jump to navigation

ខួប​ឆ្នាំ​ទី​៥០ ព្រះ​រាជ​ពិធី​សម្ពោធ​ស្ថានីយ​អយ​ស្ម័យ​យាន​កែប ថ្ងៃ​ព្រហស្បតិ៍ 8 ខែ​កុម្ភៈ 2018

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
1 comment so far

មួយ​ថ្ងៃ​បន្ទាប់​ពី​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​អមត​នៃ​កម្ពុជា ស្ដេច​យាង​​ចូល​រួម​​ការ​ដ្ឋាន​ហត្ថ​កម្ម​ចុង​ក្រោយ​បង្អស់​នៅ​ក្រុង​ព្រះ​សីហនុ​នោះ​មក នៅ​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​១៩៦៨ ស្ដេច​យាង​ដំណើរ​បន្ត​សម្ពោធ​ស្ថានីយ​ថ្មី​មួយ​ទៀត​ គឺ​ស្ថានីយ​កែប ដែល​ជា​ដំណាក់​ចុង​ក្រោយ​នៃ​ផ្លូវ​ដែក​​ភ្នំពេញ-ក្រុង​ព្រះ​សីហនុ​។

ស្ថានីយ​អយ​ស្ម័យ​យាន​កែប ដែល​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​សម្ពោធ​នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​១៩៦៨ ជា​សមិទ្ធិ​របស់​ប្រជា​រាស្ត្រ​នៃ​ក្រុង​កែប​។ ប្រជា​រាស្ត្រ​ក្នុង​ក្រុង​បាន​ចេញ​វិភាគ​ទាន​ផ្ទាល់​ខ្លួន​ដើម្បី​ស្ថាបនា​ស្ថានីយ​ដែល​ស្ថិត​នៅ​ចម្ងាយ​១៥០​គីឡូ​ម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ ឲ្យ​ទៅ​ជា​ស្ថានីយ​ដ៏​ល្អ​ស្រស់​ប្រិម​ប្រិយ​ជាង​គេ ក្នុង​ចំណោម​ស្ថានីយ​ទាំង​អស់​នៅ​តាម​ផ្លូវ​រទេះ​ភ្លើង​នេះ​។

មាន​ប្រជា​រាស្ត្រ​ចំនួន​៦៧៥​នាក់ បាន​ជួយ​ឧបត្ថម្ភ​ដោយ​ជូន​ដី​របស់​គេ​ទាំង​ឡាយ​ដល់​រាជ​អយ​ស្ម័យ​យាន​កម្ពុជា ដោយ​មិន​មាន​យក​កម្រៃ​អ្វី​ទាំង​អស់​។ មាន​ខ្លះ​ទៀត​ជា​ច្រើន​បាន​ផ្ដល់​ទាំង​កម្លាំង​កាយ និង​កម្លាំង​ចិត្ត​ធ្វើ​ការងារ​ក្នុង​ការ​ស្ថាបនា​អគារ​ទាំង​អស់​ដែល​គេ​អាច​មើល​ឃើញ​នៅ​លើ​រូប​ទាំង​នេះ​។

ភាគ​ច្រើន​នៃ​បណ្ដា​នៃ​សមិទ្ធិ​ផ្លូវ​រថ​ភ្លើង​ថ្មី​នេះ ជា​វិភាគ​ទាន​​មួយ​ផ្នែក​សំខាន់​របស់​ប្រជា​រាស្ត្រ ដែល​បាន​ធ្វើ​ការ​ងារ​ដោយ​មិន​យក​កម្រៃ​នូវ​៦០​ភាគ​រយ​នៃ​ការ​ស្ថាបនា​។ ព្រះ​សង្ឃ កសិករ អ្នក​រាជការ កង​យោធពល​ខេមរ​ភូមិន្ទ និង​យុវជន​រាជ​សង្គម​និយម បាន​រួម​កម្លាំង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​​ដើម្បី​ធ្វើ​ការ​រួម​គ្នា​នេះ​​។ នេះ​ស​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្មារតី​ស្នេហា​ជាតិ​ស្នេហា​មាតុភូមិ ក្រោម​កិច្ច​ចង្អុរ​បង្ហាញ​ និង​ការ​ជឿ​ជាក់​លើ​របប​សង្គម ដែល​មាន​អង្គ​សម្ដេច​ឪ​ជា​ព្រះ​ប្រមុខ​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

____________________________________________________________
អាន​ផង​ដែរ​៖
១. ខួប​ឆ្នាំ​ទី​៥០ ការ​ដ្ឋាន​ហត្ថ​កម្ម​ចុង​ក្រោយ​បង្អស់​នៅ​ក្រុង​ព្រះ​សីហនុ

Advertisements
%d bloggers like this: