jump to navigation

អំពី​ព្រះ​កោដ្ឋ​ចន្ទន៍ និង​មញ្ជូសា​ចន្ទន៍​នៃ​អតីត​ក្សត្រិយ៍​ថៃ​រាមា​ទី​៩ ថ្ងៃចន្ទ 12 ខែ​កុម្ភៈ 2018

Posted by សុភ័ក្ត្រ in ภาษาไทย.
4 comments

ព្រះ​កោដ្ឋ​ចន្ទន៍ និង​មញ្ជូសា​ចន្ទន៍​នៃ​អតីត​ក្សត្រិយ៍​ថៃ​រាមា​ទី​៩

កាល​គ្រា​​​​​​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​សព ព្រះ​បាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ នោះ រាជ​សំណាក់​ថៃ​បាន​ចាត់​ចែង​រៀប​ចំ​ឡើង​ឲ្យ​មាន​ការ​សាង​នូវ​ព្រះ​កោដ្ឋ​ចន្ទន៍ និង​មញ្ជូសា​ចន្ទន៍​ដ៏​ល្អ​ពិចិត្រ​តាម​បូរាណ​រាជ​បវេណី​ថៃ ដើម្បី​បញ្ចុះ​ព្រះ​បរម​សព​នៃ​ព្រះ​អង្គ​។ ទំនៀម​នៃ​ការ​ដាក់​ព្រះ​សព និង​ព្រះ​បរម​សព​នៅ​ក្នុង​មញ្ជូសា​នេះ​ មាន​តំណ​មក​ពី​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​នៃ​មាតា​​នៃ​ព្រះ​អង្គ គឺ សម្ដេច​ព្រះ​ស្រី​នគរិន្ទ្រា​បរម​រាជ​ជននី កាល​ពី​គ.ស.​​១៩៩៥​។

សម្រាប់​​ព្រះ​កោដ្ឋ​ចន្ទន៍ និង​មញ្ជូសា​ចន្ទន៍​នៃ​អតីត​ក្សត្រិយ៍​ថៃ​រាមា​ទី​៩​នេះ ត្រូវ​បាន​រចនា​ដោយ​ក្រុម​ជាង​មក​ពី​នាយក​ដ្ឋាន​ជាង​១០​ក្រុម​របស់​ថៃ គឺ​លោក​សុមឆាយ សុភលក្សណ៍អាំពៃពរ​។ ក្រៅ​អំពី​ការ​រចនា​ព្រះ​កោដ្ឋ​ជាមួយ​នឹង​ផ្កា​មង្គល​នានា​ពូជ​នោះ ព្រះ​កោដ្ឋ​ក៏​ត្រូវ​បាន​រចនា​ដោយ​មាន​លម្អ​ដោយ​ទេព​ប្រណម្យ​ចំនួន​៦៤​អង្គ ដើម្បី​ថ្វាយ​សេចក្ដី​គោរព​ចំពោះ​ព្រះ​បរម​សព​ផង​។ ដោយ​ឡែក​ចំពោះ​មញ្ជូសា​វិញ​ត្រូវ​បាន​រចនា​ឲ្យ​មាន​ប្រដាប់​រូប​គ្រុឌ​ចំនួន​១៣២ ដោយ​តាម​គតិ​នៃ​ជំនឿ​បូរាណ ដែល​ថា​គ្រុឌ​គឺ​ជា​ពាហនៈ​របស់​ព្រះ​នារាយណ៍​នោះ​​។ សម្រាប់​ប្រជាជន​ថៃ​នោះ​ព្រះ​មហា​ក្សត្រិយ៍​រាមា​ទី​៩ ត្រូវ​បាន​សន្មត​ថា​ជា​អវតារ​របស់​ព្រះ​នារាយណ៍​។ ក្រៅ​ពី​ការ​រចនា​ដ៏​សែន​ពិចិត្រ​ប្រកប​ដោយ​ក្បូរក្បាច់​រចនា​ហើយ ផ្នែក​ខ្លះ​នៃ​ព្រះ​កោដ្ឋ និង​មញ្ជូសា​ត្រូវ​បាន​បិទ​​សន្លឹក​មាស​ផង​ ដែល​ធ្វើ​ឲ្យ​វត្ថុ​ទាំង​ពីរ​នេះ រឹត​តែ​មាន​ភាព​ស្រស់​ស្អាត ស័ក្ដិសម​នឹង​ព្រះ​កិត្តិយស​នៃ​ព្រះ​ចៅ​ផែន​ដី​សៀម​។

ព្រះ​កោដ្ឋ​ចន្ទន៍ និង​មញ្ជូសា​ចន្ទន៍​​នេះ​ត្រូវ​បាន​រចនា​ចេញ​ពី​ដើម​ចន្ទន៍​​ងាប់​នៅ​ឈរ​ដែល​ត្រូវ​បាន​ធ្វើ​ពិធី​កាត់​មក​ពី​ឧទ្យាន​ជាតិ​កុយបុរី ខេត្ត​ប្រចួប​គីរីខន្ធ ហើយ​ត្រូវ​បាន​ក្រុម​ជាង​ជំនាញ​​ៗ​របស់​ថៃ​ជាង​១០០​នាក់ ប្រមូល​គំនិត​គ្នា​ច្នៃ​ឆ្លាក់​មក​ជា​ផែន​តូច​ៗ​បំផុត​ត្រឹម​ពីរ​មិល្លីម៉ែត្រ ចំនួន​ប្រមាណ​៤០.០០០​បំណែក ដើម្បី​ប្រកប​ជា​រូប​រាង​ឡើង​ជា​ព្រះ​កោដ្ឋ​ចន្ទន៍ និង​មញ្ជូសា​ចន្ទន៍ ដែល​សុទ្ធ​ជា​គ្រឿង​ប្រកប​ឥស្សរិយ​យស​ចុង​ក្រោយ​តាម​បូរាណ​រាជ​ប្រវេណី​របស់​ព្រះ​មហា​ក្សត្រិយ៍​ដែល​ជា​ទី​គោរព​ស្រឡាញ់​នៃ​ប្រជាជាតិ​ថៃ​។

បច្ចុប្បន្ន​នេះ​ទាំង​​ព្រះ​កោដ្ឋ​ចន្ទន៍ និង​មញ្ជូសា​ចន្ទន៍​ត្រូវ​បាន​យក​មក​រក្សា​ទុក​ក្នុង​រោង​រាជ​រថ នៃ​សារ​មន្ទីរ​ជាតិ​ក្រុង​បាងកក​ និង​បើក​ឲ្យ​ទស្សនិកជន​ចូល​ទស្សនា​បាន​ពី​ថ្ងៃ​ពុធ ដល់​ថ្ងៃ​ព្រហស្បតិ៍ (​បិទ​ថ្ងៃ​ចន្ទ – អង្គារ និង​ថ្ងៃ​បុណ្យ​ជាតិ​)​។ សម្រាប់​អ្នក​ចង់​ទស្សនា​សារមន្ទីរ​ជាតិ​នេះ​ត្រូវ​បង់​ថ្លៃ​សំបុត្រ​ចំនួន​៣០​បាទ ឬ​ប្រមាណ​៤.០០០​រៀល។ ដោយ​ឡែក​សិស្ស មនុស្ស​ចាស់ (​អាយុ​៦០​ឆ្នាំ​ឡើង​) ព្រះ​ភិក្ខុ សាមណេរ និង​អ្នក​បួស​សាសនា​ឯ​ទៀត អាច​ចូល​ទស្សនា​បាន​ដោយ​មិន​បង់​ប្រាក់​៕

____________________________________________________
អានផងដែរ៖
១. អំពីព្រះកោដ្ឋមាសធំ គ្រឿងប្រកបព្រះឥស្សរិយយស ព្រះចៅផែនដីថៃ រាមាទី៩
២. មក​មើល​រូប​ភាព​ចម្លង «​ព្រះ​មេរុ​មាស​» ដ៏​អស្ចារ្យ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍​ថៃ
៣. បង្ហាញគំរូ «ព្រះមេរុមាស» ព្រះចៅផែនដីថៃ រាមាទី៩

%d bloggers like this: