jump to navigation

អំពី​ព្រះ​រាជ​អាណាចក្រ​លាវ ថ្ងៃពុធ 24 ខែមករា 2018

Posted by សុភ័ក្ត្រ in ພາສາລາວ.
5 comments

នៅ​ឯ​នគរ​ជិត​ខាង​កម្ពុជា​​យើង​ភាគ​ខាង​ជើង គឺ​នគរ​លាវ ពី​អតីត​មក​មាន​ព្រះ​ចៅ​ផែន​ដី​គ្រប់​គ្រង​​រាស្ត្រ​ប្រជា ប្រដូច​នឹង​នគរ​ខ្មែរ​យើង​ផង​។ រហូត​មក​ដល់​នគរ​នេះ​ធ្លាក់​លុះ​ក្នុង​អំណាច​នៃ​អាណា​និគម​បារាំង​សែស ក៏​ព្រះ​មហា​ក្សត្រិយ៍​នៅ​តែ​ជា​អង្គ​ព្រះ​សម្មតិ​ទេព​ជា​ម្ចាស់​ជីវិត​នៃ​ប្រជា​រាស្ត្រ​លាវ​ដដែល​។ បន្ត​មក​ចាប់​ពី​គ.ស.​១៩៤៧ មក​ អំណាច​ព្រះ​មហា​ក្សត្រិយ៍​ត្រូវ​បាន​កាត់​បន្ថយ​តាម​បែប​សម័យ​និយម និង​ការ​គ្រប់​គ្រង​ថ្មី​មួយ​តាម​បែប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ ត្រូវ​បាន​បង្កើត​ឡើង ហើយ​នោះ​គឺ​ជា​ប្រភព​កំណើត​នៃ «​ព្រះ​រាជ​អាណាចក្រ​លាវ​»​ ឬ ភាសា​លាវ​ហៅ​ថា ພຼະຣາຊອານາຈັກລາວ។

ទង់​ជាតិ និង​សញ្ញា​ជាតិ នៃ​ព្រះ​រាជ​អាណាចក្រ​លាវ

បន្ទាប់​ពី​ការ​ប្រកាស​ឯករាជ្យ​របស់​ប្រទេស​លាវ ពី​អាណានិគម​និយម​បារាំង​សែស តាម​សទ្ធិ​សញ្ញា​ក្រុង​សឺណែវ​ គ.ស.​១៩៥៣ មក រដ្ឋាភិបាល​នៃ​ព្រះ​រាជ​អាណាចក្រ​លាវ គឺ​ជា​រដ្ឋាភិបាល​ដែល​មាន​អំណាច​គ្រប់​គ្រង​ទូទាំង​ប្រទេស​លាវ ដោយ​រដ្ឋធម្មនុញ្ញ​លាវ​បាន​កំណត់​ប្រទេស​លាវ​ស្ថិត​ក្នុង​របប​ប្រជាធិបតេយ្យ និង​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ​។ ព្រះ​រាជ​អាណាចក្រ​ថ្មី​របស់​លាវ​នេះ មាន​រាជ​ធានី​តាំង​នៅ​វៀងចន្ទន៍ ចំណែក​ឯ​ព្រះ​ចៅ​មហា​ជីវិត ឬ​ព្រះ​មហាក្សត្រិយ៍​ដែល​ជា​ព្រះ​ប្រមុខ​រដ្ឋ​របស់​លាវ ព្រះ​អង្គ​ប្រថាប់​នៅ​អតីត​រាជធានី​ហ្លួង​ព្រះ​បាង​។ សម្ដេច​ព្រះ​ចៅ​មហា​ជីវិត​ស្រីស្វាងវង្ស ព្រះ​អង្គ​គឺ​ជា​សម្ដេច​ព្រះ​ចៅ​មហា​ជីវិត​ អង្គ​ដំបូង​ ឯ​​ព្រះ​អង្គ​ម្ចាស់​សុវណ្ណភូម៉ា ទ្រង់​ជា​នាយក​រដ្ឋ​មន្ត្រី​ដំបូង នៃ​ព្រះ​រាជ​អាណាចក្រ​នេះ​។

បញ្ហា​អសន្តិសុខ​ផ្នែក​នយោបាយ​នៅ​ក្នុង​ព្រះ​រាជ​អាណាចក្រ​នេះ​ចេះ​តែ​កើត​ឡើង​ឥត​ឈប់​ឈរ ដែល​ជា​ហេតុ​កើត​ឲ្យ​មាន​ការ​ព្យាយាម​ចាត់​តាំង​រដ្ឋាភិបាល​ចម្រុះ​ជា​ច្រើន​លើក​ច្រើន​គ្រា ហើយ​ជា​ទូទៅ​គឺ​ជា​រដ្ឋាភិបាល​ដែល​មាន​អាយុ​ខ្លី​ៗ​តែ​ប៉ុណ្ណោះ​។ បញ្ហា​អស់​ទាំង​នេះ វា​គេច​មិន​ផុត​ពី​ភាព​អសន្តិសុខ​ក្នុង​ប្រទេស​ផង និង​ជា​ពិសេស​ការ​ជ្រែត​ជ្រែក​ពី​សំណាក់​មហា​អំណាច​ធំ​ៗ រវាង​ពពួក​លោក​សេរី និង​កម្មុយនីស្ត​ផង​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ព្រះ​រាជ​អាណាចក្រ​នេះ​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​អស់​ជា​ច្រើន​ឆ្នាំ​។

ព្រះ​រាជ​អាណាចក្រ​លាវ​នេះ មាន​អាយុ​រហូត​មក​ដល់​ថ្ងៃ​ទី​២ ខែ​ធ្នូ គ.ស.​១៩៧៥ ក្រោយ​ពេល​ដែល​បក្ស​ប្រជាជន​បដិវត្តន៍​លាវ ឬ​ពួក​កុម្មុយនីស្ត​លាវ (ពួក​ប្រទេស​លាវ) ​បាន​​ទទួល​ជ័យ​ជម្នះ​។ នៅ​ឯ​ទីក្រុង​វៀងចន្ទន៍ ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ វង្ស​ស្វាង បាន​ប្រគល់​ព្រះ​រាជ​ចុតហ្មាយ​ដាក់​រាជ្យ​របស់​ព្រះ​ចៅ​មហា​ជីវិត​ស្រីស្វាង វឌ្ឍនា  (មហា​ក្សត្រិយ៍​អង្គ​ចុង​ក្រោយ​របស់​ព្រះ​រាជ​អាណាចក្រ​នេះ​) ទៅ​ឲ្យ​ពួក​កុម្មុយនីស្ត និង​​​របប​ថ្មី​មួយ​បាន​បង្កើត​ឡើង ដោយ​ផ្លាស់​ប្ដូរ​ពី​ព្រះ​រាជ​អាណាចក្រ ​មក​ជា​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ (​សបប. លាវ​) រហូត​មក​ដល់​បច្ចុប្បន្ន​៕

ព្រះ​មហា​ក្សត្រិយ៍​លាវ អង្គ​ចុង​ក្រោយ ​ស្រីស្វាង វឌ្ឍនា និង​ព្រះ​មហេសីប្រាក់​ប្រភេទ​៥០០០​គីប កាល​សម័យ​ព្រះ​រាជ​អាណាចក្រ​លាវ មាន​ប្រាកដ​ព្រះ​ឆាយាលក្ខណ៍​ ព្រះ​មហាក្សត្រិយ៍​លាវ ​ស្រីស្វាង វឌ្ឍនាគ្រឿង​រាជ​ឥស្សរិយ​យស​ព្រះ​រាជ​អាណាចក្រ​លាវ
កង​ទាហាន​កិត្តិយស​នៃ​ព្រះ​រាជ​អាណាចក្រ​លាវ

————————————————
អាន​អត្ថបទ​ទាក់ទង
១. ស្រីស្វាង វឌ្ឍនា​៖ មហា​ក្សត្រិយ៍​លាវ អង្គ​ចុង​ក្រោយ
២. ម្ចាស់​ជីវិត ស្រី​ស្វាង​វង្ស៖ មហាក្សត្រិយ៍​​អង្គ​ដំបូង​នៃ​ព្រះរាជអាណាចក្រ​លាវ
៣. ឯក​សណ្ឋាន​ពេញ​យស​នៃ​មន្ត្រី​លាវ​សម័យ​ព្រះ​រាជ​អាណាចក្រ​លាវ
៤. ភ្លេង​ជាតិ​លាវ​សម័យ​ព្រះ​រាជ​អាណាចក្រ

Advertisements

លោក ស៊ាន ប៉េងសែ ទទួល​មរណភាព ថ្ងៃអង្គារ 23 ខែមករា 2018

Posted by សុភ័ក្ត្រ in មរណភាព.
add a comment

ស្ថាបនិក​ និង​ជាប្រធាន​គណៈកម្មា​ធិការ​ព្រំ​ដែន​កម្ពុជា នៅប្រទេស​បារាំង ​លោក ស៊ាន ប៉េងសែ បាន​ទទួល​មរណភាព​នៅ​អាយុ ​៨២ឆ្នាំ កាលពី​វេលា​ម៉ោង ៤​ទៀប​ភ្លឺ ​ថ្ងៃ​ទី​២៣ មករា ឆ្នាំ​២០១៨ នៅ​ទី​ក្រុង​ប៉ារី​សប្រទេស​បារាំង​។ មរណ​ភាព​​លោក​អាច​ចាត់​ទុក​ថា​ ជាការ​បាត់​បង់​អ្នក​ចេះ​ដឹង​អំពី​កិច្ចការ​ព្រំដែន​កម្ពុជា​ផង​ដែរ។

អាន​ព័ត៌មាន​៖

ដំណើរ​និវត្ត​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ ថ្ងៃចន្ទ 22 ខែមករា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, សង្គម​រាស្ត្រ​និយម, អំពីស្រុកខ្មែរ.
5 comments

ថ្ងៃ​អាទិត្យ ទី​២២ ខែ​មករា ឆ្នាំ​១៩៦៨ គឺ​ជា​ថ្ងៃ​ទី​៦ និង​ជា​ថ្ងៃ​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​​នៃ​ប្រទេស​​អតីត​សហ​ព័ន្ធ​សង្គម​និយម​សាធារណ​រដ្ឋ​យូហ្គូស្លាវី​​ ចូស៊ីព ប្រូហ្ស ទីតូ និង​លោក​ជំទាវ​រយៈ​ពេល​៦​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា ប្រកប​ដោយ​ជោគ​ជ័យ និង​ផ្លែ​ផ្កា ស​បញ្ជាក់​ពី​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​រវាង​ថ្នាក់​ដឹក​នាំ​កំពូល​ទាំង​ពីរ​ គឺ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ និង​លោក​ប្រធានាធិបតី​។

នៅ​តាម​ដង​វិថី​នានា​ក្នុង​ក្រុង​ភ្នំពេញ ចាប់​ពី​កន្លែង​ស្នាក់​អាស្រ័យ​របស់​ឯក​ឧត្ដម រហូត​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ពោធិចិន​តុង ប្រជា​រាស្ត្រ​ខ្មែរ សិស្សានុសិស្ស និង​អ្នក​រាជការ​គ្រប់​លំដាប់​បាន​ចេញ​មក​ស្វាគមន៍​ដំណើរ​និវត្ត​របស់​​ឯក​ឧត្ដម​ប្រធានាធិបតី លោក​ជំទាវ និង​គណៈ​ប្រតិភូ​។ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ និង​អ្នក​ម្នាង ស្ដេច​យាង និង​អញ្ជើញ​ជូន​ដំណើរ​ភ្ញៀវ​រដ្ឋ​រហូត​ដល់​អាកាស​យាន​ដ្ឋាន​ផង​ដែរ​។

នៅ​ឯ​អាកាស​យាន​ដ្ឋាន​ឯណុះ​ពិធី​​បដិ​សណ្ឋារកិច្ច​ជូន​ដំណើរ​និវត្ត​ជា​ផ្លូវ​ការ​ត្រូវ​បាន​រៀប​ចំ​ឡើង​ជូន​ជា​កិត្តិយស​ដល់​ឯក​ឧត្ដម​ប្រធានាធិបតី​ ដោយ​មាន​ការ​អញ្ជើញ​ត្រួត​ពល​កង​ទាហាន​កិត្តិយស​ខ្មែរ​ ព្រម​ទាំង​ការ​ជូន​បាច់​ផ្កា​ជា​ទី​អនុស្សាវរីយ៍​ដល់​ឯក​ឧត្ដម​ប្រធានា​ធិបតី និង​លោក​ជំទាវ ពី​សំណាក់​ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ នរោត្ដម អរុណ​រស្មី និង​ព្រះ​អង្គ​ម្ចាស់ នរោត្ដម នរិន្ទ្រពង្ស ផង​ដែរ​។

ដំណើរ​ទស្សនកិច្ច​របស់​ឯក​ឧត្ដម​ប្រធានាធិបតី​យូហ្គូស្លាវី រយៈ​ពេល​៦​ថ្ងៃ​នៅ​នគរ​កម្ពុជា កាល​ពី​៥០​ឆ្នាំ​មុន​នេះ ពិត​ជា​បាន​បញ្ជាក់​ពី​មិត្រភាព​ពិត​ប្រាកដ​មួយ​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ទំនាក់​ទំនង​ពិសេស​មួយ​រវាង​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ និង​ឯក​ឧត្ដម​ប្រធានាធិបតី​។ ទំនាក់​ទំនង​នេះ​វា​បាន​ស្ដែង​ឲ្យ​ឃើញ​នា​វេលា​ក្រោយ​មក បើ​ទោះ​បី​ប្រទេស​យូហ្គូស្លាវី​ជួប​បញ្ហា​សង្គ្រាម​ដូច​នឹង​កម្ពុជា​យើង​ដែរ តែ​យូហ្គូស្លាវី ក៏បាន​រួម​ចំណែក​ក្នុង​ការ​ស្វះ​ស្វែង​រក​សន្តិភាព​ជូន​កម្ពុជា ព្រម​ទាំង​បាន​ចូល​រួម​ធ្វើ​ជា​​ប្រទេស​ហត្ថលេខី​មួយ​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​កម្ពុជា កាល​ពី​ឆ្នាំ​១៩៩១ ផង​ដែរ​៕

_____________________________________________________________
អាន​ផង​ដែរ​៖
១. ខួប​ឆ្នាំ​ទី​៥០ ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ នៅ​ប្រទេស​កម្ពុជា
២. ថ្ងៃ​ទី​២ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ
៣. ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ខេត្ត​សៀមរាប​​របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ
៤. មហា​បាតុកម្ម​ប្រជា​ពល​រដ្ឋ​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​ជូន​ជា​កិត្តិយស​ចំពោះ​ឯក​ឧត្ដម​ប្រធានាធិបតី ទីតូ
៥. ថ្ងៃ​ទី​៥ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ

ថ្ងៃ​ទី​៥ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ ថ្ងៃអាទិត្យ 21 ខែមករា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, សង្គម​រាស្ត្រ​និយម, អំពីស្រុកខ្មែរ.
5 comments

​ឧទ្យាន​ចូស៊ីព ប្រូហ្ស ទីតូ

ថ្ងៃ​អាទិត្យ ទី​២១ ខែ​មករា ឆ្នាំ​១៩៦៨ ដែល​ជា​ថ្ងៃ​ទី​៥ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​​នៃ​ប្រទេស​​អតីត​សហ​ព័ន្ធ​សង្គម​និយម​សាធារណ​រដ្ឋ​យូហ្គូស្លាវី​​ ចូស៊ីព ប្រូហ្ស ទីតូ និង​លោក​ជំទាវ​នោះ មាន​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ជា​ច្រើន​ដែល​គណៈ​ប្រតិភូ​បាន​បំពេញ​នៅ​ក្នុង​ទឹក​ដី​នៃ​ព្រះ​រាជអាណាចក្រ​កម្ពុជា ក្រោម​របប​សង្គម​នៃ​អង្គ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​។

ព្រឹត្តិការណ៍​សំខាន់​នា​ព្រឹក​ថ្ងៃ​នោះ ដែល​ជា​សក្ខី​ភាព​នៃ​ទំនាក់​ទំនង​ជិត​ស្និទ្ធ​រវាង​រដ្ឋ​ទាំង​ពីរ​នោះ គឺ​កា​រ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​ឧទ្យាន​យ៉ាង​ស្រស់​ស្អាត​ចំ​កណ្ដាល​ព្រះ​រាជ​ធានី​ភ្នំពេញ​។ ឧទ្យាន​ថ្មី​ដែល​សាង​ឡើង​នៅ​ចំ​រង្វង់​មូល​ស្ពាន​ជ្រោយ​ចង្វារ ទល់​ខាង​មុខ​ស្ថានទូត​បារាំង​នោះ ត្រូវ​បាន​ប្រមុខ​រដ្ឋ​ទាំង​ពីរ​យាង និង​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់ ព្រម​ទាំង​បាន​ប្រសិទ្ធនាម​ឧទ្យាន​ថ្មី​នេះ​ថា «​ឧទ្យាន​ចូស៊ីព ប្រូហ្ស ទីតូ»​។

បន្ទាប់​ពី​ពិធី​សម្ពោធ​ឧទ្យាន​ថ្មី​រួច​ស្រេច​ហើយ​​ប្រមុខ​រដ្ឋ​ទាំង​ពីរ​បាន​ស្ដេច​យាង និង​ធ្វើ​ដំណើរ​តាម​មហា​វិថី​នានា​របស់​ក្រុង​ភ្នំពេញ ដោយ​ឆ្លង​កាត់​ទី​រមណីយ​ដ្ឋាន​វត្ត​ភ្នំ​ផង​ដែរ ឆ្ពោះ​មក​​រដ្ឋ​ភណ្ឌគារ​ព្រះ​កុសមៈ ដែល​ស្ថិត​នៅ​វិថី​ព្រះ​អង្គ​អេង ដើម្បី​កាត់​ខ្សែ​បូ​ជា​​សម្ពោធ​ជា​និមិត្ត​រូប​​នូវ​អគារ​ថ្មី​មួយ​នេះ​។

  • ការ​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ប្រកាស​រួម កម្ពុជា – យូហ្គូស្លាវី

នៅ​រសៀល​ថ្ងៃ​នោះ​ដែរ នៅ​ឯ​មហា​ប្រាសាទ​ទេវាវិនិច្ឆ័យ​ ប្រមុខ​រដ្ឋ​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ប្រកាស​រួម​​កម្ពុជា – យូហ្គូស្លាវី​ បន្ទាប់​ពី​រយៈ​ពេល​៥​ថ្ងៃ​នៃ​ដំណើរ​ទស្សន​កិច្ច​ប្រកប​ដោយ​ផ្លែ​ផ្កា​របស់​

  • សម្ដេច​ព្រះ​មហា​ក្សត្រិយានី​ប្រទាន​សវនការ​ជូន​ភ្ញៀវ​រដ្ឋ

បន្ទាប់​ពី​ការ​ចុះ​ហត្ថលេខា​លើ​សេចក្ដី​រួម​កម្ពុជា – យូហ្គូស្លាវី រួច​មក ឯក​ឧត្ដម​ទីតូ និង​លោក​ជំទាវ បាន​អញ្ជើញ​ទៅ​ថ្វាយ​បង្គំ​សម្ដេច​ព្រះ​មហា​ក្សត្រិយានី នៅ​ព្រះ​បរម​រាជ​វាំង​។ សម្ដេច​​ព្រះ​មហា​ក្សត្រិយានី ព្រះ​មហា​ជីវិត​ខ្មែរ ស្ដេច​បាន​យាង​ប្រទាន​សវនការ​ជា​កិត្តិយស​ដល់​ភ្ញៀវ​របស់​រដ្ឋ ​យ៉ាង​រាក់​ទាក់ និង​សេចក្ដី​ជ្រះ​ថ្លា​ជា​ពន់​ពេក​។ បន្ទាប់​មក ព្រះ​អង្គ​ក៏​បាន​ប្រទាន​វត្ថុ​អនុស្សាវរីយ៍​ដល់​ភ្ញៀវ​រដ្ឋ​ទាំង​ពីរ​ផង​ដែរ​។

នា​រាត្រី​ថ្ងៃ​នោះ​ដែរ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ ព្រះ​អង្គ​បាន​ចាត់​រៀប​ចំ​ឲ្យ​មាន​​ពិធី​លៀង​សាយ​ភោជន៍​ដ៏​ធំ​មួយ​ដើម្បី​ជម្រាប​លា​ភ្ញៀវ​រដ្ឋ នៅ​ឯ​ព្រះ​ទីន័ង​ភោជនីយ​​ ដោយ​មាន​ភ្ញៀវ​រដ្ឋ​ទាំង​ពីរ​យាង​ និង​អញ្ជើញ​ចូល​រួម​ប្រកប​ដោយ​ក្ដី​រីក​រាយ​ និង​ជោគជ័យ​៕

_____________________________________________________________
អាន​ផង​ដែរ​៖
១. ខួប​ឆ្នាំ​ទី​៥០ ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ នៅ​ប្រទេស​កម្ពុជា
២. ថ្ងៃ​ទី​២ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ
៣. ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ខេត្ត​សៀមរាប​​របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ
៤. មហា​បាតុកម្ម​ប្រជា​ពល​រដ្ឋ​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​ជូន​ជា​កិត្តិយស​ចំពោះ​ឯក​ឧត្ដម​ប្រធានាធិបតី ទីតូ
៥. ដំណើរ​និវត្ត​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ

មហា​បាតុកម្ម​ប្រជា​ពល​រដ្ឋ​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​ជូន​ជា​កិត្តិយស​ចំពោះ​ឯក​ឧត្ដម​ប្រធានាធិបតី ទីតូ ថ្ងៃសៅរ៍ 20 ខែមករា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, សង្គម​រាស្ត្រ​និយម, អំពីស្រុកខ្មែរ.
5 comments

មហា​បាតុកម្ម​ប្រជា​ពល​រដ្ឋ​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​ជូន​ជា​កិត្តិយស​ចំពោះ​ឯក​ឧត្ដម​ប្រធានាធិបតី ទីតូ

ថ្ងៃ​សៅរ៍ ទី​២០ ខែ​មករា ឆ្នាំ​១៩៦៨ ដែល​ជា​ថ្ងៃ​ទី​៤ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​​នៃ​ប្រទេស​​អតីត​សហ​ព័ន្ធ​សង្គម​និយម​សាធារណ​រដ្ឋ​យូហ្គូស្លាវី​​ ចូស៊ីព ប្រូហ្ស ទីតូ និង​លោក​ជំទាវ​នោះ នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ទី​ក្រុង​ភ្នំពេញ មហា​បាតុកម្ម​ប្រជាជន​ខ្មែរ​ដ៏​ធំ​មួយ​ត្រូវ​បាន​រៀប​ចាត់​ឡើង​ដើម្បី​ទទួល​ស្វាគមន៍ និង​ជូន​ជា​កិត្តិយស​ចំពោះ​ឯក​ឧត្ដម​ប្រធានាធិបតី ដែល​ជា​ភ្ញៀវ​រដ្ឋ​ដ៏​សំខាន់​របស់​កម្ពុជា​។

ប្រជាជន​ខ្មែរ​ជា​ច្រើន​ម៉ឺន​នាក់​បាន​នាំ​គ្នា​អង្គុយ​តម្រៀប​ជា​តួ​អក្ស​រ​នានា ដើម្បី​ស្វាគមន៍​ភ្ញៀវ និង​ការ​សម្ដែង​សិល្បៈ​ជា​ច្រើន​ទម្រង់ នៅ​ខាង​ក្នុង​បរិវេណ​នៃ​ទី​លាន​កីឡា​បាល់​ទាត់​របស់​ពហុ​កីឡដ្ឋាន​ផង​ដែរ​ អម​ដោយ​សំឡេង​ទះ​ដៃ​សាទរ​យ៉ាង​កង​រំពង​ទូទាំង​ពហុ​កីឡដ្ឋាន ក្នុង​ទិដ្ឋភាព​គួរ​ឲ្យ​រំភើប និង​ចង់​គយ​គន់​យ៉ាង​ខ្លាំង​។

បន្ទាប់​ពី​សន្ទរកថា​ស្វាគមន៍ និង​កិច្ច​សំណេះ​សំណាល​របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ ទៅ​កាន់​អ្នក​ចូល​រួម​ទាំង​អស់​មក សហ​ជីវិន អ៊ី ទុយ អភិបាល​រាជ​ធានី​ភ្នំពេញ នា​សម័យ​នោះ ក៏​បាន​ប្រគល់​ជូន​វត្ថុ​អនុស្សាវរីយ៍​ជូន​ដល់​ឯក​ឧត្ដម​ប្រមុខ ដើម្បី​ជា​សក្ខី​ភាព និង​ទី​រឭក​របស់​ប្រជា​ពល​រដ្ឋ​ក្រុង​ភ្នំពេញ​ផង​ដែរ​។

មុន​ពេល​បញ្ចប់​​ឯក​ឧត្ដម​ប្រធានា​ធិបតី រួម​និង​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ បាន​យាង និង​អញ្ជើញ​ជិះ​លើ​ព្រះ​ទីន័ង​រថយន្ត​បើក​ដំបូល​ ជុំ​វិញ​ទី​លាន​បាល់​ទាត់​ដើម្បី​ឲ្យ​អ្នក​ចូល​រួម​ទាំង​អស់​បាន​ឃើញ​យ៉ាង​ជិត​​នូវ​ព្រះ​អគ្គ​មគ្គុទេសក៍​របស់​ពួក​គេ ក៏​ដូច​ជា​ភ្ញៀវ​រដ្ឋ​នៃ​កម្ពុជា ឯក​ឧត្ដម​ប្រធានា​ធិបតី​ផង​ដែរ​​។

ការ​សំដែង និង​មហា​បាតុកម្ម​របស់​ប្រជាពល​រដ្ឋ​ខ្មែរ​នា​ពេល​នោះ បាន​សម្ដែង​ឲ្យ​ឃើញ​ពី​ភាព​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា នា​របប​សង្គម ក្រោម​ការ​ដឹក​នាំ​នៃ​អង្គ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ មគ្គុទេសក៍​ដ៏​ឆ្នើម​នៃ​ពល​រដ្ឋ​ខ្មែរ ក៏​ដូច​ជា​ភាព​ស៊ីវិល័យ​នានា​របស់​ប្រជាជន​ខ្មែរ និង​ប្រទេស​ខ្មែរ​ទាំង​មូល​។ ទិដ្ឋភាព​អស់​ទាំង​នោះ​ក៏​បាន​ឆ្លុះ​បង្ហាញ​ពី​ទំនាក់​ទំនង​ដ៏​ល្អ​របស់​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ជាមួយ​ប្រទេស​ជា​មិត្រ​ក្រោយ​កម្ពុជ​រដ្ឋ​ទទួល​បាន​ឯក​រាជ្យ​ពី​សាធារណ​រដ្ឋ​បារាំង​សែស​ ក៏​ដូច​ជា​បង្ហាញ​ពិភព​លោក​ឲ្យ​ឃើញ​ពី​កិត្តិនាម​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​៕

_____________________________________________________________
អាន​ផង​ដែរ​៖
១. ខួប​ឆ្នាំ​ទី​៥០ ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ នៅ​ប្រទេស​កម្ពុជា
២. ថ្ងៃ​ទី​២ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ
៣. ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ខេត្ត​សៀមរាប​​របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ
៤. ថ្ងៃ​ទី​៥ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ
៥. ដំណើរ​និវត្ត​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ

ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ខេត្ត​សៀមរាប​​របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ ថ្ងៃសុក្រ 19 ខែមករា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, សង្គម​រាស្ត្រ​និយម, អំពីស្រុកខ្មែរ.
5 comments

ថ្ងៃ​សុក្រ ទី​១៩ ខែ​មករា ឆ្នាំ​១៩៦៨ ដែល​ជា​ថ្ងៃ​ទី​៣ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​​នៃ​ប្រទេស​​អតីត​សហ​ព័ន្ធ​សង្គម​និយម​សាធារណ​រដ្ឋ​យូហ្គូស្លាវី​​ ចូស៊ីព ប្រូហ្ស ទីតូ និង​លោក​ជំទាវ​នោះ ឯក​ឧត្ដម​ប្រធានា​ធិបតី និង​លោក​ជំទាវ ព្រម​ទាំង​គណៈ​ប្រតិភូ បាន​ធ្វើ​ដំណើរ​ចេញ​ពី​​រាជធានី​ភ្នំពេញ ឆ្ពោះ​មក​កាន់​ខេត្ត​សៀមរាប​។ ចាប់​តាំង​ពី​ទីក្រុង​ភ្នំពេញ រហូត​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ពោធិចិន​តុង មាន​ប្រជា​រាស្ត្រ​ឈរ​តាម​ដង​វិថី​នានា​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​បំផុត​។ ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀមរាប​នោះ គឺ​ធ្វើ​ឡើង​តាម​ជើង​អាកាស​ចរ​ភូមិន្ទ​កម្ពុជា​។

ចាប់​តាំង​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប​មក មាន​ប្រជាជន និង​អ្នក​រាជការ​ខ្មែរ​ក្នុង​ខេត្ត​ច្រើន​ម៉ឺន​នាក់​នាំ​គ្នា​ឈរ​ទទួល​ឯក​ឧត្ដម យ៉ាង​កក់​ក្ដៅ​បំផុត​។ ការ​ទស្សនា​ទី​រមណីយ​ដ្ឋាន​នានា​នៅ​ក្នុង​ខេត្ត​សៀម​រាប​នេះ មាន​ការ​យាង​អម​ដំណើរ​គណៈ​ប្រតិភូ​​ជា​មគ្គុទេសក៍ ​ពី​សំណាក់​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ និង​អ្នក​ម្នាង​ផង​ដែរ​។

ដោយឡែក​នៅ​ពេល​រាត្រី​ថ្ងៃ​នោះ​ដែរ នៅ​ខាង​មុខ​ប្រាសាទ​នគរ​វត្ត​ដ៏​ល្បាញ​ល្បី​របស់​ប្រជាជាតិ​ខ្មែរ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ បាន​ចាត់​ឲ្យ​មាន​ការ​រៀប​ចំ​សម្ដែង​សិល្បៈ​បែប​ប្រពៃណី​ស្ដី​អំពី​ព្រះ​មហា​ក្សត្រិយ៍​ខ្មែរ និង​ប្រជារាស្ត្រ​ខ្មែរ​ជូន​ជា​កិត្តិយស​ដល់​​ឯក​ឧត្ដម​ប្រធានាធិបតី និង​គណៈ​ប្រតិភូ​ផង​ដែរ​៕

ការ​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំពេញ​មក​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ពោធិចិនតុងមក​ដល់​ខេត្ត​សៀមរាបមក​ដល់​ខេត្ត​សៀមរាបអ្នក​សៀមរាប​ស្វាគមន៍​ភ្ញៀវ​រដ្ឋ​យ៉ាង​កក់​ក្ដៅធ្វើ​ដំណើរ​ទៅ​ទស្សនា​ប្រាសាទ​ខ្មែរការ​សម្ដែង​សិល្បៈ​នា​ពេល​រាត្រី​នៅ​ខាង​មុខ​ប្រាសាទ​នគរ​វត្តការ​សម្ដែង​សិល្បៈ​នា​ពេល​រាត្រី​នៅ​ខាង​មុខ​ប្រាសាទ​នគរ​វត្ត

_____________________________________________________________
អាន​ផង​ដែរ​៖
១. ខួប​ឆ្នាំ​ទី​៥០ ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ នៅ​ប្រទេស​កម្ពុជា
២. ថ្ងៃ​ទី​២ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ
៣. មហា​បាតុកម្ម​ប្រជា​ពល​រដ្ឋ​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​ជូន​ជា​កិត្តិយស​ចំពោះ​ឯក​ឧត្ដម​ប្រធានាធិបតី ទីតូ
៤. ថ្ងៃ​ទី​៥ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ
៥. ដំណើរ​និវត្ត​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ

ថ្ងៃ​ទី​២ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ ថ្ងៃ​ព្រហស្បតិ៍ 18 ខែមករា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, សង្គម​រាស្ត្រ​និយម, អំពីស្រុកខ្មែរ.
5 comments

ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​មករា ឆ្នាំ​១៩៦៨ ដែល​ជា​ថ្ងៃ​ទី​២ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​​នៃ​ប្រទេស​​អតីត​សហ​ព័ន្ធ​សង្គម​និយម​សាធារណ​រដ្ឋ​យូហ្គូស្លាវី​​ ចូស៊ីព ប្រូហ្ស ទីតូ និង​លោក​ជំទាវ​នោះ មាន​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ជា​ច្រើន​ដែល​គណៈ​ប្រតិភូ​បាន​បំពេញ​នៅ​ក្នុង​ទឹក​ដី​នៃ​ព្រះ​រាជអាណាចក្រ​កម្ពុជា ក្រោម​របប​សង្គម​នៃ​អង្គ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​។

នៅ​ឯ​ប្រាសាទ​ខេមរិន្ទ្រ​ឯណោះ ថ្នាក់​ដឹក​នាំ​ជា​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ព្រម​ទាំង​ប្រមុខ​រដ្ឋាភិបាល​ជា​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​រដ្ឋ​បាន​ជួប​ប្រជុំ​គ្នា​ជា​ផ្លូវ​ការ ពិភាក្សា​ពី​​ទំនាក់​ទំនង​ទ្វេ​ភាគី​នៃ​ប្រទេស​ទាំង​ពីរ​លើ​គ្រប់​វិស័យ​។ រាជ​គណៈ​ប្រតិភូ​ខ្មែរ​កាល​ណុះ ក្រៅ​ពី​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ជា​អង្គ​ប្រធាន ក៏​មាន​ការ​យាង និង​អញ្ជើញ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ខ្មែរ​ជា​ច្រើន​រូប​ទៀត មាន​ជា​អាទិ៍​ ៖ លោក​នាយក​រដ្ឋ​មន្ត្រី សឺន សាន​, ឯក​ឧត្ដម​ឧត្ដម​សេនីយ៍ ញឺក ជូឡុង អគ្គ​មេ​បញ្ជាការ​កង​យុទ្ធ​ពល​ខេមរ​ភូមិន្ទ​, ព្រះ​អង្គ​ម្ចាស់ នរោត្ដម ភូរិស្សរា រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស និង​ឯក​ឧត្ដម កួន វិគ ឯក​អគ្គ​រាជ​ទូត​នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ប្រចាំ​ទីក្រុង​ Belgrade ក៏​បាន​ចូល​រួម​ផង​ដែរ​។

  • នៅ​មន្ទីរ​ពិព័រណ៍​អចិន្ត្រៃយ៍​នៃ​សមិទ្ធិ​សង្គម​រាស្ត្រ​និយម

សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ រួម​និង​អ្នក​ម្នាង បាន​រួម​ដំណើរ​ជាមួយ​លោក​ប្រធានាធិបតី និង​លោក​ជំទាវ ធ្វើ​ការ​ទត និង​ទស្សនា​​នៅ​មន្ទីរ​ពិព័រណ៍​អចិន្ត្រៃយ៍​នៃ​សមិទ្ធិ​សង្គម​រាស្ត្រ​និយម​។ សមិទ្ធផល​នានា​នៃ​របប​សង្គម ដែល​ជា​ស្នាដៃ​នៃ​រដ្ឋាភិបាល​សង្គម​រួម​ជាមួយ​ប្រជា​ពល​រដ្ឋ​បាន​នាំ​គ្នា​កសាង​យ៉ាង​សម្បូរ​បែប ស័ក្ដិសម​ជា​ប្រទេស​ឯករាជ្យ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ជូន​ភ្ញៀវ​រដ្ឋ​ទស្សនា ប្រកប​ដោយ​ភាព​មោទន​នៃ​ប្រជាជាតិ​ខ្មែរ​នា​សម័យ​នោះ​​។

ដោយ​ឡែក​នា​វេលា​ព្រឹក​ថ្ងៃ​នោះ​ដែរ លោក​ជំទាវ​ប្រធានាធិបតី​ ជូវ័នកា ប្រូហ្ស ដែល​រួម​ដំណើរ​ដោយ​អ្នក​ម្នាង បាន​អញ្ជើញ​ទៅ​ទស្សនា​​ព្រះ​បរម​រាជ​វាំង ដែល​ជា​ទ្រព្យ​សម្បត្តិ និង​មរតក​ជា​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ជាតិ ព្រម​ទាំង​បាន​ទៅ​ទស្សនា​ការ​ហាត់​សម​សិល្បៈ​របស់​ កង​របាំ​ព្រះ​រាជ​ទ្រព្យ នៅ​ឯ​ប្រាសាទ​ចន្ទច្ឆាយា​ផង​ដែរ​។

  • ចាត់​សម្ដែង​សិល្បៈ​នៅ​ឯ​សាល​ចតុម្មុខ

ដើម្បី​ជូន​ជា​កិត្តិយស​ជូន​ដល់​លោក​ប្រធានា​ធិបតី រួម​និង​គណៈ​ប្រតិភូ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ស្ដេច​បាន​ចាត់​ឲ្យ​មាន​ការ​សម្ដែង​សិល្បៈ​មួយ​ នៅ​ឯ​សាល​ចតុម្មុខ នា​រាជ​ធានី​ភ្នំពេញ ក្នុង​ន័យ​ផ្សព្ធ​ផ្សាយ​ពី​សិល្បៈ​ខ្មែរ ដែល​មាន​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ ជូន​ដល់​លោក​ប្រធានាធិបតី និង​គណៈ​ប្រតិភូ បាន​ទស្សនា​ផង​ដែរ​៕

_____________________________________________________________
អាន​ផង​ដែរ​៖
១. ខួប​ឆ្នាំ​ទី​៥០ ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ នៅ​ប្រទេស​កម្ពុជា
២. ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ខេត្ត​សៀមរាប​​របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ
៣. មហា​បាតុកម្ម​ប្រជា​ពល​រដ្ឋ​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​ជូន​ជា​កិត្តិយស​ចំពោះ​ឯក​ឧត្ដម​ប្រធានាធិបតី ទីតូ
៤. ថ្ងៃ​ទី​៥ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ
៥. ដំណើរ​និវត្ត​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ

%d bloggers like this: