jump to navigation

ត្រួស​ៗ​អំពី​បុណ្យ​ព្រះ​មេរុ នៅ​នគរ​ខ្មែរ និង​សៀម ថ្ងៃសុក្រ 2 ខែ​កុម្ភៈ 2018

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, ภาษาไทย.
trackback

កកន៖ នគរ​ជិត​ខាង​គ្នា​ទាំង​ពីរ គឺ​កម្ពុជា​យើង និង​ថៃ ទើប​តែ​បាន​បញ្ចប់​នូវ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​ដ៏​ធំ​​រៀង​ៗ​ខ្លួន ដែល​ធ្វើ​ឲ្យ​ពិភព​លោក​ទាំង​មូល​បាន​ឃើញ​នូវ​បូរាណ​រាជ​បវេណី​ខត្តិយ​ត្រកូល​ដែល​មាន​ត​មក​ជា​យូរ​លង់​មក​ហើយ​។ ក្រៅ​អំពី​ភាព​ល្អ​ផូរ​ផង់​នៃ​រាជ​បវេណី​នៃ​នគរ​ទាំង​ពីរ​នេះ គេ​ឃើញ​មាន​ភាព​ស្រដៀង​ដែល​ជា​វិបាក​នៃ​ទំនាក់​ទំនង​ជិត​ស្និទ្ធ​រវាង​នគរ​ជិត​ខាង តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី​ភាព​ខុស​គ្នា​ជា​ច្រើន​ក៏​បង្កប់​ខ្លួន​នៅ​ក្នុង​ព្រះ​រាជ​ពិធី​ទាំង​ពីរ​ផង​ដែរ​។

បន្ត​ទៅ​នេះ ដោយ​មិន​មាន​លក្ខណៈ​ប្រៀប​ធៀប ស្រែ​ខ្មុក​សូម​លើក​យក​មក​និយាយ​ត្រួស​ៗ​ដោយ​មិនមាន​ឯកសារ​ណា​មក​សម្អាង នូវ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​របស់​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ព្រះ​មហា​វីរក្សត្រិយ៍​នគរ​កម្ពុជា (ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ​) កាល​ពី​ខែ​កុម្ភៈ គ.ស.​២០១៣ និង​បុណ្យ​ព្រះ​មេរុ ព្រះ​បាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ (រាមាទី៩)​ អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ​ កាល​ពី​ខែ​តុលា គ.ស.​២០១៧ ដើម្បី​ទុក​ជា​ប្រធាន​បទ​មួយ​សម្រាប់​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ជា​បន្ត​ទៀត​ហោង​។

  • អំពី​កំណត់​ការ​រៀប​ចំ​ព្រះ​រាជ​ពិធី

ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ​ប្រារព្ធ​ធ្វើ​ឡើង​រយៈ​ពេល​៧​ថ្ងៃ​គត់​នៅ​ឯ​មណ្ឌល​ព្រះ​រាជ​ពិធី​ទាំង​មូល ដោយ​ឡែក​​​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ រាមា​ទី​៩ នៅ​ថៃ​នោះ​ប្រារព្ធ​រយៈ​ពេល​តែ​៥​ថ្ងៃ ដោយ​ធ្វើ​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​នៅ​ឯ​ទី​ព្រះ​មេរុ ក្រៅ​ពី​នោះ​គឺ​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង​ទាំង​អស់​។

  • ការ​តែង​កាយ​ទូទៅ

ចំពោះ​ការ​តែង​កាយ​ទូទៅ​វិញ នៅ​នគរ​ខ្មែរ​​ប្រើ​ប្រាស់​ព័ណ៌​ស​សុទ្ធ​ចំពោះ​ព្រះ​រាជ​វង្សានុវង្ស ដោយ​មិន​ប្រើ​ប្រាស់​គ្រឿង​រាជ​ឥស្សរិយយស​ទេ​។ ឯ​រាស្ត្រ​ប្រជា​ទូទៅ​ប្រើ​ប្រាស់​ព័ណ៌​ស​ផ្នែក​ខាង​លើ និង​ខ្មៅ​ផ្នែក​ខាង​ក្រោម​។ នៅ​ឯ​ថៃ​ឯ​ណុះ ព័ណ៌​ខ្មៅ​សុទ្ធ​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ទូទៅ (​ទាំង​ក្សត្រិយ៍ ទាំង​រាស្ត្រ​ប្រជា​) ដោយ​កំណត់​ដោយ​រាជការ​។ ​ដោយ​ឡែក​ព្រះ​រាជ​វង្សានុវង្ស​ត្រូវ​ប្រើ​ប្រាស់​គ្រឿង​រាជ​ឥស្សរិយយស​ពេញ​ទី​ផង​​។

  • ការ​ហែ​ក្បួន

ការ​ហែ​ក្បួន​នៅ​កម្ពុជា គឺ​ជា​ការ​ហែ​ក្បួន​ព្រះ​បរម​សព ឯ​ការ​ហែ​ក្បួន​នៅ​នគរ​ថៃ គ្រាន់​តែ​ជា​ការ​ហែ​ក្បួន​ព្រះ​រាជ​ឥស្សរិយយស​តែ​ប៉ុណ្ណោះ​។ ក្បួន​ចំនួន​៣ ត្រូវ​បាន​រៀប​ចំ​ឡើង​ដូច​គ្នា ដោយ​នៅ​កម្ពុជា​ប្រើ​ប្រាស់​រាជ​រថ​ចំនួន​២ ឯ​នៅ​ថៃ​ប្រើ​ប្រាស់​រាជ​រថ​បី​ខុស​ៗ​គ្នា​សម្រាប់​​ក្បួន​នីមួយ​ៗ​។

ប្រជាជន​ដែល​មក​ចូល​រួម​តាម​ដង​ផ្លូវ​ដង្ហែ​នានា​នៅ​នគរ​ថៃ មិន​មាន​ការ​ចាត់​តាំង​ឲ្យ​ចូល​មក​ទេ គឺ​តាម​រយៈ​ការ​ស្ម័គ្រ​ចិត្ត​រៀង​ៗ​ខ្លួន ក៏​ប៉ុន្តែ​រាជការ​មាន​កំណត់​ចំនួន​ប្រជាជន ដោយ​មិន​ឲ្យ​លើស​ពី​៤​ម៉ឺន​នាក់​ទេ នៅ​តាម​ផ្លូវ​ដែល​ក្បួន​ព្រះ​រាជ​ពិធី​ឆ្លង​កាត់​។

  • ការ​តាំង​ព្រះ​បរម​សព

នៅ​ឯ​ព្រះ​មេរុ​នគរ​ថៃ មិន​មាន​រៀប​ចំ​ព្រះ​មហា​បញ្ចា​ទេ ដោយ​រៀប​ចំ​ជា​បុស្បុក​ចាក់​ចេក​តែ​ម្ដង ដ្បិត​ព្រះ​បរម​សព​មិន​តម្កល់​ច្រើន​ថ្ងៃ​ទេ គឺ​ត្រូវ​ថ្វាយ​ព្រះ​ភ្លើង​ភ្លាម​នៅ​រាត្រី​ថ្ងៃ​ដែល​ចេញ​ព្រះ​មេរុ​នោះ​តែ​ម្ដង​។ ចំពោះ​ព្រះ​រាជ​ពិធី​ព្រះ​បរម​រតន​កោដ្ឋ​វិញ ព្រះ​បរម​សព​ត្រូវ​តម្កល់​លើ​ព្រះ​មហា​បញ្ចា​នៅ​ទី​ព្រះ​មេរុ រហូត​ដល់​ថ្ងៃ​ទី​៤ ទើប​តម្កល់​នៅ​បុស្បុក​ចាក់​ចេក និង​ធ្វើ​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នៅ​រាត្រី​ថ្ងៃ​ទី​៤​។

ការ​តាំង​ព្រះ​បរម​សព​នៅ​ទី​ព្រះ​មេរុ​បែប​នេះ​នៅ​នគរ​កម្ពុជា មាន​ឱកាស​ដល់​អាណា​ប្រជា​នុរាស្ត្រ​បាន​ចូល​ដល់​ទី​ព្រះ​មេរុ ក្រាប​ថ្វាយ​បង្គំ​ព្រះ​បរម​សព​ដែល​តម្កល់​លើ​ព្រះ​មហា​បញ្ចា​បាន នា​ឱកាស​ព្រះ​រាជ​ពិធី​បុណ្យ​។

  • ការ​ថ្វាយ​ព្រះ​ភ្លើង

នៅ​នគរ​ថៃ​មាន​ការ​ថ្វាយ​ព្រះ​ភ្លើង​ចំនួន​ពីរ​ដង នោះ​គឺ​ការ​ថ្វាយ​ព្រះ​ភ្លើង​​មិន​ពិត និង​ការ​ថ្វាយ​ព្រះ​ភ្លើង​​ពិត​។ ការ​ថ្វាយ​ព្រះ​ភ្លើង​មិន​ពិត​នោះ គឺ​គេ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ភ្ញៀវ​នានា​ដែល​បាន​ចូល​រួម​ព្រះ​រាជ​ពិធី​ដើម្បី​ទៅ​ថ្វាយ​ផ្កា​ចន្ទន៍​ដល់​ព្រះ​បរម​សព​នៅ​ទី​ព្រះ​មេរុ ព្រម​ទាំង​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ផង​ដែរ​។ ដោយ​ឡែក​ការ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ពិត​ គឺ​ធ្វើ​ឡើង​នៅ​រាត្រី​យប់​ជ្រៅ​ប្រមាណ​ម៉ោង​២២ គឺ​ជា​លក្ខណៈ​ឯកជន ដោយ​មាន​តែ​ព្រះ​រាជ​វង្សានុវង្ស​តែ​ប៉ុណ្ណោះ​ដែល​យាង​ចូល​រួម​។ ចំពោះ​ការ​ថ្វាយ​ព្រះ​ភ្លើង​ពិត​នេះ មិន​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ទេ​ និង​មាន​លក្ខណៈ​ឯកជន​បំផុត​។

ការ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ នៅ​នគរ​ខ្មែរ​យើង​វិញ គឺ​ជា​ការ​ថ្វាយ​ព្រះ​ភ្លើង​ពិត តែ​ម្ដង​។ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​អញ្ជើញ​ឡើង​ទៅ​ដាក់​ផ្កា​ចន្ទន៍​នោះ គឺ​ក្នុង​ពេល​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​តែ​ម្ដង​។

ការ​ថ្វាយ​ព្រះ​ភ្លើង​នៅ​នគរ​កម្ពុជា មាន​ធ្វើ​ពិធី​អុជ​កាំជ្រួច​ផង ដោយ​ឡែក​នៅ​នគរ​ថៃ​មិន​មាន​ការ​អុជ​កាំជ្រួច​ទេ តែ​មាន​ការ​រៀប​ចំ​លេង​មហោស្រព​​រឿង​រាម​កេរ្តិ៍ តាម​បែប​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ពី​បូរាណ​។

  • ការ​តាំង​បុណ្យ​បំពេញ​ព្រះ​រាជ​កុសល​ថ្វាយ​ព្រះ​បរម​អដ្ឋិ

បន្ទាប់​ពី​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​រួច ព្រះ​បរម​អដ្ឋិ​រាមា​ទី​៩ ត្រូវ​បាន​តម្កល់​ធ្វើ​បុណ្យ​បំពេញ​ព្រះ​រាជ​កុសល​ នៅ​បាន​ដង្ហែ​ទៅ​បញ្ចុះ​ភ្លាម​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ព្រះ​រាជ​ពិធី​តែ​ម្ដង​។ សម្រាប់​ព្រះ​បរម​អដ្ឋិ​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ​វិញ ត្រូវ​បាន​តម្កល់​ទុក​ធ្វើ​បុណ្យ​បំពេញ​ព្រះ​រាជ​កុសល​រយៈ​ពេល​ប្រមាណ​៥​ខែ ទើប​ចាត់​ព្រះ​រាជ​ពិធី​ដង្ហែ​ទៅ​បញ្ចុះ និង​តម្កល់​ឯ​ព្រះ​ចេតិយ​៕​៚

Advertisements

មតិ»

1. អំពី​ការ​​ថ្វាយ​បង្គំ​ព្រះ​បរម​សព ហ្លួង​រតន​កោដ្ឋ​នៅ​ទី​ព្រះ​មេរុ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 4 ខែ​កុម្ភៈ 2018

[…] ៣. ត្រួស​ៗ​អំពី​បុណ្យ​ព្រះ​មេរុ នៅ​នគ… ៤. ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ […]

2. ការ​ដោះ​លែង​អ្នក​ទោស​នា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ហ្លួង​ព្រះ​បរម​រតន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 5 ខែ​កុម្ភៈ 2018

[…] ហ្លួង​រតន​កោដ្ឋ​នៅ​ទី​ព្រះ​មេរុ ៣. ត្រួស​ៗ​អំពី​បុណ្យ​ព្រះ​មេរុ នៅ​នគ… ៤. ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: