទី​នាំង​ឧទ្ធម្ភាគ​ចក្រ​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ព្រះ​សីហនុ ដើម្បី​ទ្រង់​ជា​ព្រះ​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​នាម​រុក្ខ​វិថី «​រុក្ខ​វិថី ហ្ស​-ហ្វ កេណ្ណឺឌី»​។

នៅ​ពេល​ស្ដេច​យាង​ទៅ​ដល់​ចំណត​យន្ត​ហោះ នៃ​ក្រុង​ព្រះ​សីហនុ ហើយ​សម្ដេច​ឪ​ទ្រង់​បាន​អញ្ជើញ​លោក​ជំទាវ ហ្សាក្កឺលីន កេណ្ណឺឌី ដែល​ជា​ភ្ញៀវ​ដ៏​ឧត្ដម​របស់​សម្ដេច​ឪ និង​ប្រជា​ពល​រដ្ឋ​ខ្មែរ​នោះ​ជិះ​នៅ​លើ​រថ​យន្ត​ពិសេស​របស់​ព្រះ​អង្គ​ឆ្ពោះ​ទៅ​កាន់​ព្រះ​ពន្លា​ពិសេស​ដែល​បាន​រចនា​ដោយ​ស្លឹក​រុក្ខ​ជាតិ និង​ទង់​ជាតិ​យ៉ាង​ល្អ​វិចិត្រ ដើម្បី​​សម្ពោធ​ដាក់​នាម​រុក្ខ​វិថី​ថ្មី ដែល​មាន​នាម​ថា​៖ «រុក្ខ​វិថី ហ្ស​-ហ្វ កេណ្ណឺឌី​» នាម​ស្វាមី​របស់​លោក​ជំទាវ ហ្សាក្កឺលីន កេណ្ណឺឌី​។

ក្នុង​ឱកាស​នោះ​សម្ដេច​ឪ និង​លោក​ជំទាវ ហ្សាក់​ក្កឺលីន កេណ្ណឺឌី បាន​ទទួល​ការ​ក្រាប​បង្គំ​ថ្វាយ និង​ទទួល​ការ​អប​អរ​សាទរ​ពី​មន្ត្រី​រាជការ យុវ័ន​យុវតី សិស្ស​សាលា និង​ប្រជា​ពល​រដ្ឋ​​ជា​ច្រើន​ម៉ឺន​នាក់ ដែល​បាន​មក​រួម​ក្នុង​ពិធី​នេះ​។

ក្រោយ​ដែល​បាន​ធ្វើ​ពិធី​ផ្សេង​ៗ​តាម​ផ្លូវ​ការ​រួច​ហើយ សម្ដេច​ឪទ្រង់​បាន​ថ្លែង​ព្រះ​រាជ​សុន្ទរ​កថា​មួយ​មាន​អត្ថន័យ​យ៉ាង​ពីរោះ ហើយ​ត​មក​លោក​ជំទាវ ហ្សាក្កឺលីន កេណ្ណឺឌី ក៏​បាន​ថ្លែង​សន្ទរ​កថា​តប​វិញ​។ នៅ​គ្រប់​ចំណុច​នៃ​ព្រះ​រាជ​សុន្ទរ​កថា និង​សុន្ទរ​កថា​នេះ ប្រជា​ពល​រដ្ឋ​បាន​ទះ​ដៃ​សំដែង​នូវ​សេចក្ដី​ពេញ​ចិត្ត​យ៉ាង​ក្រៃលែង​​។

លុះ​ចប់​ព្រះ​រាជ​សន្ទរ​កថា​ និង​​សុន្ទរ​កថា​ហើយ សម្ដេច​ឪ​ទ្រង់​បាន​អញ្ជើញ​លោក​ជំទាវ ហ្សាក្កឺលីន កេណ្ណឺឌី ទៅ​បើក​រនាំង​សំពត់​ដែល​គ្រប​ផ្ទាំង​សិលា​ចារឹក​នាម​ផ្លូវ​ថា​៖ «​រុក្ខ​វិថី ហ្ស​-ហ្វ កេណ្ណឺឌី​» ដែល​ទុក​ជា​ភ័ស្តុតាង​នៃ​នាម​វិថី​ថ្មី​នេះ​។ ត​មក​សម្ដេច​ឪ​ទ្រង់​បាន​អញ្ជើញ​​លោក​ជំទាវ​ឡើង​ជិះ​រថ​យន្ត​ដើម្បី​ធ្វើ​ការ​ទស្សនា​តាម​រុក្ខ​វិថី​ ហ្ស​.​ហ្វ​ កេណ្ណឺឌី​នេះ​ដែល​មាន​ចម្ងាយ​ផ្លូវ​២.៩០០​ម៉ែត្រ​។

ក្រោយ​ដែល​ចប់​ពិធី​សម្ពោធ​ដាក់​នាម​រុក្ខ​វិថី​ថ្មី​ដ៏​ល្អ​នេះ​រួច​សព្វ​គ្រប់​ហើយ សម្ដេច​ឪ​ទ្រង់​បាន​អញ្ជើញ​លោក​ជំទាវ​ ហ្សាក្កឺលីន កេណ្ណឺឌី ព្រម​ទាំង​មិត្រ​ដ៏​ជិត​ស្និទ្ធ​របស់​លោក​ជំទាវ ចូល​ទៅ​សំណាក់​នៅ​ព្រះ​រាជ​តំណាក់​ឈើ​ទាល ក្នុង​ក្រុង​ព្រះ​សីហនុ​។

______________________________________________________________
អាន​ផង​ដែរ​៖
១. ខួប​ឆ្នាំ​ទី​៥០ ទស្សន​កិច្ច​ជា​ប្រវត្តិ​សាស្ត្រ​នៃ​លោក​ជំទាវ កេណ្ណឹឌី នៅ​ប្រទេស​កម្ពុជា
២. ពិធី​លៀង​សាយ​ភោជន៍ និង​ការ​សម្ដែង​សិល្បៈ
៣. ការ​ចូល​ក្រាប​បង្គំ​គាល់​សម្ដេច​ព្រះ​មហា​ក្សត្រិយានី​នៅ​ព្រះ​បរម​រាជ​វាំង

Advertisements
%d bloggers like this: