jump to navigation

ភាព​អ​សណ្ដាប់​ធ្នាប់​នៅ​ឯ​អ្នក​តា​ព្រះ​ចៅ​វត្ត​ភ្នំ ថ្ងៃសៅរ៍ 17 ខែ​កុម្ភៈ 2018

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ.
2 comments

ដូច​លោក​អ្នក​ដឹង​ស្រាប់​ហើយ​ អ្នក​តា​ព្រះ​ចៅឯ​វត្ត​ភ្នំ នា​ក្រុង​ភ្នំពេញ​នោះ មាន​ភាព​ល្បី​សម្រាប់​ប្រជាជន​ខ្មែរ​សែ​ស្រឡាញ​ចិន​ដែល​ពួកគេ​ចូល​ចិត្ត​ទៅ​បន់ និង​ទៅ​ធ្វើពិធី​រំ​ដោះ​គ្រោះ ជា​ពិសេស​រៀង​រាល់​បុណ្យ​ចូល​ឆ្នាំ​ចិន​ម្ដង​ៗ​។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​មនុស្ស​ម្នា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​ការ​កើន​ឡើង​ជា​លំដាប់ ឯ​ភាព​រញ៉េ​រញ៉ៃ​ឥត​សណ្ដាប់ធ្នាប់​វិញ​នោះ ក៏​ឃើញ​ថា​មាន​ភាព​គួរ​ឲ្យ​ឈឺ​ក្បាល​ខ្លាំង​មែន​ទែន​។

ចាប់​ពី​ព្រឹក​ព្រលឹម​អុរ​ទៅ​​រាល់​ពេល​ចូល​ឆ្នាំ​ចិន​ម្ដង​ៗ បណ្ដា​អ្នក​ដែល​គេ​ជឿ​ថា​ «​ឆុង​ឆ្នាំ​» នោះ នាំ​គ្នា​ទៅ​ធ្វើ​ពិធី​រំដោះ​គ្រោះ​ឯ​អ្នក​តា​ព្រះ​ចៅ វត្ត​ភ្នំ​។ កាល​ពី​ឆ្នាំ​កន្លង​ៗ​មក​នោះ ឃើញ​ថា​មាន​ការ​រៀប​ចំ​សណ្ដាប់​ធ្នាប់​ល្អ​សម​គួរ តែ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហាក់​បី​ដូច​ជា​មនុស្ស​ម្នា​នាំ​គ្នា​ប្រជ្រៀត​ចូល​ យក​ឈ្នះ​រៀង​ៗ​ខ្លួន​។ ឯ​អ្នក​គ្រប់​គ្រង​​រោង​អ្នក​តា​វិញ​នោះ ហាក់​បី​ដូច​ជា​គ្មាន​ការ​ចាត់​ចែង​ឲ្យ​បាន​សម​ស្រប​ទៅ​តាម​សភាព​ជាក់​ស្ដែង​សោះ​ឡើយ​។

ការ​ប្រជ្រៀត​គ្នា​ដើម្បី​ទៅ​ធ្វើ​ពិធី​រំដោះ​គ្រោះ​នោះ មើល​ទៅ​ហាក់​បី​អាណោច​អធ័ម​​យ៉ាង​ខ្លាំង ដ្បិត​ម្នាក់​ៗ​សុទ្ធ​តែ​អ្នក​មាន​ជីវភាព​សម​រម្យ ទាំង​ឋានៈ ទាំង​សម្បត្តិ ប៉ុន្តែ​ក៏​ដោយ​សារ​ការ​គ្រប់​គ្រង​​មិន​មាន​ភាព​ដិត​ដល់​បាន​ធ្វើ​ឲ្យ​សភាព​មិន​គាប់​ភ្នែក​កើត​ឡើង​ប៉ុន្មាន​ឆ្នាំ​មក​ហើយ​។ អ្នក​គ្រប់​គ្រង​គួរ​តែ​ចាត់​ចែង​ឲ្យ​មនុស្ស​ចូល​ម្ដង​មួយ​ៗ ដោយ​តម្រង់​ជួរ​ត្រឹម​ត្រូវ ឬ​ដាក់​ជា​រនាំង​ចូល និង​ចេញ ដើម្បី​ធានា​បាន​សុវត្ថិភាព​ដល់​អ្នក​ដែល​មាន​សទ្ធា​ទាំង​នោះ​។ ការ​ប្រជែង​គ្នា​យក​ឈ្នះ​រៀង​ៗ​ខ្លួន​បែប​នេះ វា​អាច​នឹង​ឈាន​ដល់​សោក​នាដកម្ម​ដែល​មិន​ចង់​ឲ្យ​កើត​ឡើង​មាន​ក៏​ថា​បាន​។

សូម​អ្នក​រៀប​ចំ និង​ចាត់​ចែង​អ្នក​តា ក៏​ដូច​ជា​អាជ្ញាធរ​ក្រុង​ភ្នំពេញ មេត្តា​ជួយ​ចាត់​ចែង​រៀប​ចំ​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ល្អ​ជាង​នេះ សម្រាប់​ឆ្នាំ​ខាង​មុខ​នេះ ដើម្បី​ឲ្យ​ស័ក្ដិសម​ជា​ប្រទេស​ឯករាជ្យ ប្រជា​ពល​រដ្ឋ​មាន​ភាព​ទទួល​ខុស​ត្រូវ និង​ថ្លៃ​ថ្នូរ​ផង​៕

ភាព​រញ៉េ​រញ៉ៃ​ឥត​សណ្ដាប់​ធ្នាប់​នៅ​អ្នក​តា​ព្រះ​ចៅ វត្ត​ភ្នំ ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​កន្លង​ទៅ

%d bloggers like this: