jump to navigation

ខួប​ឆ្នាំ​ទី​៥០ នៃ​ការ​ស្ថាបនា​​មណ្ឌល​សុខភាព​នៅ​អណ្ដូង​ពេជ្រ ថ្ងៃ​ព្រហស្បតិ៍ 1 ខែ​កុម្ភៈ 2018

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ចំពោះ​វិស័យ​សាធារណៈ​សុខ​វិញ របប​សង្គម ក្រោម​ការ​ដឹក​នាំ​នៃ​មគ្គុទេសក៍​ដ៏​ឆ្នើម សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ ព្រះ​អង្គ​ក៏​បាន​ខិត​ខំ​បម្រើ​ប្រជា​ជន ជា​ពិសេស​នៅ​តាម​ទី​ជនបទ​ដាច់​ស្រយាល​ឲ្យ​មាន​លទ្ធភាព​ទទួល​បានសេវា​របស់​រដ្ឋ​ដូច​បណ្ដា​អ្នក​ទី​ប្រជុំ​ជន​ឯ​ទៀត​ផង​ដែរ​។

ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​១៩៦៨ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​អមតៈ​នៃ​ប្រជា​ជាតិ​ខ្មែរ ព្រះ​អង្គ​បាន​ស្ដេច​យាង​ទៅ​ចូល​រួម​ជា​ព្រះ​រាជាធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​ស្ថាប​នា​មណ្ឌល​សុខភាព​សម្រាប់​ប្រជា​រាស្ត្រ​នៅ​តំបន់​អណ្ដូង​ពេជ្រ ខេត្ត​រនត​គិរី​។

អណ្ដូង​ពេជ្រ ស្ថិត​នៅ​តំបន់​ព្រៃ​ភ្នំ​មួយ នៅ​ជិត​ព្រំ​ដែន​កម្ពុជា វៀតណាម ក្នុង​ខេត្ត​រតន​គិរី​​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

Advertisements

ខួប​៥​ឆ្នាំ ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​នៃ​ព្រះ​ករុណា ព្រះ​បរម​រតនកោដ្ឋ ថ្ងៃ​ព្រហស្បតិ៍ 1 ខែ​កុម្ភៈ 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
8 comments

ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នេះ មាន​រយៈ​ពេល​៥​ឆ្នាំ​គត់ ដែល​កាល​ណុះ​នគរ​កម្ពុជា​យើង​មាន​ប្រារព្ធ​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​មួយ​គឺ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ នៃ​ព្រះ​ករុណា ព្រះ​បាទ សម្ដេច​ព្រះ​នរោត្ដម សីហនុ ព្រះ​មហា​វីរ​ក្សត្រិយ៍ ព្រះ​វរ​រាជ​បិតា​ជាតិ​ខ្មែរ ក្នុង​ព្រះ​បរម​រតន​កោដ្ឋ​។ ព្រះ​រាជ​ពិធី​នោះ ប្រព្រឹត្ត​​ទៅ​​មាន​រយៈ​ពេល​៧​ថ្ងៃ គឺ​ចាប់​​ពី​ថ្ងៃ​សុក្រ ទី​៦​រោច ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​១២​រោច ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៥៥៦ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ គ.ស.​២០១៣​។

សម្រាប់​ថ្ងៃ​ទី​១ នៃ​ព្រះ​រាជ​ពិធី​ ព្រះ​បរម​សព​នៃ​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ ត្រូវ​បាន​ធ្វើ​ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ដោយ​​យាង​ចេញ​ពី​ព្រះ​បរម​រាជ​វាំង តាម​ច្រក​ទ្វារ​ជ័យ គង់​លើ​​​ព្រះរាជរថបុស្បុកនាគរាជ ក្បាល៣៦ ​ដែល​ទើប​បាន​សាងថ្មី​យ៉ាងស្រស់ស្អាតវិចិត្រ តាមបែបសិល្បៈបូរាណខ្មែរ ដង្ហែ​តាម​ដង​វិថី​នានា​នៃ​ព្រះ​រាជ​ពិធី​មុន​នឹង​អញ្ជើញ​មក​តម្កល់​នៅ​ឯ​​ព្រះ​មហា​បញ្ចា​នា​ទី​ព្រះ​មេរុ​ ខាង​មុខ​សារ​មន្ទីរ​ជាតិ ក្បែរ​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​។ ប្រជារាស្ត្រ​រាប់​ម៉ឺន​នាក់​​ក្នុង​សំលៀក​បំពាក់​ស​ខ្មៅ​បាន​ចេញ​មក​តាម​ផ្លូវ​ដង្ហែ​ព្រះ​បរម​សព​ដើម្បី​បាន​ជូន​ដំណើរ​ព្រះ​មហា​ក្សត្រិយ៍​ដែល​ជា​ទី​ស្រឡាញ់ និង​អ្នក​ខ្លះ​មាន​ទឹក​មុខ​ស្រងូត​ស្រងាត់ អ្នក​ខ្លះ​យំ​ផង ដោយ​ស្ដាយ​ពេក​ក្រៃ​ចំពោះ​សុវណ្ណគត​នៃ​ព្រះ​អង្គ​។

ព្រះ​បរម​សព​ត្រូវ​បាន​តម្កល់​ទុក​នៅ​ឯ​ព្រះ​បរម​មេរុ​រយៈ​ពេល​៣​ថ្ងៃ​៣​យប់​ ដើម្បី​ធ្វើ​បុណ្យ​ព្រះ​មេរុ​តាម​បូរាណ​រាជ​បវេណី​នៃ​បរម​ខត្តិយ​ខ្មែរ​​។ ដោយ​ឡែក​នៅ​ថ្ងៃ​ទី​៣ និង​ព្រឹក​ថ្ងៃ​ទី​៤ នៃ​ព្រះ​រាជ​ពិធី សាធារណជន​​ត្រូវ​បាន​រាជការ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​ព្រះ​បរម​មេរុ​ដើម្បី​គោរព​ព្រះ​បរម​សព​នៃ​ព្រះ​អង្គ​បាន​ជា​លើក​ចុង​ក្រោយ​ផង​ដែរ​។

ថ្ងៃច័ន្ទ ៩​រោច ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ដែល​ជា​ថ្ងៃ​ទី​៤​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​នោះ នៅ​ម៉ោង​ប្រមាណ​១៨ ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ត្រូវ​បាន​ធ្វើ​ឡើង​។ គ្រាន់​តែ​​ព្រះ​សាណិ​បិទ​ភ្លាម សំឡេង​កាំភ្លើង​ធំ និង​កាំជ្រួច​ផ្ទុះ​ឡើង ដែល​ជា​សញ្ញាណ​នៃ​ការ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​នោះ ប្រជា​រាស្ត្រ​ដែល​នៅ​ជុំ​វិញ​ព្រះ​បរម​មេរុ​នោះ ស្រែក​ទ្រហោ​យំ​ដោយ​មិន​ដឹង​ខ្លួន​។ បរិយាកាស​នា​ឱកាស​នោះ​មាន​ភាព​មហា​សោក​សៅ បង្ហាញ​ពី​ភ័ក្ដី​ភាព​នៃ​ប្រជា​រាស្ត្រ​ខ្មែរ​មាន​ចំពោះ​អតីត​ព្រះ​មហា​វីរក្សត្រិយ៍​របស់​ខ្លួន ដែល​ចាប់​ពី​ពេល​នោះ​ត​ទៅ​អស់​បាន​លែង​ឃើញ​ព្រះ​កាយ​ព្រះ​អង្គ​ជា​រៀង​រហូត​ហើយ​។

ព្រឹក​ស្អែក​ឡើង​ព្រះ​បរម​អដ្ឋិ​ត្រូវ​បានយាង​មក​គង់​​ក្នុង​ព្រះ​កោដ្ឋ​ពេជ្រ និង​ត្រូវ​បាន​អញ្ជើញ​តម្កល់​លើ​ព្រះ​មហា​បញ្ចា​ក្នុង​ព្រះ​បរម​មេរុ ​ដើម្បី​ប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​តាម​សាសនា ជា​រៀង​រាល់​ថ្ងៃ​យប់ ដូច​កាល​បុណ្យ​ព្រះ​បរម​សព​ដែរ​។ ដោយ​ឡែក​ចំពោះ​ព្រះ​អង្គារ​វិញ ត្រូវបាន​ព្រះមហាក្សត្រិយ៍​​ចាត់​ព្រះរាជតំណាង ដង្ហែ​ចេញពី​ព្រះ​បរម​មេរុ យាង​ទៅ​​បំ​ផ្លែង​​​រោយ​ទៅក្នុង​ទន្លេចតុម្មុខ​ជាការ​សុំ​សេចក្ដីសុខ និង​ភាព​ត្រជាក់ត្រជុំ​ដល់​ប្រជានុរាស្ត្រ​ជា​កូនចៅ​ជំនាន់​ក្រោយ។

លុះ​ដល់​ថ្ងៃ​ទី​៧ គឺ​ត្រូវ​នឹង​វេលា​ព្រឹក​ថ្ងៃព្រហស្បតិ៍ ១២​​រោច ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ទី​០៧ ​​ព្រះ​ករុណា សម្តេច​ព្រះ​បរម​នាថ នរោត្ដម​ សីហមុនី សមាន​ភូមិ​ជាតិ​សាសនា រក្ខតខត្តិយា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិ​ន្ទ្រា​ធរា​មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជ​ឯករាជ​រដ្ឋ​បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរា​ស្រី​ពិរាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី, សម្តេច​ព្រះ​មហា​ក្សត្រីយ៍ នរោត្ដម មុនីនាថ សីហនុ ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរី​ភាព សេចក្តី​ថ្លៃ​ថ្នូរ និង​សុភ​មង្គល ព្រម​ទាំង​ញាតិ​វង្សា​នុ​វង្ស និង​ប្រមុខ​ដឹក​នាំ​កម្ពុជា​ជា​ច្រើន​រូប​ទៀត បាន​ប្រារព្ធ​ព្រះ​រាជ​ពិធី​យាង​ និង​អញ្ជើញ​ដង្ហែ​ព្រះ​កោដ្ឋ​ពេជ្រ ដែល​តម្កល់​ព្រះ​បរម​អដ្ឋិ​​ចូល​ព្រះ​បរម​រាជ​វាំង តាម​ព្រះ​ទីន័ង​សុវណ្ណ​ហង្ស។

បន្ទាប់​ពី​ធ្វើ​ពិធី​ក្នុង​ខាង​មុខ​ព្រះ​មហា​ស្វេតច្ឆត្រ ក្នុង​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ​រួច​មក ព្រះ​ករុណា​ជា​អម្ចាស់ ស្ដេច​យាង​ព្រះ​កោដ្ឋ​ទាំង​បី​ទៅ​តម្កល់​លើ​ព្រះ​មហា​បញ្ចា​ក្នុង​ព្រះ​ទី​ន័ង​មហា​មន្ទីរ ដើម្បី​រៀប​ចំ​ព្រះ​រាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះ​រាជ​កុសល ជា​កិច្ច​​សូរេច​បរិបូរ​​​​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​៕៚

________________________________________________
អាន​ផង​ដែរ

១. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ
២. ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​​ព្រះ​បរម​ព្រះ​រតន​កោដ្ឋ​ទៅ​ព្រះ​បរម​រាជ​វាំង
៣. ព្រះ​រាជ​ពិធី​សាសនា​នៅ​ព្រះ​បរម​មេរុ​នា​ថ្ងៃ​ទី​៦
៤. ព្រះ​រាជ​ពិធី​យាង​ព្រះ​បរម​អដ្ឋិ​គង់​ក្នុង​ព្រះ​កោដ្ឋ​ពេជ្រ ដើម្បី​ដង្ហែ​ទៅ​តម្កល់​លើ​ព្រះ​មហា​បញ្ចា​៩​ជាន់​ក្នុង​ព្រះ​បរម​មេរុ
៥. ព្រះ​រាជ​ពិធី​រើស​អដ្ឋិ និង​ដង្ហែ​ព្រះ​អង្គារ​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​បំផ្លែង​ក្នុង​ទន្លេ​ចតុម្មុខ
៦. ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ
៧. អំពី​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ព្រះ​បរម​រតន​កោដ្ឋ​ចូល​ព្រះ​បរម​រាជ​វាំង

%d bloggers like this: