jump to navigation

ល្មុត ថ្ងៃ​ព្រហស្បតិ៍ 21 ខែធ្នូ 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
22 comments

ពី​ដើម​ៗ​ម៉ិញ ជី​ដូន​របស់​ខ្ញុំ​មាន​ដើម​ល្មុត​ជា​ច្រើន​ដើម​សម​គួរ ស្ថិត​ក្នុង​បរិវេណ​នៃ​ដី​មួយ​ដុំ​ធំ​ដែល​គេ​ហៅ​ថា​ចម្ការ​ល្មុត ស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ (​បច្ចុប្បន្ន​)​។

រៀង​រាល់​ខែ​ល្មុត​ម្ដង​ៗ ខ្ញុំ​តែង​តែ​ទៅ​ជាមួយ​ជី​ដូន ដើម្បី​បេះ​ផ្លែ​ល្មុត ដើម្បី​យក​ទៅ​លក់ឲ្យ​គេ​។ ការ​បេះ​ផ្លែ​ល្មុត​មាន​របៀប​របប​មួយ​ចំនួន​ដែល​ត្រូវ​ធ្វើ គឺ​ទី​១​ការ​បេះ​ពី​ដើម ដោយ​មាន​កន្ត្រក​ធ្វើ​ពី​ឫស្សី ឬ​កន្ត្រក​ធ្វើ​ពី​កំណាត់​សំពត់​។

អ្នក​បេះ​ត្រូវ​មាន​កន្ត្រក​ធំ​មួយ​ពេល​ឡើង​ដើម​ល្មុត​ដើម្បី​បេះ រូច​ដាក់​កន្ត្រក​នោះ​។ ពេល​ពេញ​ល្មម​ហើយ ត្រូវ​បង្ហូត​ចុះ​មក​ក្រោម​ដើម្បី​ឲ្យ​អ្នក​នៅ​ខាង​ក្រោម​ទទួល​យក​ទុក​។

ដំណាក់​កាល​បន្ទាប់ ពេល​បាន​ល្មុត​ហើយ ត្រូវ​យក​មក​ដុស​លាង ដែល​នេះ ជា​មុខ​នា​ទី​របស់​ខ្ញុំ​ហើយ​។ ការ​លាង​ល្មុត​ចំណាយ​ពេល​យូរ​សម​គួរ ដ្បិត​ផ្លែ​ល្មុត​មាន​ជ័រ​ច្រើន​។ គេ​ត្រូវ​ដុស​វា​ដោយ​កំណាត់​សំពត់​តូច​មួយ គឺ​ត្រូវ​ដុស​ឲ្យ​ស្អាត​តែ​ម្ដង ឲ្យ​នៅ​សល់​តែ​សម្បក​រលោង​។

បន្ទាប់​ពី​ដុស​លាង​ផ្លែ​ល្មុត​ហើយ ដំណាក់​កាល​បន្ទាប់​ត្រូវ​យក​ផ្លែ​ល្មុត​នោះ​ទៅ​ត្រាំ​នឹង​ទឹក​ដែល​បាន​លាយ​ជាមួយ​នឹង​ល្មៀត ដើម្បី​ឲ្យ​ផ្លែ​ល្មុត​មាន​ពណ៌​លឿង​ល្អ គួរ​ទទួល​ទាន​។ ការ​ត្រាំ​ទឹក​ល្មៀត​នេះ​មាន​រយៈ​ពេល​ប្រមាណ​៣០​នាទី រួច​យក​ទៅ​លាង​ទឹក​ស្អាត​ម្ដង​ទៀត ជា​ការ​ស្រេច​ មុន​ពេល​ជូត​វា​ឲ្យ​ស្ងួត​ល្អ​ដើម្បី​យក​ទៅ​បន្ទុំ​។

ដំណាក់​កាល​ចុង​ក្រោយ​គឺ​ការ​យក​ល្មុត​ទៅ​បន្ទុំ​។ ការ​បន្ទុំ​ផ្លែ​ល្មុត​គឺ​មាន​សណ្ឋាន​នឹង​ការ​បន្ទុំ​ស្វាយ​ដែរ ដោយ​ប្រើ​ប្រាស់​ថ្ម​ស្អុយ​ ដោយ​ចំណាយ​ពេល​ប្រមាណ​១​ទៅ​២​យប់​ជា​ការ​ស្រេច​។

សព្វ​ថ្ងៃ​នេះ ទី​ដែល​គេ​ហៅ​ចម្ការ​ល្មុត​នេះ រលត់​រលាយ​អស់​ទៅ​ហើយ ដោយ​អំណាច​នៃ​វឌ្ឍន​ភាព​សង្គម​។ បច្ចុប្បន្ន​នេះ គេ​យក​ដី​នេះ​ទៅ​សាង​សង់​ជា​ផ្ទះ​ល្វែង​អស់​ហើយ​៕

ផ្លែ​ល្មុត (រូបតំណាង)

_______________________________________
អានផងដែរ៖
១. ត្បាល់កិនម្សៅ
២. គោសមួយក្បាល
៣. ខ្នោសកោសដូងរូបទន្សាយ
៤. ស្វាយល្ហុងមួយដើម
៥. ដើមដូងទេរមួយដើម
៦. ដើមស្ពឺមួយដើម
៧. ដើមត្នោត
៨. ដើមសេដា
៩. ម្លូ
១០. ខ្នុរបាយស្រាមួយដើម
១១. ខ្នុរ​ណាំង​មុខ​ផ្ទះ
១២. ដើមទៀបបាយ
១៣. ល្មុត និង​អម្ពិល
១៤. អំពី​អាគុយ

Advertisements
%d bloggers like this: