jump to navigation

អំពី​ឆាក​បាំង​ភ្លើង​នៅ​ក្នុង​ព្រះ​មេរុ អតីត​ក្សត្រិយ៍​ថៃ រាមា​ទី​៩ ថ្ងៃសុក្រ 22 ខែធ្នូ 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
10 comments

នៅ​ក្នុង​ស្ថាបត្យកម្ម​ព្រះ​មេរុ​ក្នុង​​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ ព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ កាល​ពី​ពេល​ថ្មី​នេះ យើង​សង្កេត​ឃើញ​មាន​ការ​រៀប​ចំ​ជា​របាំង​សម្រាប់​បាំង​ភ្លើង ឬ​ថៃ​ហៅ​ថា ឆាក​បាំង​ភ្លើង ទាំង​បួន​ទិស ដែល​គួរ​ជា​ទី​សិក្សា និង​ស្វែង​យល់​។

ឆាកបាំង​ភ្លើង​នៅ​ក្នុង​ព្រះ​មេរុ​អតីត​ក្សត្រិយ៍​ថៃ រាមា​ទី​៩ (រូប​៖ Aksorn Pichai)

នៅ​ក្នុង​ទំនៀម​ព្រះ​មេរុ​របស់​ថៃ ឆាក​បាំង​ភ្លើង​ត្រូវ​បាន​​សាង​ឡើង​ភ្ជាប់​ជាមួយ​នឹង​ទម្រ​សសរ​ទាំង​បួន​នៃ​ព្រះ​មេរុ បរិវេណ​ជណ្ដើរ​ចុះ​ និង​ឡើង​ព្រះ​មេរុ ដើម្បី​បាំង​​មិន​ឲ្យ​ឃើញ នៅ​ពេល​បូជា​សព​។ ឆាក​បាំង​ភ្លើង​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​សម្រាប់​តែ​សព​ទាំង​ឡាយ​ណា​ដែល​ប្រើ​ប្រាស់​កោដ្ឋ​តែ​ប៉ុណ្ណោះ​។ ចំពោះ​ការ​រចនា​ឆាក​បាំង​ភ្លើង​នេះ​ទៀត​សោត ប្រសិន​បើ​សព​នោះ​ជា​​ខ្ញុំ​រាជការ​ និង​ប្រើ​មេរុ​ធម្មតា គេ​គូស​រូប​ភ្ញី​ភ្លើង តែ​ប្រសិន​បើ​ជា​ព្រះ​សព​ព្រះ​រាជវង្ស​វិញ​នោះ ត្រូវ​ប្រើ​ឆាក​រូប​ទេវតា​។

សម្រាប់​ឆាក​បាំង​ភ្លើង​នៅ​ព្រះ​មេរុ ក្នុង​​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ ព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ​វិញ ត្រូវ​បាន​ក្រុម​អ្នក​រចនា​គូស​ខាង​មុខ​ជា​រូប​ភាព​ព្រះ​នារាយណ៍​អវតារ​នានា​ចំនួន​៨​អង្គ ព្រម​ដោយ​សត្វ​ពាហនៈ និង​ក្រុម​ទេវតា ចំណែក​ឯ​នៅ​ខាង​ក្រោម​វិញ​ជា​រូប​ភាព​គ្រោង​ការ​នានា​ដែល​ជា​ព្រះ​រាជ​តម្រិះ​នៃ​ព្រះ​អង្គ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ថៃ ដោយ​ចាត់​ជា​ចំណាត់​ក្រុម​មាន ដី ទឹក ខ្យល់ និង​ភ្លើង​។

ទិស​ខាង​ជើង ជា​រូប​ព្រះ​នារាយណ៍​អវតារ​ទី​២ កូម៌ា​វតារ (​អវតារ​​ជា​អណ្ដើក​) និង​អវតា​ទី​១ មត្ស្យាវតារ (​អវតារ​ជា​ត្រី​)​។ ចំណែក​ឯ​ផ្នែក​ខាង​ក្រោម​វិញ​មាន​រូប​គម្រោង​អភិវឌ្ឍន៍​របស់​ព្រះ​អង្គ ក្នុង​វិស័យ​ទឹក ចំនួន​៦​គម្រោង គឺ៖ ភ្លៀង​ហ្លួង, ប្រភព​ទឹក​, អាង​ស្តុក​ទឹក​ភ្នំ​តៅ​, វារី​ព្រៃ​ស័ក​ជល​សិទ្ធិ​, គម្រោង​អភិវឌ្ឍន៍​ប្រភព​ទឹក​ពី​ព្រះ​រាជ​តម្រិះ និង​កង្ហារ​ទឹក​ជ័យ​វឌ្ឍនា​។

ទិស​ខាង​កើត ជា​រូប​ព្រះ​នារាយណ៍​អវតារ​ទី​៤ នរសិង្ហាវតារ (​អវតារ​​ជា​សិង្ហ​ពាក់​កណ្ដាល​មនុស្ស​) និង​អវតារ​ទី​២ វរាហាវតារ (​អវតារ​ជា​ជ្រូក​ព្រៃ​)​។ ចំណែក​ឯ​ផ្នែក​ខាង​ក្រោម​វិញ​មាន​រូប​គម្រោង​អភិវឌ្ឍន៍របស់​ព្រះ​អង្គ ក្នុង​វិស័យ​ដី ចំនួន​៦​គម្រោង គឺ​​៖ ដី​ក្រួស, មជ្ឈ​មណ្ឌល​សិក្សា​ការ​អភិវឌ្ឍ​ហួយ​ហង​គ្រៃ​, ដី​ប្រៃ​, មជ្ឈ​មណ្ឌល​សិក្សា​ការ​អភិវឌ្ឍ​​ជ្រោយ​គុង​ក្របេន​, ដី​ខ្សាច់​, មជ្ឈ​មណ្ឌល​សិក្សា​ការ​អភិវឌ្ឍ​​​ភ្នំ​ហិន​សន​ និង​គម្រោង​ហុបកៈពង-ដនហួយ​ខុន, ដី​ខ្សោះ​, មជ្ឈ​មណ្ឌល​សិក្សា​ការ​អភិវឌ្ឍ​​​​ហួយ​សាយ​, ដី​សរីរាង្គ​, មជ្ឈ​មណ្ឌល​សិក្សា​ការ​អភិវឌ្ឍ​ពិកុល​ថង​, និង​ដី​ជូរ​, មជ្ឈ​មណ្ឌល​សិក្សា​ការ​អភិវឌ្ឍ​ពិកុល​ថង​។

ទិស​ខាង​ត្បូង​ ជា​រូប​ព្រះ​នារាយណ៍​អវតារ​ទី​៧ រាមាវតារ (​អវតារ​ជា​ព្រះ​រាម​) និង​អវតារ​ទី​៦ បរឝុរាមាវតារ (​អវតារ​ជា​ព្រាហ្មណ៍​មាន​ពូថៅ​ជា​អាវុធ​)​។ ចំណែក​ឯ​ផ្នែក​ខាង​ក្រោម​វិញ​មាន​រូប​គម្រោង​អភិវឌ្ឍន៍របស់​ព្រះ​អង្គ ក្នុង​វិស័យ​​ភ្លើង ចំនួន​៦​គម្រោង គឺ​៖ ល្ហុង​ខ្វង​, រោង​ចក្រ​ផលិត​បាយអូឌីសែល​, មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍​ពិកុល​ថង​, គម្រោង​សួន​ចិត្រ​លតា​, ហ្គាស​, សូឡាសែល ផលិត​អគ្គីសនី​។

ទិស​ខាង​លិច ជា​រូប​ព្រះ​នារាយណ៍​អវតារ​ទី​១០ កល្ក្យាវតារ (​អវតារ​ជា​មនុស្ស​ជិះ​សេះ​ស​) និង​អវតារ​ទី​៨ ក្រឹស្ណាវតារ (​អវតារ​ជា​ព្រះ​ក្រឹស្ណៈ)​។ ចំណែក​ឯ​ផ្នែក​ខាង​ក្រោម​វិញ​មាន​រូប​គម្រោង​អភិវឌ្ឍន៍របស់​ព្រះ​អង្គ ក្នុង​វិស័យ​​ខ្យល់ ចំនួន​៦​គម្រោង គឺ​៖ កង្ហារ​ខ្យល់​ គម្រោងឆាង​ហួ​ម័ន​ ខេត្ត​ពេជ្រ​បុរី​, គម្រោង​ស្ថានីយ​អភិវឌ្ឍន៍​កសិកម្ម​តំបន់​ខ្ពស់​ខេត្ត​ជៀងហ្ម៉ៃ​, កង្ហារ​ខ្យល់ គម្រោង​សួន​ចិត្រលតា​, មជ្ឈ​មណ្ឌល​សង្គ្រោះ ខេត្ត​នគរ​រាជ​សីមា និង​មូលនិធិ​រាជ​ប្រជានុគ្រោះហ៍ ក្រុង​បាងកក​ និង​សមុទ្រ​ប្រាការ​។

ដោយ​ឡែក​នៅ​ផ្នែក​ខាង​ខ្នង​នៃ​ឆាក​បាំង​ភ្លើង​ទាំង​នោះ មាន​រចនា​ជា​រូប​ព្រះ​បរមាភិធេយ្យ អក្សរ​កាត់​ព្រះ​នាម​របស់​ព្រះ​អង្គ «​ภปร.» ប្រដាប់​តុប​តែង​ដោយ​ផ្កា​ទិព្យ និង​ផ្កា​ស្បៃរឿង​ពណ៌​លឿង ដែល​ជា​ពណ៌​ប្រចាំ​ថ្ងៃ​ប្រសូត​របស់​ព្រះ​អង្គ (​តាម​ទំនៀម​ថៃ​) ផង​ដែរ​៕

ឆាក​បាំង​ភ្លើង​នៅ​ទិស​ខាង​ជើង (រូប​៖ Aksorn Pichai)ឆាក​បាំង​ភ្លើង​នៅ​ទិស​ខាង​កើត (រូប​៖ Aksorn Pichai)ឆាក​បាំង​ភ្លើង​នៅ​ទិស​ខាង​ត្បូង​ (រូប​៖ Aksorn Pichai)ឆាក​បាំង​ភ្លើង​នៅ​ទិស​ខាង​លិច (រូប​៖ Aksorn Pichai)ផ្នែក​ខាង​ក្នុង​នៃ​ឆាក​បាំង​ភ្លើង

________________________________________________________
អាន​ផង​ដែរ​៖
១. ទសអវតារ ក្នុង​សិល្បៈ​ចម្លាក់​ខ្មែរ
២. ទសអវតារ
៣. សត្វហិមពាន្តនៅទីព្រះមេរុថៃ
៤. សិល្បៈតុបតែងព្រះមេរុរបស់ថៃ
៥. ថៃសាងបដិមាកម្ម១៤ប្រភេទសម្រាប់តុបតែងព្រះមេរុ ព្រះចៅផែនដី
៦. មក​មើល​រូប​ភាព​ចម្លង «​ព្រះ​មេរុ​មាស​» ដ៏​អស្ចារ្យ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍​ថៃ
៧. វឌ្ឍន​ភាព​នៃ «​ព្រះ​មេរុ​មាស​» ទី​ថ្វាយ​ព្រះ​ភ្លើង​រាមា​ទី​៩
៨. ព្រះ​មហា​ក្សត្រិយ៍​ថៃ​យាង​លើក​​ស្វេតច្ឆត្រ​លើ​កំពូល​ព្រះ​មេរុ​មាស
៩. ថៃ​បើក​ឲ្យ​ប្រជាជន​ចូល​ទស្សនា​ព្រះ​មេរុ​មាស រហូត​ដល់​ដំណាច់​ឆ្នាំ​នេះ
១០. ទៅ​ទស្សនា​ពិព័រណ៍​ព្រះ​មេរុ នៅ​ប្រៃសណីយ៍​ក្រុង​បាងកក
១១. បង្ហាញ​គំរូ​ «​ព្រះ​មេរុ​មាស​» ព្រះ​ចៅ​ផែន​ដី​ថៃ រាមា​ទី​៩

Advertisements
%d bloggers like this: