jump to navigation

ដំណើរ​និវត្ត​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ ថ្ងៃចន្ទ 22 ខែមករា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, សង្គម​រាស្ត្រ​និយម, អំពីស្រុកខ្មែរ.
5 comments

ថ្ងៃ​អាទិត្យ ទី​២២ ខែ​មករា ឆ្នាំ​១៩៦៨ គឺ​ជា​ថ្ងៃ​ទី​៦ និង​ជា​ថ្ងៃ​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​​នៃ​ប្រទេស​​អតីត​សហ​ព័ន្ធ​សង្គម​និយម​សាធារណ​រដ្ឋ​យូហ្គូស្លាវី​​ ចូស៊ីព ប្រូហ្ស ទីតូ និង​លោក​ជំទាវ​រយៈ​ពេល​៦​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា ប្រកប​ដោយ​ជោគ​ជ័យ និង​ផ្លែ​ផ្កា ស​បញ្ជាក់​ពី​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​រវាង​ថ្នាក់​ដឹក​នាំ​កំពូល​ទាំង​ពីរ​ គឺ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ និង​លោក​ប្រធានាធិបតី​។

នៅ​តាម​ដង​វិថី​នានា​ក្នុង​ក្រុង​ភ្នំពេញ ចាប់​ពី​កន្លែង​ស្នាក់​អាស្រ័យ​របស់​ឯក​ឧត្ដម រហូត​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ពោធិចិន​តុង ប្រជា​រាស្ត្រ​ខ្មែរ សិស្សានុសិស្ស និង​អ្នក​រាជការ​គ្រប់​លំដាប់​បាន​ចេញ​មក​ស្វាគមន៍​ដំណើរ​និវត្ត​របស់​​ឯក​ឧត្ដម​ប្រធានាធិបតី លោក​ជំទាវ និង​គណៈ​ប្រតិភូ​។ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ និង​អ្នក​ម្នាង ស្ដេច​យាង និង​អញ្ជើញ​ជូន​ដំណើរ​ភ្ញៀវ​រដ្ឋ​រហូត​ដល់​អាកាស​យាន​ដ្ឋាន​ផង​ដែរ​។

នៅ​ឯ​អាកាស​យាន​ដ្ឋាន​ឯណុះ​ពិធី​​បដិ​សណ្ឋារកិច្ច​ជូន​ដំណើរ​និវត្ត​ជា​ផ្លូវ​ការ​ត្រូវ​បាន​រៀប​ចំ​ឡើង​ជូន​ជា​កិត្តិយស​ដល់​ឯក​ឧត្ដម​ប្រធានាធិបតី​ ដោយ​មាន​ការ​អញ្ជើញ​ត្រួត​ពល​កង​ទាហាន​កិត្តិយស​ខ្មែរ​ ព្រម​ទាំង​ការ​ជូន​បាច់​ផ្កា​ជា​ទី​អនុស្សាវរីយ៍​ដល់​ឯក​ឧត្ដម​ប្រធានា​ធិបតី និង​លោក​ជំទាវ ពី​សំណាក់​ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ នរោត្ដម អរុណ​រស្មី និង​ព្រះ​អង្គ​ម្ចាស់ នរោត្ដម នរិន្ទ្រពង្ស ផង​ដែរ​។

ដំណើរ​ទស្សនកិច្ច​របស់​ឯក​ឧត្ដម​ប្រធានាធិបតី​យូហ្គូស្លាវី រយៈ​ពេល​៦​ថ្ងៃ​នៅ​នគរ​កម្ពុជា កាល​ពី​៥០​ឆ្នាំ​មុន​នេះ ពិត​ជា​បាន​បញ្ជាក់​ពី​មិត្រភាព​ពិត​ប្រាកដ​មួយ​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ទំនាក់​ទំនង​ពិសេស​មួយ​រវាង​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ និង​ឯក​ឧត្ដម​ប្រធានាធិបតី​។ ទំនាក់​ទំនង​នេះ​វា​បាន​ស្ដែង​ឲ្យ​ឃើញ​នា​វេលា​ក្រោយ​មក បើ​ទោះ​បី​ប្រទេស​យូហ្គូស្លាវី​ជួប​បញ្ហា​សង្គ្រាម​ដូច​នឹង​កម្ពុជា​យើង​ដែរ តែ​យូហ្គូស្លាវី ក៏បាន​រួម​ចំណែក​ក្នុង​ការ​ស្វះ​ស្វែង​រក​សន្តិភាព​ជូន​កម្ពុជា ព្រម​ទាំង​បាន​ចូល​រួម​ធ្វើ​ជា​​ប្រទេស​ហត្ថលេខី​មួយ​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​កម្ពុជា កាល​ពី​ឆ្នាំ​១៩៩១ ផង​ដែរ​៕

_____________________________________________________________
អាន​ផង​ដែរ​៖
១. ខួប​ឆ្នាំ​ទី​៥០ ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ នៅ​ប្រទេស​កម្ពុជា
២. ថ្ងៃ​ទី​២ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ
៣. ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ខេត្ត​សៀមរាប​​របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ
៤. មហា​បាតុកម្ម​ប្រជា​ពល​រដ្ឋ​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​ជូន​ជា​កិត្តិយស​ចំពោះ​ឯក​ឧត្ដម​ប្រធានាធិបតី ទីតូ
៥. ថ្ងៃ​ទី​៥ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ

Advertisements
%d bloggers like this: