jump to navigation

ខួប​ឆ្នាំ​ទី​៥០ ការ​ដ្ឋាន​ហត្ថ​កម្ម​ចុង​ក្រោយ​បង្អស់​នៅ​ក្រុង​ព្រះ​សីហនុ ថ្ងៃពុធ 7 ខែ​កុម្ភៈ 2018

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
1 comment so far

ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នេះ មាន​រយៈ​ពេល​៥០​ឆ្នាំ​គត់​​ដែល​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​កើត​ឡើង​នៅដែន​ដី​សង្គម​រាស្ត្រ​និយម នោះ​គឺ​ការ​បើក​ការ​ដ្ឋាន​ហត្ថកម្ម​ចុង​ក្រោយ​បង្អស់​នៅ​ក្រុង​ព្រះ​សីហនុ ដើម្បី​បញ្ចប់​ការ​ស្ថាប​នា​ផ្លូវ​រថ​ភ្លើង កំណាត់​ផ្លូវ​ភ្នំពេញ – ក្រុង​ព្រះ​សីហនុ​។ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ ព្រះ​អង្គ​បាន​ទ្រង់​ការ​ហត្ថកម្ម​ដោយ​ផ្ទាល់​ព្រះ​អង្គ​ជាមួយ​ប្រជា​រាស្ត្រ នៅ​ឯ​ការ​ដ្ឋាន​ក្រុង​ព្រះ​សីហនុ​តែ​ម្ដង​។

ថ្ងៃ​នោះ​មាន​មនុស្ស​ជា​ច្រើន​ដូច​កណ្ដាច់​បាន​នាំ​គ្នា​មក​ចូល​រួម​នៅ​កណ្ដាល​ព្រៃ​ព្រឹក្សា ចូល​រួម​ធ្វើ​ការ​ងារ​សម្រាប់​ប្រទេស​របស់​ខ្លួន តាំង​ពី​ដើម​មក​ក្នុង​សកម្ម​ភាព​កាប់​គាស់ សាង​ផ្លូវ​ជា​រៀង​រាល់​ថ្ងៃ សូម្បី​មិត្រ​បរទេស​ក៏​បាន​ចូល​រួម​ក្នុង​ការ​ហត្ថកម្ម​នោះ​ដែរ​។

សមិទ្ធផល​ដ៏​អស្ចារ្យ​នៃ​សង្គម ដែល​ជា​សមិទ្ធផល​រួម​នៃ​បណ្ដា​ប្រជា​នុរាស្ត្រ​ខ្មែរ​ក្រោម​មគ្គុទេសក៍​​នៃ​អង្គ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​នោះ គឺ​ខ្សែ​រថ​ភ្លើង​ដ៏​វែង​អន្លាយ​មួយ​រត់​ចេញ​ពី​ព្រះ​រាជ​ធានី ឆ្ពោះ​មក​កាន់​ក្រុង​ព្រះ​សីហនុ ដោយ​ឆ្លង​កាត់​បណ្ដា​ខេត្ត​នានា​។ សមិទ្ធផល​នៃ​បាន​កើត​ចេញ​ពី​ឆន្ទៈ​ស្នេហា​ជាតិ​នៃ​ប្រជារាស្ត្រ​ខ្មែរ​ រួម​ជាមួយ​នឹង​អង្គ​សម្ដេច​ឪ​ក្នុង​ការ​ធ្វើ​ហត្ថកម្ម​រួម​ ត្រួស​ព្រៃ ដី​ភ្នំ ដើម្បី​សម្រេច​ខ្សែ​រថ​ភ្លើង​ថ្មី​ បន្ថែម​អំពី​ការ​រួម​ចំណែក​ផ្ដល់​វិភាគ​ទាន មាន​ទាំង​ប្រាក់ និង​ដី​ជា​ដើម​។ល។ ដែល​ខ្សែ​រថ​ភ្លើង​បាន​ឆ្លង​កាត់​។

ភាគ​ច្រើន​នៃ​បណ្ដា​នៃ​សមិទ្ធិ​ផ្លូវ​រថ​ភ្លើង​ថ្មី​នេះ ជា​វិភាគ​ទាន​​មួយ​ផ្នែក​សំខាន់​របស់​ប្រជា​រាស្ត្រ ដែល​បាន​ធ្វើ​ការ​ងារ​ដោយ​មិន​យក​កម្រៃ​នូវ​៦០​ភាគ​រយ​នៃ​ការ​ស្ថាបនា​។ ព្រះ​សង្ឃ កសិករ អ្នក​រាជការ កង​យោធពល​ខេមរ​ភូមិន្ទ និង​យុវជន​រាជ​សង្គម​និយម បាន​រួម​កម្លាំង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​​ដើម្បី​ធ្វើ​ការ​រួម​គ្នា​នេះ​​។ នេះ​ស​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្មារតី​ស្នេហា​ជាតិ​ស្នេហា​មាតុភូមិ ក្រោម​កិច្ច​ចង្អុរ​បង្ហាញ​ និង​ការ​ជឿ​ជាក់​លើ​របប​សង្គម ដែល​មាន​អង្គ​សម្ដេច​ឪ​ជា​ព្រះ​ប្រមុខ​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

____________________________________________________________
អាន​ផង​ដែរ​៖
១. ខួប​ឆ្នាំ​ទី​៥០ ព្រះ​រាជ​ពិធី​សម្ពោធ​ស្ថានីយ​អយ​ស្ម័យ​យាន​កែប

Advertisements

អំពី​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ព្រះ​បរម​រតន​កោដ្ឋ​ចូល​ព្រះ​បរម​រាជ​វាំង ថ្ងៃពុធ 7 ខែ​កុម្ភៈ 2018

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
6 comments

ព្រះបរមអដ្ឋិគង់លើព្រះទីន័ង​សុវណ្ណ​ហង្ស

បន្ទាប់ពីព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើង ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ ​នរោត្ដម សីហនុ ព្រះ​មហា​វីរក្សត្រិយ៍​ ព្រះ​វរ​រាជ​បិតា​ជាតិ​ខ្មែរ​ ព្រះ​បរម​រតន​កោដ្ឋ​ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមអស់រយៈពេល៧ថ្ងៃមកនោះ នៅ​វេលា​​​ព្រឹក​ថ្ងៃព្រហស្បតិ៍ ១២​​រោច ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើង ក៏មានការយាងព្រះកោដ្ឋពេជ្រដង្ហែព្រះបរមអដ្ឋិយាងចូលព្រះបរមរាជវាំងវិញ តាមបូរាណខត្តិយរាជបវេណីព្រះមហាក្សត្រិយ៍ខ្មែរ។

ព្រះរាជពិធីបានចូលតាំងពីម៉ោង៧ និង៣០នាទីព្រឹក ដោយមានការជួបប្រជុំព្រះរាជវង្សានុវង្ស ក្សត្រា ក្សត្រី ខ្ញុំរាជការគ្រប់មុខមន្ទីរ ឯថែវព្រះមេរុ។ បន្ទាប់ពី​ព្រះ​ករុណា សម្តេច​ព្រះ​បរម​នាថ នរោត្ដម​ សីហមុនី សមាន​ភូមិ​ជាតិ​សាសនា រក្ខតខត្តិយា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិ​ន្ទ្រា​ធរា​មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជ​ឯករាជ​រដ្ឋ​បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរា​ស្រី​ពិរាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី សម្តេច​ព្រះ​មហា​ក្សត្រីយ៍ នរោត្ដម មុនីនាថ សីហនុ ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរី​ភាព សេចក្តី​ថ្លៃ​ថ្នូរ និង​សុភ​មង្គល ​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត យាងមកដល់ និងព្រះបរមអដ្ឋិត្រូវបានស្ដេចយាងចុះពីព្រះមហាបញ្ចាមក ព្រះ​ករុណា​ជា​អម្ចាស់​ អញ្ជើញស្ដេចព្រះបរមអដ្ឋិគង់លើព្រះ​ទីន័ង​​សុវណ្ណ​ហង្ស​ ដោយមានថ្វាយព្រះ​ខ្លស់​តាត​ស​ផង ដើម្បីយាង​ដង្ហែ​ចូល​ព្រះ​បរម​រាជវាំង​។

ក្បួនហែព្រះបរមអដ្ឋិត្រូវបានធ្វើឡើងដោយឆ្លងកាត់វិថីសុទ្ធារស វិថី​សម្ដេច​ព្រះ​ធម្ម​លិខិត​អ៊ុក (​១៨៤​) តិរវិថីព្រះស៊ីសុវត្ថិ រួចបត់ចូលព្រះបរមរាជវាំងតាមទ្វារធំ។ ដោយឡែក​ព្រះ​ករុណា ជា​អម្ចាស់ និង​សម្ដេច​ព្រះ​មហា​ក្សត្រីយ៍​ស្ដេច​ក៏​បាន​យាង​គង់​លើ​ព្រះ​ទី​ន័ង​សុវណ្ណ​ហង្ស​ជាមួយ​នឹង​ព្រះ​បរម​អដ្ឋិ រហូត​មក​ដល់​ព្រះ​ទីន័ង​ទេវា​វិនិច្ឆ័យ​ផង​​។

នៅពេលព្រះបរមអដ្ឋិស្ដេចយាងមកដល់ ព្រះ​ករុណា​ជា​អម្ចាស់​ស្ដេច​អញ្ជើញព្រះកោដ្ឋព្រះបរមអដ្ឋិ ហែចូលទៅតម្កល់នៅមុខព្រះមហាស្វេតច្ឆ័ត្រ ដោយ​មាន​សម្ដេច​ព្រះ​សង្ឃ​រាជ​ទាំង​ពីរ​ព្រះ​អង្គ​រង់​ចាំ​ទទួល​ផង​។

បន្ទាប់​អំពី​​ព្រះ​រាជ​កិច្ច​សាសនា​ដំណាក់​កាល​ទី​មួយ​បាន​ប្រារព្ធ​នៅ​ចំពោះ​មុខ​ព្រះ​រាជ​បល្ល័ង្ក​រួច​មក ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង និង​សម្ដេច​ព្រះ​មហា​ក្សត្រីយ៍​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ព្រះ​អង្គ​បាន​យាង​ព្រះ​កោដ្ឋ​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​តម្កល់​លើ​ព្រះ​មហា​បញ្ចា​ក្នុង​ព្រះ​ទីន័ង​មហា​មន្ទីរ​ ដោយ​មាន​ព្រះ​សង្ឃ​៩០​អង្គ​និមន្ត​ស្វាធ្យាយ​ព្រះ​សត្តប្បករណ៍​ផង​។ បន្ទាប់​​មក​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង និង​សម្ដេច​ព្រះ​មហា​ក្សត្រីយ៍​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ព្រះ​រាជ​វង្សានុវង្ស និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី យាង និង​អញ្ជើញ​លុត​ជង្គង់​ក្រាប​ថ្វាយ​បង្គំ​លា​ព្រះ​កោដ្ឋ​ព្រះ​បរម​រតន​កោដ្ឋ​ តាមចង្វាក់គង ចប់សូរេច​ព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើង ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ ​នរោត្ដម សីហនុ ព្រះ​មហា​វីរក្សត្រិយ៍​ ព្រះ​វរ​រាជ​បិតា​ជាតិ​ខ្មែរ​ ព្រះ​បរម​រតន​កោដ្ឋ​​៕៚

យាងព្រះបរមអដ្ឋិពីព្រះមហាបញ្ចា

ក្បួនដង្ហែព្រះបរមអដ្ឋិយាងទៅកាន់ព្រះបរមរាជវាំង
ព្រះ​មហាក្សត្រិយ៍​អញ្ជើញព្រះកោដ្ឋព្រះបរមអដ្ឋិ ហែចូលទៅតម្កល់នៅមុខព្រះមហាស្វេតច្ឆ័ត្រ

ព្រះកោដ្ឋព្រះបរមអដ្ឋិ​តម្កល់​លើ​ព្រះ​មហា​បញ្ចា​ក្នុង​ហោ​មន្ទីរ

________________________________________________
អាន​ផង​ដែរ

១. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ
២. ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​​ព្រះ​បរម​ព្រះ​រតន​កោដ្ឋ​ទៅ​ព្រះ​បរម​រាជ​វាំង
៣. ខួប​៥​ឆ្នាំ ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​នៃ​ព្រះ​ករុណា ព្រះ​បរម​រតនកោដ្ឋ
៤. ព្រះ​រាជ​ពិធី​យាង​ព្រះ​បរម​អដ្ឋិ​គង់​ក្នុង​ព្រះ​កោដ្ឋ​ពេជ្រ ដើម្បី​ដង្ហែ​ទៅ​តម្កល់​លើ​ព្រះ​មហា​បញ្ចា​៩​ជាន់​ក្នុង​ព្រះ​បរម​មេរុ
៥. ព្រះ​រាជ​ពិធី​រើស​អដ្ឋិ និង​ដង្ហែ​ព្រះ​អង្គារ​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​បំផ្លែង​ក្នុង​ទន្លេ​ចតុម្មុខ
៦. ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ
៧. អំពី​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ព្រះ​មហា​កាញ្ចន​កោដ្ឋ​ចូល​ព្រះ​បរម​រាជ​វាំង

%d bloggers like this: