jump to navigation

ថ្ងៃ​ទី​៥ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ ថ្ងៃអាទិត្យ 21 ខែមករា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, សង្គម​រាស្ត្រ​និយម, អំពីស្រុកខ្មែរ.
5 comments

​ឧទ្យាន​ចូស៊ីព ប្រូហ្ស ទីតូ

ថ្ងៃ​អាទិត្យ ទី​២១ ខែ​មករា ឆ្នាំ​១៩៦៨ ដែល​ជា​ថ្ងៃ​ទី​៥ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​​នៃ​ប្រទេស​​អតីត​សហ​ព័ន្ធ​សង្គម​និយម​សាធារណ​រដ្ឋ​យូហ្គូស្លាវី​​ ចូស៊ីព ប្រូហ្ស ទីតូ និង​លោក​ជំទាវ​នោះ មាន​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ជា​ច្រើន​ដែល​គណៈ​ប្រតិភូ​បាន​បំពេញ​នៅ​ក្នុង​ទឹក​ដី​នៃ​ព្រះ​រាជអាណាចក្រ​កម្ពុជា ក្រោម​របប​សង្គម​នៃ​អង្គ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​។

ព្រឹត្តិការណ៍​សំខាន់​នា​ព្រឹក​ថ្ងៃ​នោះ ដែល​ជា​សក្ខី​ភាព​នៃ​ទំនាក់​ទំនង​ជិត​ស្និទ្ធ​រវាង​រដ្ឋ​ទាំង​ពីរ​នោះ គឺ​កា​រ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​ឧទ្យាន​យ៉ាង​ស្រស់​ស្អាត​ចំ​កណ្ដាល​ព្រះ​រាជ​ធានី​ភ្នំពេញ​។ ឧទ្យាន​ថ្មី​ដែល​សាង​ឡើង​នៅ​ចំ​រង្វង់​មូល​ស្ពាន​ជ្រោយ​ចង្វារ ទល់​ខាង​មុខ​ស្ថានទូត​បារាំង​នោះ ត្រូវ​បាន​ប្រមុខ​រដ្ឋ​ទាំង​ពីរ​យាង និង​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់ ព្រម​ទាំង​បាន​ប្រសិទ្ធនាម​ឧទ្យាន​ថ្មី​នេះ​ថា «​ឧទ្យាន​ចូស៊ីព ប្រូហ្ស ទីតូ»​។

បន្ទាប់​ពី​ពិធី​សម្ពោធ​ឧទ្យាន​ថ្មី​រួច​ស្រេច​ហើយ​​ប្រមុខ​រដ្ឋ​ទាំង​ពីរ​បាន​ស្ដេច​យាង និង​ធ្វើ​ដំណើរ​តាម​មហា​វិថី​នានា​របស់​ក្រុង​ភ្នំពេញ ដោយ​ឆ្លង​កាត់​ទី​រមណីយ​ដ្ឋាន​វត្ត​ភ្នំ​ផង​ដែរ ឆ្ពោះ​មក​​រដ្ឋ​ភណ្ឌគារ​ព្រះ​កុសមៈ ដែល​ស្ថិត​នៅ​វិថី​ព្រះ​អង្គ​អេង ដើម្បី​កាត់​ខ្សែ​បូ​ជា​​សម្ពោធ​ជា​និមិត្ត​រូប​​នូវ​អគារ​ថ្មី​មួយ​នេះ​។

  • ការ​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ប្រកាស​រួម កម្ពុជា – យូហ្គូស្លាវី

នៅ​រសៀល​ថ្ងៃ​នោះ​ដែរ នៅ​ឯ​មហា​ប្រាសាទ​ទេវាវិនិច្ឆ័យ​ ប្រមុខ​រដ្ឋ​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ប្រកាស​រួម​​កម្ពុជា – យូហ្គូស្លាវី​ បន្ទាប់​ពី​រយៈ​ពេល​៥​ថ្ងៃ​នៃ​ដំណើរ​ទស្សន​កិច្ច​ប្រកប​ដោយ​ផ្លែ​ផ្កា​របស់​

  • សម្ដេច​ព្រះ​មហា​ក្សត្រិយានី​ប្រទាន​សវនការ​ជូន​ភ្ញៀវ​រដ្ឋ

បន្ទាប់​ពី​ការ​ចុះ​ហត្ថលេខា​លើ​សេចក្ដី​រួម​កម្ពុជា – យូហ្គូស្លាវី រួច​មក ឯក​ឧត្ដម​ទីតូ និង​លោក​ជំទាវ បាន​អញ្ជើញ​ទៅ​ថ្វាយ​បង្គំ​សម្ដេច​ព្រះ​មហា​ក្សត្រិយានី នៅ​ព្រះ​បរម​រាជ​វាំង​។ សម្ដេច​​ព្រះ​មហា​ក្សត្រិយានី ព្រះ​មហា​ជីវិត​ខ្មែរ ស្ដេច​បាន​យាង​ប្រទាន​សវនការ​ជា​កិត្តិយស​ដល់​ភ្ញៀវ​របស់​រដ្ឋ ​យ៉ាង​រាក់​ទាក់ និង​សេចក្ដី​ជ្រះ​ថ្លា​ជា​ពន់​ពេក​។ បន្ទាប់​មក ព្រះ​អង្គ​ក៏​បាន​ប្រទាន​វត្ថុ​អនុស្សាវរីយ៍​ដល់​ភ្ញៀវ​រដ្ឋ​ទាំង​ពីរ​ផង​ដែរ​។

នា​រាត្រី​ថ្ងៃ​នោះ​ដែរ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ ព្រះ​អង្គ​បាន​ចាត់​រៀប​ចំ​ឲ្យ​មាន​​ពិធី​លៀង​សាយ​ភោជន៍​ដ៏​ធំ​មួយ​ដើម្បី​ជម្រាប​លា​ភ្ញៀវ​រដ្ឋ នៅ​ឯ​ព្រះ​ទីន័ង​ភោជនីយ​​ ដោយ​មាន​ភ្ញៀវ​រដ្ឋ​ទាំង​ពីរ​យាង​ និង​អញ្ជើញ​ចូល​រួម​ប្រកប​ដោយ​ក្ដី​រីក​រាយ​ និង​ជោគជ័យ​៕

_____________________________________________________________
អាន​ផង​ដែរ​៖
១. ខួប​ឆ្នាំ​ទី​៥០ ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ នៅ​ប្រទេស​កម្ពុជា
២. ថ្ងៃ​ទី​២ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ
៣. ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ខេត្ត​សៀមរាប​​របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ
៤. មហា​បាតុកម្ម​ប្រជា​ពល​រដ្ឋ​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​ជូន​ជា​កិត្តិយស​ចំពោះ​ឯក​ឧត្ដម​ប្រធានាធិបតី ទីតូ
៥. ដំណើរ​និវត្ត​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ

%d bloggers like this: