jump to navigation

ថ្ងៃ​ទី​២ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ ថ្ងៃ​ព្រហស្បតិ៍ 18 ខែមករា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, សង្គម​រាស្ត្រ​និយម, អំពីស្រុកខ្មែរ.
5 comments

ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​មករា ឆ្នាំ​១៩៦៨ ដែល​ជា​ថ្ងៃ​ទី​២ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​​នៃ​ប្រទេស​​អតីត​សហ​ព័ន្ធ​សង្គម​និយម​សាធារណ​រដ្ឋ​យូហ្គូស្លាវី​​ ចូស៊ីព ប្រូហ្ស ទីតូ និង​លោក​ជំទាវ​នោះ មាន​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ជា​ច្រើន​ដែល​គណៈ​ប្រតិភូ​បាន​បំពេញ​នៅ​ក្នុង​ទឹក​ដី​នៃ​ព្រះ​រាជអាណាចក្រ​កម្ពុជា ក្រោម​របប​សង្គម​នៃ​អង្គ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​។

នៅ​ឯ​ប្រាសាទ​ខេមរិន្ទ្រ​ឯណោះ ថ្នាក់​ដឹក​នាំ​ជា​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ព្រម​ទាំង​ប្រមុខ​រដ្ឋាភិបាល​ជា​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​រដ្ឋ​បាន​ជួប​ប្រជុំ​គ្នា​ជា​ផ្លូវ​ការ ពិភាក្សា​ពី​​ទំនាក់​ទំនង​ទ្វេ​ភាគី​នៃ​ប្រទេស​ទាំង​ពីរ​លើ​គ្រប់​វិស័យ​។ រាជ​គណៈ​ប្រតិភូ​ខ្មែរ​កាល​ណុះ ក្រៅ​ពី​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ជា​អង្គ​ប្រធាន ក៏​មាន​ការ​យាង និង​អញ្ជើញ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ខ្មែរ​ជា​ច្រើន​រូប​ទៀត មាន​ជា​អាទិ៍​ ៖ លោក​នាយក​រដ្ឋ​មន្ត្រី សឺន សាន​, ឯក​ឧត្ដម​ឧត្ដម​សេនីយ៍ ញឺក ជូឡុង អគ្គ​មេ​បញ្ជាការ​កង​យុទ្ធ​ពល​ខេមរ​ភូមិន្ទ​, ព្រះ​អង្គ​ម្ចាស់ នរោត្ដម ភូរិស្សរា រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស និង​ឯក​ឧត្ដម កួន វិគ ឯក​អគ្គ​រាជ​ទូត​នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ប្រចាំ​ទីក្រុង​ Belgrade ក៏​បាន​ចូល​រួម​ផង​ដែរ​។

  • នៅ​មន្ទីរ​ពិព័រណ៍​អចិន្ត្រៃយ៍​នៃ​សមិទ្ធិ​សង្គម​រាស្ត្រ​និយម

សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ រួម​និង​អ្នក​ម្នាង បាន​រួម​ដំណើរ​ជាមួយ​លោក​ប្រធានាធិបតី និង​លោក​ជំទាវ ធ្វើ​ការ​ទត និង​ទស្សនា​​នៅ​មន្ទីរ​ពិព័រណ៍​អចិន្ត្រៃយ៍​នៃ​សមិទ្ធិ​សង្គម​រាស្ត្រ​និយម​។ សមិទ្ធផល​នានា​នៃ​របប​សង្គម ដែល​ជា​ស្នាដៃ​នៃ​រដ្ឋាភិបាល​សង្គម​រួម​ជាមួយ​ប្រជា​ពល​រដ្ឋ​បាន​នាំ​គ្នា​កសាង​យ៉ាង​សម្បូរ​បែប ស័ក្ដិសម​ជា​ប្រទេស​ឯករាជ្យ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ជូន​ភ្ញៀវ​រដ្ឋ​ទស្សនា ប្រកប​ដោយ​ភាព​មោទន​នៃ​ប្រជាជាតិ​ខ្មែរ​នា​សម័យ​នោះ​​។

ដោយ​ឡែក​នា​វេលា​ព្រឹក​ថ្ងៃ​នោះ​ដែរ លោក​ជំទាវ​ប្រធានាធិបតី​ ជូវ័នកា ប្រូហ្ស ដែល​រួម​ដំណើរ​ដោយ​អ្នក​ម្នាង បាន​អញ្ជើញ​ទៅ​ទស្សនា​​ព្រះ​បរម​រាជ​វាំង ដែល​ជា​ទ្រព្យ​សម្បត្តិ និង​មរតក​ជា​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ជាតិ ព្រម​ទាំង​បាន​ទៅ​ទស្សនា​ការ​ហាត់​សម​សិល្បៈ​របស់​ កង​របាំ​ព្រះ​រាជ​ទ្រព្យ នៅ​ឯ​ប្រាសាទ​ចន្ទច្ឆាយា​ផង​ដែរ​។

  • ចាត់​សម្ដែង​សិល្បៈ​នៅ​ឯ​សាល​ចតុម្មុខ

ដើម្បី​ជូន​ជា​កិត្តិយស​ជូន​ដល់​លោក​ប្រធានា​ធិបតី រួម​និង​គណៈ​ប្រតិភូ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ស្ដេច​បាន​ចាត់​ឲ្យ​មាន​ការ​សម្ដែង​សិល្បៈ​មួយ​ នៅ​ឯ​សាល​ចតុម្មុខ នា​រាជ​ធានី​ភ្នំពេញ ក្នុង​ន័យ​ផ្សព្ធ​ផ្សាយ​ពី​សិល្បៈ​ខ្មែរ ដែល​មាន​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ ជូន​ដល់​លោក​ប្រធានាធិបតី និង​គណៈ​ប្រតិភូ បាន​ទស្សនា​ផង​ដែរ​៕

_____________________________________________________________
អាន​ផង​ដែរ​៖
១. ខួប​ឆ្នាំ​ទី​៥០ ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ នៅ​ប្រទេស​កម្ពុជា
២. ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ខេត្ត​សៀមរាប​​របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ
៣. មហា​បាតុកម្ម​ប្រជា​ពល​រដ្ឋ​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​ជូន​ជា​កិត្តិយស​ចំពោះ​ឯក​ឧត្ដម​ប្រធានាធិបតី ទីតូ
៤. ថ្ងៃ​ទី​៥ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ
៥. ដំណើរ​និវត្ត​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ

Advertisements
%d bloggers like this: