jump to navigation

មហា​បាតុកម្ម​ប្រជា​ពល​រដ្ឋ​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​ជូន​ជា​កិត្តិយស​ចំពោះ​ឯក​ឧត្ដម​ប្រធានាធិបតី ទីតូ ថ្ងៃសៅរ៍ 20 ខែមករា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, សង្គម​រាស្ត្រ​និយម, អំពីស្រុកខ្មែរ.
5 comments

មហា​បាតុកម្ម​ប្រជា​ពល​រដ្ឋ​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​ជូន​ជា​កិត្តិយស​ចំពោះ​ឯក​ឧត្ដម​ប្រធានាធិបតី ទីតូ

ថ្ងៃ​សៅរ៍ ទី​២០ ខែ​មករា ឆ្នាំ​១៩៦៨ ដែល​ជា​ថ្ងៃ​ទី​៤ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​​នៃ​ប្រទេស​​អតីត​សហ​ព័ន្ធ​សង្គម​និយម​សាធារណ​រដ្ឋ​យូហ្គូស្លាវី​​ ចូស៊ីព ប្រូហ្ស ទីតូ និង​លោក​ជំទាវ​នោះ នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ទី​ក្រុង​ភ្នំពេញ មហា​បាតុកម្ម​ប្រជាជន​ខ្មែរ​ដ៏​ធំ​មួយ​ត្រូវ​បាន​រៀប​ចាត់​ឡើង​ដើម្បី​ទទួល​ស្វាគមន៍ និង​ជូន​ជា​កិត្តិយស​ចំពោះ​ឯក​ឧត្ដម​ប្រធានាធិបតី ដែល​ជា​ភ្ញៀវ​រដ្ឋ​ដ៏​សំខាន់​របស់​កម្ពុជា​។

ប្រជាជន​ខ្មែរ​ជា​ច្រើន​ម៉ឺន​នាក់​បាន​នាំ​គ្នា​អង្គុយ​តម្រៀប​ជា​តួ​អក្ស​រ​នានា ដើម្បី​ស្វាគមន៍​ភ្ញៀវ និង​ការ​សម្ដែង​សិល្បៈ​ជា​ច្រើន​ទម្រង់ នៅ​ខាង​ក្នុង​បរិវេណ​នៃ​ទី​លាន​កីឡា​បាល់​ទាត់​របស់​ពហុ​កីឡដ្ឋាន​ផង​ដែរ​ អម​ដោយ​សំឡេង​ទះ​ដៃ​សាទរ​យ៉ាង​កង​រំពង​ទូទាំង​ពហុ​កីឡដ្ឋាន ក្នុង​ទិដ្ឋភាព​គួរ​ឲ្យ​រំភើប និង​ចង់​គយ​គន់​យ៉ាង​ខ្លាំង​។

បន្ទាប់​ពី​សន្ទរកថា​ស្វាគមន៍ និង​កិច្ច​សំណេះ​សំណាល​របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ ទៅ​កាន់​អ្នក​ចូល​រួម​ទាំង​អស់​មក សហ​ជីវិន អ៊ី ទុយ អភិបាល​រាជ​ធានី​ភ្នំពេញ នា​សម័យ​នោះ ក៏​បាន​ប្រគល់​ជូន​វត្ថុ​អនុស្សាវរីយ៍​ជូន​ដល់​ឯក​ឧត្ដម​ប្រមុខ ដើម្បី​ជា​សក្ខី​ភាព និង​ទី​រឭក​របស់​ប្រជា​ពល​រដ្ឋ​ក្រុង​ភ្នំពេញ​ផង​ដែរ​។

មុន​ពេល​បញ្ចប់​​ឯក​ឧត្ដម​ប្រធានា​ធិបតី រួម​និង​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ បាន​យាង និង​អញ្ជើញ​ជិះ​លើ​ព្រះ​ទីន័ង​រថយន្ត​បើក​ដំបូល​ ជុំ​វិញ​ទី​លាន​បាល់​ទាត់​ដើម្បី​ឲ្យ​អ្នក​ចូល​រួម​ទាំង​អស់​បាន​ឃើញ​យ៉ាង​ជិត​​នូវ​ព្រះ​អគ្គ​មគ្គុទេសក៍​របស់​ពួក​គេ ក៏​ដូច​ជា​ភ្ញៀវ​រដ្ឋ​នៃ​កម្ពុជា ឯក​ឧត្ដម​ប្រធានា​ធិបតី​ផង​ដែរ​​។

ការ​សំដែង និង​មហា​បាតុកម្ម​របស់​ប្រជាពល​រដ្ឋ​ខ្មែរ​នា​ពេល​នោះ បាន​សម្ដែង​ឲ្យ​ឃើញ​ពី​ភាព​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា នា​របប​សង្គម ក្រោម​ការ​ដឹក​នាំ​នៃ​អង្គ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ មគ្គុទេសក៍​ដ៏​ឆ្នើម​នៃ​ពល​រដ្ឋ​ខ្មែរ ក៏​ដូច​ជា​ភាព​ស៊ីវិល័យ​នានា​របស់​ប្រជាជន​ខ្មែរ និង​ប្រទេស​ខ្មែរ​ទាំង​មូល​។ ទិដ្ឋភាព​អស់​ទាំង​នោះ​ក៏​បាន​ឆ្លុះ​បង្ហាញ​ពី​ទំនាក់​ទំនង​ដ៏​ល្អ​របស់​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ជាមួយ​ប្រទេស​ជា​មិត្រ​ក្រោយ​កម្ពុជ​រដ្ឋ​ទទួល​បាន​ឯក​រាជ្យ​ពី​សាធារណ​រដ្ឋ​បារាំង​សែស​ ក៏​ដូច​ជា​បង្ហាញ​ពិភព​លោក​ឲ្យ​ឃើញ​ពី​កិត្តិនាម​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​៕

_____________________________________________________________
អាន​ផង​ដែរ​៖
១. ខួប​ឆ្នាំ​ទី​៥០ ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ នៅ​ប្រទេស​កម្ពុជា
២. ថ្ងៃ​ទី​២ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ
៣. ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ខេត្ត​សៀមរាប​​របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ
៤. ថ្ងៃ​ទី​៥ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ
៥. ដំណើរ​និវត្ត​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ

Advertisements
%d bloggers like this: